មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ដល់​អ្នក​គាំទ្រ កុំ​ចាញ់​កល​ការ​អន្ទង​ឲ្យ​ចូល​សារភាព

ដោយ មួង ណារ៉េត
2019-10-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។
រូប៖ សន ចាន់រដ្ឋា/RFA

មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទាំងអស់ បន្ត​ក្រោក​ឡើង ទាមទារ​ប្រជាធិបតេយ្យ និង​ការ​តស៊ូ​ដើម្បី​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា ចៀសវាង​ចាញ់​កល​ឃោសនា​របស់​របប​លោក ហ៊ុន សែន ឲ្យ​ចូល​សារភាព ទាំង​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ទាល់​តែ​សោះ​បែប​នេះ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អ្នកស្រី មូរ សុខហួរ ចាត់​ទុក​សារ​របស់​លោក ហ៊ុន សែន និង តុលាការ​នៃ​របប​ក្រុង​ភ្នំពេញ ដែល​អំពាវនាវ​ឲ្យ​សកម្មជន និង ថ្នាក់​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​សារភាព​នោះ​ថា ជា​ល្បិច​ចាស់​គំរឹល ដែល​ជា​កម្អែល​របប​កុម្មុយនិស្ត​ខ្មែរ​ក្រហម បន្សល់​ទុក​ក្នុង​ផ្នត់​គំនិត​អតីត​កម្មាភិបាល​ខ្មែរក្រហម ដូចជា លោក ហ៊ុន សែន នេះ​តែ​ប៉ុណ្ណោះ៖ «គ្មាន​អ្វី​ខុស​ពី​របប​ខ្មែរ​ក្រហម​ទេ! សារភាព​ហើយ​យក​ទៅ​សម្លាប់​ចោល។ ទោះ​បី​សារភាព​យ៉ាង​ណា​ក៏ដោយ បើ​គ្មាន​យុត្តិធម៌​ ក៏​សង្គម​យើង​នៅ​តែ​មាន​ការ​បាក់បែក នៅ​តែ​មាន​ការ​ឈឺ​ចាប់​។ ដូច្នេះ​គ្មាន​អ្វី​ត្រូវ​សារភាព​ទេ មាន​តែ​ការ​បន្ត​ការ​តស៊ូ ការ​បញ្ចេញ​មតិ​ ដើម្បី​ការ​ពារ​លទ្ធិប្រជាធិបតេយ្យ»

ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ធ្វើ​ឡើង​ក្រោយ​តុលាការ​នៃ​របប​លោក ហ៊ុន សែន ក្នុង​ខេត្ត​ចំនួន​បី មាន​ខេត្ត​កំពង់ចាម ស្វាយ​រៀង និង​ប៉ៃលិន បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ជា​បន្ត​បន្ទាប់​ កាល​ពី​សប្ដាហ៍​កន្លង​ទៅ ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ៦នាក់ ដោយ​បង្កប់​សារ​អំពាវនាវ​ឲ្យ​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ដែល​រង​ការ​ចោទ​ប្រកាន់​ពី​បទ “រួម​គំនិត​ក្បត់” ទាំង​នោះ ចូល​ខ្លួន​មក​សារភាព​ឲ្យ​ទាន់​ពេល​វេលា ដើម្បី​ជា​ថ្នូរ​នឹង​ការ​លើកលែង​ឲ្យ​រួច​ទោស។

នៅ​ដើម​សប្ដាហ៍​នេះ ពោល​គឺ​ក្រោយ​សារ​អំពាវនាវ​ចេញ​ពី​តុលាការ​លោក ហ៊ុន សែន ដែល​ជា​មេ​ដឹក​នាំ​ផ្នែក​នីតិប្រតិបត្តិ ក៏​បាន​ថ្លែង​សារ​ដូច​គ្នា​ទៅ​នឹង​ស្ថាប័ន​តុលាការ​ដែរ។ លោក ហ៊ុន សែន បាន​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គាំទ្រ​ដំណើរ​មាតុភូមិ​និវត្តន៍​​របស់​លោក សម រង្ស៊ី ថា ចូល​រួម​គំនិត​ក្បត់ ដើម្បី​ធ្វើ​រដ្ឋប្រហារ និង​ព្រមាន​ចាត់​ការ​ បើ​មិន​ចូល​សារភាព៖ «ហើយ​អ្នក​នៅ​ក្នុង​ស្រុក កុំ​ព្រហើន! កុំ​ព្រហើន! ហើយ​បើ​សិន​ជា​អ្នក​បែរ​ជា​ជ្រុល​ចូលរួម អ្នក​សារភាព​ឲ្យ​ត្រង់ នឹង​រួច​ទោស»

សារ​អំពាវនាវ​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សារភាព និង​ចុះ​ចូល​នេះ របប​លោក ហ៊ុន សែន ធ្លាប់​ធ្វើ​ដែរ កាល​ពី​ក្រោយ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ។ ប៉ុន្តែ មិន​បាន​ជោគជ័យ​ទេ។ សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទូទាំង​ប្រទេស សុខ​ចិត្ត​រត់​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ឬ បន្ត​ជីវភាព​ជា​ប្រជាពលរដ្ឋ​សាមញ្ញ ជាជាង​ចុះចូល​ជាមួយ​គណបក្ស​កាន់​អំណាច ដែល​បាន​រម្លាយ​គណបក្ស​ខ្លួន។ ជាង​នេះ​ទៅ​ទៀត ភាគច្រើន​លើសលប់​ នៃ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨នាក់ ដែល​រង​ការ​ហាម​ឃាត់​សិទ្ធិ​នយោបាយ មិន​ព្រម​ចុះ​ចូល ឬ​សុំ​សិទ្ធិ​នយោបាយ តាម​ការ​អំពាវនាវ​របស់​លោក ហ៊ុន សែន នោះ​ដែរ។

អ្នកស្រី មូរ សុខហួរ ថា នោះ​ជា​ភាព​ខ្លាំង និង រឹងប៉ឹង​របស់​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង ដែល​នៅ​តស៊ូ ក្រាញ​ននាល មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ និង ការ​បន្ត​ហ៊ាន​និយាយ​ការ​ពិត៖ «ខ្ញុំ​សុំ​យក​ឱកាស​នេះ ថ្លែង​អំណរគុណ ថ្លែង​នូវ​ការ​កោតសរសើរ​ដល់​ថ្នាក់​ដឹក​នាំ​នៅ​មូលដ្ឋាន នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទាំង​ឡាយ ដែល​ហ៊ាន​និយាយ​ការ​ពិត ​ហើយ​មិន​ចុះញ៉ម មិន​ត្រូវការ​ឲ្យ​សារភាព​ទេ»

រហូត​មក​ដល់​ថ្ងៃ​ទី៤ ខែ​តុលា​នេះ អាជ្ញាធរ​នៃ​របប​លោក ហ៊ុន សែន បាន​ចាប់ និង​ឃុំខ្លួន​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ៣០នាក់ និង​បាន​ចេញ​ដីកា​កោះ ឬ​ចោទ​ប្រកាន់​សកម្មជន​បក្ស​នេះ​ចំនួន ១៦៥នាក់​ហើយ ស្រប​ពេល​ដែល​មន្ត្រី និង​សកម្មជន​មូលដ្ឋាន របស់​បក្ស​នេះ​ជាច្រើន​ផ្សេងទៀត កំពុង​រត់​ភៀសខ្លួន ដើម្បី​សុវត្ថិភាព។

អ្នក​វិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ មិន​ភ្ញាក់​ផ្អើល​នឹង​សារ​របស់​របប​លោក ហ៊ុន សែន នោះ​ទេ ព្រោះ​វិធីសាស្រ្ត​នេះ មាន​អនុវត្ត​ជាពិសេស​ក្នុង​របប​កុម្មុយនិស្ត។ ទៅ​ជា​យ៉ាង​នេះ​ក្តី លោក​ចាត់​ទុក​ថា នេះ​ជា​ការ​បង្ខិតបង្ខំ​មួយ រួម​ផ្សំ​នឹង​ការ​គំរាម​កំហែង​ដាក់​ទោស​ទណ្ឌ បើ​មិន​ព្រម​ចូល​សារភាព។ បណ្ឌិត ឡៅ ម៉ុងហៃ ថា ទម្លាប់​បែប​នេះ មិន​គួរ​យក​មក​អនុវត្ត​ទាល់តែសោះ ព្រោះ​វា​បង្ហាញ​ឲ្យ​ឃើញ​ការ​ប្រព្រឹត្ត​ខុស​របស់​អាជ្ញាធរ​ទៅ​វិញ៖ «នេះ​គឺ​ជា​ទម្លាប់​មួយ​អាក្រក់! ព្រោះ​បង្ខំ​គ្នា​ឲ្យ​ទទួល​កំហុស មុននឹង​រក​ឃើញ​ថា គ្នា​មាន​កំហុស។ នេះ​ជា​ការ​ឆ្គាំឆ្គង​ ឬ​ខុស​ពី​សំណាក់​អាជ្ញាធរ»

ចំនួន​មនុស្ស​របស់​បក្ស​ប្រឆាំង ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​នេះ បាន​កើន​ឡើង​ជាលំដាប់​ និង​យ៉ាង​គំហុក​ក្នុង​រយៈពេល​មួយ​ខែ​ចុង​ក្រោយ​នេះ ជាពិសេស​ក្រោយ​លោក សម រង្ស៊ី ប្រកាស​យក​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ជា​ថ្ងៃ​សន្យា​វិល​ចូល​ស្រុក​ខ្មែរ​វិញ។ ថ្មីៗនេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប នៅ​សល់​តែ​ជាង​មួយ​ខែ​ទៀត នឹង​សរសេរ​របាយការណ៍​បឋម ស្ដីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា មុន​នឹង​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ស្រាប់​តែ​វិធីសាស្ត្រ​អំពាវ​នាវ​ឲ្យ​មនុស្ស ដែល​តុលាការ​មិន​ទាន់​សម្រេច​ទោស​ ថា​មាន​កំហុស​នៅ​ឡើយ​នោះ ចូល​សារ​ភាព​ទោស​កំហុស​ខ្លួន ជា​ថ្នូរ​នឹង​ការ​រួច​ទោស​ទៅ​វិញ។

បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​ចូល​មក​សារភាព​ជា​ថ្នូរ​ នឹង​រួច​ទោស​នេះ ថា អាច​ជា​ចេតនា​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​កាត់​បន្ថយ​ភាព​ខ្ចរខ្ចាយ នៃ​អំពើ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មន្ត្រី​បក្ស​ប្រឆាំង កុំឲ្យ​វា​ខ្លាំង​ពេក និង​ កាត់បន្ថយ​ការ​ទិតៀន​ប្រព័ន្ធ​តុលាការ​ខ្មែរ។ ម្យ៉ាងទៀត លោក​លើក​ឡើង​ថា តុលាការ​ក៏​ពិបាក​រក​ភស្តុតាង​ឲ្យ​ចំ​បទ​ចោទ​ប្រកាន់ ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល