ក្រុម​អ្នក​យាម​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្គ្រោះ​ជាតិ ហៅ​ការ​ឃាត់​ខ្លួន​របស់​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​​ថា ជា​ការ​រំលោភ​ច្បាប់​ និង​សិទ្ធិ​ពលរដ្ឋ

ដោយ ហេង រស្មី
2019-03-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្លាំង​មន្ត្រី​សន្តិសុខ​យាម​ទី​ស្នាក់​គណ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​នៅ​យប់​​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ​យក​ទៅ​សាកសួរ​ដោយ​គ្មាន​មូលហេតុ។
កម្លាំង​មន្ត្រី​សន្តិសុខ​យាម​ទី​ស្នាក់​គណ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​សមត្ថកិច្ច​នាំ​ខ្លួន​នៅ​យប់​​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ​យក​ទៅ​សាកសួរ​ដោយ​គ្មាន​មូលហេតុ។
Photo courtesy of Ma Chetra's Facebook

ក្រុម​សន្តិសុខ ដែល​ទីស្នាក់ការ​កណ្ដាល​គណបក្ស សង្គ្រោះ​ជាតិ ​​​បាន​ហៅ​ការ​ឃាត់​ខ្លួន​ពី​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី១៧ មីនា​នោះ​ថា ជា​ការ​រំលោភ​ច្បាប់​ រំលោភ​សិទ្ធិ​ពលរដ្ឋ ដោយ​សារ​តែ​ការ​ឃាត់​ខ្លួន​នោះ មិន​មាន​ដីកា​ចូល​ឆែកឆេរ​ពី​តុលាការ​ត្រឹមត្រូវ។

ក្រុម​សមត្ថកិច្ច​ប្រមាណ​ជាង ២០នាក់ ប្រដាប់​ដោយ​អាវុធ​ស្វ័យ​ប្រវត្តិ​បាន​ឃាត់​ខ្លួន​សន្តិសុខ​យាម​ស្នាក់​ការ​គណបក្ស សង្គ្រោះ​ជាតិ ចំនួន ៤នាក់​យក​ទៅ​សាកសួរ​រយៈ​ពេល​ជាង ៣ម៉ោង រួច​ហើយ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី១៨ មីនា។

សន្តិសុខ​ម្នាក់​យាម​ទីស្នាក់ការ​គណបក្ស​ សង្គ្រោះ​ជាតិ​ លោក​ សូរ តារា​ ប្រាប់​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី១៨​ មីនា​ថា ប៉ូលិស​ប៉ុស្តិ៍ សង្កាត់​ចាក់​អង្រែ​លើ​បាន​តម្រូវ​ឲ្យ​លោក​ ចុះ​កិច្ច​សន្យា​លើ​ក្រដាស​មួយ​ច្បាប់​មុន​សម្រេច​ដោះ​លែង​ពួកគេ​ឲ្យ​មាន​សេរីភាព​វិញ។

លោក​ហៅ​ការ​ចាប់​ខ្លួន​នេះ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ព្រោះ​សមត្ថកិច្ច​បាន​សម្រុក​ចូល​ចាប់​ពួកគេ​ដោយ​មិន​បាន​ជូន​ដំណឹង​ជា​មុន​ឡើយ​។

លោក​បញ្ជាក់​ថា សមត្ថកិច្ច​លើក​ហេតុ​ផល​ចុះ​ជំរឿន​ស្ថិតិ​ប្រជាពលរដ្ឋ​ តែ​ជំរឿន​នេះ​ធ្វើ​ឡើង​ពាក់​កណ្ដាល​អាធ្រាត្រ ​ដែល​ខុស​ពី​បែប​បទ​រដ្ឋបាល៖ «អត់​មាន​តាម​ច្បាប់​អ្វី​ទាល់​តែ​សោះ។ ទី​មួយ​អត់​មាន​ដីកា​អី​មក​ឃាត់ខ្លួន។ ទីពីរ​ អត់​មាន​បង្ហាញ​អ្វី​ទាំង​អស់​ដាច់​ខាត​ មាន​អ្នក​ចេញ​ចាប់​យប់​ហ្នឹង​ បើ​ថា​ ចូល​អត់​មាន​បញ្ហា​ទេ​ បើ​ចេញ​នឹង​ចាប់​បញ្ជូន​ទៅ​ប៉ុស្តិ៍»

