អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា នៅយប់ថ្ងៃទី១៧ មីនា កងកម្លាំងសមត្ថកិច្ចនៃរបបក្រុងភ្នំពេញប្រដាប់អោយអាវុធអាកា (AK 47) ស្វ័យប្រវត្តិ បាននាំគ្នាមកឡោមព័ទ្ធចាប់ខ្លួន កម្លាំងមន្ត្រីសន្តិសុខយាមទីស្នាក់គណគណបក្សសង្គ្រោះជាតិ ចំនួនបួននាក់យកទៅសាកសួរដោយគ្មានមូលហេតុ។
ការចាប់ខ្លួននេះកើតមានឡើងស្របពេលដែលតុលាការក្រុងភ្នំពេញចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សចំនួន ៨នាក់ ក្នុងនោះមានប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ផង។អ្នកស្រីមិនដឹងអំពីមូលហេតុនៃការចាប់ខ្លួននេះទេ។ អ្នកស្រីបញ្ជាក់ថា ការចាប់ខ្លួននេះគណបក្សប្រឆាំងមិនអាចទទួលយកបានទេ៖ «យើងអត់ដឹងទេតែនេះជាការគំរាមកំហែងធ្ងន់ធ្ងរណាស់។ លោក ហ៊ុន សែន កំពុងប្រើអំណាចរបស់ខ្លួន ដោយមិនបានគិតពីទណ្ឌកម្មពីអន្តរជាតិដែលនឹងដាក់មកលើប្រទេសកម្ពុជា។ ជាផលប្រយោជន៍ជាតិ គាត់មិនបានយកជាធំទេ។គាត់យកអំណាចរបស់គាត់ការពារអំណាច។ នេះគឺជាការគំរាមដ៏ធ្ងន់ទៅលើអ្នកប្រជាធិបតេយ្យ»។
អាស៊ីសេរីមិនអាចទាក់ទងស្នងការប៉ូលិសក្រុងភ្នំពេញ លោក ស ថេត បានទេកាលពីយប់ថ្ងៃអាទិត្យ ទី១៧ មីនា។ ចំណែកឯ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរបប ហ៊ុន សែន ថា អាជ្ញាធរគ្រាន់តែនាំខ្លួនពួកគេទាំងបួននាក់ទៅសួរនាំ ខណៈអាជ្ញាធរ និងសមត្ថកិច្ច ចុះធ្វើការរដ្ឋបាលពិនិត្យអាវុធជាតិផ្ទុះនៅកន្លែងទីស្នាក់ការគណបក្សប្រឆាំង។
ក្រុមសន្តិសុខទាំង ៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួននោះ រួមមាន លោក សួរ តារា លោក ទឹម សាម៉េត លោក អេក ហ័ន និង លោក ពេជ ប៊ុនធឿន៕