មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រម្លឹក​សកម្មជន​ខ្លួន​កុំ​ចាញ់បោក​ការ​អូសទាញ​ឱ្យ​ចូល​សារភាព

ដោយ មួង ណារ៉េត
2019-10-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ។
RFA/Jeevita

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង រម្លឹក​សកម្មជន​ខ្លួន​កុំ​ចាញ់​បោក​ការឃោសនា នៃ​របប​លោក ហ៊ុន សែន ដែល​កំពុង​អូសទាញ​ឱ្យ​ចូល​សារភាព ព្រោះ​នេះ​ជា​ល្បិច​ចាស់​គំរឹល របស់​កម្មាភិបាល​សម័យ​ខ្មែរក្រហម​ប៉ុណ្ណោះ។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស អ្នកស្រី មូរ សុខហួរ ថា​យុទ្ធនាការ​នេះ ជា​ប្រព័ន្ធ​របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​ចោទប្រកាន់ និង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​គ្រប់​ទិសទី រួចហើយ​បង្ខំ​ឱ្យ​សារភាព ទាំង​ពួកគាត់​គ្មាន​ប្រព្រឹត្ត​កំហុស​អ្វី​បែប​នេះ គឺជា​ល្បិច និង​សេណារីយោ កម្អែល​របស់​ពួក​កម្មាភិបាល នៃ​របប​ដឹកនាំ​បែប​ពួក​កុម្មុយនិស្ត​ផ្ដាច់ការ ដូចជា​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ជាដើម តែ​ប៉ុណ្ណោះ៖ «ពេលណា​យើង ឮ​ពាក្យ​សារភាព ទទួល​កំហុស ធ្វើ​ឱ្យ​យើង​នឹកឃើញ​ទៅដល់​សម័យ​ខ្មែរក្រហម។ ហើយ​នៅ​ក្នុង​ប្រវត្តិ​ណា​ក៏​ដោយ ក៏​យើង​ឃើញ​ដែរ ថា ជន​ផ្ដាច់ការ​ការពារ​អំណាច​របស់​ខ្លួន ដោយ​បង្ខំ​ឱ្យ​អ្នក​ស្លូតត្រង់ អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ និង អ្នក​ដែល​ហ៊ាន​បញ្ចេញមតិ អ្នក​ដែល​ហ៊ាន​ក្រោកឈរ​ដើម្បី​ឱ្យ​មានការ​ផ្លាស់ប្ដូរ គឺ​គេ​ចាប់ចង និង​បង្ខំ​ឱ្យ​សារភាព​ទទួល​កំហុស»

ប្រតិកម្ម​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ ធ្វើឡើង​ក្រោយ​របប​លោក ហ៊ុន សែន បើក​យុទ្ធនាការ​ចោទប្រកាន់ និង​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្សប្រឆាំង ជា​ទ្រង់ទ្រាយ​ធំ រួចហើយ​បំភិតបំភ័យ​ឱ្យ​ចេញ​សារភាព​ទោសកំហុស ដើម្បី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ ឬ​មិន​ចាប់ខ្លួន​។ ថ្មីៗ​នេះ មាន​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន បាន​ចេញ​សារភាព ដើម្បី​រួចផុត​ពី​ការ​ធ្វើទុក្ខបុកម្នេញ​នេះ​។ ភ្លាមៗ​ក្រោយ​សារភាព ចម្លើយ​សារភាព​របស់​អ្នក​ទាំងនោះ ត្រូវ​បាន​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ចាក់​ផ្សាយ​ព្រោងព្រាត ទាំង​តាម​វិទ្យុ និង​ទូរទស្សន៍។

