សកម្មជន​បក្ស​ប្រឆាំង​ដែល​ជាប់​ឃុំ​ស្នើ​មេដឹកនាំ​រក្សា​ជំហរ​ក្នុង​ពេល​ចរចា​ជាមួយ​បក្ស​កាន់​អំណាច

ដោយ ម៉ម មុនីរតន៍
2017.01.11
ម៉ៅ មុនីវណ្ណ ៨៥៥ ២០១៧ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ ក្នុង​ពេល​ដឹក​នាំ​ប្រតិភូ​ចូល​សួរ​សុខទុក្ខ​សកម្មជន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៧។ RFA/Morm Moniroth
RFA/Morm Moniroth

អ្នក​ទោស​មនសិការ​បក្ស​ប្រឆាំង​ចំនួន ១៧​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស បាន​ស្នើ​ឲ្យ​មេដឹកនាំ​រក្សា​ជំហរ​ក្នុង​ពេល​ជួប​សន្ទនា​ជាមួយ​បក្ស​កាន់​អំណាច គឺ​ត្រូវ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ។ ពួក​គេ​អះអាង​ថា ស៊ូទ្រាំ​រស់​នៅ​ក្នុង​ពន្ធនាគារ​បន្ត ប្រសិន​បើ​ការ​ចរចា​ក្នុង​ពេល​ខាង​មុខ​នេះ​ស្ថិត​ក្រោម​សម្ពាធ​នយោបាយ ឬ​មាន​ហេតុផល​អ្វី​ផ្សេង​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ ជា​ថ្នូរ​អាច​ឲ្យ​ពួក​គេ​បាន​នៅ​ក្រៅ​ឃុំ។

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ចាម ដែល​ដឹកនាំ​ប្រតិភូ​ចូល​ជួប​អ្នក​ជាប់​ឃុំ​​ចំនួន ១៧​នាក់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ការ​លះបង់​របស់​ពួក​គេ ដោយ​ចាត់​ទុក​ថា នេះ​ជា​មោទនភាព​សម្រាប់​ប្រទេស​ជាតិ ដែល​មាន​មនុស្ស​ហ៊ាន​លះបង់​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន។

ថ្លែង​ប្រាប់​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​ពន្ធនាគារ​វិញ លោក ម៉ៅ មុនីវណ្ណ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​អ្នក​ដែល​កំពុង​ជាប់​ឃុំ​ទាំង ១៧​នាក់ គឺ​មាន​សុខភាព​ល្អ​ធម្មតា។ បន្ថែម​ពី​លើ​នេះ អ្នក​ជាប់​ឃុំ​ទាំង​នោះ នៅ​តែ​មាន​ជំហរ​រឹង​ប៉ឹង​ក្នុង​បុព្វហេតុ​សេរីភាព និង​ប្រជាធិបតេយ្យ។

លោក ម៉ៅ មុនីវណ្ណ មាន​ជំនឿ​ថា ដោយសារ​ការ​ជាប់​ឃុំ​របស់​ពួក​គេ គឺ​ស្ថិត​ក្រោម​ហេតុផល​នយោបាយ ហេតុ​នេះ​ក្នុង​ពេល​ស្ថានការណ៍​បាន​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ អ្នក​ទោស​មនសិការ​ទាំង​អស់​នឹង​មាន​សេរីភាព​ដូច​ដើម៖ «ខ្ញុំ​សូម​គោរព​នូវ​វីរភាព​ដ៏​ឧត្ដុង្គឧត្ដម​របស់​ពួក​គាត់​ណាស់ ដែល​គាត់​ជានិច្ចកាល​មិន​គិត​ពី​សេចក្ដី​សុខ​ផ្ទាល់​ខ្លួន គាត់​គិត​ពី​ទិដ្ឋភាព​ជាតិ​ជា​ធំ។ នេះ​ហើយ​ជា​វីរភាព ហើយ​ក៏​ជា​ក្ដី​សង្ឃឹម​របស់​កូន​ខ្មែរ​អ្នក​នៅ​ខាង​ក្រោយ»

ទាក់ទិន​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ឆ្លើយ​តប​ភ្លាមៗ ចំពោះ​ការ​ស្នើ​សុំ​របស់​លោក កឹម សុខា ដែល​ចង់​ឲ្យ​មាន​ជំនួប​របស់​បក្ស​ទាំង​ពីរ។ លិខិត​តប​វិញ​ក្នុង​ថ្ងៃ​តែ​មួយ លោក ស ខេង បញ្ជាក់​ថា ជំនួប​របស់​បក្ស​ទាំង​ពីរ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ថ្ងៃ​ទី​១១ ខែ​មករា ក៏ប៉ុន្តែ​ពេល​វេលា​ជាក់លាក់​នៃ​ការ​ជួប​សន្ទនា​នេះ គឺ​នៅ​មិន​ទាន់​បាន​កំណត់​ពេល​នៅ​ឡើយ​ទេ។

កាល​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៦ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ សន្យា​ថា បុគ្គលិក​សមាគម​អាដហុក (ADHOC) ៤​នាក់ និង​អគ្គលេខាធិការ​រង​នៃ​គ.ជ.ប លោក នី ចរិយា គឺ​បក្ស​ទាំង​ពីរ នឹង​ត្រូវ​ជួប​គ្នា​ដើម្បី​រក​មធ្យោបាយ​ដោះស្រាយ​ក្នុង​រឿង​នេះ​ឲ្យ​បាន​ឆាប់។ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​ដែល​នាំ​ឲ្យ​ការ​សន្យា​នេះ ត្រូវ​ខកខាន ឬ​ត្រូវ​បរាជ័យ​ដូច្នេះ​ទៅ​វិញ?

ជុំវិញ​រឿង​នេះ លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​យល់​ឃើញ​ថា បញ្ហា​នេះ​មាន​តែ​លោក សម រង្ស៊ី ទេ​ដែល​អាច​ដឹង​ច្បាស់​ជាង​គេ។ ថ្វី​បើ​លោក សម រង្ស៊ី ពុំ​មែន​ជា​ដៃគូ ឬ​ជា​គូ​ភាគី​នៃ​តួអង្គ​ក្នុង​ការ​ចរចា ប៉ុន្តែ​ក្នុង​ឋានៈ​ជា​មេដឹកនាំ​បក្ស​លោក​យល់​ឃើញ​ថា យ៉ាង​ណា​ការ​សម្រេច​ចិត្ត​ក្នុង​រឿង​នេះ ចៀស​មិន​ផុត​ពី​ការ​ពិគ្រោះ​យោបល់​ជា​មួយ​មេដឹកនាំ​បក្ស​នេះ​ឡើយ៖ «ទោះ​បី​យ៉ាង​ម៉េច​ក៏​ដោយ ការ​សម្រេច​ចិត្ត​នៅ​លើ​ខ្នង​គាត់​ដែរ។ អ៊ីចឹង​គាត់​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​ចរចា​នេះ​ដដែល អ៊ីចឹង​បើ​សិន​ក្នុង​ករណី​ការ​ជួប​គ្នា​អត់​មាន​ទាក់ទិន​រឿង​នយោបាយ​នេះ​មាន​អី។ ប៉ុន្តែ​បើ​ទោះ​ទាក់ទង​រឿង​នយោបាយ រឿង​សភា​ក៏ដោយ ទាក់ទង​អង្គ​ច្បាប់​ក៏​ដោយ ក៏​គាត់​នៅ​តែ​អាច​លូក​ដៃ លូកដៃ​គ្នា​គាត់»

ការ​វិភាគ​របស់​លោក អ៊ូ វីរៈ នេះ គឺ​ហាក់​ផ្ទុយ​បន្តិច​ពី​ការ​អះអាង​របស់​លោក សុខ ឥសាន ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​បក្ស​កាន់​អំណាច។ អ្នក​នាំ​ពាក្យ​រូប​នេះ ធ្លាប់​បញ្ជាក់​ថា លោក សម រង្ស៊ី លែង​ជា​ភាគី​ដោះស្រាយ​ក្នុង​រឿង​​នយោបាយ​នេះ​ទៀត​ហើយ។ ស្ថិត​ក្រោម​ហេតុផល​នេះ បើ​ទោះ​ជា​លោក សម រង្ស៊ី ខំ​ព្យាយាម​ឡូឡា​នៅ​ខាង​ក្រៅ​បែប​ណា ក៏​មិន​ជះឥទ្ធិពល​អាក្រក់​ដល់​ការ​ចរចា​របស់​បក្ស​ទាំង​ពីរ​ទៀត​ឡើយ។

យ៉ាង​ណា​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នេះ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាមឃាត់​មិន​ឲ្យ​ចូល​ស្រុក​វិញ បាន​ប្រើ​វោហារសាស្ត្រ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ទៅ​លើ​រដ្ឋាភិបាល​ផ្ទួនៗ។ មាន​ពេល​ខ្លះ មេ​បក្ស​ប្រឆាំង​រូប​នេះ បាន​ហៅ​រដ្ឋាភិបាល​ថា ជា​រដ្ឋាភិបាល​ដៃ​ភ្លើង​ជើង​មាន់​ថែម​ទៀត​ផង។ ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​មក​លើ​បក្ស​សង្គ្រោះ​ជាតិ គឺ​ក្នុង​បំណង​ចង់​ឲ្យ​បក្ស​ប្រឆាំង​បែប​បាក់ និង​ចុះ​ទន់​ខ្សោយ​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​រឿង​នេះ លោក អ៊ូ វីរៈ យល់​ឃើញ​ថា មធ្យោបាយ​ដែល​ល្អ​បំផុត​ក្នុង​ការ​ផ្សះផ្សា​ផ្នែក​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នៅ​ពេល​នេះ គឺ​មាន​តែ​សម្របសម្រួល​រវាង​អ្នក​នយោបាយ និង​អ្នក​នយោបាយ​ប៉ុណ្ណោះ។

គិត​មក​ដល់​ពេល​នេះ អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​គេ​ចាត់​ទុក​ថា ជា​អ្នក​ទោស​មនសិការ​បាន​កើន​ឡើង​ចំនួន ២៣​នាក់​ហើយ ដែល​កំពុង​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។ ក្នុង​នោះ​មាន​សកម្ម​ជន​នយោបាយ អ្នក​ការពារ​សិទ្ធិមនុស្ស មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប និង​សកម្មជន​ដីធ្លី​តំបន់​បឹងកក់ ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។