បក្ស​ប្រឆាំង​បង្កើត​គណៈកម្មាធិការព្រំដែន​និង​អន្តោប្រវេសន៍ ខណៈ​ព្រំដែន​កម្ពុជា​រង​ការ​យាយី​ពី​វៀតណាម​ជាថ្មី

ដោយ វ៉ែន សុមេធ
2020.07.13
អ៊ុំ សំអាន ព្រំដែន ៦២០ តំណាងរាស្ត្រ​គណបក្ស​សង្រោះជាតិ លោក អ៊ុំ សំអាន (ពាក់​អាវ​ពណ៌​ស្វាយ) ពិនិត្យ​តម្រុយ​បង្គោល​ព្រំដែន​លេខ​៣០២ នៅ​ច្រក​ព្រំដែន​កម្ពុជា-​វៀតណាម តន់ហន់ ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥។
RFA/Tha Kitya

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​បង្កើត គណៈកម្មាធិការ​ព្រំដែន និង​អន្តោប្រវេសន៍ ខណៈ​ព្រំដែន​កម្ពុជា​រង​ការ​យាយី​ពី​វៀតណាម​ជាថ្មី​។ អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ចោទ​ប្រកាន់​ថា គណៈកម្មាធិការ​នេះ​ជា​ក្រុម​ខុសច្បាប់ និង​ថា​គ្មាន​ប្រទេស​ណា​ធ្វើ​ការងារ​ជាមួយ​ឡើយ។

លោក សម រង្ស៊ី បានសម្រេច​តែងតាំង តំណាងរាស្ត្រ​គណបក្ស​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ធ្លាប់​ចេញមុខ​ធ្វើ​រឿង​ព្រំដែន​គឺ​លោក អ៊ុំ សំអាន ជា​ប្រធាន អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ផ្សេងទៀត និង​មន្ត្រី​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន ជា​អនុប្រធាន សមាជិក និង​ជាទី​ប្រឹក្សា។

ប្រធាន គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍ លោក អ៊ុំ សំអាន ឱ្យ​អាស៊ីសេរី​ដឹង​ថ្ងៃទី​១៣ ខែ​កក្កដា ថា ការ​បង្កើត​គណៈកម្មការ​នេះ​គឺ​ដោយ​លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​អសមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​និង​បញ្ហា​អន្តោប្រវេសន៍​។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​រូប​នេះ​ឱ្យដឹង​ទៀត​ថា កិច្ចការ​ដំបូង​ដែល​ចាប់​ផ្ដើម​ធ្វើ គឺ​បញ្ហា​វៀតណាម​បោះតង់​នៅ​កម្ពុជា ហើយ​លោក​ក៏​គ្រោង​សរសេរ​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​វៀតណាម ឱ្យ​រើ​តង់​ចេញពី​កម្ពុជា​និង​ទាមទារ​កោះត្រល់ និង​កោះ​ក្រចក​សេះ​មក​វិញ ជា​ដើម៖ «ដំបូង​នេះ​គឺ​សិក្សា​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​ដើម្បី​រក​ឱ្យ​ឃើញ​ថា ចំណុច​ណា​ដែល​រដ្ឋាភិបាល​ធ្វើ​ទៅ​មាន​ចន្លោះប្រហោង​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​កម្ពុជា ទៅ​ប្រទេសជិតខាង​ជាពិសេស​ប្រទេស​វៀតណាម»

អ្នកវិភាគ​នយោបាយ និង​សង្គម​ដែល​ហ៊ាន​រិះគន់​លោក ហ៊ុន សែន ឥត​សំចៃមាត់ និង​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ យល់ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​និង​អន្តោប្រវេសន៍ អាច​ពិបាក​នឹង​ទទួល​បាន​លទ្ធផល​ធំ ខណៈ​ក្រុមការងារ​នេះ​ភាគច្រើន​នៅ​ក្រៅ​ប្រទេស​។ អ្នកវិភាគ​រូប​នេះ​ចង់​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បង្កើត​ក្រុមការងារ​ណាមួយ ឬ​គណៈកម្មាធិការ​អ្វីមួយ គួរ​មានការ​ឯកភាព​ផ្ទៃក្នុង​បក្ស​ជាមុន​សិន ដោយ​លោក​សង្កេត​ឃើញ​ថា មាន​មន្ត្រី​គណបក្ស​នេះ​មួយ​ចំនួន​ប្រកាស​មិន​ទទួល​ស្គាល់ គណៈកម្មាធិការ​កិច្ច​ព្រំដែន​និង​អន្តោប្រវេសន៍​នេះ​ឡើយ៖ «ធ្វើ​បាន​ទូលំទូលាយ​ទៅ​ទៀត លុះត្រាតែ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ស្រុះស្រួល​ស្រប​មតិ​គ្នា​ដាក់​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ ហើយ​បើ​និយាយ​ពី​ប្រសិទ្ធភាព​ក្នុង​ការ​កៀប​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍​នោះ​ដូច​ជា​មាន​ប្រសិទ្ធភាព​តិចតួច»

ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ បង្កើត​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ នៅ​ថ្ងៃទី​១៣ ខែ​កក្កដា ។ ចំណែក ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ​ដោយ​លោក​ប្រាប់​ថា ជាប់​ប្រជុំ។

រីឯ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទប្រកាន់​ថា គណៈកម្មាធិការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ​គឺជា​ក្រុម​ខុសច្បាប់ ព្រោះ​បង្កើត​ដោយ​ក្រុម​មនុស្ស​ខុសច្បាប់​។ លោក​បន្ត​ថា គណៈកម្មាធិការ​នេះ​នឹង​គ្មាន​ប្រទេស​ណា​ធ្វើការ​ជាមួយ​ឡើយ ព្រោះ​កិច្ចការ​ព្រំដែន​និង​រឿង​អន្តោប្រវេសន៍​គឺ​រដ្ឋាភិបាល​កម្ពុ​ជា​មាន​ស្ថាប័ន​ដឹកនាំ​ត្រឹមត្រូវ​និង​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ប្រទេសជិតខាង និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត៖ «អត់​មាន​ប្រសិទ្ធភាព​អី​ដល់​ក្នុងស្រុក​ទេ សួរ​ថា​ប្រទេស​ណា​គេ​សហការ​ធ្វើ​ជាមួយ​គណៈកម្មាធិការ​ខុសច្បាប់​ហ្នឹង អត់​ទេ! ព្រោះ​ប្រទេស​និង​ប្រទេស​គេ​ទទួល​ស្គាល់​គ្នា​ទៅវិញទៅមក​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល អ៊ីចឹង​ទេ​គណៈកម្មាធិការ​ព្រំដែន​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ជា​ក្រុម​ព្រំដែន​ខុសច្បាប់​ទេ»

រដ្ឋាភិបាល​លោក ហ៊ុន សែន តែង​រង​ការ​រិះគន់​ថា បណ្ដែត​បណ្ដោយ​ឱ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ច្រើន ដោយ​មិនបាន​អនុវត្តន៍​តាមច្បាប់​អន្តោប្រវេសន៍។ លើស​ពីនេះ ខណៈ​មានការ​ផ្ទុះឡើង​នៃ​ករណី​ជំងឺ​កូវីដ-១៩ (Covid-19) កាលពី​ខែ​មីនា​មក ប្រទេស​វៀតណាម បាន​ចាប់ផ្ដើម​ចូល​មក​បោះតង់​ដោយ​ឯកតោភាគី​ចំនួន​២៥៦​កន្លែង នៅ​តាម​ព្រំដែន ។ ក្រៅ​ពី​នេះ​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចោទ​ប្រកាន់​ថា ទាហាន​វៀតណាម​ប្រដាប់​ដោយ​អាវុធ​រារាំង​មិន​ឱ្យ​ពួកគាត់​ធ្វើស្រែ​ចម្ការ​លើ​ដី​ខ្មែរ​ជាដើម​។​

យោង​តាម​សេចក្ដី​សម្រេច​ស្ដីពី​ការ​បង្កើត​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១១ កក្កដា បង្ហាញ​ថា គណៈកម្មាធិការ​នេះ មាន​ភារកិច្ច ស្រាវជ្រាវ ប្រមូល​ព័ត៌មាន និង​ឃ្លាំមើល​បញ្ហា​ព្រំដែន​កម្ពុជា និង​បញ្ហា​ជនអន្តោប្រវេសន៍​។ ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​ពលរដ្ឋ ជាពិសេស​យុវជន​ឱ្យ​មាន​ការ​យល់​ដឹង​អំពី​បូរណភាព​ទឹកដី និង​ផលវិបាក​នៃ​ការ​ហូរចូល​ជនអន្តោប្រវេសន៍​ខុសច្បាប់​។ តស៊ូ​មតិ និង​ចេញ​សេចក្ដីថ្លែងការណ៍​ក្នុងនាម​គណបក្ស​ចំពោះ​ការរំលោភ​បូរណភាព​ទឹកដី និង​សកម្មភាព​ខុសច្បាប់​របស់​ជន​អន្តោប្រវេសន៍​ដែល​រស់នៅ​ប្រទេស​កម្ពុជា។

គណៈកម្មាធិការ​នេះ​មាន​អនុប្រធាន និង​សមាជិក​មួយ​ចំនួន​ដែល​ជំនាញ​ខាង​ព្រំដែន​រួមមាន​៖ លោក ប៉ាង សុខឿន ជា​អនុប្រធាន លោក ឆាំ ឆានី លោក អៀរ ចាន់ណា លោក យ៉េន វីរៈ និង​លោក នូហែម ព្រហ្មវីរៈ ជា​សមាជិក​។ ក្រៅ​ពី​នេះ​ក៏​មាន មន្ត្រីជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ជាទី​ប្រឹក្សា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។