ក្នុង​សម័យ​ខ្មែរក្រហម កម្មាភិបាល​ខ្មែរក្រហម ចាក់​ផ្សាយ​ចម្លើយ​សារភាព​របស់​ជន​ដែល​សារភាព នៅ​ក្នុង​កិច្ចប្រជុំ​បក្ស និង​តាម​វិទ្យុ​ខ្មែរក្រហម ឬ​តាម​មេក្រូ​នៅ​តាម​សហករណ៍ ដើម្បី​ឱ្យ​ឮ​ដល់​អ្នកដទៃ ក្នុង​ន័យ​បំភិតបំភ័យ បើ​ទោះ​បី​ជា​ចម្លើយ​ទាំងនោះ បាន​មក​ដោយ​បង្ខំ និង​ការ​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ដំណំ​យ៉ាង​ណា​ក្ដី។

នៅ​គុក​ទួលស្លែង ក្រោម​ការគ្រប់គ្រង​របស់​មេ​គុក​នេះ គឺ​លោក កាំង ហ្កេកអ៊ាវ ហៅ​ឌុច រាល់​ចម្លើយ​សារភាព គឺ​សុទ្ធតែ​បាន​មក​ដោយ​ការ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខិតបង្ខំ។ ដោយសារ​ស៊ូទ្រាំ​នឹង​ទារុណកម្ម និង ការ​បង្ខិតបង្ខំ​នេះ​មិនបាន អ្នក​ជាប់ឃុំ​ត្រូវ​បង្ខំចិត្ត​ឆ្លើយ​យក​តែ​រួចខ្លួន រួច​សរសេរ​ចោទ​ប្រកាន់​ឈ្មោះ​អ្នកដទៃ ក្នុង​ចម្លើយ​សារភាព​របស់​ខ្លួន ដែល​នាំ​ឱ្យ​មានការ​ចាប់ខ្លួន​ជន​ស្លូតត្រង់​ដទៃ​ទៀត រួចហើយ​សម្លាប់ចោល​យ៉ាង​រង្គាល។

ចម្លើយ​សារភាព​នៅ​គុក​ទួលស្លែង​ទាំងអស់ មិន​ត្រូវ​បាន​អនុញ្ញាត ឱ្យ​យក​មក​ធ្វើជា​ភស្តុតាង​នៅ​ក្នុង​សវនាការ ដើម្បី​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​នោះ​ឡើយ ដោយសារតែ​ចម្លើយ​ទាំងនោះ បាន​មក​ដោយ​ការ​បង្ខិតបង្ខំ និង​អំពើ​ទារុណកម្ម។

ទោះបី​ជា​មាន​សកម្មជន​គណបក្សប្រឆាំង ដែល​រង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ​បប​លោក ហ៊ុន សែន មួយ​ចំនួន ត្រូវ​បង្ខំចិត្ត​ចេញ​សារភាព ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​រួច​ផុត​ពី​ការ​ចាប់​ខ្លួន យ៉ាងណាក្តី ក៏​តុលាការ​មិន​បាន​ទម្លាក់​ចោល​បទចោទប្រកាន់ លើ​ពួកគាត់​នោះ​ដែរ គ្រាន់តែ​មិន​ឃុំខ្លួន​តែប៉ុណ្ណោះ។

ប្រការ​នេះ អ្នកស្រី មូរ សុខហួរ នៅតែ​បន្ត​អំពាវនាវ ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ កុំ​ចាញ់បោក​ល្បិចកល​របស់​របប​លោក ហ៊ុន សែន និង​បន្ត​រួមគ្នា​ក្រោក​ឡើង ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ និង​ការ​ផ្លាស់ប្ដូរ​មួយ​ជា​វិជ្ជមាន៖ «គេ​នៅតែ​ទុក​សមាជិក​របស់​យើង គណបក្ស​សង្គ្រោះ​ជាតិ​របស់​យើង ដើម្បី​យក​មក​បំពេញ​សេណារីយោ​របស់​លោក ហ៊ុន សែន​។ ពេលណា​យើង​សារភាព គេ​បញ្ចេញ​ឱ្យ​យើង​បាន​បន្តិច ប៉ុន្តែ​រឿង​ដោះលែង​ឱ្យ​យើង​មាន​សិទ្ធិ​ជា​មនុស្ស មាន​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ មាន​សេរីភាព​ក្នុង​ជ្រើសរើស​មេដឹកនាំ​របស់​យើង មាន​សេរីភាព​ក្នុង​ការ​ការពារ​ផលប្រយោជន៍​ជាតិ គេ​មិន​ឱ្យ​ទេ។ សូម​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​សកម្មជន​របស់​យើង​ឱ្យ​យល់​ឱ្យ​បាន​ច្បាស់។ ហើយ​ខ្ញុំ​ជឿជាក់​ថា យើង​ទាំងអស់​គ្នា​យល់​ច្បាស់​ហើយ​ក្នុង​រឿង​នេះ»

អាស៊ីសេរី មិនទាន់​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំ​ពាក្យ​របប​លោក ហ៊ុន សែន គឺ​លោក ផៃ ស៊ីផាន បាន​នៅ​ឡើយ​ទេ នៅ​ពេល​នេះ​។ ប៉ុន្តែ មន្ត្រី​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន អះអាង​ប្រាប់​អាស៊ីសេរី ដោយ​សម្អាង​ទៅលើ​មាត្រា​ច្បាប់​ជាតិ ស្ដីពី​ការ​សារភាព ដើម្បី​ជា​ថ្នូរ​នឹង​ស្ថាន​សម្រាល ដែល​រួមមាន​ការអនុញ្ញាត ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​នេះ៖ «ចំណែក​ឯ​ការ​ទម្លាក់​ចោល​បទ​ចោទ ឬ​មិន​ទម្លាក់ ឬក៏​ការសម្រេច​ទោស​កម្រិត​ណាមួយ​នោះ សម្រាប់​អ្នក​ដែល​ចូល​សារភាព ក្រោយពេល​ចោទប្រកាន់​ហើយ​នោះ គឺជា​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ រឿង​ហ្នឹង​អាស្រ័យ​ទៅ​លើ​ចៅក្រម​ជា​អ្នក​សម្រេច​តាម​ក្រោយ​ទៀត»

រហូត​មក​ដល់​ពេលនេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​ចាប់ និង​ឃុំខ្លួន​សកម្មជន និង​មន្ត្រី​បក្ស​ប្រឆាំង ៤០​នាក់​ហើយ ដោយសារតែ​ចោទប្រកាន់​អ្នក​ទាំងនោះ ពី​បទ​សមគំនិត​ក្បត់ ព្រោះ​គាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី និង​មន្ត្រី​បក្ស​ប្រឆាំង។ របប​លោក ហ៊ុន សែន ប្រកាស​សង្គ្រាម​ប្រឆាំង​អ្នក​ទាំងនេះ និង​ប្រកាស​កម្ទេច​មិន​ឱ្យ​សល់។

មន្ត្រី​ជាន់ខ្ពស់​អន្តរជាតិ​ផ្នែក​សិទ្ធិមនុស្ស មិន​ភ្ញាក់ផ្អើល​ទៅ​នឹង​ចំណាត់​ការ​របស់​លោក ហ៊ុន សែន លើ​សំឡេង​ប្រឆាំង​នេះ​ទេ។ នាយក​ប្រតិបត្តិ​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ហៅ​ចំណាត់​ការ​របស់​លោក ហ៊ុន សែន ថា​ធ្វើឡើង​តាម​បែប​ឆ្កួត​លីលា និង​ងប់ងល់​នឹង​ការ​បន្ត​ក្រាញ​អំណាច​បុគ្គល និង​បក្ស​ពួក​ខ្លួន​ប៉ុណ្ណោះ​។ លោក​ថា ការ​បង្ក្រាប​ពលរដ្ឋ ដែល​គាំទ្រ​លោក សម រង្ស៊ី ដោយ​សន្តិវិធី​ព្រោះ​ពួកគេ​ស្រឡាញ់ និង​ពេញចិត្ត​មេដឹកនាំ​រូប​នេះ​បែបនេះ គឺ​បង្ហាញ​អំពី​ការភ័យខ្លាច​របស់​លោក ហ៊ុន សែន ដែល​ព្រួយ​ខ្លាច​បាត់​អំណាច និង​បង្ហាញ​អំពី​ការរំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​ច្បាប់​កំពូល​របស់​ខ្មែរ​នេះ ការពារ​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ ក្នុង​ការ​បញ្ចេញមតិ គាំទ្រ ឬ ចូលចិត្ត​មេដឹកនាំ​នយោបាយ ទៅតាម​ឆន្ទៈ​របស់​ខ្លួន។

ទោះបីជា​សហគមន៍​អន្តរជាតិ ថ្កោលទោស​របប​លោក ហ៊ុន សែន រឿង​រំលោភ​សិទ្ធិមនុស្ស និង បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ជា​ហូរហែ​មក​ហើយ​ក្ដី ក៏​លោក ប្រ៊ែដ អាដាម (Brad Adams) ថា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ ជាពិសេស​ក្នុង​ស្ថានភាព​ដែល​ការ​រំលោភ​សិទ្ធិមនុស្ស​នេះ កាន់​អាក្រក់​ដូច​បច្ចុប្បន្ន៖ «ខ្ញុំ​ខកចិត្ត​យ៉ាង​ខ្លាំង ដែល​ខ្ញុំ​ទាន់​ឃើញ​ប្រតិកម្ម​ខ្លាំងក្លា​ជាង​នេះ ពី​សហភាព​អឺរ៉ុប ដែល​សហភាព​អឺរ៉ុប​គួរតែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ និង​ជា​សាធារណៈ ទៅ​របប​លោក ហ៊ុន សែន ដោយ​ប្រាប់​ថា របប​នេះ​កំពុងតែ​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប ពិបាក​នឹង​បន្ត​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ទៀត​ណាស់។ មិនមែន​ត្រឹមតែ​រឿង EBA ទេ សហភាព​អឺរ៉ុប ក៏​ត្រូវ​ប្រាប់​លោក ហ៊ុន សែន ថា​របប​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​អនុគ្រោះ​ពន្ធ​ផ្សេងទៀត និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំងពីរ​ផង​ដែរ»

ទោះជា​យ៉ាង​នេះ​ក្តី តំណាង​សហភាព​អឺរ៉ុប បាន​ថ្លែង​កាល​ពី​ចុងខែ​កញ្ញា នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ថា​ជំហរ​សហភាព​អឺរ៉ុប គឺ​នៅតែ​ដដែល គឺ​បន្ត​ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ស្ដារ​សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ជា​ថ្នូរ​នឹង​ការ​បន្ត​ប្រព័ន្ធ​ការ​អនុគ្រោះ​ពន្ធ EBA

ចំណែក​ឯ​អ្នកស្រី មូរ សុខហួរ អះអាង​ថា នៅ​ចំពោះ​មុខអំណាច​ផ្ដាច់ការ​នេះ គឺ​គ្មាន​អ្វី​ក្រៅពី​ការ​តស៊ូ និង​ការ​រួបរួម​ឯកភាព​គ្នា ទៅ​រក​ទិសដៅ​តែមួយ​គឺ​ការសង្គ្រោះ​ប្រទេស​កម្ពុជា និង​បន្ត​តស៊ូ​ដោយ​អហិង្សា។ អ្នកស្រី នៅតែ​បន្ត​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ទាំងអស់ ចូលរួម​ក្នុង​ដំណើរ​មាតុភូមិនិវត្តន៍​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ដោយ​អ្នកស្រី​អះអាង​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ ដូចជា​ឱ្យ​ដោះលែង​លោក កឹម សុខា និង​បញ្ចៀស​ការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ EBA ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល