"ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​លើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ជា​រឿង​ចម្លែក"

ដោយ សេក បណ្ឌិត
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​វិភាគ​ទិន្នន័យ​នៃ​ការ​បោះឆ្នោត និង​វិធីសាស្ត្រ​សម្គាល់​មើល​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​ថ្ងៃ​បោះឆ្នោត នៅ​សណ្ឋាគារ​សាន់វ៉េ (SUNWAY) ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​វិភាគ​ទិន្នន័យ​នៃ​ការ​បោះឆ្នោត និង​វិធីសាស្ត្រ​សម្គាល់​មើល​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​ថ្ងៃ​បោះឆ្នោត នៅ​សណ្ឋាគារ​សាន់វ៉េ (SUNWAY) ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អ្នក​ច្បាប់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ ដែល​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ទៅ​លើ​អ្នក​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ នេះ​ជា​រឿង​ដែល​មិន​ធ្លាប់​កើត​មាន​នៅ​កម្ពុជា។

លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រឆាំង មិន​ចូល​ខ្លួន​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​ទេ ចៀស​មិន​រួច​ពី​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ឡើយ។

​អ្នក​ជំនាញ​ផ្នែក​តម្លាភាព​សង្គម​យល់​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា បញ្ហា​ភាគ​ច្រើន​គឺ​តែង​ភ្ជាប់​ទៅ​ជា​រឿង​នយោបាយ ប្រសិនបើ​រឿងក្ដី​នោះ​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង។

​ការ​រិះគន់​របស់​អ្នក​ច្បាប់ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ទៅ​លើ​ការ​ពង្រឹង​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ អំពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ នៅ​ក្រោយ​ពេល​លោក ហ៊ុន សែន បាន​ព្រមាន​ចាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ណា​មិន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​ដាក់​ពន្ធនាគារ។

​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ទទួល​ស្គាល់​ថា នៅ​ក្នុង​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ក៏​បាន​បញ្ញត្តិ​ពី​នីតិវិធី​មួយ​ចំនួន រឿង​ប្រកាស​ទ្រព្យសម្បត្តិ ដូច​លោក ហ៊ុន សែន លើក​ឡើង​មែន។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​ចម្លែក​នោះ​ត្រង់​ថា នេះ​ជា​ការ​អនុវត្ត​លើក​ទី​មួយ​ហើយ​នៅ​កម្ពុជា ហើយ​ជា​ការ​ដាក់​ចេញ​នូវ​ផែនការ​ចម្លែក​ប្រឆាំង​ទៅ​លើ​មន្ត្រី​អស់​មុខតំណែង ហើយ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​បែប​នេះ៖ «»។

លោក ហ៊ុន សែន បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់​ត្រូវ​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​ជា​កំហិត។ លោក​នាយករដ្ឋមន្ត្រី​ព្រមាន​ថា ការ​ចូល​ប្រកាស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ បើ​រក​ឃើញ​ថា មាន​ទ្រព្យធន​កើន​ឡើង​ខុស​ប្រក្រតី ក៏​ជា​ការ​ប្រឈម​មួយ​កម្រិត​ទៀត​ដែរ៖ «»។

​អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា សម្រាប់​របប​នយោបាយ​របស់​លោក ហ៊ុន សែន ប្រសិនបើ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ត្រូវ​បាន​រឹត​បន្តឹង​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​ធ្វើ​ចំពោះ​បក្ស​ប្រឆាំង​មិន​ដឹង​ជា​ប្រទេស​អភិវឌ្ឍន៍​ជឿន​លឿន​ប៉ុណ្ណោះ​នោះ​ទេ។ ប៉ុន្តែ​ការ​អនុវត្ត​ចំពោះ​មន្ត្រី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា បើទោះជា​ខុស ឬ​ត្រូវ​យ៉ាង​ណា ក៏​លោក ហ៊ុន សែន ធ្វើ​មិន​ដឹង​មិន​ឭ​ដែរ។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក ឱម យ៉ិនទៀង ធ្លាប់​រង​កា​រិះគន់​ថា បរាជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​នីតិរដ្ឋ​ពិតប្រាកដ​ទៅ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នេះ។ លោក ហ៊ុន សែន ពេល​ជួប​កម្មករ ឬ​វេទិកា​ជួប​កីឡាករ​ជាដើម តែង​ផ្តល់​លុយ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ក្រោម​ហេតុផល​ឧបត្ថម្ភ ឬ​ជា​ទឹក​ចិត្ត​មនុស្សធម៌។ ប៉ុន្តែ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នេះ មិន​ដែល​បើក​ការ​ស៊ើប​អង្កេត​រក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​លោក ហ៊ុន សែន សម្បូរ​លុយ​វាន់​លាន​ដុល្លារ​កាន់​នៅ​ក្នុង​ដៃ​ដូច​នេះ​ឡើយ។ អង្គការ​មិន​មែន​រដ្ឋាភិបាល​រិះគន់​ថា ភាព​បរាជ័យ​របស់​អង្គការ​នេះ នៅ​មិន​ទាន់​គិត​ដល់​ក្រសួង និង​ស្ថាប័នរដ្ឋ​ដទៃ​ទៀត ធ្វើ​ឲ្យ​បាត់បង់​ចំណូល​ជាតិ​រាប់​លាន​ដុល្លារ​​នៅ​ឡើយ​ផង។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មាត្រា ១៧ កំណត់​អ្នក​ដែល​អស់​មុខ​តំណែង​ហើយ​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ដូច​មុន​ចូល​កាន់​តំណែង​ដែរ​នោះ គិត​ចាប់ពី​ថ្នាក់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល រហូត​ដល់​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ជាដើម។ ក្នុង​ច្បាប់​នេះ​ដែរ មាត្រា ១៨ ចែង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុង​ក្រោយ ត្រូវ​ធ្វើ ៣០​ថ្ងៃ​យ៉ាង​យូរ​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង។ ក្នុង​ករណី​មិន​អាច​ប្រកាស​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង មូលហេតុ​ដោយ​ការ​ដក​ហូត​មុខតំណែង ត្រូវ​ប្រកាស​យ៉ាង​យូរ ៣០​ថ្ងៃ ក្រោយ​ការ​ចាកចេញ​ពី​មុខ​តំណែង។

​គិត​មក​ដល់​ពេល​នេះ មន្ត្រី​នៅ​ថ្នាក់​ក្រោម​ជាតិ​របស់​គណបក្ស​ប្រឆាំង​បាន​ចូលខ្លួន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ជា​បណ្ដើរៗ​ហើយ។

​បើទោះជា​បែប​ណា លោក ព្រាប កុល យល់​ឃើញ​ថា ការ​អនុវត្ត​កម្មវិធី​នយោបាយ​ទៅ​លើ​បក្ស​ប្រឆាំង​នេះ អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​នីតិវិធី និង​បច្ចេកទេស៖ «»។

​លោក សុក សំអឿន ប្រធាន​ការិយាល័យ​មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ យល់​ឃើញ​ថា ផ្អែក​លើ​នីតិវិធី ហាក់​មិន​ផ្ទុយ​ពី​បញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ទេ។ អ្នក​ច្បាប់​រូប​នេះ​ពន្យល់​ថា  ថ្វី​បើ​ខ្លឹមសារ​នៃ​ច្បាប់​ពុំ​បាន​ចង្អុលបង្ហាញ​ឲ្យ​ចំ​ន័យ ប៉ុន្តែ​ពេល​ដែល​ត្រូវ​បញ្ចប់​មុខ​តំណែង ជា​កាតព្វកិច្ច​ចៀស​មិន​ផុត​ពី​ការ​អនុវត្ត​ទេ។ ម្យ៉ាង​វិញ​ទៀត ការ​បំពេញ​កាតព្វកិច្ច​នេះ ក៏​មិន​ជា​ធ្ងន់ធ្ងរ​អ្វី​ដែរ៖ «»។

​លោក ហ៊ុន សែន ប្រកាស​ជំហរ​ថា មិន​ខ្វល់​នឹង​សម្ពាធ​អន្តរជាតិ ដែល​នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ត្រូវ​ប្រឈម​មុខ​ជា​រដ្ឋ​ឯកោ​នៅ​លើ​ឆាក​អន្តរជាតិ​ឡើយ។

​ក្រសួង​ពាណិជ្ជកម្ម បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ត្រូវ​ពិចារណា​ដោយ​ម៉ត់ចត់ ប្រសិនបើ​សហគមន៍​អឺរ៉ុប​ត្រូវ​ព្យួរ​ពន្ធគយ ឬ​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា មែន នោះ​រដ្ឋាភិបាល​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ក្នុង​មួយ​ឆ្នាំ​ជិត ៧០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ដែរ ដែល​នេះ​គឺ​ជា​ខាតបង់​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

someone is getting crazy

Dec 20, 2017 09:10 AM

អ្នក​អាន​អនាមិក

មានបក្សប្រឆាំងអែណាទៀតគេជារាស្ត្រធម្មតា

Dec 20, 2017 09:09 AM

គេហទំព័រ​ទាំងមូល