គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ព័ត៌មាន​បែកបាក់​​ផ្ទៃក្នុង​និង​រឿង​ពុករលួយ

ដោយ ឡេង ម៉ាលី
2014.12.28
បក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​អ្នក​គាំទ្រ ៦១០ លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជាមួយ​អ្នក​គាំទ្រ​ប្រមាណ ២​ម៉ឺន​នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៣។
Photo: RFA

គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ​ចំពោះ​ព័ត៌មាន​បែកបាក់​ផ្ទៃ​ក្នុង​បក្ស និង​អំពើ​ពុក​រលួយ​ដែល​ទម្លាយ​ដល់​អ្នក​កាសែត​ដោយ​អ្នកស្រី ឡាក់ សុភាព សមាជិក​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​នេះ។ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ជា​រឿង​គួរ​ឱ្យ​អស់​សំណើច។

ការ​បដិសេធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​បន្ទាប់​ពី​មាន​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​ប្រសាសន៍​របស់​អ្នកស្រី ឡាក់ សុភាព ជា​សមាជិក​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ជំនួយ​ការ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស ថា ថ្នាក់​ដឹក​នាំ​បក្ស​នេះ​កំពុង​បែកបាក់​ផ្ទៃ​ក្នុង និង​មាន​អំពើ​ពុក​រលួយ​កិបកេង​លុយ​រាប់​លាន​ដុល្លារ។

ប្រធាន​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ មាន​ប្រសាសន៍​ថា បញ្ហា​លើក​ឡើង​ដោយ​អ្នកស្រី ឡាក់ សុភាព គឺ​ខុស​ការ​ពិត និង​ហួស​ចិត្ត៖ «យើង​មាន​ការ​ភ្ញាក់​ផ្អើល ព្រោះ​យើង​មិន​មាន​ការ​ចាប់​អារម្មណ៍​ថា យើង​មាន​ការ​បែកបាក់​គ្នា​ទេ។ យើង​មាន​ការ​រួបរួម​គ្នា ដូច​ជា​មិន​មាន​បញ្ហា​ផ្ទៃ​ក្នុង ហើយ​ទីពីរ​រឿង​ពុក​រលួយ ដែល​គាត់​លើក​ឡើង​ហ្នឹង គឺ​ជា​រឿង​មួយ​ដែល​យើង​ភ្ញាក់​ផ្អើល។ យើង​មិន​នឹក​ឃើញ​ថា គាត់​លើក​ឡើង​វា​ហួសហេតុ​ពេក។ ខុស​ពី​ការ​ពិត ហើយ​គ្មាន​អី​ច្បាស់លាស់ ដែល​គាត់​លើក​ឡើង​របៀប​នេះ។ យើង​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​យើង​ក៏​មិន​ឱ្យ​សមាជិក​ណា​ម្នាក់​មក​និយាយ​ប៉ះពាល់​ថ្នាក់​ដឹកនាំ ឬ​គណបក្ស ​ប៉ះពាល់​កិត្តិយស​បែប​នេះ​ទេ​»

អ្នកស្រី ឡាក់ សុភាព ត្រូវ​បាន​បណ្ដាញ​សារ​ព័ត៌មាន​ស្រង់​សម្ដី​ចុះ​ផ្សាយ​ពេល​ដែល​អ្នកស្រី​មាន​ប្រសាសន៍​ពី​ការ​បែកបាក់​ផ្ទៃ​ក្នុង និង​អំពើ​ពុក​រលួយ​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីរ។ អ្នកស្រី​បន្ត​ថា ទាំង​នៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​សមាជិក​គណបក្ស​ក៏​មិន​សូវ​ស៊ី​សង្វាក់​គ្នា​ដែរ ជា​ពិសេស ការ​បែងចែក​អំណាច ការ​រើសអើង​រវាង​អ្នក​ជាប់​ឆ្នោត និង​អ្នក​មិន​ជាប់​ឆ្នោត។ អ្នកស្រី​យល់​ថា​បញ្ហា​នេះ គឺ​ជា​ការ​ផុយ​ស្រួយ និង​បែកបាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ស្រប​ពេល​ដែល​មាន​ព័ត៌មាន​អំពី​ការ​បែកបាក់ និង​ពុក​រលួយ​នេះ នៅ​ទី​២៧ ធ្នូ មាន​លិខិត​នៃ​​សេចក្ដី​ថ្លែងការណ៍ ដែល​ប្រើ​រូប​សញ្ញា និង​ត្រា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ច្បាប់ បាន​ចាត់​ទុក​ការ​និយាយ​របស់​អ្នកស្រី ឡាក់ សុភាព ជា​មួយ​ព័ត៌មាន​បែប​នេះ គឺ​ជា​ចេតនា​បំបែកបំបាក់​សាមគ្គីភាព​ផ្ទៃ​ក្នុង​បក្ស​ប៉ុណ្ណោះ ហើយ​ផ្ទុយ​ទៅ​វិញ គឺ​អ្នក​ស្រី ឡាក់ សុភាព ទេ ដែល​ជា​បុគ្គល​បង្កើត​ឱ្យ​មាន​បក្ស​ពួក​របស់​ខ្លួន​នៅ​ក្នុង​គណៈកម្មាធិការ​នាយក ដោយ​បែង​ចែក​ក្រុម និង​មូលនិធិ​ខាង​អនុ​ប្រធាន​បក្ស​ដាច់​ដោយ​ឡែក និង​បង្កើត​អំពើ​ពុក​រលួយ​ក្នុង​ក្រុម​របស់​ខ្លួន ដោយ​មូលនិធិ​ដែល​ប្រមូល​បាន​ពី​ក្រៅ​ប្រទេស មិន​បាន​យក​មក​ដាក់​បញ្ចូល​ក្នុង​មូលនិធិ​របស់​គណបក្ស​ឡើយ។

លិខិត​នោះ​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​អ្នកស្រី ឡាក់ សុភាព ឈប់​និយាយ​ផ្ដេសផ្ដាស​របៀប​នេះ​បន្ត​ទៀត។ បើ​ពុំ​ដូច្នេះ​ទេ អ្នកស្រី​នឹង​ប្រឈម​មុខ​ចំពោះ​គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​មិន​ខាន។

ទាក់ទង​នឹង​សេចក្ដី​ថ្លែងការណ៍​នេះ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធាន​គណៈកម្មាធិការ​វិន័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា មិន​មែន​ជា​​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​លោក​ហៅ​សេចក្ដី​ថ្លែងការណ៍​នោះ​ថា ជា​ការ​ក្លែងក្លាយ ដែល​មិន​អាច​ទទួល​យក​បាន​ទេ។

លោក​ថា រហូត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទាន់​បាន​ចេញ​លិខិត​ផ្លូវការ​ណា​មួយ​នៅ​ឡើយ​ទេ ទាក់ទង​នឹង​បញ្ហា​នេះ។ ក៏​ប៉ុន្តែ លោក​ឱ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​វិន័យ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ពិភាក្សា​គ្នា​អំពី​បញ្ហា​នេះ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ធ្នូ៖ «យើង​អត់​មាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អី​ទេ ប៉ុន្តែ​គណៈកម្មាធិការ​វិន័យ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង រៀបចំ​ដើម្បី​អញ្ជើញ​គាត់​មក​បំភ្លឺ​ជា​ផ្លូវ​ការ​ជាមួយ​គណៈកម្មាធិការ​វិន័យ នូវ​អ្វី​ដែល​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន ក៏​ដូច​ជា​សាធារណជន ទាក់ទង​ទៅ​នឹង​​អ្វី​ដែល​គាត់​ចោទ​ប្រកាន់​ថា មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង មាន​អំពើ​រលួយ​ជា​ដើម ហើយ​យើង​នឹង​អញ្ជើញ​គាត់​មក​បំភ្លឺ​ គណៈកម្មាធិការ​វិន័យ​ក្នុង​ពេល​ឆាប់ៗ​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកស្រី ឡាក់ សុភាព ដើម្បី​ថ្លែង​ទាក់ទង​នឹង​បញ្ហា​នេះ​បាន​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​២៧ ធ្នូ មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។