អនុប្រធាន​គណបក្ស​ប្រឆាំង​ប្រកាស​មិន​ទទួល​គំនិត​លោក ហ៊ុន សែន បង្កើត​បក្ស​ថ្មី

ដោយ តាំង សារ៉ាដា
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ប្រកាស​មិន​ទទួលយក គំនិត​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​ស្នើ​ឲ្យ​បក្ស​ប្រឆាំង បង្កើត​បក្ស​ថ្មី សម្រាប់​ប្រកួតប្រជែង​នៅ​ឆ្នាំ​២០១៨​នោះ​ទេ។ បក្ស​សង្គ្រោះជាតិ យល់ថា បើ​ទទួលយក​គំនិត​នេះ នឹង​ធ្វើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ​លើ​ពិភពលោក។

លោក អេង ឆៃអ៊ាង ហៅ​គំនិត​ថ្មី​ដែល​លោក ហ៊ុន សែន ផ្ដល់​ឲ្យ ជា​យុទ្ធសាស្ត្រ​នយោបាយ​ដើម្បី​ដោះស្រាយ​សម្ពាធ​អន្តរជាតិ​របស់ លោក ហ៊ុន សែន ហើយក៏​ជា​ផ្លូវ​ដែល​លោក ហ៊ុន សែន ចង់​ដើរ និង​គូសវាស​ឲ្យ​បក្ស​ប្រឆាំង​ដើរ​តាម ក្រោយពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

អនុប្រធាន​បក្ស​ប្រឆាំង​រូប​នេះ អះអាង​ថា បក្ស​ប្រឆាំង​មិន​ដើរ​លើ​ផ្លូវ ដែល​លោក ហ៊ុន សែន ចង់បាន​នោះ​ទេ ព្រោះ​ផ្លូវ​នេះ នាំ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​មេដឹកនាំ​ផ្ដាច់ការ ហើយ​កម្ពុជា​នឹង​ស្ថិតនៅ ឯកោ​ពី​សហគមន៍​អន្តរជាតិ ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ក្នុង​ភាព​ក្រីក្រ នឹង​ភ័យខ្លាច។

ការ​ប្រកាស​បដិសេធ​តាម​ហ្វេសប៊ុក​របស់​លោក អេង ឆៃអ៊ាង គឺ​ជា​ការ​ឆ្លើយតប​នឹង​សារ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ធ្នូ ដែល​សរសេរ​ថា គណបក្ស​សង្គ្រោះជាតិ គ្មាន​ថ្ងៃ​កើតឡើង​សាជាថ្មី​ទៀត​ឡើយ។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ជម្រើស​ថា មានតែ​វិធី​មួយ​គត់ គឺ​ការ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខ ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាតបង់​ពេលវេលា​កាន់​តែ​ច្រើន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បញ្ជាក់​ថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ គឺ​ធ្វើ​ឡើង​ទៅតាម​នីតិរដ្ឋ​ត្រឹមត្រូវ ដូច្នេះ​គណបក្សប្រឆាំង​មួយ​នេះ​មិន​អាច​រស់​ឡើងវិញ​ឡើយ។ លោក​អះអាង​ថា បើ​ទោះ​បី​ជា មន្ត្រី​គណបក្សប្រឆាំង​ខិតខំ​រក​កិច្ច​អន្តរាគមន៍ ពី​ខាង​ណា​មក​ក៏ដោយ ក៏​មិន​អាច​ត្រឡប់​ក្រោយ​បាន​ដែរ ពីព្រោះ​ជា​សាលដីកា​សម្រេច និង​បិទ​ផ្លូវ​តវ៉ា៖ «អ៊ីចឹង​ខ្ញុំ​យល់ថា អាស្រ័យ​លើ​ឆន្ទៈ​របស់​បងប្អូន​ទេ។ បងប្អូន​ចង់​បង្កើត​គណបក្ស​ច្បាប់​គេ​ស្វាគមន៍​តើ ព្រោះ​សិទ្ធិ​ពលរដ្ឋ​យើង​មាន។ អ៊ីចឹង​ទេ យើង​បង្កើត​គណបក្ស​នយោបាយ​សិទ្ធិ​ធំៗ​យើង​មាន។ បើ​ថា​មិន​បង្កើត​ទេ រង់ចាំ​ឲ្យ​គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ហើយ​រស់​ឡើងវិញ ក៏​រង់ចាំ​ទៅ»

ទោះជា​យ៉ាងណាក៏ដោយ​អនុប្រធាន​បក្ស​ប្រឆាំង បញ្ជាក់​ថា ដំណោះស្រាយ​នយោបាយ​នៅ​កម្ពុជា​អាច​មាន​ទៅ​បាន លុះ​ត្រា មាន​ការ​លុបចោល​នូវ​សេចក្ដី​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដោះលែង ប្រធាន​បក្ស​ប្រឆាំង លោក កឹម សុខា ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ទម្លាក់​ចោលការ​ចោទ​ប្រកាន់​ទាំងអស់​លើ​អ្នកនយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​អង្គការ សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ធ្វើ​សកម្មភាព​ដូច​ប្រក្រតី ឡើង​វិញ។

លោក អេង ឆៃអ៊ាង អះអាង​ថា ដំណោះស្រាយ​នយោបាយ​បែបនេះ គឺ​អាច​នាំ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ស្ថិរភាព សន្តិភាព និង​មានការ​អភិវឌ្ឍ​ពិតប្រាកដ ហើយ​ទទួល​បាន ផល​ប្រយោជន៍​យ៉ាង​ធំធេង​ពី​សហគមន៍​អន្តរជាតិ។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម លោក សន ជ័យ យល់ថា ការ​បង្កើត​គណបក្ស​ថ្មី មិនមែន​ជា​ជម្រើស​ល្អ​សម្រាប់​ពលរដ្ឋ​កម្ពុជា សព្វថ្ងៃ​នោះ​ទេ​។ លោក​បន្ត​ថា បើ​បក្ស​ប្រឆាំង បង្កើត​គណបក្ស​ថ្មី នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មិន​សប្បាយចិត្ត ហើយ​គណបក្ស​ថ្មី​នោះ នឹង​រង​ឥទ្ធិពល​ពី​ប្រធាន​គណបក្ស​កាន់​អំណាច​ដដែល៖ «ជួប​ឧបសគ្គ​ទី​១ គេ​ហៅថា ការ​មើល​ឃើញ ឬ​ការ​ជឿទុក​ចិត្ត​ពី​អ្នកគាំទ្រ ទី​២​គឺ​ឥទ្ធិពល ក្នុង​ការ​ប្រកួតប្រជែង​តាមរយៈ​ការ​បោះ​ឆ្នោត​នេះ អាច​នឹង​ជួបប្រទះ​បញ្ហា​ដែរ។ នេះ​មិន​រាប់​ចូល​នូវ ដំណើរការ​នៃ​ការ​ចុះឈ្មោះ និង​ដំណើរ​នៃ​ការ​ដាក់​បេក្ខភាព​នៅ​ក្នុង​រចនាសម្ព័ន្ធ​នៃ​ការដឹកនាំ​នោះ​ដែរ»

លោក សន ជ័យ អះអាង​ថា ការ​ជជែក​គ្នា​ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ប្រសើរ​ជា​ជាង​ការ​ចង្អុល​បង្ហាញ​ឲ្យ​បង្កើត​បក្ស​ថ្មី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

កូនកម្ពុជា

បើបក្សសង្គ្រោះជាតិ មិនចូលស៑ង តាចាស់ ហ៑ុន សែន នឹងធ្វើអោយ គាត់ ដេកមិនលក់ បក់មិនល្ហើយ !

Dec 19, 2017 09:09 AM

អ្នក​អាន​អនាមិក

1 ភាពក្លាហាន: ប្រជាជនខ្មែរត្រូវប្រកាន់ជំហរដើម្បីលទ្ធិប្រជាធិបតេយ្យនិងសេរីភាព។ ឬ 2 ត្រឡប់ទៅធ្វើកសិកម្មវិញក្នុងរយៈពេលខ្លីបន្ទាប់មកហ៊ុន - សែននឹងប្រឈមមុខនឹងបញ្ហាធំ ៗ ។



Dec 19, 2017 02:24 AM

អ្នក​អាន​អនាមិក

ស្វែងរកឈ្មោះរបស់មនុស្សអាក្រក់ទាំងអស់ក្នុងគណបក្សប្រជាជនដែលពាក់ព័ន្ធCការរំលាយប្រជាធិបតេយ្យ។ ទាំងអស់នៃគ្រួសាររបស់ពួកគេ។ ឱ្យមនុស្សទាំងនេះធ្វើពាណិជ្ជកម្មជាមួយប្រជាជនចិន
មើលថាតើពួកគេអាចទៅបានប៉ុន្មាន។ ខ្ញុំធានាថាពួកគេព្យួរក,មុនមនុស្សធម្មតារងទុក្ខ។

Dec 19, 2017 01:58 AM

អ្នក​អាន​អនាមិក

សម្តេចហ៊ុនសែននិងលោកសុខអ៊ីសានអះអាងថារំលាយគណបក្សសង្គ្រោះជាតិគឺស្របច្បាប់។ សំណួររបស់ខ្ញុំគឺតើប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជាឯករាជ្យដែរឬទេ? ប្រជាជននៅទូទាំងប្រទេសដឹងថាប្រព័ន្ធយុត្តិធម៌ពុករលួយ។
ពួកគេធ្វើការអោយហ៊ុនសែន។ ពួកគេមិនធ្វើការឱ្យប្រទេសឬប្រជាជនទេ។
(To Sok Eysan, please stop talking about legal most of what you said make me sick)

Dec 19, 2017 01:21 AM

អ្នក​អាន​អនាមិក

ល្អ ហើយ បក្សសង្គ្រោះជាតិ មិនបង្កើតបក្សថ្មី តាមល្បិចកល តាចាស់ ហ៑ុន សែន !

Dec 18, 2017 09:27 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល