មន្ត្រី​បក្ស​ប្រឆាំង​នៅ​ខេត្ត​មួយ​ចំនួន​មិន​គាំទ្រ​ការ​បង្កើត​បក្ស​ថ្មី​ដើម្បី​ប្រកួត​បោះឆ្នោត​ឆ្នាំ២០១៨

ដោយ សេក បណ្ឌិត
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​ជួប​ប្រជុំ​គ្នា ពង្រឹង​គណបក្ស​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
Photo Provided

មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​ខេត្ត​មួយ​ចំនួន លើក​ឡើង​ស្រដៀង​គ្នា​ថា គ្មាន​ទេ​ការ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ ២០១៨​ ហើយ​ពួកគេ​ក៏​មិន​គាំទ្រ​ឲ្យ​បង្កើត​បក្ស​ថ្មី​ដែរ។ ការ​លើក​ឡើង​នេះ ក្រោយពេល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​សរសេរ​​​នៅ​ក្នុង​គេហទំព័រ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន ដោយ​ផ្ដល់​ជា​យោបល់​ឱ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ។

ថ្នាក់​ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើកឡើង​ថា ការ​ផ្ដល់​យោបល់​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​មួយ​នេះ បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ គឺ​មិនមែន​ជា​ការ​ផ្សះផ្សា​ជាតិ​ទេ ប៉ុន្តែ​ធ្វើ​ឱ្យ​សង្គមជាតិ​រឹតតែ​បែក​បាក់​ថែម​ទៀត។

ប្រធាន​គណបក្ស​សង្រ្គោះជាតិ ខេត្ត​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា លោក​មិន​គាំទ្រ​ឡើយ ចំពោះ​ការ​ផ្ដល់​យោបល់​ឲ្យ​បង្កើត​គណបក្ស​ថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨ខាងមុខ ព្រោះ​លោក​យល់ថា បើ​បង្កើត​ឡើង គឺ​គង់​តែ​លោក ហ៊ុន សែន រំលាយ​ចោល​វិញ​ដដែល។ បន្ថែម​ពី​នេះ លោក​មិន​គាំទ្រ​ទាល់តែ​សោះ​ចំពោះ​គោល​នយោបាយ​ដែល លោក ហ៊ុន សែន គូស​វាស​ឲ្យ​ដើរ ពីព្រោះ​មិន​អាច​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ បញ្ហា​ទឹក​ដី​បាន​នោះ​ទេ៖ «ប៉ុន្តែ​គាត់​មិន​ក្រឡេក​មើល ខ្មែរ​យ៉ាងម៉េច​ហើយ។ រាល់ថ្ងៃ​គាត់​ឈ្លោះ​បាន​តែ​ខ្មែរ​គ្នា​ឯង​ទេ គាត់​ធ្វើ​បាប​បាន​តែ​ខ្មែរ​ទេ ខ្មែរ​ស្នេហា​ជាតិ ហើយ​បើ​ខ្មែរ​អោប​ករ ខ្មែរ​រណប​គាត់​គឺ​គាត់​ឱ្យ​សុខ​ហើយ»

នៅ​លើ​គេហទំព័រ​ហ្វេសប៊ុក លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី ១៧ ធ្នូ បាន​លើក​ឡើង​ថា ដោយសារ​មាន​ការ​ខ្សឹបខ្សៀវ និង​ប្រឌិត​ព័ត៌មាន​មិនពិត​ដដែល​ជា​ដដែល​អំពី​ការ​រស់​ឡើង​វិញ​នៃ​អតីត​បក្សសង្រោះជាតិ គឺ​ខ្ញុំ​សូម​ផ្ដាំ​ផ្ញើ និង​បញ្ជាក់​សាជាថ្មី​ថា អតីត​បក្ស​ដែល​ត្រូវ​បាន​រំលាយ​ហើយ គឺ​គណបក្ស​សង្រ្គោះជាតិ​ដោយ​សាលដីកា​តុលាការ​កំពូល គឺ​ចប់​ជា​ស្ថាពរ​ហើយ។ លោក​បញ្ជាក់​ថា​ឈ្មោះ​អតីត​បក្ស​នេះ គឺ​នឹង​គ្មាន​កើត​ឡើង​សារ​ជា​ថ្មី​ទៀត​ឡើយ ប៉ុន្តែ​លោក​សូម​អោយ​យោបល់​ខ្លះៗ​ដែល​អាច​មានប្រយោជន៍ ហើយ​កុំ​អោយ​ខាត​ពេល​ច្រើន គឺ​មាន​តែ​វិធី​មួយ​គត់ គឺ​បង្កើត​បក្ស​ថ្មី​ចូលរួម​ប្រកួត​ប្រជែង​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ខាងមុខ គឺ​វា​ប្រសើរ​ជាង​ដើរ​និយាយ​ឃោសនា​មិន​ពិត ហើយ​ខាត​បង់​ពេល​វេលា​កាន់​តែ​ច្រើន។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​បន្ថែម​ថា អ្វី​ដែល​លោក​នាយករដ្ឋមន្ត្រី​លើកឡើង​ជា​ការ​ពិត ពី​ព្រោះ​គណបក្ស​សង្រ្គោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ហើយ​គឺ​ជា​ការ​អនុវត្ត​ទៅតាម​គោលការណ៍​ច្បាប់ ដូច្នេះ​មិន​អាច​រស់​ឡើង​វិញ​បាន​ទេ។ លោក​បន្ត​ថា​បើ​ទោះបីជា មន្ត្រី​គណបក្ស​ប្រឆាំង​ខិតខំ​រក​កិច្ច​អន្តរាគមន៍​ពី​ខាងណា​មក​ក៏​ដោយ ក៏​មិន​អាច​ត្រឡប់​ក្រោយ​បាន​ដែរ ពី​ព្រោះ​ជា​សាលដីកា​សម្រេច និង​បិទ​ផ្លូវ​តវ៉ា៖ «អីចឹង​ខ្ញុំ​យល់​ថា អាស្រ័យ​លើ​ឆន្ទៈ​របស់​បងប្អូន​ទេ។ បងប្អូន​ចង់​បង្កើត​គណបក្ស​ច្បាប់​គេ​ស្វាគមន៍​តើ ព្រោះ​សិទ្ធិពលរដ្ឋ​យើង​មាន។អីចឹង​ទេ យើង​បង្កើត​គណបក្ស​នយោបាយ​សិទ្ធិ​ធំ​ៗ​យើង​មាន។ បើ​ថា​មិន​បង្កើត​ទេ​រង់ចាំ​ឲ្យ​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ​ហើយ​រស់​ឡើង​វិញ ក៏​រង់ចាំ​ទៅ»

ទោះ​បី​យ៉ាង​នេះ​ក្ដី ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្រ្គោះជាតិ ខេត្ត​កំពង់ចាម លោក សាន សឿង អះអាង​​​ថា គណបក្ស​ប្រឆាំង​មួយ​នេះ ជា​គណបក្ស​ដែល​បង្កើត​ឡើង​ស្របច្បាប់​ជាតិ និង​អន្តរជាតិ ហើយ​មាន​ប្រជា​ពលរដ្ឋ​កន្លះ​នគរ បាន​បោះឆ្នោត​ជូន ប៉ុន្តែ​អ្នក​ដែល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​វិញ​ទេ ដែល​ធ្វើ​ឡើង​ដោយ​បំពាន​ច្បាប់ និង​រំលោភ​ឆន្ទៈ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​រាប់​លាន​នាក់។ លោក​មិន​ទាមទារ​ឲ្យ​​បង្កើត​គណបក្ស​ថ្មី​ទៀត​ទេ ប៉ុន្តែ​លោក​ទាមទារ​យក​គណបក្ស​សង្គ្រោះជាតិ​មកវិញ៖ «គាត់​មិន​ចាំបាច់​រំលាយ​គណបក្ស ហើយ​ទៅ​ប្រកាស​ឱ្យ​គេ​បង្កើត​គណបក្ស​ថ្មី ដែល​ធ្វើ​ដូច​ជា​គាត់​ហ្នឹង​ចង់​ផ្សះផ្សា​រួបរួម​ជាតិ។ ខ្ញុំ​ជឿ​ថា អ្វី​ដែល​គាត់​និយាយ​ហ្នឹង​គឺ​សម្រាប់​តែ​ខ្លួន​គាត់​ទេ សម្រាប់​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ហ្នឹង​គេ​ស្គាល់​ហើយ​ពី​ចរិត​នយោបាយ​របស់​គាត់»

ស្រដៀងគ្នា​នេះ​ដែរ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​គណបក្ស​សង្រ្គោះជាតិ លោក ឌឹម សារឿន ​មិន​ចង់​ឲ្យ​បង្កើត​គណបក្ស​ថ្មី​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក ហ៊ុន សែន ទេ គឺ​ចង់​ឲ្យ​រក្សា​គណបក្ស​សង្រ្គោះជាតិ​នៅ​ដដែល និង​មិន​ចង់​ឲ្យ​គណបក្ស​នេះ​បែក​បាក់គ្នា​ឡើយ ទោះ​បី​ក្នុង​កាលទេសៈ​ណា​ក៏ដោយ៖ «ពី​ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​គាត់​ស្គាល់​សង្គ្រោះជាតិ​ជាង ព្រោះ​គណបក្ស​ពីរ​ចូលរួម​គ្នា​ក្លាយ​ជា​សង្រ្គោះជាតិ។ កាលណា​ក្លាយ​ជា​គណបក្ស​សង្រ្គោះជាតិ​យើង​ឈ្នះ លើ​គណបក្ស​រដ្ឋាភិបាល​លោក​ហ៊ុន សែន»

អ្នកវិភាគ​នយោបាយ​ជើងចាស់​លោក បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា សារ​នយោបាយ​របស់​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ជា​ការ​ឆ្លើយ​តប​​ទៅ​នឹង​សម្ពាធ​នយោបាយ​ពី​សំណាក់​គណបក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ប្រជា​ពលរដ្ឋ ព្រមទាំង​សហគមន៍​អន្តរជាតិ ដើម្បី​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្រ្គោះជាតិ និង​លុប​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល ដែល​សម្រេច​រំលាយ​គណបក្ស​មួយ​នេះ។ បន្ថែម​ពី​នេះ លុប​ចោល​បម្រាម​មិន​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ធ្វើ​នយោបាយ និង​វិល​មក​រក​គន្លង​ប្រជាធិបតេយ្យ​វិញ ដោយ​ត្រូវ​រៀបចំ​ការ​បោះឆ្នោត​​មួយ​ត្រឹមត្រូវ​យុត្តិធម៌ ពិសេស​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្រ្គោះជាតិ។ លោក​ថា ការ​បញ្ចេញ​សារ​នយោបាយ​នេះ ជា​តម្រុយ​វិជ្ជមាន​មួយ៖ «នេះ ជា​តម្រុយ​មួយ​ល្អ​ខ្លះ ដោយសារ​ប្រហែល​ជា​គាត់​មាន​តម្រុយ​ ថា​គាត់​ឆ្លើយ​តប​ទៅ​នឹង​សម្ពាធ ហើយ​សម្របសម្រួល​ទៅ​តាម​សម្ពាធ​របស់​ប្រទេស​ហ្នឹង»

អ្នក​វិភាគ​ដដែល មើល​ឃើញ​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​សង្រ្គោះជាតិ​ប្រកាន់​ជំហរ​មិន​បង្កើត​គណបក្ស​ថ្មី និង​ចង់បាន​គណបក្ស​ចាស់​របស់​ខ្លួន​មកវិញ គឺ​មិន​មាន​អ្វី​ខុស​ច្បាប់​ទេ ប្រសិនបើ​រាជរដ្ឋាភិបាល​អនុវត្ត​ទៅតាម​រដ្ឋធម្មនុញ្ញ។ លោក​ផ្ដល់​អនុសាសន៍​ថា ដើម្បី​ស្ដារ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា អ្នកនយោបាយ ពិសេស​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​វិលត្រឡប់​មក​គន្លង​ដើម​វិញ ពីព្រោះ​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​បង្កើត ហើយ​យក​ទៅ​ប្រើប្រាស់​ដើម្បី​រំលាយ​គណបក្ស​ប្រឆាំង​គឺ អធម្មនុញ្ញភាព អសីលធម៌ និង​អយុត្តិធម៌៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (7)
Share

អ្នក​អាន​អនាមិក

Don't fall into Hun Sen trap. Hun Sen just wants to make his own CNRP. Back to 1979-1980 Hun Sen made KPNLF in Phnom Penh to catch thre real KPNLF members who did not know the real KPNLF?

Dec 18, 2017 10:51 AM

អ្នក​អាន​អនាមិក

លោក ហ៑ុន សែន ឈឺចិត្តណាស់ ដែលយកលុយ បុណ្យស័ក្ត ទិញសមាជិកបក្សសង្គ្រោះជាតិមិនបាន
លទ្ធផល លោក ហ៑ុន សែន ចាញ់ ហើយ នឹងឈឺចិត្តស្លាប់ជាមិនខាន

Dec 18, 2017 08:53 AM

អ្នក​អាន​អនាមិក

មិនមែន ខេត្តមួយចំនួនទេ គឺ ទូទាំងប្រទេស : ប្រជាពលរដ្ឋ បក្សសង្គ្រោះជាតិ មិនគាំទ្រ បង្កើតបក្សថ្មី ជាដាច់ខាត ទោះជា តាចាស់ ហ៑ុន សែន ជួយលុយអោយបង្កើត ក៏ដោយ .

Dec 18, 2017 08:15 AM

អ្នក​អាន​អនាមិក

បើបក្សសង្គ្រោះជាតិ ហ៑ានបង្កើតបក្សថ្មី ដូចត្រីចូលស៑ង អីចឹង !
បើបក្សសង្គ្រោះជាតិ ទ្រាំតស៑ូ នោះជ័យជំនះនឹងមាននៅពេលខាមុខ !

Dec 18, 2017 08:05 AM

អ្នក​អាន​អនាមិក

' សហរដ្អអាមេរិក សភាសហភាពអុឺរ៉ុប កុំពុងដាក់ទណ្ឌកម្ម លោក ហ៑ុន សែន និង បក្សពួកខិលខូច មួយក្តាប់តូច ជាបន្តបន្ទាប់ ធ្វើអោយលោក ហ៑ុន សែន ភ័យ ក៏ស្រែកអោយបក្សសង្គ្រោះជាតិ < ដែលត្រូវខ្លួន(ហ៑ុនសែន) រំលាយគេ ដោយល្បិចថោកទាបនោះ > អោយទៅបង្កើតបក្សថ្មីបាន .
' លោក ហ៑ុន សែន និយាយនេះ ស្មានតែបក្សសង្គ្រោះជាតិ ឆោតល្ងង់មិនដឹងពីល្បិច យករួចខ្លួនពីការ គាបសង្កត់របស់សហគមន៍អន្តរជាតិ ឬ .

Dec 17, 2017 10:31 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល