សកម្មជនបក្សប្រឆាំងដែលជាប់ឃុំស្នើមេដឹកនាំរក្សាជំហរក្នុងពេលចរចាជាមួយបក្សកាន់អំណាច
2017.01.11
អ្នកទោសមនសិការបក្សប្រឆាំងចំនួន ១៧នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃស បានស្នើឲ្យមេដឹកនាំរក្សាជំហរក្នុងពេលជួបសន្ទនាជាមួយបក្សកាន់អំណាច គឺត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ។ ពួកគេអះអាងថា ស៊ូទ្រាំរស់នៅក្នុងពន្ធនាគារបន្ត ប្រសិនបើការចរចាក្នុងពេលខាងមុខនេះស្ថិតក្រោមសម្ពាធនយោបាយ ឬមានហេតុផលអ្វីផ្សេងដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ជាថ្នូរអាចឲ្យពួកគេបាននៅក្រៅឃុំ។
តំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ចាម ដែលដឹកនាំប្រតិភូចូលជួបអ្នកជាប់ឃុំចំនួន ១៧នាក់ កាលពីព្រឹកថ្ងៃទី១១ ខែមករា បង្ហាញសុទិដ្ឋិនិយមចំពោះការលះបង់របស់ពួកគេ ដោយចាត់ទុកថា នេះជាមោទនភាពសម្រាប់ប្រទេសជាតិ ដែលមានមនុស្សហ៊ានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន។
ថ្លែងប្រាប់អ្នកកាសែតក្រោយចេញពីបន្ទប់ពន្ធនាគារវិញ លោក ម៉ៅ មុនីវណ្ណ ឲ្យដឹងថា មកដល់ពេលនេះអ្នកដែលកំពុងជាប់ឃុំទាំង ១៧នាក់ គឺមានសុខភាពល្អធម្មតា។ បន្ថែមពីលើនេះ អ្នកជាប់ឃុំទាំងនោះ នៅតែមានជំហររឹងប៉ឹងក្នុងបុព្វហេតុសេរីភាព និងប្រជាធិបតេយ្យ។
លោក ម៉ៅ មុនីវណ្ណ មានជំនឿថា ដោយសារការជាប់ឃុំរបស់ពួកគេ គឺស្ថិតក្រោមហេតុផលនយោបាយ ហេតុនេះក្នុងពេលស្ថានការណ៍បានវិលទៅរកភាពប្រក្រតីឡើងវិញ អ្នកទោសមនសិការទាំងអស់នឹងមានសេរីភាពដូចដើម៖ «ខ្ញុំសូមគោរពនូវវីរភាពដ៏ឧត្ដុង្គឧត្ដមរបស់ពួកគាត់ណាស់ ដែលគាត់ជានិច្ចកាលមិនគិតពីសេចក្ដីសុខផ្ទាល់ខ្លួន គាត់គិតពីទិដ្ឋភាពជាតិជាធំ។ នេះហើយជាវីរភាព ហើយក៏ជាក្ដីសង្ឃឹមរបស់កូនខ្មែរអ្នកនៅខាងក្រោយ»។
ទាក់ទិនភាពជាប់គាំងផ្នែកនយោបាយនេះ កាលពីថ្ងៃទី៥ ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបភ្លាមៗ ចំពោះការស្នើសុំរបស់លោក កឹម សុខា ដែលចង់ឲ្យមានជំនួបរបស់បក្សទាំងពីរ។ លិខិតតបវិញក្នុងថ្ងៃតែមួយ លោក ស ខេង បញ្ជាក់ថា ជំនួបរបស់បក្សទាំងពីរអាចនឹងធ្វើឡើងនៅក្រោយថ្ងៃទី១១ ខែមករា ក៏ប៉ុន្តែពេលវេលាជាក់លាក់នៃការជួបសន្ទនានេះ គឺនៅមិនទាន់បានកំណត់ពេលនៅឡើយទេ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៦ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សន្យាថា បុគ្គលិកសមាគមអាដហុក (ADHOC) ៤នាក់ និងអគ្គលេខាធិការរងនៃគ.ជ.ប លោក នី ចរិយា គឺបក្សទាំងពីរ នឹងត្រូវជួបគ្នាដើម្បីរកមធ្យោបាយដោះស្រាយក្នុងរឿងនេះឲ្យបានឆាប់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីមូលហេតុអ្វីដែលនាំឲ្យការសន្យានេះ ត្រូវខកខាន ឬត្រូវបរាជ័យដូច្នេះទៅវិញ?
ជុំវិញរឿងនេះ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតយល់ឃើញថា បញ្ហានេះមានតែលោក សម រង្ស៊ី ទេដែលអាចដឹងច្បាស់ជាងគេ។ ថ្វីបើលោក សម រង្ស៊ី ពុំមែនជាដៃគូ ឬជាគូភាគីនៃតួអង្គក្នុងការចរចា ប៉ុន្តែក្នុងឋានៈជាមេដឹកនាំបក្សលោកយល់ឃើញថា យ៉ាងណាការសម្រេចចិត្តក្នុងរឿងនេះ ចៀសមិនផុតពីការពិគ្រោះយោបល់ជាមួយមេដឹកនាំបក្សនេះឡើយ៖ «ទោះបីយ៉ាងម៉េចក៏ដោយ ការសម្រេចចិត្តនៅលើខ្នងគាត់ដែរ។ អ៊ីចឹងគាត់នៅតែមានឥទ្ធិពលក្នុងការចរចានេះដដែល អ៊ីចឹងបើសិនក្នុងករណីការជួបគ្នាអត់មានទាក់ទិនរឿងនយោបាយនេះមានអី។ ប៉ុន្តែបើទោះទាក់ទងរឿងនយោបាយ រឿងសភាក៏ដោយ ទាក់ទងអង្គច្បាប់ក៏ដោយ ក៏គាត់នៅតែអាចលូកដៃ លូកដៃគ្នាគាត់»។
ការវិភាគរបស់លោក អ៊ូ វីរៈ នេះ គឺហាក់ផ្ទុយបន្តិចពីការអះអាងរបស់លោក សុខ ឥសាន ដែលជាអ្នកនាំពាក្យរបស់បក្សកាន់អំណាច។ អ្នកនាំពាក្យរូបនេះ ធ្លាប់បញ្ជាក់ថា លោក សម រង្ស៊ី លែងជាភាគីដោះស្រាយក្នុងរឿងនយោបាយនេះទៀតហើយ។ ស្ថិតក្រោមហេតុផលនេះ បើទោះជាលោក សម រង្ស៊ី ខំព្យាយាមឡូឡានៅខាងក្រៅបែបណា ក៏មិនជះឥទ្ធិពលអាក្រក់ដល់ការចរចារបស់បក្សទាំងពីរទៀតឡើយ។
យ៉ាងណាក្នុងដំណាក់កាលចុងក្រោយនេះ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមឃាត់មិនឲ្យចូលស្រុកវិញ បានប្រើវោហារសាស្ត្ររិះគន់ដោយមិនសំចៃមាត់ទៅលើរដ្ឋាភិបាលផ្ទួនៗ។ មានពេលខ្លះ មេបក្សប្រឆាំងរូបនេះ បានហៅរដ្ឋាភិបាលថា ជារដ្ឋាភិបាលដៃភ្លើងជើងមាន់ថែមទៀតផង។ ម្យ៉ាងវិញទៀត ការប្រើប្រាស់តុលាការ និងកងកម្លាំងប្រដាប់អាវុធធ្វើទុក្ខបុកម្នេញផ្នែកនយោបាយមកលើបក្សសង្គ្រោះជាតិ គឺក្នុងបំណងចង់ឲ្យបក្សប្រឆាំងបែបបាក់ និងចុះទន់ខ្សោយប៉ុណ្ណោះ។
ពាក់ព័ន្ធរឿងនេះ លោក អ៊ូ វីរៈ យល់ឃើញថា មធ្យោបាយដែលល្អបំផុតក្នុងការផ្សះផ្សាផ្នែកនយោបាយដែលកំពុងជាប់គាំងនៅពេលនេះ គឺមានតែសម្របសម្រួលរវាងអ្នកនយោបាយ និងអ្នកនយោបាយប៉ុណ្ណោះ។
គិតមកដល់ពេលនេះ អ្នកជាប់ឃុំដែលត្រូវគេចាត់ទុកថា ជាអ្នកទោសមនសិការបានកើនឡើងចំនួន ២៣នាក់ហើយ ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារ។ ក្នុងនោះមានសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស មន្ត្រីជាន់ខ្ពស់ គ.ជ.ប និងសកម្មជនដីធ្លីតំបន់បឹងកក់ ផង៕