កាលពី​យប់​ថ្ងៃ​ទី១៧ មីនា​ កងកម្លាំង​សមត្ថកិច្ច​នៃ​របប​ក្រុង​ភ្នំពេញ​ប្រដាប់​អោយ​អាវុធ AK 47 ស្វ័យ​ប្រវត្តិ​ បាន​នាំ​គ្នា​មក​ឡោមព័ទ្ធ​ចាប់​កម្លាំង​សន្តិសុខ​យាម​ទីស្នាក់ការ​គណ​គណបក្ស​ សង្គ្រោះ​ជាតិ​ មាន​ទីតាំង​នៅ​សង្កាត់​ចាក់​អង្រែ​លើ​ក្រុង​ភ្នំពេញ​ចំនួន​បួន​នាក់ យក​ទៅ​សាកសួរ​ដោយ​គ្មាន​មូលហេតុ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង។

អនុប្រធាន​គណបក្ស ​សង្គ្រោះ​ជាតិ​ អ្នកស្រី​ មូរ សុខហួរ​បញ្ជាក់​ថា​ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​បាន​ដោះលែង​សន្តិសុខ​ទាំង​បួន​នាក់ ​ដែល​យាម​នៅ​ទីស្នាក់ការ​គណបក្ស​ សង្គ្រោះ​ជាតិ ​មកវិញ​ហើយ​បន្ទាប់​ពី​បាន​ឃាត់​ខ្លួន​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ប៉ូលិស​មូលដ្ឋាន​កាលពី​ថ្ងៃ​អាទិត្យ​ទី ១៧ មីនា។

អ្នក​ស្រី​បញ្ជាក់​ថា គណបក្ស​ប្រឆាំង​មិន​ទទួល​យក​នូវ​ទង្វើ​របស់​របប​ក្រុង​ភ្នំពេញ​ទេ​ ហើយ​យើង​នឹង​ទាម​ទារ​រក​យុត្តិធម៌៖ «បង្ហាញ​ឲ្យ​ឃើញ​ថា លោក ហ៊ុន សែន គាត់​យក​ប្រទេស​ជាតិ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ និង​ក្រុម​គ្រួសារ​ខ្លួន​មិន​ខ្វាយខ្វល់​ពី​ផល​ប្រយោជន៍​ជាតិ»

ស្នងការ​ប៉ូលិស​ក្រុង​ភ្នំពេញ​លោក​ ស ថេត​ មិន​ផ្ដល់​ព័ត៌មាន​លម្អិត​អំពី​មូលហេតុ​នៃ​ការ​ដោះលែង​នេះ​ទេ៖ «ជាប់​សន្និបាត​បន្តិច​បាទ»

លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក ដែល​ជា​ម៉ាស៊ីន​ឃោសនា​ឲ្យ​របប​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី១៧ មីនា​ថា អាជ្ញាធរ​គ្រាន់តែ​នាំ​ខ្លួន​ពួកគេ​ទាំងបួន​នាក់​ទៅ​សួរ​នាំ ខណៈ​អាជ្ញាធរ​ និង​សមត្ថកិច្ច ​ចុះ​ធ្វើ​ការ​រដ្ឋបាល​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​កន្លែង​ទី​ស្នាក់​ការ​គណបក្ស​ប្រឆាំង។

ការ​ចាប់​ខ្លួន​សន្តិសុខ​គណបក្ស​ប្រឆាំង​នេះ បាន​កើត​មាន​ឡើង​ស្រប​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​៨នាក់​ក្នុង​នោះ​មាន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម រង្ស៊ី ផង។

ក្រុម​សន្តិសុខ​ទាំង ៤នាក់ ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​នោះ រួម​មាន លោក សូរ តារា លោក ទឹម សាម៉េត លោក អេក ហ័ន និង​លោក ពេជ ប៊ុនធឿន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល