មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចាក​ចេញ​ពី​សហរដ្ឋ​អាមេរិក​ទៅ​កាន់​ប្រទេស​អាស៊ាន ដើម្បី​ត្រៀម​ខ្លួន​អមដំណើរ​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019.10.16
មូរ សុខហួរ 101519 អ្នកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ពេល​ផ្ដល់​បទ​សម្ភាសន៍​នៅ​បន្ទប់​ផ្សាយ​វិទ្យុ​អាស៊ី​សេរី ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០១៩ អំពី​ការ​ធ្វើ​មាតុភូមិនិវត្តន៍។
RFA

មន្ត្រី​ជាន់​ខ្ពស់ និង​សកម្មជន គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​បាន​ចាប់​ផ្ដើម​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ក្បែរ​កម្ពុជា ដើម្បី​ត្រៀម​ខ្លួន​ចាំ​ទទួល​លោក​ សម រង្ស៊ី​ ដែល​គ្រោង​វិល​ចូល​មាតុប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ។ មន្រ្តី​របប​លោក ហ៊ុន សែន ថា រដ្ឋាភិបាល​នេះ​ធ្លាប់​រំលាយ​ខ្មែរក្រហម ដូច្នេះ ​រដ្ឋាភិបាល​មិន​ខ្លាច​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោកស្រី​ មូរ សុខហួរ​ បញ្ជាក់​ថា​ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ បាន​ប្រមូល​ផ្ដុំ​គ្នា​បន្ត​បេសកកម្ម​ប្រវត្តិសាស្ត្រ ដើម្បី​នាំ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ពិត​ប្រាកដ​នៅ​កម្ពុជា។

លោក​ស្រី​បញ្ជាក់​ថា មាន​មនុស្ស​មួយ​ចំនួន​បាន​ទៅ​ប្រទេស​ក្បែរៗ ខាង​កម្ពុជា​ដើម្បី​ចូល​រួម​អម​លោក​ សម រង្ស៊ី វិល​ចូល​មាតុប្រទេស​វិញ នៅ​ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ។ លោក​ស្រី​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់ និង​មន្ត្រី​គណបក្ស​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​សហរដ្ឋ​អាមេរិក បារាំង អូស្ត្រាលី និង​ កាណាដា៖ «ធ្វើ​មាតុភូមិ​និវត្តន៍​នេះ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជាតិ​ទាំង​អស់​គ្នា​ជាមួយ​គ្នា​ ជា​ផែន​ការ​រួម​ មិន​មែន​ជា​ផែន​ការ​ផ្ដួល​រំលំ​របប​លោក​ ហ៊ុន សែន ទេ។ តែ​ជា​ផែនការ​ឈាន​ទៅ​ការ​ស្ដារ​ឡើង​វិញ​នៃ​លទ្ធិប្រជាធិបតេយ្យ និង​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ យើង​ធ្វើ​កិច្ច​ការ​ងារ​អន្តរជាតិ​ ធ្វើ​កិច្ចការ​ងារ​ទូត​និង​កិច្ច​ការ​ងារ​សង្គម​ពាក់ព័ន្ធ​ទាំង​អស់​ដែល​ទាក់ទិន​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍»

លោក​ សម រង្ស៊ី​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​តាម​ហ្វេសប៊ុក កាល​ពី​សប្ដាហ៍​មុន​ថា ផែន​ការ​វិល​ត្រឡប់​ទៅ​កាន់​មាតុ​ប្រទេស​វិញ​របស់​លោក​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ​ ហើយ​លោក​បញ្ជាក់​ថា​ នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​មួយ​ចំនួន​ជិត​ប្រទេស​កម្ពុជា ៥ថ្ងៃ​មុន​ថ្ងៃ​កំណត់​ដែល​លោក​វិល​ចូល​មាតុ​ប្រទេស​វិញ។

អតីត​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សម រង្ស៊ី ដែល​កំពុង​និទ្ទេស​ខ្លួន​នៅ​ប្រទេស​កាណាដា​ លោក​ សោ ចាន់ដេត មាន​ប្រសាសន៍​ថា​ លោក​នឹង​ចាក​ចេញ​ពី​កាណាដា​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ ដើម្បី​ចូលរួម​អម​ដំណើរ​ជាមួយ​លោក សម រង្ស៊ី។ លោក​បញ្ជាក់​ថា ថ្ងៃ​ទី៩ វិច្ឆិកា​ខាង​មុខ​នេះ​ច្បាស់​ណាស់​នឹង​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​យ៉ាង​ពិត​ប្រាកដ​ពី​ព្រោះ​អ្វី​ដែល​លោក​ ហ៊ុន សែន​ កំពុង​តែ​ធ្វើ​ និង​បន្ត​ធ្វើ​សព្វថ្ងៃ​នេះ គឺ​រំលោភ​បំពាន​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ៖ «ខ្ញុំ សោ ចាន់ដេត​ ត្រូវ​តែ​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​ជាមួយ​លោក​ប្រធាន​សម រង្ស៊ី នៅ​ថ្ងៃ​ទី៩​ វិច្ឆិកា​ខាង​មុខ​នេះ ពី​ព្រោះ​វា​ជា​ពេល​វេលា​ ជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​សង្គ្រោះ​ប្រទេស​ជាតិ​យើង​ពី​កណ្ដាប់​ដៃ​ក្រុម​គ្រួសារ​និង​បក្ស​ពួក​លោក​ ហ៊ុន សែន»

ក្រៅ​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ និង​ កាណាដា។ សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង ក៏​បាន​ត្រៀម​ខ្លួន​ចូល​រួម​អម​ដំណើរ​ជាមួយ​លោក​ សម រង្ស៊ី​ ផង​ដែរ។

ប្រធាន​ក្រុម​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ប្រទេស​បារាំង​កញ្ញា​ លឹម កន្និកា ប្រាប់​អាស៊ី​សេរី​ថា​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​បាន​ត្រៀម​ខ្លួន​រួច​ហើយ​នឹង​ចាកចេញ​ពី​ប្រទេស​បារាំង​ក្នុង​ពេល​ឆាប់ៗ​នេះ។

កញ្ញា​បញ្ជាក់​ថា​ នេះ​ជា​ពេល​វេលា​ដ៏​សំខាន់​សម្រាប់​ឲ្យ​ពលរដ្ឋ ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​រួម​សាមគ្គី​គ្នា ដើម្បី​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ដោយ​សន្តិវិធី​នៅ​កម្ពុជា៖ «ដោយសារ​យើង​ស្រឡាញ់​ជាតិ​ យើង​ដឹង​ហើយ​ថា បើ​យើង​មិន​ងើបឈរ​សម្រាប់​ប្រទេស​កម្ពុជា​អត់​មាន​អ្នកណា​ងើប​ឈរ​ទេ។ មូល​ហេតុ​ទី២ ដោយសារ​តែ​យើង​ឃើញ​គេ​ចាប់​ក្រុម​យុវជន​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​គេ​ចង់​ចូល​រួម​ថ្ងៃ​ទី៩​ ខែ​វិច្ឆិកា​ហ្នឹង។ យើង​ចង់​បង្ហាញ​ថា យុវជន​មាន​សាមគ្គីភាព​តាំង​ពី​ស្រុក​បារាំង និង​នៅ​ទូទាំង​ពិភព​លោក»

សម្រាប់​មន្ត្រី​របប​ក្រុង​ភ្នំពេញ​វិញ​មិន​មាន​ជំនឿ​ថា​ លោក​ សម រង្ស៊ី​ នឹង​វិល​តាម​ការ​សន្យា​នោះ​ទេ​ ដោយ​សារ​តែ​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​មេ​គណបក្ស​ប្រឆាំង​រូប​នេះ​ប្រកាស​ចូល​មាតុប្រទេស​នោះ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ​ ឥសាន​ មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​មិន​ហាម​ឃាត់​លោក​ សម រង្ស៊ី​ ទេ។ ប៉ុន្តែ​ព្រមាន​ថា ​ នៅ​ពេល​ដែល​លោក​ សម រង្ស៊ី​ ឈានជើង​ចូល​ដល់​កម្ពុជា​ភ្លាម​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​ចាប់​ដាក់​ខ្នោះ​បញ្ជូន​ទៅ​ពន្ធនាគារ​ភ្លាម៖ «ខ្ញុំ​យល់​ថា ប៉ុល ពត មាន​ទាហាន​ រាប់​កងពល​ក៏​នៅតែ​បង្ក្រាប​បាន​ចុះ​បង​ប្អូន​ទៅ​ប៉ុន្មាន​យន្ត​ហោះ​ មកពី​បារាំង​ប៉ុន្មាន​កងពល​ ពី​អាមេរិក​មក​ប៉ុន្មាន​កងពល​ អា​ហ្នឹង​ចាំ​និយាយ​គ្នា។​បើ​មិន​ទាន់​ឃើញ​ជាក់​ស្ដែង​និយាយ​មិន​ទាន់​បាន​ទេ​ពី​ព្រោះ​ការ​ឆ្លើយតប​របស់​រដ្ឋាភិបាល​គឺ​ស្រប​ទៅ​តាម​អ្វី​ដែល​កើត​ឡើង​ជាក់​ស្ដែង»

គិត​ត្រឹម​ថ្ងៃ​ទី១៥ ខែ​តុលា ការ​សន្យា​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី នៅ​សល់​តែ​ ២៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដែល​ទំនង​ជា​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​​កាន់​តែ​អន្ទះសា​ចង់​ទៅ​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក​ចូល​ទៅ​កាន់​មាតុប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។