ប្រធាន​បក្ស​ប្រឆាំង​ខេត្ត​កំពង់ឆ្នាំង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព បន្ទាប់​ពី​​ប៉ូលិស​ឡោមព័ទ្ធ​ផ្ទះ

ដោយ អាស៊ីសេរី
2019-03-26
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក កែវ ថៃ ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ថ្លែង​ក្នុង​ពិធី​ជួបជុំ​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត កាល​ពី​ឆ្នាំ២០១៧។
លោក កែវ ថៃ ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ថ្លែង​ក្នុង​ពិធី​ជួបជុំ​មន្ត្រី​គណបក្ស​ប្រឆាំង​ខេត្ត កាល​ពី​ឆ្នាំ២០១៧។
រូប៖ ពី​លោក កែវ ថៃ

មន្ត្រី​គណបក្ស​ប្រឆាំង​ដែល មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​ហាមឃាត់​ធ្វើ​នយោបាយ​ម្នាក់​នៅ​ខេត្ត​កំពង់ឆ្នោត បាន​រត់​គេច​ខ្លួន​រក​ទី​កន្លែង​មាន​សុវត្ថិភាព​ បន្ទាប់​រូប​គាត់​ទទួល​ដំណឹង​មាន​ប៉ូលិស​ជា​ច្រើន​នាក់​បាន​ចុះ​ទៅ​ឡោម​ព័ទ្ធ​ផ្ទះ​ដោយ​មិន​ដឹង​មូលហេតុ​ កាល​ពី​ថ្ងៃ​ទី២២ មីនា​កន្លង​ទៅ។ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កំពង់ឆ្នាំង​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​បិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី២៦​មីនា​ថា នៅ​ពេល​នេះ​លោក​បាន​លាក់​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព​មិន​ហ៊ាន​ចូល​ផ្ទះ​នោះ​ទេ ព្រោះ​ប៉ូលិស​ខេត្ត​កំពង់ឆ្នាំង​នៅ​តែ​បន្ត​តាម​ចាប់​លោក​នៅ​ឡើយ។ លោក​អះអាង​ទៀត​ថា មូលហេតុ​ដែល​ប៉ូលិស​តាម​ចាប់​ទំនង​ដោយសារ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ លោក​តែង​ផ្ដល់​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ញឹក​ញាប់​ និង​បាន​បញ្ចេញ​មតិ​រិះគន់​របប​ក្រុង​ភ្នំពេញ​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដើម្បី​បាន​បន្ត​អំណាច​របស់​ខ្លួន។ លោក​បន្ថែម​ថា ប្រសិន​បើ​លោក​ចូល​ផ្ទះ​នៅ​ពេល​នេះ​ គឺ ប៉ូលិស​នឹង​ចាប់​លោក​​ភ្លាម​តែ​ម្ដង ពី​ព្រោះ​កាល​ពី​ថ្ងៃ​ទី២២ មីនា ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​បរិបូរណ៍​ប្រហែល១០នាក់​ បាន​ទៅ​ឡោម​រក​ចាប់​លោក​ដល់​ផ្ទះ៖ «»

លោក​បន្ត​ថា នៅ​ពេល​ដែល​លោក​រត់​គេច​ខ្លួន​ មាន​ប៉ូលិស​នៅ​ស្នងការ​នគរបាល​ខេត្ត​ ដែល​ស្និទ្ធស្នាល​ជាមួយ​លោក​បាន​ទូរស័ព្ទ​មក​ប្រាប់​មិន​ឲ្យ​លោក​ចូល​ផ្ទះ​វិញ​ជា​ដាច់​ខាត​ ព្រោះ​បើ​ចូល​សមត្ថកិច្ច​នឹង​ចាប់​ខ្លួន​តែ​ម្ដង។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​អធិការ​នគរបាល​ស្រុក​បរិបូរណ៍​លោក ជាង សុវណ្ណារិទ្ធ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​យ៉ាង​ខ្លី​ថា​ ប៉ូលិស​មិន​បាន​តាម​ចាប់​មន្ត្រី​គណបក្ស​ប្រឆាំង​រូប​នេះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ឡើយ៖ «»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស ​អាដហុក (Adhoc)ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ទគា អះអាង​ថា កាល​ពី​ថ្ងៃ​ទី២៥ មីនា​មាន​មន្ត្រី​គណបក្ស​ប្រឆាំង​ម្នាក់​នៅ​ក្នុង​ខេត្ត​នេះ​បាន​ទូរស័ព្ទ​មក​ប្រាប់​លោក​ជុំវិញ​ពី​ការ​តាម​ចាប់​ខ្លួន​លោក​ កែវ ថៃ​ នេះ​ដែរ ក៏​ប៉ុន្តែ​លោក​ថា ​មិន​ទាន់​បាន​ចុះ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ លោក​ចាត់​ទុក​បញ្ហា​នេះ​​ថា ​ជា​ការ​គំរាម​កំហែង​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង​​ធ្វើ​ឲ្យ​ភ័យ​ខ្លាច ដើម្បី​កុំ​ឲ្យ​ពួក​គេ​ហ៊ាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល និង​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​គាំទ្រ​គណបក្ស​ប្រឆាំង៖ «»

ទោះ​ជា​យ៉ាង​ណា​លោក កែវ ថៃ អះអាង​ថា បើ​ទោះ​បី​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​នេះ​ក្ដី​ ក៏​លោក​នៅ​តែ​ប្រកាន់​ជំហរ​មិន​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​នោះ​ទេ ព្រោះ​ប្រសិន​បើ​ទៅ​សុំ​សិទ្ធិ​ គឺ​ជា​ការ​ក្បត់​ឆន្ទៈ​ពលរដ្ឋ និង​ជា​ការ​ទទួល​ស្គាល់​របប​ក្រុង​ភ្នំពេញ​​បាន​​រំលាយ​គណបក្ស​ សង្គ្រោះ​ជាតិ។ លោក​បន្ត​ថា ចាប់​ពី​ពេល​នេះ​ទៅ​​លោក​ផ្អាក​បញ្ចេញ​មតិ​រិះគន់​របប​ក្រុងភ្នំពេញ​តាម​ហ្វេសប៊ុក​មួយ​រយៈ ដើម្បី រក្សា​សុវត្ថិភាព​ផ្ទាល់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល