ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​ទូទាំង​ខែត្រ​កែប​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ

ដោយ មួង ណារ៉េត
2017.12.28
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ៨៥៥ ២០១៦ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ខែត្រ​កែប ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ទាំង​បង្ខំ ក្រោយ​ពេល​រដ្ឋាភិបាល​ចោទ​គណបក្ស​ប្រឆាំង​ថា ចូលរួម​ក្បត់ជាតិ បាន​នាំ​គ្នា​ទៅ​ប្រកាស​ទ្រព្យ​សម្បត្តិ​រួចរាល់​អស់​ហើយ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខែត្រ​កែប ប្រាប់​ថា ថ្វីបើ​ក្រុមប្រឹក្សា​ទាំង​អស់​យល់​ថា ការ​ដាក់​កំហិត​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ជា​រឿង​អយុត្តិធម៌ តែ​ពួកគេ​ត្រូវ​តែ​បង្ខំចិត្ត​ទៅ​ប្រកាស​ដើម្បី​បញ្ចៀស​ការ​ធ្វើ​ទុក្ខបុកម្នេញ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​កែប លោក នន់ តារា ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​បក្ស​ប្រឆាំង​នៅ​ខែត្រ​កែប ហៅ​ការ​បង្គាប់​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ ថា​ជា​ការ​រំខាន និង​មាន​ស្តង់ដារ​ពីរ​ផ្សេង​គ្នា​សម្រាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

ខែត្រ​កែប ជា​ខែត្រ​តូច​ជាង​គេ​នៅ​កម្ពុជា។ ខែត្រ​នេះ​មាន​ស្រុក​១ និង​ក្រុង​១ និង​មាន​ឃុំ​សង្កាត់​ចំនួន​៥។ នៅ​ខែត្រ​កែប គណបក្ស​សង្គ្រោះ​ជាតិ មាន ១២​អាសនៈ ទាំង​ក្រុមប្រឹក្សា​ថ្នាក់​ខែត្រ ថ្នាក់​ស្រុក និង​ថ្នាក់​ឃុំ​សង្កាត់។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ បាន​ចេញ​លិខិត​ជូន​ដំណឹង​តម្រូវ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អស់​ដែល​ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​រយៈពេល ៣០​ថ្ងៃ ជា​កំហិត​ក្រោយ​ការ​ចាកចេញ​ពី​មុខ​តំណែង បើ​មិន​ដូច្នេះ ពួកគេ​នឹង​ត្រូវ​ជាប់គុក​រយៈពេល​មួយ​ខែ។ ក្រោយ ៥​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាស​នៅ​ចំពោះ​មុខ​មន្ត្រី​របស់​លោក​ថា មន្ត្រី​គណបក្ស​ប្រឆាំង​ទាំង​អស់​រាប់​តាំង​ពី​តំណាងរាស្ត្រ​ដល់​ក្រុមប្រឹក្សា​ជាប់​ឆ្នោត ត្រូវ​ចូល​ខ្លួន​ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​កំហិត។ លោក​ក៏​បាន​ព្រមាន​ថា ការ​ចូល​ប្រកាស​ដោយ​ស្ម័គ្រចិត្ត​ពី​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នេះ បើ​រក​ឃើញ​ថា មាន​ទ្រព្យធន​កើន​ឡើង​ខុស​ប្រក្រតី ក៏​ជា​ការ​ប្រឈម​មួយ​កម្រិត​ទៀត​ដែរ។

ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ មាត្រា​១៧ កំណត់​ឲ្យ​អ្នក​ដែល​អស់​មុខ​តំណែង​ហើយ​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ដូច​មុន​ចូលកាន់​តំណែង គិត​ចាប់​ពី​ថ្នាក់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល រហូត​ដល់​មន្ត្រី​តុលាការ និង​មន្ត្រី​រដ្ឋាភិបាល​គ្រប់​លំដាប់​ថ្នាក់​ជាដើម។ ក្នុង​ច្បាប់​នេះ​ដែរ មាត្រា​១៨ ចែង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ចុង​ក្រោយ ត្រូវ​ធ្វើ ៣០​ថ្ងៃ​យ៉ាង​យូរ​មុន​ពេល​ចាក​ចេញ​ពី​មុខ​តំណែង។ ក្នុង​ករណី​មិន​អាច​ប្រកាស​មុន​ពេល​ចាកចេញ​ពី​មុខ​តំណែង​មូលហេតុ​ដោយ​ការ​ដក​ហូត​មុខ​តំណែង ត្រូវ​ប្រកាស​យ៉ាង​យូរ ៣០​ថ្ងៃ ក្រោយ​ការ​ចាកចេញ​ពី​មុខ​តំណែង។

នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល បាន​ជូនដំណឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ស្ថាប័ន​នេះ បាន​ទទួល​ឯកសារ​ស្ដីពី​ការ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​តំណាងរាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត រាជធានី ក្រុង​ស្រុក​ខណ្ឌ និង​ឃុំ​សង្កាត់​របស់​គណបក្ស​ប្រឆាំង បាន​ចំនួន ៧៥១​រូប ក្នុង​នោះ​មាន​តំណាងរាស្ត្រ​ចំនួន ៤៤​រូប ទីប្រឹក្សា​ជំនួយការ ៣១​រូប សមាជិក គ.ជ.ប ៣​រូប ឯ​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ក្រោម​ជាតិ​ទូទាំង​ប្រទេស​បាន​ចំនួន ៦៧៣​រូប។ អង្គភាព​នេះ បាន​ជំរុញ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចាត់​ទុក​ថា ជាប់​កាតព្វកិច្ច​ទាំង​អស់​ប្រញាប់​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រៀងរាល់​ម៉ោង​ធ្វើការ​ទាំង​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ និង​អាទិត្យ ហើយ​អង្គភាព​នេះ ក៏​ប្រកាស​ធានា​ពិភាក្សា​ដោះស្រាយ​ជូន​ផង​ដែរ។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា នៅ​ក្នុង​ខ្លឹមសារ​នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​នេះ ពិត​ជា​បាន​បញ្ញត្តិ​ពី​នីតិវិធី​មួយ​ចំនួន​រឿង​ប្រកាស​ទ្រព្យ​សម្បត្តិ ប៉ុន្តែ​អ្វី​ដែល​ចម្លែក​នោះ​ត្រង់​ថា នេះ​ជា​ការ​អនុវត្ត​លើក​ទី​មួយ​ហើយ​នៅ​កម្ពុជា ហើយ​ជា​ការ​ដាក់​ចេញ​នូវ​ផែនការ​ចម្លែក​ប្រឆាំង​ទៅ​លើ​មន្ត្រី​អស់​មុខ​តំណែង ហើយ​តម្រូវ​ឲ្យ​ចូល​ខ្លួន​ប្រកាស​ទ្រព្យ​សម្បត្តិ​បែប​នេះ។ លោក ព្រាប កុល យល់​ឃើញ​ថា ការ​អនុវត្ត​កម្មវិធី​នយោបាយ​ឲ្យ​មន្ត្រី​បក្ស​ប្រឆាំង​ប្រកាស​ទ្រព្យសម្បត្តិ អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង​នីតិវិធី និង​បច្ចេកទេស៖ «»។

បក្ស​ប្រឆាំង​ហៅ​ការ​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ បើ​មិន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ថា​ជា​រូបភាព​គំរាម​លើ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ។ ឯ​សង្គម​ស៊ីវិល​ចង់​ឃើញ អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា​គ្រប់​គណបក្ស​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។