បក្ស​សង្គ្រោះ​ជាតិ​បដិសេធ​លទ្ធផល​បោះ​ឆ្នោត

គណបក្ស​សង្គ្រោះ​ជាតិ ចេញ​សេចក្ដី​ថ្លែងការណ៍ និង​ធ្វើ​សន្និសីទ​កាសែត ​នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥ ដែល​ប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។
ដោយ យ៉ង ចាន់តារា និង ទីន ហ្សាការីយ៉ា
2013-07-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​គណបក្ស លោក កឹម សុខា ធ្វើ​សន្និសីទ​កាសែត​នៅ​ទីស្នាក់ការ​គណបក្ស នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។
RFA/Uon Chhin

 

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះ​អាង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កក្កដា ថា ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ​មាន​​ភាព​មិន​ប្រក្រតី​ជា​ច្រើន​កើត​ឡើង​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត។

ករណី​ទាំង​នោះ​មាន​ដូច​ជា​ការ​បំប៉ោង​សំឡេង​ឆ្នោត​ ការ​មាន​តែ​ឈ្មោះ​តែ​មិន​មាន​មនុស្ស​ ឬ​ហៅ​ថា ឈ្មោះ​ខ្មោច​ និង​ការ​បង្កើត​សន្លឹក​ឆ្នោត​លើស​តម្រូវការ​​ជា​ដើម។

លើស​ពី​នេះ​ទៅ​ទៀត​ លោក​ សម រង្ស៊ី បាន​អះ​អាង​ថា ចាប់​ពី​ពេល​នេះ​តទៅ​គ្មាន​អ្នក​ដឹក​នាំ​ណា​ ឬ​គណបក្ស​នយោបាយ​ណា​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត​ដោយ​មិន​មាន​ការ​យល់​ព្រម​ពី​គណបក្ស​ប្រឆាំង​នោះ​ឡើយ៖ «ចាប់​ពី​ថ្ងៃ​នេះ​ទៅ ចាប់​ពី​ពេល​នេះ​ទៅ​ ការ​ធ្វើ​សេចក្ដី​សម្រេច​ទាក់​ទង​នឹង​អនាគត​ប្រទេស គឺ​ត្រូវ​ការ​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ។ ស្មារតី​យុត្តិធម៌​ចំពោះ​ប្រជារាស្ត្រ កាតព្វកិច្ច​របស់​យើង​ចំពោះ​ប្រជារាស្ត្រ កតញ្ញុតាធម៌​របស់​យើង​ចំពោះ​ប្រជារាស្ត្រ គឺ​មិន​អនុញ្ញាត​ឱ្យ​យើ​ង​ទទួល​ស្គាល់​លទ្ធផល​ដែល​យើង​ឮ​មក​ទល់​នឹង​ព្រឹក​មិញ​នេះ​ទេ»

នៅ​ក្នុង​សន្និសីទ​នោះ​ដែរ គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឱ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ ដើម្បី​អាច​ដោះស្រាយ​បញ្ហា​ទាំង​ឡាយ​​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត។ គណៈកម្មការ​នោះ​ត្រូវ​មាន​ការ​ចូល​រួម​ពី​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ​ តំណាង​អង្គការ​សហ​ប្រជាជាតិ និង​តំណាង​​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ការងារ​ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត មិន​មែន​មាន​តែ​សមាសភាព គ.ជ.ប នោះ​ទេ។

លោក កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ថា ការ​បង្កើត​ឱ្យ​មាន​គណៈកម្មការ​នេះ​ជា​រឿង​មួយ​ចាំបាច់​បំផុត​ដើម្បី​ធានា​បាន​នូវ​យុត្តិធម៌ និង​ស្ថិរភាព​នយោបាយ៖ «យើង​បាន​អំពាវនាវ​ឱ្យ​ស្ងប់ស្ងាត់។ បើ​សិន​រដ្ឋាភិបាល​អត់​ចង់​ឱ្យ​មាន​បញ្ហា រដ្ឋាភិបាល​ហ្នឹង​ព្រម​ជា​មួយ​យើង​ បង្កើត​គណៈកម្មការ​ចម្រុះ។ អា​ហ្នឹង​ហើយ​ដោះ​ស្រាយ​នោះ បង​ប្អូន​អស់​ចិត្ត​ហើយ។ បើ​សិន​ជា​គណៈកម្មការ​ចម្រុះ​គេ​ចេញ​របាយការណ៍​មក​ហើយ យុវជន​គាត់​សប្បាយ​ចិត្ត។ បើ​គេ​រក​ឃើញ​អ៊ីចឹង​ហើយ គាត់​ទៅ​ធ្វើ​អ្វី​ទៀត បើ​សិន​ជា​ទុក​ឱ្យ គ.ជ.ប ធ្វើ​ម្នាក់​ឯង អា​ហ្នឹង​ប្រហែល​ជា​គាត់​អត់​ទុក​ចិត្ត​ទេ»

ពលរដ្ឋ​ម្នាក់​ឈ្មោះ ខឹម លីណា បាន​អំពាវ​នាវ​ឱ្យ​អង្គការ​ជាតិ​និង​អន្តរជាតិ​ដែល​ធ្វើ​ការ​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត ជួយ​ក្នុង​ការ​តាម​ដាន​លទ្ធផល និង​ធ្វើ​ការ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​ដើម្បី​ធានា​បាន​នូវ​​​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​ទូទាំង​ប្រទេស៖ «ខ្ញុំ​សូម​ទទូច​ហើយ​ទទូច​ទៀត​ណា! សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​គ្រប់​លំដាប់​ថ្នាក់​ សូម​ឱ្យ​លោក​ជួយ​ខ្មែរ​ឱ្យ​បាន​ជោគ​ជ័យ​នៃ​សន្លឹក​ឆ្នោត​របស់​ប្រជារាស្ត្រ គឺ​ប្រជារាស្ត្រ​ជា​ម្ចាស់​សន្លឹក​ឆ្នោត មិន​មែន​រដ្ឋាភិបាល​នេះ​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ទេ។ ខ្ញុំ​សូម​ឱ្យ​ធ្វើ​អ្វី​មួយ​ក៏ដោយ​ឱ្យ​មាន​ភាព​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ»

ទាក់​ទង​នឹង​បញ្ហា​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​លើក​ឡើង​ថា ការ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​សិទ្ធិ​របស់​គេ ហើយ​សម្រាប់​គណបក្ស​ដែល​ឈ្នះ​នឹង​រៀប​ចំ​ខ្លួន​សម្រាប់​ការ​ដឹក​នាំ​ប្រទេស​ទៅ​ថ្ងៃ​មុខ៖ «អ្នក​ដែល​បាត់​បង់​ក្តី សង្ឃឹម​ដែល​គាំ​ទ្រ​គណបក្ស​ហ្នឹង​ជា​អ្នក​ខាត​បង់។ ខាង​យើង​ខ្ញុំ​ជា​អ្នក​ឈ្នះ​ យើង​នឹង​បង្គ្រប់​នូវ​អ្វី​ដែល​ជា​ឆន្ទៈ​របស់​មហាជន អ្វី​ដែល​ជា​លទ្ធផល ហើយ​យើង​យក​ការ​ទុក​ចិត្ត​ហ្នឹង ធ្វើ​ឱ្យ​ទៅ​ជា​ការងារ​ ដើម្បី​ផ្ដល់​សេវាកម្ម​ប្រសើរ​ដល់​មហាជន និង​សមិទ្ធផល​ថ្មី​បន្ថែម​ទៀត​ ដើម្បី​ជោគជ័យ​ទាំង​អស់​គ្នា»

ចំណែក​អ្នក​​វិភាគ​នយោបាយ​ឯករាជ្យ លោក​​បណ្ឌិត សុខ ទូច វិញ បាន​មាន​ប្រសាសន៍​ថា វា​ជា​រឿង​របស់​​គណបក្ស​នយោបាយ​ដែល​មាន​សិទ្ធិ​បដិសេធ ឬ​ទទួល​យក​ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា វា​ហាក់​ដូច​ជា​​លឿន​ពេក​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​សេចក្ដី​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​បន្ថែម​ថា រាល់​ការ​បដិសេធ​របស់​គណបក្ស​ប្រឆាំង ត្រូវ​តែ​ផ្អែក​ទៅ​លើ​ភស្តុតាង​ដែល​មាន​ពិត​ប្រាកដ។

លោក សុខ ទូច៖ «យើង​ត្រូវ​ដោះ​ស្រាយ​​រាល់​បញ្ហា​ស្មុគស្មាញ​​ទាក់​ទង​នឹង​ភាព​មិន​ប្រក្រតី​ជា​ច្រើន ដូចជា ចំនួន​ប៉ោង អ្នក​មាន​ឈ្មោះ​មិន​បាន​បោះ​ឆ្នោត​ រឿង​ទាក់​ទង​នឹង​ជនអន្តោប្រវេសន៍​មាន​សិទ្ធិ​បោះ​ឆ្នោត។ អា​ហ្នឹង​​ជា​រឿង​ស្មុគស្មាញ​​ច្រើន​ទៀត ដែល​យើង​ត្រូវ​ដោះ​ស្រាយ។ រាល់​ការ​បដិសេធ​ទាំង​ឡាយ​ណា​របស់​គណបក្ស​ប្រឆាំង ត្រូវ​​មាន​ទឡ្ហីករណ៍​ច្បាស់​លាស់​ទាំង​ផ្លូវ​គតិយុត្តិ និង​មាន​សាក្សី​នៅ​គ្រប់​អង្គហេតុ​ដែល​កើត​មាន​ឡើង»

បើ​ទោះ​ជា​​​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ទាន់​​​​បង្ហាញ​លទ្ធផល​បឋម​ដែល​កំណត់​ចំនួន​អាសនៈ​​របស់​គណបក្ស​នយោបាយ​ក៏ដោយ ក៏​​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​របស់​អង្គការ​ខុមហ្រ្វែល បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​ទទួល​បាន ៦៧​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ ៥៦​អាសនៈ ខណៈ​ដែល​គណបក្ស​ផ្សេងៗ​ទៀត​ មិន​ទទួល​បាន​អាសនៈ​ណា​មួយ​ឡើយ។ លទ្ធផល​បណ្ដោះ​អាសន្ន​របស់ ​គ.ជ.ប នឹង​ត្រូវ​​ចេញ​ផ្សាយ​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​សីហា ហើយ​បើ​មិន​មាន​បណ្ដឹង​លទ្ធផល​ផ្លូវ​ការ​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​១៤ សីហា តែ​បើ​មាន​បណ្ដឹង​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៣ ខាង​មុខ។

សង្គម​ស៊ីវិល​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ប្រកាស​គាំទ្រ​ការ​បង្កើត​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណៈកម្មការ​នោះ ត្រូវ​ខាង​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ធ្វើ​ឡើង​ដោយ​ច្បាស់លាស់​និង​ត្រឹមត្រូវ។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) បាន​ឲ្យ​ដឹង​ថា ពួក​គាត់​គាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត។

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​​​ដែល​រួម​​គ្នាឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ​រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។ RFA/Tin Zakariya
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​រួម​គ្នា​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៃ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ រៀបចំ​ឡើង​ដោយ​គណៈកម្មាធិការ​ខុមហ្វ្រែល (Comfrel) នៅ​ថ្ងៃ​២៩ កក្កដា ឆ្នាំ​២០១៣។ RFA/Tin Zakariya

ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ប្រធាន​គណៈកម្មាធិការ​នាយក​ខុមហ្រ្វែល (Comfrel) លោក ធន សារាយ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ថា ករណី​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​ជា​រឿង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​ករណី​គណបក្ស​ប្រឆាំង​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ អង្គការ​សង្គម​ស៊ីវិល​ដែល​ជា​សមាជិក​នៃ​បន្ទប់​ស្ថានការណ៍​បោះ​ឆ្នោត​ឆ្នាំ​២០១៣ យល់​ស្រប។

ភាព​មិន​ប្រក្រតី​ដែល​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​ថា ខុមហ្រ្វែល (Comfrel) បាន​រក​ឃើញ​មាន​ជាង ២០០​ករណី។ ក្នុង​នោះ​មាន​ដូចជា ការ​បាត់​ឈ្មោះ​ប្រជាពលរដ្ឋ​ពី​បញ្ជី​បោះ​ឆ្នោត​ឈ្មោះ​ប្រជាពលរដ្ឋ​ត្រូវ​គេ​បោះ​ឆ្នោត​ជំនួស ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​ករណី​ជា​ច្រើន​ទៀត។

ប្រធាន​អង្គការ​ខុមហ្រ្វែល លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​នេះ​ជា​កំហុស​របស់ គ.ជ.ប ដែល​មិន​បាន​រៀបចំ​បោះ​ឆ្នោត​មិន​មាន​តម្លាភាព និង​ត្រឹមត្រូវ បាន​ទាំង​ស្រុង​នោះ​ឡើយ។

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា មាន​ប្រសាសន៍​ថា ការ​ប្រកាស​ទទួល​ស្គាល់ ឬ​មិន​ទទួល​ស្គាល់​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គណបក្ស​នីមួយៗ​នេះ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ប៉ុន្តែ​ការ​ស្នើ​សុំ​ខាង​តំណាង គ.ជ.ប ចូល​រួម​ក្នុង​គណៈកម្មការ​ស៊ើប​អង្កេត​នេះ គឺ​ហួស​ពី​សមត្ថកិច្ច​របស់ គ.ជ.ប។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក​បណ្ឌិត សុក សំអឿន សង្កត់​ធ្ងន់​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​នោះ រដ្ឋាភិបាល​នឹង​ជាប់​គាំង​មិន​អាច​បង្កើត​បាន​ទេ ពីព្រោះ​ការ​កោះ​សម័យ​ប្រជុំ​សភា​ដំបូង​ត្រូវ​មាន​សមាជិក​យ៉ាង​តិច ១២០​រូប​ដែល​បាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។

លទ្ធផល​បណ្ដោះអាសន្ន​ដែល​បន្ទប់​ស្ថានការណ៍​ថ្ងៃ​បោះ​ឆ្នោត​បាន​ប្រកាស​បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ចំនួន ៦៧​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៦​អាសនៈ។ ដោយ​ឡែក​លទ្ធផល​បណ្ដោះអាសន្ន​ដែល​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​ប្រកាស​នៅ​ក្នុង​បណ្ដាញ​សង្គម​របស់​លោក​មាន​ការ​ខុស​គ្នា គឺ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន ៦៨​អាសនៈ គណបក្ស​សង្គ្រោះ​ជាតិ បាន ៥៥​អាសនៈ។ លទ្ធផល​នេះ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ទទួល​ស្គាល់​ភ្លាមៗ។ រី​ឯ​ខាង គ.ជ.ប វិញ មិន​ទាន់​ប្រកាស​បែងចែក​អាសនៈ​បណ្ដោះអាសន្ន​នេះ​នៅ​ឡើយ​ទេ​មក​ទល់​ថ្ងៃ​ទី​២៩ កក្កដា នេះ៕

សូម​ចុច​ដើម្បី​អាន​សេចក្ដី​ថ្លែងការណ៍​របស់​បក្ស​សង្គ្រោះ​ជាតិ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (61)
Share

អាជ័យ

ពី សមុទ្ររាម

មិនដឹងតថ្លៃអីទេ!..
កូនមាន់ដឹងចរិតមេមាន់ក៏ថាឲ្យមេមាន់"មិនដឹងឆ្អីតេម៉ែ មុននិងគ្រោយគង់អាគកជាន់ដដែល..ធើឭកស្រីស្អាតរត់ចុះរត់ឡើងមិនឲ្យអាគកជាន់អី ! មេមាន់បានឆ្លើយវិញថា អើកុំឲ្យគេថាអញអាសចង់ពេកហ្នឹងណា..!.

Jul 30, 2013 05:47 AM

អ្នក​អាន​អនាមិក

USA the reason why I studied fnglish ,you! are the one who can help my poor nation ,now you jus keep along distance to us !!!!why!!!!!!!thanks

Jul 30, 2013 05:37 AM

អ្នក​អាន​អនាមិក

No one from outside can help Khmer. Khmer have to decide for themselves which road to take. In order to do that, you have to educate yourself. An engineer can't build cars if he doesn't have education and skills. So far, I think the opposition done a pretty good job. Now more Khmer are beginning to know their rights and demanding that their rights be respected, thanks to some of NGOs works in Cambodia. I believe the more you learn, the more you'll see. So, I understand your frustration. In due time, when more people see the light, Cambodia will have her true democracy.

Jul 31, 2013 04:21 AM

ភាពភ្នំពេញ

ពី Phnom Penh

គេមិនមែនថា អ្នកមានឈ្មោះស្ទួនបោះអោយខាងណាៗទេ តែគេសុំតែម៉ាត្រឹមត្រូវ។ ធ្វើដល់គ.ជ.ប បើគ្រាន់តែគ្រប់គ្រងឈ្មោះស្ទួនដើម្បីធានាអោយមានការបោះឆ្នោតសេរី និងយុត្តិធម៌មិនបាន គួរតែចុះចេញដោយមិនបាច់យកលេសនេះ លេសនោះទេ

Jul 30, 2013 05:11 AM

អ្នក​អាន​អនាមិក

ពី siem Reap

ប្រសិនបើ គជប ឯករាជ្យ នោះការបោះឆ្នោតនិងមានយុត្តិធម៌នៅកម្ពុជា។ សូមបក្សសង្គ្រោះជាតិប្រយ័ត្នល្បិចបោកប្រាស់របស់លោកហ៊ុន សែន​ព្រោះគាត់ជាមនុស្សបឲដែលពិសពុលនៅក្នុងនយោបាយនៅកម្ពុជា។
ប្រសិនបើសង្គ្រោះជាតិចូលរួមក្នុងសភា​ ហើយបានទទួលកៅអីណាមួយនៅក្នុងរាជរដ្ឋាភិបាល​ សូមកុំធ្វើដូចហ៊្វុនស៊ិនប៊ុចកាលពីឆ្នាំ១៩៩៣ គឺសល់តំណែងគ្មានសល់ ហើយទៅបញ្ចប់មានឈ្មោះអាសោចក្រៃ។

Jul 30, 2013 04:18 AM

S p

អស់លោកកូនខ្មែរល្មមឈប់ដៀល អាយួន អាសៀមទៅឬមានទំនាស់ក្នុងស្រុកហើយមិនអស់ចិត្តចង់មានទំនាស់ជាមួយប្រទេសជិតខាងទៀត។ អារឿងបាត់ឈ្មោះ 4លានអ្នកមិនទៅមើលនៅថៃ កូរេ៉្ មា៉ឡេសីុទៅតើមានប៉ុន្មានលានអ្នក
រឿងដែលចោតថាមានឈ្មោះខ្មោច ឈ្មោះស្ទួននោះម៉េចក៏ជឺថាគេបោះអោយ4 មិនគិតថាបោះ7ផង នេះឬយុត្តិធម៍ ចង់ទៀមទាយុត្តិធម៍ តែខ្លួនមានអោយយុត្តិធម៍ដល់4ទេ?
រវល់តែងប់ងល់និង7 ដោយមិនខ្វលថាអ្វីត្រូវអ្វីខុស ។
ល្មមបើភ្នែកបើកចិត្តមើលពិភពលោកថាវាស្រស់ស្អាតប៉ុណ្ណាឈប់ងប់ងល់ក្នុងភពខ្មៅងងឹតនេះទៀតទៅ៕
ចង់ទារកយុត្តិធម័ ត្រូវមានយុត្តិធម៍នៅក្នុងខ្លួនសិន

Jul 30, 2013 03:35 AM

អ្នក​អាន​អនាមិក

I agreed. They should stop blaming outsiders. People should focus on NEC and the government. What did they do to make people so upset? To make them feel that unjust was done to them.

How are you going to address that? You need to stop defending the NEC and the government. This election mess wasn't created by the voters, it was created by NEC and the government.

Pretty pathetic the NEC couldn't get this one right. NEC had so many practices in previous elections, but yet still come out as incompetent as day one on the job. Now you understand the people want competent people to represent them, not a yes man or yes woman in government who can't see right from wrong.

Jul 30, 2013 05:49 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល