បក្ស​ប្រឆាំង​ ត្រៀម​ថវិកា ៣០ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា

ដោយ ហេង រស្មី
2019-01-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​ជួប​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០១៩។
លោក អេង ឆៃអ៊ាង ថ្លែង​ក្នុង​ពិធី​ជួប​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋ​អាមេរិក ថ្ងៃ​ទី២៦ ខែ​មករា ឆ្នាំ២០១៩។
រូបថត៖ Eng Chhai Eang

អនុប្រធាន​គណបក្ស​ប្រឆាំង ប្រកាស​ត្រៀម​ថវិកា​ចំនួន ៣០ម៉ឺន​ដុល្លារ សម្រាប់​គម្រោង​វិល​ត្រលប់​របស់​លោក សម រង្ស៊ី ចូល​កម្ពុជា។ អនុ​ប្រធាន​គណបក្ស​កាន់​អំណាច​អះអាង​ថា លោក សម រង្ស៊ី គ្មាន​​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ព្រោះ​ការ​ប្រកាស​​វិល​ចូល​ស្រុក​ គ្រាន់​ជា​ល្បិចកល​នយោបាយ​របស់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ដែល​ធ្លាប់​ធ្វើ​ ដូច​កាល​ពី​ពេល​កន្លងមក​តែ​ប៉ុណ្ណោះ។ អ្នក​វិភាគ​យល់​ថា ទោះ​លោក សម រង្ស៊ី វិល​ចូល ឬ​មិន​ចូល​កម្ពុជា​វិញ តែ​នេះ​ជា​ជំហាន​វិជ្ជមាន​របស់​គណបក្ស​ប្រឆាំង ក្នុង​ការ​បោះ​មួយ​ជំហាន​ទៅ​មុខ។

អនុ​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អះអាង​ថា គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​ ធនធាន និង​ផែនការ​ច្បាស់លាស់​ហើយ សម្រាប់​គម្រោង​វិល​ចូល​ប្រទេស​​វិញ​របស់​ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង។ លោក អេង ឆៃអ៊ាង ថា សកម្មជន​គណបក្ស​ប្រឆាំង ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អង្គ​ទូត​ជា​មិត្ត​ តំណាង​សារព័ត៌មាន​ធំៗ ស្ថាប័ន​អង្គការ​សិទ្ធិ​មនុស្ស​នានា នឹង​ចូលរួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​កម្ពុជា​វិញ។ លោក​ថា បើ​​សិន​លោក សម រង្សី ចូល​តាម​ផ្លូវ​គោក គណបក្ស​ប្រឆាំង​នឹង​រៀប​ចំ​បន្ថែម​​កម្មករ​រាប់​ម៉ឺន​នាក់ ពី​ប្រទេស​ថៃ បន្ថែម​ទៀត ដើម្បី​អម​ដំណើរ​លោក សម រង្ស៊ី ចូល​ស្រុក។ ចំណែក​អ្នក​គាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ​ណា ដែល​មិន​ហ៊ាន​អម​ដំណើរ​​ទៅ​កម្ពុជា ជាមួយ​លោក សម រង្ស៊ី អាច​រួម​ចំណែក​ហិរញ្ញវត្ថុ​​ នៅ​ពី​ក្រោយ៖ «ដើម្បី​ឈ្នះ​ ឥឡូវ​នេះ យើង​យល់​ថា ឲ្យ​លោក​ សម រង្ស៊ី ចូល​ទៅ គឺ​ចូល​ទៅ​ឈ្នះ​តែ​ម្ដង បើ​ចូល​ទៅ​ចាញ់ ចប់។ អា​ហ្នឹង ជា​ចំណុច​សំខាន់ ដែល​យើង​ត្រូវ​គិត​ទាំងអស់​គ្នា។ អ៊ីចឹង​ ដើម្បី​ចូល​ទៅ​ឈ្នះ គឺ​មាន​ការ​រៀបចំ​ច្បាស់​លាស់​ណាស់។ អ៊ីចឹង​ហើយ បាន​ខ្ញុំ​សុំ​ឲ្យ​បងប្អូន កុំ​ដាក់​សំណួរ​តទៅ​ទៀត​ ថា តើ​ពេលណា ថ្ងៃ​ណា ខែ​ណា លោក សម រង្ស៊ី ចូល​ទៅ។ ខ្ញុំ​សូម​ឆ្លើយ​សំណួរ​ថា ពេល​ណា​ ដែល​មាន​ការ​រៀបចំ​ច្បាស់លាស់​ហើយ ពេលនោះ លោក សម រង្ស៊ី​ ចូល​ទៅ​ហើយ»

ការ​ប្រកាស​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី​២៦ មករា។ ការ​ប្រកាស​របស់​លោក អេង ឆៃអ៊ាង ​ស្រប​ពេល មេ​យោធា​ និង​ក្រុម​មនុស្ស​ជំនិត​ របស់​លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ឯក​បក្ស​ក្រុង​ភ្នំពេញ កំពុង​​​ព្រមាន​កម្ទេច​ លោក សម រង្ស៊ី បើ​ហ៊ាន​វិល​ចូល​កម្ពុជា​ពិត​មែន។

អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា លោក សម រង្ស៊ី​ មិន​ហ៊ាន​វិល​ចូល​កម្ពុជា​វិញ​ទេ ព្រោះ​ការ​ប្រកាស​បែប​នេះ ជា​ល្បិចកល​នយោបាយ​ ដែល​ធ្លាប់​ធ្វើ​កាល​ពី​ពេល​កន្លងទៅ ដើម្បី​រក្សា​កម្លាំង​ និង​ការ​គាំទ្រ​នៅ​ក្នុង​ប្រទេស ឱ្យ​នៅ​រក្សា​ក្ដី​​សង្ឃឹម ​ចំពោះ​ លោក សម រង្ស៊ី តែ​ប៉ុណ្ណោះ៖ «សម រង្ស៊ី គឺ​អស់​ក្រឡា​ហើយ បើ​គាត់​មិន​សម្រេចចិត្ត​អ៊ីចឹង ហើយ​គាត់​មិន​ចូល​ចប់។ គាត់​អាច​គិត​ឃើញ​អ៊ីចឹង អន្តរជាតិ​ក៏​ចប់ ផ្ទៃក្នុង​ក៏​ចប់ ក្នុង​ពេល​ដែល​គាត់​ធ្វើតេស្ត ប្រជុំ​នៅ​អាមេរិក។ ប្រជុំ​ហើយ គាត់​ផ្សាយ​ដើម្បី​ស្វែងរក​ការ​គាំទ្រ​នៅ​ខាងក្នុង។ ដល់​អ៊ីចឹង អន្តរជាតិ​ក៏​អស់ ខាងក្នុង​ក៏​អស់ ពេល​ហ្នឹង​បើ​ខ្លួន​មិន​ធ្វើ​សកម្មភាព​ទេ អស់​ហើយ អាច​នឹង​នឹកឃើញ​ច្រក​ហ្នឹង។ អ៊ីចឹង បាន​ប្រថុយប្រថាន​ថា​មក»

លោក សម រង្ស៊ី និង​ លោក ហ៊ុន សែន បាន​ភ្នាល់​គ្នា ថា បើ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិន​ត្រូវ​បាន​ដោះលែង ​មុន​ដើម ​ខែ​មីនា​ទេ លោក សម រង្ស៊ី សុខចិត្ត​​វិល​ចូល​កម្ពុជា​ឲ្យ​​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ខ្លួន តែ​បើ​ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​មុន​ពេល​កំណត់​គ្នា លោក ហ៊ុន សែន ព្រម​ចុះ​ចេញ​ពី​តំណែង។

អ្នក​វិភាគ​នយោបាយ លោក ហង្ស វិទូ ជឿ​ច្រើន​ភាគរយ​ថា លោក សម រង្ស៊ី នឹង​វិល​​ចូល​កម្ពុជា​វិញ ព្រោះ​មិន​អាច​ភ្នាល់​ឈ្នះ លោក ហ៊ុន សែន​ទេ។ តែ​យ៉ាង​ណា អ្នកវិភាគ​រូប​នេះ យល់​ថា ទោះ​ លោក សម រង្ស៊ី ចូល​ឲ្យ​ចាប់​ខ្លួន ឬ​មិន​ចូល​ នៅ​តែ​ជា​សញ្ញា​វិជ្ជមាន សម្រាប់​គណបក្ស​ប្រឆាំង ព្រោះ​​ការ​វិវត្តន៍​នេះ ជា​ការ​បោះ​ជំហាន​បន្ថែម​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​មុខ​ ស្រប​ពេល​របប​ក្រុង​ភ្នំពេញ កំពុង​ផុង​ខ្លួន​ជ្រៅ ក្នុង​ការ​ប្រឈម​មុខ​ ជាមួយ​សហគមន៍​​អន្តរជាតិ៖ «បើ​ទោះ​មែន ឬ​ក៏​ជា​យុទ្ធសាស្ត្រ​នយោបាយ ក៏​ខ្ញុំ​គិត​ថា​ជា​សញ្ញា​វិជ្ជមាន​មួយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាត់​ដើរ មួយ​ជំហាន​ណា។ ទោះបី​​ការ​ប្រកាស​ស្វែង​រក​ការ​គាំទ្រ​ក្នុង​ន័យ ស្វែង​រក​ការ​គាំទ្រ ដើម្បី​បង្រួបបង្រួម​បក្ស​វិញ ឬ​ក៏ ចង់​ចូល​ស្រុក​វិញ ដើម្បី​លះបង់​ធ្វើ​អ្វី​មួយ ក៏​ខ្ញុំ​គិត​ថា ជា​ការ​ឈាន​មួយ​ជំហាន ដែល​វិជ្ជមាន​ ហើយ​ល្អជា​ការ​នៅ​ដដែល ដោយ​មិន​បាន​ឈាន​អ្វី​មួយ​ជំហាន ដែល​វា​ធ្វើ​ឲ្យ​អត់​មាន​ការ​ប្រែប្រួល ហើយ​អ្នក​ដែល​ចាំ អ្នក​ដែល​គាំទ្រ ហ្នឹង បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចាប់​ផ្ដើម​ធ្វើ​ចលនា​តែ​មួយ​ទេ ខ្ញុំ​ជឿជាក់​ថា យូរៗ​ ទៅ​នឹង​សាប​ទៅៗ។ អ៊ីចឹង ជំហាន​ដែល​លោក សម រង្ស៊ី គាត់​ដើរ​នេះ ខ្ញុំ​គិត​ថា អាច​ល្អ​ច្រើន​ជាង​មុន​ ទោះ​ក្នុង​​មួយ​ជំហាន​ណាមួយ​ក៏ដោយ ឲ្យ​តែ​គាត់​ឈាន​ ខ្ញុំ​ជឿជាក់​ថា ល្អ​ជាង​មុន»

បើ​ទោះ​បែប​ណា លោក ហង្ស វិទូ ផ្ដល់​យោបល់​ថា ប្រសិន​បើ​លោក សម រង្ស៊ី​ មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់ ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​​ទេ និង​​ដើម្បី​បញ្ចៀស​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​ភាគី​ខ្មែរ និង​ខ្មែរ លោក សម រង្ស៊ី គួរ​បន្ត​ពង្រឹង​នយោបាយ​ការទូត​ឲ្យ​ខ្លាំង​ថែម​ទៀត ស្នើ​សុំ​ព្រះមហាក្សត្រ​​ព្រះរាជ​អន្តរាគមន៍​ និង​ធ្វើ​សម្បទាន ឲ្យ​គ្នា​​​ទៅវិញ​ទៅ​មក ជាមួយ​ លោក ហ៊ុន សែន ជាជាង​ការ​វាយ​ស្មៅ​បង្អើល​ពស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

Dan

ពី LA

លោកប៉ាធានលេងល្ខោនបោកអោយអ្នកគាំទ្របាន300000ដុល្លារស្រួលរកលុយមែនទែន។ មកដល់ស្រុកថៃហើយប្រាប់គេថាថៃមិនអោយចូលស្រុកខ្មែរទៅបានលុយ300000ដាក់ហោបៅយ៉ាងស្រួល

Jan 29, 2019 03:07 PM

Khmer road to democracy

$2.8 million more from khmer democracy system abroad will directly to support CNRP in Cambodia.

Jan 28, 2019 04:41 PM

គេហទំព័រ​ទាំងមូល