មន្ត្រី​បក្ស​ប្រឆាំង​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ដោះលែង​អ្នកទោស​មនសិការ​នៅ​មុន​ចូល​ឆ្នាំ

ដោយ ថន ថារ៉ូ
2019.04.03
អ្នក​ទោស​ក្នុង​ពន្ធនាគារ​ប៉ៃលិន ២០១១ ៨៥៥ ស្ថានភាព​អ្នក​ទោស​រស់នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដែល​ជា​អតីត​រោង​កុន​ខេត្ត​ប៉ៃលិន កាល​ពី​ថ្ងៃ​២៥ ខែ​សីហា ឆ្នាំ​២០១១។
Photo: RFA

មន្ត្រី​បក្ស​ប្រឆាំង ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​អស់ មុន​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​។ ការ​លើកឡើង​នេះ ស្រប​ពេល​ក្រសួង​យុត្តិធម៌ គ្រោង​ដាក់​សំណើ​ទៅ​មេដឹកនាំ​របប​ឯក​បក្ស ស្នើសុំ​ព្រះមហាក្សត្រ សម្រាល​ទោស និង​លើកលែងទោស ឱ្យ​ទណ្ឌិត​ចំនួន ៤៦០​នាក់ ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។

អ្នក​សម្របសម្រួល​កិច្ចការ​អន្តរជាតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​ប្រទេស​ថៃ លោក ម៉ោញ សារ៉ាត់ ចង់​ឱ្យ​របប​ឯក​បក្ស ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ដោយ​គ្មាន​លក្ខខណ្ឌ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍ នៃ​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ លោក យល់ថា អ្នកទោស​មនសិការ មាន​សកម្មជន​សិទ្ធិ​ការងារ សកម្មជន​ដីធ្លី មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​បញ្ចេញមតិ​រិះគន់​របប​ឯក​បក្ស ជាដើម ដែល​រង​ការ​ចាប់ខ្លួន និង​ចោទ ប្រកាន់ ដោយសារ​កត្តា​នយោបាយ ដូច្នេះ មិន​គួរ​ត្រូវ​ជាប់ទោស ដោយ​អយុត្តិធម៌​ទេ៖ «បន្ធូរបន្ថយ​មក​។ អ្នកទោស​មនសិការ​ទាំងអស់ មិនមែន​តែ លោក ចៅ វាសនា (​អតីត​ចៅសង្កាត់​ប៉ោយប៉ែត​)​ទេ ទាំងអស់ សុទ្ធតែ​ពួកគាត់​គ្មាន​កំហុស​ទេ តាមពិត​ទៅ​ណា​។ អ៊ីចឹង ឱ្យ​គាត់​(​របប​ឯក​បក្ស​) ទៅ កុំ​រង់ចាំ​ស្អី ២/៣ នៃ​ពេលវេលា​ស្អី វា​អត់​មាន​ទេ​។ អាហ្នឹង ជា​ស្តង់ដារ​ស្អី គេ​ហៅ​ស្អី ផ្នែក​នយោបាយ​។ និយាយ​ឱ្យ​ខ្លី​ទៅ ជា​រឿង​នយោបាយ»

ការ​លើកឡើង​នេះ ក្រោយពេល​ក្រសួងយុត្តិធម៌ គ្រោង​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​០៤ មេសា ដើម្បី​លើកលែង និង​សម្រាលទោស ដល់​ទណ្ឌិត​ចំនួន​៤៦០​នាក់ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​។​

កាលពី​ថ្ងៃ​ទី​២៨ មីនា អនុរដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក គឹម សន្ដិភាព បាន​ប្រជុំ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ខេត្ត​ទាំងអស់ ដើម្បី​ពិនិត្យមើល​ឯកសារ ទណ្ឌិត​ដែល​នឹង​ត្រូវ​អនុគ្រោះ​ទោស ត្រៀម​ដាក់​ជូន​គណៈកម្មការ​ថ្នាក់​ជាតិ។

លោក គឹម សន្ដិភាព ប្រាប់​ប្រព័ន្ធ​ឃោសនា​ក្នុងស្រុក (Freshnews) ថា បញ្ជី​ឈ្មោះ​ទណ្ឌិត ដែល​ក្រសួង​គ្រោង​ស្នើ​អនុគ្រោះ​ទោស សរុប ៤៦០​រូប (​ស្រី ៤៩​រូប​) មកពី​ពន្ធនាគារ​រាជធានី ខេត្ត ចំនួន ១៨ និង​មណ្ឌល​អប់រំ​កែប្រែ​ចំនួន​០៤។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង លោក​រដ្ឋមន្ត្រី អង្គវង្ស វឌ្ឍានា បាន​ទេ នៅ​ថ្ងៃទី​០៣ មេសា ដោយសារ​ទូរស័ព្ទ​មិន​ចូល​។ ប៉ុន្តែ​កន្លងមក លោក ជិន ម៉ាលីន ធ្លាប់​លើកឡើង​ថា ការ​លើកលែង​ទោស និង​សម្រាលទោស ក្នុង​ពិធី​បុណ្យជាតិ​ធំ សម្រាប់​តែ​ទណ្ឌិត​ណា ដែល​បាន​អនុវត្ត​ទោស​២​ភាគ​៣ (2/3) រួចហើយ ប៉ុណ្ណោះ។

ក្រមព្រហ្មទណ្ឌ ចែង​ក្នុង​ន័យ​ថា ការ​បន្ធូរបន្ថយ​ទោស និង​ការ​លើកលែង​ទោស ដល់​ទណ្ឌិត​ត្រូវ​បំពេញ​លក្ខខណ្ឌ​ធំៗ ២ គឺ ចាំបាច់​ត្រូវ​មាន​ការ​កែប្រែ​ឥរិយា​មាយា​ក្នុង​ពេល​ជាប់ឃុំ និង​ការអនុវត្ត​ទោស ជាប់ពន្ធនាគារ ឱ្យ​បាន​ចំនួន​ពីរ​ភាគ​បី (/)​សិន សម្រាប់​ការ​លើកលែង​ស និង​ការអនុវត្ត​ទោស ឱ្យ​បាន​មួយ​ភាគបី (/)​សិន សម្រាប់​ការ​សម្រាលទោស។

ប៉ុន្តែ មាត្រា ៧៧ នៃ​ច្បាប់​ស្ដីពី​ពន្ធនាគារ ចែងថា ចំពោះ​ទណ្ឌិត មិនទាន់​អនុវត្ត​ទោស បាន​ពីរ​ភាគ​បី (/) ឬ​ទោះ​មិនបាន​ទាន់​កែប្រែ​ឥរិយា​មាយា ក៏​អាច​ទទួល​បាន​ការ​លើក​លែង​ទោស​បាន​ដែរ​។ តែ​ត្រូវ​មាន​សំណើ​ពី​ប្រមុខ​រាជរដ្ឋាភិបាល ថ្វាយ​ព្រះមហាក្សត្រ នោះ​ការ​ដោះលែង នឹង​អាច​ធ្វើ​បាន គ្រប់ពេលវេលា ដោយ​មិន​ចាំបាច់​រង់ចាំ ដល់ពេល​មានបុណ្យ​ជាតិ​ធំៗ ក៏បាន​។​

មេដឹកនាំ​របប​ឯក​បក្ស លោក ហ៊ុន សែន ក៏បាន​ប្រកាស​ឱ្យ​ក្រសួង​កិច្ចការនារី និង​ក្រសួងយុត្តិធម៌ សិក្សា ជាមួយ​ក្រុម​មេធាវី​របស់​លោក ដើម្បី​បន្ធូរ​បន្ថយ​ទោស ឱ្យ​ទណ្ឌិត​ជា​ស្ត្រី​កំពុង​មាន​កូន​តូច និង​មាន​ផ្ទៃពោះ ផង​ដែរ ដោយ​មិន​ចាំបាច់ មាន​ពិធី​បុណ្យជាតិ​ធំៗ​នោះ​ទេ​។ តែ​មកដល់ពេលនេះ មិន​ទាន់​មាន​ការ​ស្នើ​ឱ្យ​ដោះលែង​ស្ត្រី មានកូន​តូច និង​មាន​ផ្ទៃពោះ​ក្នុង​បន្ទុក​ម្ដង​នៅឡើយ​ទេ។

ប្រធាន​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត សង្កេត​ឃើញ​ថា ការ​សម្រាលទោស និង​លើកលែងទោស ឱ្យ​ទណ្ឌិត ក្នុង​ពិធី​បុណ្យជាតិ​ធំៗ មាន​ភាព​ល្អ​ប្រសើរ និង​តម្លាភាព ជាង​មុន បើ​ធៀប​នឹង មុន​ពេល លោក ហ៊ុន សែន ហាម​កុំ​ឱ្យ​ដោះលែង ឧក្រិដ្ឋកម្ម​ធំៗ និង ក្រុម​ចោរប្លន់៖ «​អ៊ីចឹង អ្វី​ដែល​សំខាន់ សង្គម​ស៊ីវិល យើង​ឃើញ​ថា ធ្វើ​យ៉ាងណា​ឱ្យ​និយាម ឱ្យ​តម្លាភាព និង​យុត្តិធម៌ សម្រាប់​អ្នកទោស​ទាំងអស់ ដែល​ត្រូវ​ទទួល​ការ​បន្ធូរ​បន្ថយ ឬក៏​លើកលែង​ហ្នឹង​។ ឱ្យ​តែ​គាត់​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ហ្នឹង ត្រូវ​ទទួល​បាន​នូវ​ភាព​យុត្តិធម៌ ឬ​ការ​បន្ធូរបន្ថយ​ហ្នឹង​ដូចៗ​គ្នា បាទ​!»

មន្ត្រី​គណបក្សប្រឆាំង លោក ម៉ោញ សារ៉ាត់ សង្ឃឹមថា របប​ឯក​បក្ស​នឹង​បញ្ចូល​ឈ្មោះ អ្នកទោស​មនសិការ​ទាំ​ង​អស់ ចូល​ក្នុង​បញ្ជី​លើកលែងទោស ឬ ត្រូវ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ នៅមុន​ចូលឆ្នាំ​ខ្មែរ ដើម្បី​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។