សកម្មជនគណបក្សសង្គ្រោះជាតិ សោកស្តាយដែលលោក ហ៊ុន សែន មិនគោរពតាមការសន្យារបស់ខ្លួនរឿងបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគាត់។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំខេត្តប៉ៃលិន ដែលកំពុងភៀសខ្លួននៅប្រទេសថៃអ្នកស្រី វ៉ែន ដារ៉ា ថ្លែងថា ការណ៍ដែលរបបក្រុងភ្នំពេញ បន្តធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសកម្មជន និងថ្នាក់ដឹកនាំគណបក្សប្រឆាំងនេះ បង្ហាញឲ្យឃើញថា លោក ហ៊ុន សែន គឺជាមេដឹកនាំផ្តាច់ការដែលក្រឡិចក្រឡុចបំផុត។ មន្ត្រីបក្សប្រឆាំងដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ៧ឆ្នាំពីបទ «រួមគំនិតក្បត់» រូបនេះបន្តថា រឿងដែលលោក ហ៊ុន សែន ប្រកាសកន្លងមកឲ្យសកម្មជនកំពុងរត់គេចខ្លួនទាំងអស់ ត្រឡប់ចូលផ្ទះសម្បែងវិញនោះ គឺដោយសារតែពេលនោះមានសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ មិនមែនដោយសារលោក ហ៊ុន សែន មានសមានចិត្ត ឬក្តីអាណិតចំពោះខ្មែរដូចគ្នានោះទេ៖ «លោក ហ៊ុន សែន ក្នុងនាមមេដឹកនាំ មិនដែលនិយាយអីការពិតម្តងណាទេ និយាយផ្សេងធ្វើផ្សេង។ យើងមិនអាចជឿជាក់បានទេ។ ចាប់ប្អូនស្រី កឹម តុលា ជាមនុស្សល្អស្លូតបូត។ លោក ហ៊ុន សែន អត់មានការទទួលខុសត្រូវ។ ការអំពាវនាវឲ្យបងប្អូនទៅផ្ទះសូម្បីតែខ្ញុំក៏ចង់ទៅផ្ទះដែរ ប៉ុន្តែរបបកុម្មុយនីស្ត គេធ្វើអីចឹង មិនដែលអាណិតអាសូដល់ពលរដ្ឋណាទេ គេធ្វើអ្វីដើម្បីតែអំណាច។ ចាប់ប្អូនស្រី កឹម តុលា នេះ ដើម្បីបំបាក់ស្មារតី ព្រោះលោក ហ៊ុន សែន ខ្លាច។ គាត់ខ្លាចសង្គ្រោះជាតិ ដែលរំលាយហើយ ប៉ុន្តែនៅតែខ្លាំង»។
ស្រដៀងគ្នានេះ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិស្រុកពញាក្រែក ខេត្តត្បូងឃ្មុំដែលកំពុងភៀសខ្លួននៅប្រទេសថៃលោក ចក់ ហួរ និយាយថា លោក ហ៊ុន សែន គឺជាមេដឹកនាំមានចរិតផ្តាច់ការ ដូច្នេះការសន្យារបស់លោក មិនអាចយកជាការបានឡើយ។ សកម្មជនបក្សប្រឆាំងដែលត្រូវបានផ្តន្ទាទោស៧ឆ្នាំពីបទ «រួមគំនិតក្បត់» រូបនេះ សង្កត់ធ្ងន់ថា ការចាប់ខ្លួន និងការចោទប្រកាន់មន្ត្រីបក្សសង្គ្រោះជាតិកន្លងមកនេះ គឺមិនមែនដោយសារពួកគាត់ប្រព្រឹត្តខុសច្បាប់ឡើយ ប៉ុន្តែដោយសារពួកគាត់ មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ លោកបន្ថែមថា ការធ្វើទុក្ខបុកម្នេញទាំងនេះ គ្មានហេតុផលអ្វីផ្សេងក្រៅពីបំភិតបំភ័យ និងបំបាក់ស្មារតីរបស់សកម្មជនសង្គ្រោះជាតិនោះទេ៖ «លោក ហ៊ុន សែន ដឹងខ្លួនថា ប្រជាប្រិយភាពរបស់គាត់ធ្លាក់ចុះដុនដាបខ្លាំង ព្រោះពលរដ្ឋយល់ដឹងច្រើនពាក់ព័ន្ធនឹងនយោបាយ ជាពិសេសគាត់ដឹងអំពីសារធាតុពិតរបស់គណបក្សប្រជាជនកម្ពុជាចេញពីណា ដឹងពីទង្វើអាក្រក់ និងជួបបញ្ហាជាច្រើនកន្លងមក។ ប្រសិនបើមានការប្រកួតប្រជែងមួយស្មើភាព មានគ.ជ. ប ត្រឹមត្រូវ គឺ១០០ភាគរយគណបក្សប្រជាជនកម្ពុជា នឹងចាញ់ឆ្នោត ដូច្នេះអ្វីដែលគាត់ ធ្វើបាន គឺកម្សោយដៃគួ និងកម្ចាត់ចោលតែប៉ុណ្ណោះ»។
ប្រតិកម្មរបស់សកម្មជនបក្សប្រឆាំងនេះ គឺបន្ទាប់ពីពួកគាត់មើលឃើញថា លោក ហ៊ុន សែន មិនបានគោរពតាមការសន្យាដែលបានបញ្ជាឲ្យដោះលែង និងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញ លើសមាជិកបក្សប្រឆាំងដែលត្រូវរងការបង្ក្រាបក្នុងកំឡុងពេលយុទ្ធនាការធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កន្លងមកនោះទេ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហ៊ុន សែន បានប្រកូកប្រកាសឲ្យសកម្មជនបក្សប្រឆាំងទាំងអស់វិលចូលផ្ទះសម្បែងឡើងវិញដោយគ្មានការភ័យខ្លាច។លោកក៏បញ្ជាឱ្យតុលាការនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទម្លាក់ចោលការចោទប្រកាន់ និងដោះលែង ព្រមទាំងបញ្ឈប់ការចាប់ចង ឬធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងនៅទូទាំងប្រទេស៖ «ក្នុងនាមខ្ញុំព្រះករុណាខ្ញុំជាប្រធាននីតិប្រតិបត្តិ ខ្ញុំអំពាវនាវឲ្យមនុស្សទាំងអស់ដែលកំពុងរត់គេចខ្លួន ត្រឡប់មកភូមិកំណើតវិញ កុំលាក់ខ្លួននៅកន្លែងនេះ នៅកន្លែងនោះតទៅទៀត ហើយអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និយាយរួមកម្លាំងមានសមត្ថកិច្ចដែលអនុវត្តច្បាប់ ជាពិសេសនគរបាល និងអាវុធហត្ថ ក៏ដូចជាមន្ត្រីនៅមូលដ្ឋានទាំងអស់ កុំធ្វើអីឲ្យសោះ ឲ្យគេមកផ្ទះយ៉ាងស្រួល ហើយរាប់អានគ្នាទៅ ធ្វើការជាមួយគ្នាទៅ»។
ក្រោយការប្រកាសរបស់លោក ហ៊ុន សែន នេះ សកម្មជនបក្សប្រឆាំងមួយចំនួនដែលជាប់ឃុំក៏ត្រូវបានដោះលែង ហើយអ្នកដែលរត់ភៀសខ្លួនមួយចំនួន ក៏វិលត្រឡប់ទៅរស់នៅជួបជុំក្រុមគ្រួសារដូចធម្មតា។ ប៉ុន្តែមិនបានប៉ុន្មានខែផង អាជ្ញាធររបបលោក ហ៊ុន សែន ចាប់ផ្តើមបន្តយុទ្ធនាការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពលើសកម្មជនបក្សប្រឆាំងឡើងវិញ។ សកម្មជនបក្សប្រឆាំងមួយចំនួន បានទទួលរងនូវការវាយប្រហារពីជនមិនស្គាល់មុខ។ សកម្មជនចំនួនទៀត ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារឡើងវិញជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសំណុំរឿង ''រួមគំនិតក្បត់'' និង ''ញុះញង់'' ដែលជាសំណុំរឿងចាស់ដដែល។ ករណីចាប់ខ្លួនចុងក្រោយនេះ គឺមេឃុំជាប់ឆ្នោតនៃគណបក្សសង្គ្រោះជាតិនៅឃុំត្រែងត្រយឹង ខេត្តកំពង់ស្ពឺ អ្នកស្រី កឹម តុលា។ អាជ្ញាធរ បានចាប់ខ្លួនអ្នកស្រី កាលពីថ្ងៃទី២២ ខែកក្កដា ពាក់ព័ន្ធនឹងសំណុំរឿងចាស់នេះដែរ បន្ទាប់ពីអ្នកស្រី ផ្អាកធ្វើសកម្មភាពនយោបាយ ហើយវិលត្រឡប់ពីប្រទេសថៃទៅរស់នៅជាមួយគ្រួសារវិញ ចាប់តាំងពីដើមឆ្នាំ២០២១។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ឆ្លើយតបថា ចំណាត់ការទាំងឡាយលើសកម្មជនបក្សប្រឆាំងនេះ គឺជាការអនុវត្តច្បាប់ ហើយអនុវត្តចំពោះតែជនណាដែលលោកថា បន្តធ្វើសកម្មភាពតាមការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងពី ក្រៅប្រទេស៖ «គាត់និយាយនេះយកត្រូវតែរឿងគាត់ តែសមត្ថកិច្ច គេដឹងខុសដឹងត្រូវ។ បើអត់មានធ្វើសកម្មភាពអីទេ វាអត់មានពាក់ព័ន្ធនឹងរឿងត្រូវចាប់ខ្លួនទេ ដូចខ្ញុំនិយាយខាងដើមអ៊ីចឹង ថាបើអត់មានធ្វើសកម្មភាពអី អាហ្នឹងវាអត់មានអីទេ។ អតីតក្រុមប្រឹក្សាឃុំសង្កាត់របស់បក្សប្រឆាំងជាង ៥ពាន់នាក់ សួរថា គេចាប់ដាក់គុកប៉ុន្មាននាក់ ហើយអាស៊ីសេរីផ្សាយរាល់ថ្ងៃនេះយ៉ាងច្រើនមិនទាន់ដល់១០០នាក់ទេ»។
ជាទូទៅការចាប់ខ្លួនសកម្មជនបក្សប្រឆាំងនេះ តែងកើតឡើងខ្លាំងនៅពេលដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជាពិសេសលោក សម រង្ស៊ី ប្រកាសពីផែនការវិលចូលស្រុក និងប្រកាសឲ្យពលរដ្ឋប្រើប្រាស់សិទ្ធិងើបឡើងតវ៉ា ដើម្បីទាមទារឲ្យរបបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងថា ទោះបីជាមន្ត្រីរដ្ឋាភិបាលបកស្រាយថា ករណីទាំងនេះ ជាការអនុវត្តច្បាប់ក្តី ក៏ក្រុមអង្គការជាតិ-អន្តរជាតិ រួមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ តែងតែរិះគន់ថា ការចាប់ឃុំខ្លួនទាំងនេះ ធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយដែរ។ លោកបារម្ភថា ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សសង្គ្រោះជាតិ នឹងនៅតែបន្តកើតឡើង ប្រសិនបើគ្មានដំណោះស្រាយនយោបាយរវាងមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងទេ។ លោកជំរុញឲ្យមេដឹកនាំនៃគណបក្សទាំងពីរ បន្ទន់ឥរិយាបថវិលទៅរកវប្បធម៌សន្ទនានយោបាយឡើងវិញ ដោយតម្កល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ៖ «ខ្ញុំយល់ថា បញ្ហាទាំងអស់នេះវាមិនល្អទេសម្រាប់កម្ពុជា វានាំឲ្យមានការចោទប្រកាន់អំពីបញ្ហាសិទ្ធិមនុស្ស មានការធ្លាក់ចុះបន្ថែមទៀត ឬក៏មានការរំលោភបំពានទៅលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ខ្ញុំយល់ថា កន្លងមកកម្ពុជាអាចបញ្ចប់សង្គ្រាមស៊ីវិលបាន តែហេតុអីបានអ្នកនយោបាយទាំងអស់ មានភាពចាស់ទុំហើយមិនងាកទៅរកវប្បធម៌សន្ទនាដើម្បីចរចាគ្នាកុំឲ្យមានវិបត្តិនយោបាយ ហើយរួមគ្នាអភិវឌ្ឍប្រទេស វាជារឿងល្អ»។
មន្ត្រីសិទ្ធិមនុស្ស កត់សម្គាល់ថា ចាប់តាំងពីដើមឆ្នាំ២០២០មក សកម្មភាពធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិ សកម្មជនសង្គម និងអ្នកការពារបរិស្ថានបានកក្រើកឡើងវិញ ដោយគិតមកដល់ពេលនេះមានជាង ៨០នាក់ហើយ កំពុងជាប់ឃុំក្នុងពន្ធនាគារ។ តុលាការរបបលោក ហ៊ុន សែន បានចោទប្រកាន់ដូចៗគ្នាពីបទ ''រួមគំនិតក្បត់'' និងបទ ''ញុះញង់''។ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ព្រួយបារម្ភថា ការបន្តកើនឡើងនូវអំពើរំលោភសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនេះ នឹងអាចធ្វើឲ្យសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មបន្ថែមទៀតលើកម្ពុជា ដែលនាំឲ្យប៉ះពាល់ធំធេងដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។