អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​មេមត់​រត់​គេច​ខ្លួន ខណៈ​សមត្ថកិច្ច​បញ្ជូន​អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ​ទៅ​តុលាការ​ជាប់​ចោទ​ពី​បទ​ជេរ​ប្រមាថ

ដោយ ហេង រស្មី
2019-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ស៊ូ យាន អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។
លោក ស៊ូ យាន អនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។
រូប៖ ហ្វេសប៊ុក

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ស្រុក​មេមត់​ម្នាក់ កំពុង​រត់​គេច​ខ្លួន ក្រោយ​ពេល​សមត្ថកិច្ច​​​បាន​ទៅ​ឃ្លាំ​មើល​នៅ​មុខ​ផ្ទះ​លោក និង​ចាប់​ខ្លួន​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូងឃ្មុំ​​លោក ស៊ូ យាន។ ប៉ូលិស​ខេត្ត បាន​បញ្ជូន​សំណុំ​រឿង​ លោក ស៊ូ យាន ទៅ​តុលាការ​ហើយ ដោយ​ចោទ​ពី​បទ ជេរ​ប្រមាថ ពលរដ្ឋ​ចំនួន​៦​ខេត្ត និង​កំពុង​បន្ត​ស៊ើប​ ករណី​ឆបោក​លុយ​ពលរដ្ឋ​ រាប់​ពាន់​ដុល្លារ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​​ស្រុក​មេមត់ លោក អ៊ុក ផុន ឲ្យ​ដឹង​ថា លោក បាន​ចាក​ចេញ​ពី​ផ្ទះ​ភ្លាមៗ កាល​ពី​ថ្ងៃ​ទី២២ មេសា ដោយសារ​ សមត្ថកិច្ច​ច្រើន​នាក់ ឃ្លាំមើល​សកម្មភាព។ លោក ​​ថា មក​ដល់​ពេលនេះ លោក​មិន​ទាន់​ហ៊ាន​ត្រលប់​ចូល​ផ្ទះ​វិញ​ទេ ដោយសារ​ ​បារម្ភ​​សុវត្ថិភាព។

លោក អ៊ុក ផុន អះអាង​ថា លោក និង​មន្ត្រី​បក្ស​ប្រឆាំង​ផ្សេង​ទៀត​ នៅ​ខេត្ត​ត្បូងឃ្មុំ មិន​ដែល​ធ្វើ​សកម្មភាព ឬ​ចូល​រួម​ចលនា​នយោបាយ​ណា​ឡើយ តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​។ ប៉ុន្តែ​នៅ​រាប់​អាន​​គ្នា ណាត់​គ្នា​​ ជជែក​លេង​ ជា​ធម្មតា។ មក​ដល់​ពេល​នេះ មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ត្បូង​ឃ្មុំ ទាំង​អស់ មាន​ការ​បារម្ភ​សុវត្ថិភាព​គ្រប់​គ្នា៖ «គ្មាន​ទាំង​ចលនា គ្មាន​ទាំង​សកម្មភាព​អ្វី​ទាំង​អស់ តែ​ហេតុ​អ្វី​ បាន​ជា​នៅ​តែ​ឃ្លាំមើល។ យើង​មាន​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ អាច​មាន​។ យើង​ជូនពរ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទូរស័ព្ទ តាម​អ្វី​អ៊ីចឹង​ទៅ ហើយ​យើង​ហូប​ចុក​ធម្មតា។ ហេតុអ្វី​បាន​សមត្ថកិច្ច​ឃ្លាំ​មើល​មិន​អស់​មិន​ហើយ

សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី២២ មេសា បាន​ចាប់​ខ្លួន​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូង​ឃ្មុំ លោក ស៊ូ យាន ​ក្រោយ​ពេល លោក​ ស៊ូ យាន តែង​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) រិះគន់​របប​ឯក​បក្ស ​ហើយ​​របប​នេះ ចាត់​ទុក​ការ​បង្ហោះ​សារ​បែប​នេះ ជា​ការ​ប្រមាថ​ មេ​ដឹកនាំ​របប គឺ​លោក​ ហ៊ុន សែន។

ក្នុង​គណនី​ហ្វេសប៊ុក​ លោក ស៊ូ យាន សរសេរ​ថា «តម្លៃ​ជាតិ​ធំធេង​មិន​អាច​កាត់​ថ្លៃ​បាន​ឡើយ។ កុំ​យក​រាស្ត្រ​មក​ធ្វើ​ជា​ឧបករណ៍​អំណាច​អី» ហើយ​មួយ​រយៈ​ចុង​ក្រោយ​នេះ ​គណនី​ដដែល​ក៏​បាន​បង្ហាញ​ពី​សកម្មភាព​មហា​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បួង​កាល​ពី​សប្ដាហ៍​មុន​ផង​ដែរ។​

ស្នងការ​នគរបាល​ខេត្ត​ត្បូង​ឃ្មុំ លោក ប៉ែន រ័ត្ន ប្រាប់​អាស៊ី​សេរី ថា លោក ស៊ូ យាន មិន​មែន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ដោយសារ​ករណី​នយោបាយ​ឡើយ គឺ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ៦ខេត្ត ប្ដឹង​ថា លោក ស៊ូ យាន ជេរ​ប្រមាថ​ពួក​គេ។ ស្នងការ​រូប​នេះ​បញ្ជាក់​ថា បច្ចុប្បន្ន លោក ស៊ូ យាន ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ ហើយ​សមត្ថកិច្ច​នៅ​ស្រុក​មេមត់ កំពុង​បន្ត​ទទួល​បណ្ដឹង​ពី​ពលរដ្ឋ​ជា​បន្ត​បន្ទាប់ ករណី លោក ស៊ូ យាន ជំពាក់​ប្រាក់​ពលរដ្ឋ ក្នុង​ម្នាក់ ពី ៤ពាន់ ទៅ ៦ពាន់​ដុល្លារ៖ «ឥឡូវ​យើង​បាន​បញ្ជូន​ទៅ​តុលាការ​ហើយ។ ឥឡូវ​នេះ យើង​ទទួល​ពាក្យ​បណ្ដឹង​បន្ត​បន្ទាប់​ទៀត រឿង​គាត់​ជំពាក់​លុយ​គេ​ ប៉ុន្មាន​នាក់ នៅ​មេមត់​នោះ។ គាត់​ជំពាក់​លុយ​គេ​ អា​ខ្លះ ៦ពាន់ អា​ខ្លះ ៥ពាន់ អា​ខ្លះ ៤ពាន់ អា​ម្ដេច​នោះ! គេ​កំពុង​ដាក់​ពាក្យ​នៅ​អធិការ​មេមត់។ អា​ហ្នឹង​ រឿង​បំណុល​ផ្សេង​ទេ»

ទោះ​យ៉ាងណា អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ ករណី​ សមត្ថកិច្ច​ឃ្លាំ​មើល​ លោក អ៊ុក ផន អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​មេមត់ បាន​ទេ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​ដាច់ និង​បាន​ព្យាយាម​ ទូរស័ព្ទ​ទៅ​ច្រើន​ដង​ទៀត តែ​លោក​ស្នងការ​មិន​ទទួល។

ភរិយា​របស់​ លោក ស៊ូ យាន គឺ​អ្នកស្រី ស្រី សៀត អះអាង​ថា ស្វាមី​របស់​អ្នកស្រី​ត្រូវ​សមត្ថកិច្ច​ប្រហែល ៣០នាក់ ប្រដាប់​ដោយ​កាំ​ភ្លើង​ស្វ័យ​ប្រវត្តិ​សម្រុក​ចូល​ចាប់​ខ្លួន ដោយសារ​ការ​សម្ដែង​មតិ​តាម​បែប​ប្រជាធិបតេយ្យ។

យ៉ាង​ហោច​ណាស់ មាន​មន្ត្រី​មូលដ្ឋាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ៣នាក់​ហើយ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ​ចាប់​តាំង​ពី​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ដោយសារ​ការ​បង្ហោះ​សារ​រិះគន់​របប​ឯក​បក្ស តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក គឺ​អនុ​ប្រធាន​ប្រតិបត្តិ​បក្ស​ប្រឆាំង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប លោក បាន សម្ភីរ ទើប​ត្រូវ​ដោះលែង​ថ្មីៗ សមាជិក​បក្ស​សង្គ្រោះ​ជាតិ ​ខេត្ត​ស្វាយរៀង លោក គង់ ម៉ាស់ និង​អនុ​ប្រធាន​ប្រតិបត្តិ​ស្រុក​ត្បូងឃ្មុំ លោក ស៊ូ យាន។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​តាម​មូលដ្ឋាន​ច្រើន​នាក់​ផ្សេង​ទៀត កំពុង​រត់​ភៀស​ខ្លួន ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ដូច​ជា ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ​លោក កែវ ថៃ សមាជិក​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង លោក​ ប៉ុល ទិត្យធានី និង​ក្រុម​សមាជិក​បក្ស​ប្រឆាំង​ខេត្ត​កំពង់ស្ពឺ ជា​ដើម។

អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស អាដហុក លោក ស៊ឹង សែន​ករុណា យល់​ថា ​សមត្ថកិច្ច​គួរ​បញ្ឈប់​សកម្មភាព​ឃ្លាំមើល មន្ត្រី​បក្ស​ប្រឆាំង​ស្រុក​មេមត់ លោក អ៊ុក ផុន ហើយ​ប្រាប់​គាត់​ឲ្យ​មាន​ទំនុក​ចិត្ត ចូល​មក​រស់​នៅ​ក្នុង​ផ្ទះ​វិញ ដើម្បី​គាត់​បាន​ចូល​រួម​ជា​អធិបតី​ពេញ​មុខ​មាត់ ក្នុង​ពិធី​ការ​កូន​ នៅ​ពេល​ខ្លី ខាង​មុខ​ដែរ។

ចំណែក​ករណី ​ចាប់​ខ្លួន លោក ស៊ូ យាន អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​ជា​ការ​អនុវត្ត​ច្បាប់​មាន​ស្តង់ដារ​ពីរ ព្រោះ​អ្នក​រិះគន់​រដ្ឋាភិបាល ឬ​គណបក្ស​​កាន់​អំណាច តែង​រង​ការ​ចាប់​ខ្លួន ភ្លាមៗ និង​ក្រោម​ហេតុផល​ផ្សេងៗ។ ប៉ុន្តែ​ សមត្ថកិច្ច​ មិន​ដែល​ចាប់​ខ្លួន​សកម្មជន​គណបក្ស​កាន់​អំណាច ឬ​ជន​ណា ដែល​ជេរ​ប្រមាថ មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​គណបក្ស​ដទៃ​ទេ៖ «អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ ក៏​មិន​តិច​​នាក់​ដែរ ក៏​ធ្វើការ​ជេរ​ប្រមាថ​ផ្សេងៗ កាត​ទាន​ផ្សេងៗ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​ ដែល​ជា​គូបដិបក្ខ ឬ​ក៏​គណបក្ស​ផ្សេង​ទៀត ក៏​មិន​តិច​ដែរ។ ប៉ុន្តែ ​ចំណាត់​ការ​របស់​សមត្ថកិច្ច យើង​ឃើញ​ហើយ គឺ​អត់​មាន​ទេ។ អ៊ីចឹង ក្នុង​ផ្លូវ​ច្បាប់​កម្ពុជា បើ​យើង​យក​​ក្រម​ព្រហ្មទណ្ឌ​មក​ចាត់​វិធាន​ការ ក្នុង​ករណី​រិះគន់​នេះ យើង​ឃើញ​ហើយ វា​អត់​ស្មើ​ភាព​គ្នា វា​ជា​ស្តង់ដារ​ពីរ ដែល​សង្គម​ស៊ីវិល​យើង​ធ្វើការ​រិះគន់»

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​មេមត់ លោក អ៊ុក ផុន ទទូច​ឲ្យ​សមត្ថកិច្ច​បញ្ឈប់​សកម្មភាព​បំភ័យ​ពលរដ្ឋ ឬ​ចាប់​ពលរដ្ឋ​ដាក់​ពន្ធនាគារ ក្រោម​ហេតុ​ផល​នយោបាយ​ត​ទៅ​ទៀត ព្រោះ​សមត្ថកិច្ច​ទើប​ជូន​ពរ​ឆ្នាំ​ថ្មី ដល់​ពលរដ្ឋ​រួច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល