គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ថា របប​ក្រុង​ភ្នំពេញ​ទិញ​រថយន្ត​យោធា​ពី​ចិន ទុក​បង្ក្រាប​ពលរដ្ឋ​ក្នុង​ពេល​មាន​វិបត្តិ​កូវីដ១៩

ដោយ មាន ឫទ្ធិ
2020-06-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​យោធា ដែល​របប​ក្រុង​ភ្នំពេញ​ទិញ​ពី​ប្រទេស​ចិន ចំនួន ២៩០គ្រឿង។
រថយន្ត​យោធា ដែល​របប​ក្រុង​ភ្នំពេញ​ទិញ​ពី​ប្រទេស​ចិន ចំនួន ២៩០គ្រឿង។
រូប៖ ពលរដ្ឋ ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ២០២០

គណបក្ស​សង្គ្រោះ​ជាតិ រិះគន់​របប​ក្រុង​ភ្នំពេញ​ដែល​ទិញ​រថយន្ត​យោធា​ពី​ចិន និង​អំពាវនាវ​ឲ្យ​របប​នេះ បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ និង​ប្រើប្រាស់​ថវិកា​ជំនួយ​បរទេស និង​សប្បុរសជន​ មក​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​វិញ។

សេចក្ដី​ថ្លែង​ការណ៍​គណបក្ស​ចេញ​នៅ​ថ្ងៃ​នេះ​ថា ការ​ទិញ​រថយន្ត​យោធា​ដ៏​ច្រើន​បែប​នេះ បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ មិន​យក​ចិត្ត​ទុក​ដាក់​ខ្វល់ខ្វាយ​ពី​ទុក្ខ​វេទនា​របស់​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជា​ច្រើន ជា​ពិសេស​វិបត្តិ​បំណុល បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ១៩ ហើយ​កម្ពុជា​ក៏​កំពុង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប។ គណបក្ស​នេះ​ថា របប​នេះ​ទិញ​រថយន្ត​ទាំង​នោះ មិន​មែន​សម្រាប់​ពង្រឹង​វិស័យ​យោធា ការពារ​ពលរដ្ឋ និង​ទឹក​ដី​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ គឺ​ដើម្បី​តែ​ទុក​បង្ក្រាប​ពលរដ្ឋ ដែល​ហ៊ាន​ងើប​តវ៉ា ក្នុង​ពេល​ដែល​ពួក​គេ​កាន់​តែ​ច្រើន​ឡើង មិន​ពេញ​ចិត្ត​ចំពោះ​ភាព​អសកម្ម និង​អសមត្ថភាព​របស់​អាជ្ញាធរ។

គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឲ្យ​របប​ក្រុង​ភ្នំពេញ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​គំរាម​កំហែង ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ដែល​ហ៊ាន​រិះគន់ និង​តវ៉ា​ដោយ​សន្តិវិធី។ គណបក្ស​នេះ ក៏​ស្នើ​ឲ្យ​របប​ក្រុង​ភ្នំពេញ ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​បញ្ចៀស​នូវ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប នា​ពេល​ខាង​មុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល