លោក ហ៊ុន សែន អះអាង​ជាថ្មី​ថា​ នឹង​គ្មាន​ការលើកលែង​ជា​កញ្ចប់​ចំពោះ​មន្ត្រី​បក្ស​ប្រឆាំង

ដោយ សុ ជីវី
2018-12-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ថត​រូប​នៅ​រដ្ឋ​សភា​មុន​ចេញ​ដំណើរ​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាល​ពី​​រសៀល​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ថត​រូប​នៅ​រដ្ឋ​សភា​មុន​ចេញ​ដំណើរ​ទៅ​ធ្វើ​សច្ចាប្រណិធាន​នៅ​ព្រះបរមរាជវាំង កាល​ពី​​រសៀល​ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។
RFA/Sek Bandith

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន បាន​បញ្ជាក់​ម្ដង​ទៀត​ថា អ្នកនយោបាយ​បក្ស​ប្រឆាំង​ចំនួន​១១៨​រូប ដែល​ត្រូវ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ទៅតាម​អំណាច​នៃ​សាលដីកា​តុលាការ​កំពូល​ត្រូវ​ស្នើសុំ​ជា​ឯកជន​ទៅ​របប​ក្រុងភ្នំពេញ។

«សូម​កុំ​ភ័ន្ត​ច្រឡំ​ថា លើក​មួយ​កញ្ចប់​តែម្ដង​គឺ​អត់​ទៅ​រួច​ទេ ម្នាក់​ម្ដង​តាម​លក្ខណៈសម្បត្តិ​នៃ​មនុស្ស​ម្នាក់ៗ​តែប៉ុណ្ណោះ»

សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ទៅ​លុប​ចោល​ការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​នោះ ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​រួចហើយ​កាលពី​ថ្ងៃ​ទី​២៥ ធ្នូ។

លោក ហ៊ុន សែន បាន​ឆ្លៀត​ពន្យល់​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំង​អាច​មាន​ផ្លូវ​៣ ក្នុង​ការ​ស្នើសុំ​ការ​លើកលែង​បម្រាម​លើ​ខ្លួន​ក្នុង​នោះ​រួមមាន​៖ ដាក់​សំណើ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឬ​នាយករដ្ឋមន្ត្រី ឬ​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ប៉ុន្តែ​ត្រូវ​ឆ្លងកាត់​នីតិវិធី​រួម​មួយ គឺ​ឆ្លង​យោបល់​នាយករដ្ឋមន្ត្រី និង​ការពិនិត្យ​លក្ខណៈសម្បត្តិ​ដោយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ លោក ហ៊ុន សែន ប្រាប់​អោយ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ពិចារណា​ពី​ខាតបង់​នៅ​ពេល​សម្រេចចិត្ត​មិន​ដាក់​សំណើ​ទៅ​របប​លោក៖ «ពិត​ហើយ​យើង​បាន​ឮ​ថា គេ​មិន​សុំ​បាទ​មិន​សុំ​ខ្ញុំ​អរគុណ ព្រោះ​អ្នក​ត្រូវ​ដឹង​ថា អ្នក​ដែល​មិន​សុំ​ក៏​នឹង​មិនបាន​ចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ សង្កាត់ នៅ​ឆ្នាំ​២០២២ដែរ។ អ្នក​ជ្រើសរើស​ទៅ​រវាង​ម្ខាង​អ្នក​សុំ​អ្នក​នឹង​បា​ន​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ឥឡូវ រៀបចំ​កម្លាំង ដើម្បី​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​២០២២។ ប៉ុន្តែ​បើ​អ្នក​នៅ​ជាប់​បម្រាម​អ្នក​ហ៊ាន​ធ្វើ​នយោបាយ អ្នក​នឹង​ទទួលទោស​បន្ថែម​ទៀត ចំណេញ​ខាត​នៅ​កន្លែង​ណា​អ្នក​គិត​មើល​ទៅ ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ តែ​ច្បាប់​បាន​បើក​ហើយ អ្នក​ចង់​ចេញ​ក៏​ចេញ​អ្នក​ចង់​ចូល​ក៏​ចូល ខ្ញុំ​អត់​បង្ខំ​អ្នក​ទេ ផ្ទុយ​ទៅវិញ​ខ្ញុំ​អរគុណ​អ្នក​ទៅវិញ​ទេ ព្រោះ​ចៀសវាង​ភាព​រញ៉េរញ៉ៃ។ បើ​គ្មាន​ពួក​អ្នក​ទេ​ក៏​មាន ២០​គណបក្ស ឬ​លើស​នេះ​គេ​កំពុងតែ​ធ្វើ​សកម្មភាព​នយោបាយ​ក្នុង​ប្រទេស​ដែរ»

លោក ហ៊ុន សែន ក៏​នៅតែ​អះអាង​ថា លោក​មិន​ខ្វល់​ពី​ការ​កៀបសង្កត់​ណាមួយ ដែល​លោក​ហៅថា​ការ​ជ្រៀតជ្រែក​អធិបតេយ្យភាព​នៃ​របប​លោក​ឡើយ៖ «ខ្ញុំ​មិនមែន​តាំង​ខ្លួន​ជា​អ្នក​យុទ្ធសាស្ត្រ​ទេ ខ្ញុំ​គ្រាន់តែ​ប្រាប់​អ្នក​ថា បើ​អ្នក​ចង់ ហើយ​អ្នក​ត្រូវ​ច្បាស់​ថា មិន​អាច​សម្លាប់​រដ្ឋាភិបាល​ភ្នំពេញ​តាម​អ្វី ដែល​អ្នក​ចង់បាន​នោះ​ទេ។ តាម​អ្វី​ដែល​ហៅថា ការ​កៀបសង្កត់​ពី​ខាងក្រៅ​ទេ អ្នក​មិន​អាច​សម្លាប់​បានទេ។ អ្នក​រង់ចាំ​មើល​ទៅ ខ្ញុំ​និយាយ​ថា ដល់​សេះ​ដុះ​ស្នែង​។ ដំណាក់កាល​នេះ​កម្ពុជា​កំពុងតែ​ធ្វើ​ការ​អភិវឌ្ឍ​ខ្លួន ពិត​ហើយ​យើង​អត់​ធ្វើជា​សត្រូវ​ជាមួយ​អ្នកណា​ទេ ក៏ប៉ុន្តែ​យើង​ក៏​មិន​យក​អធិបតេយ្យ​របស់​យើង​ទៅ​ដូរ​ជាមួយ​ជំនួយ​ណាមួយ​ដែរ»

ច្បាប់​ស្ដីពី​វិសោធនកម្ម​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​មាត្រា ៤៥​ថ្មី (ស្ទួន​មួយ​) ដែល​ទើប​ត្រូវ​បាន​រដ្ឋសភា និង​ព្រឹទ្ធសភា​ឯក​បក្ស​អនុម័ត​នោះ​ចែងថា បុគ្គល​ត្រូវ​បាន​តុលាការ​សម្រេច​ហាមឃាត់​សកម្មភាព​នយោបាយ មិន​អាច​បង្កើត​គណបក្ស​នយោបាយ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណាមួយ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ឬ​ធ្វើ​សកម្មភាព​ណាមួយ​គាំទ្រ ឬ​ប្រឆាំង​គណបក្ស​ណាមួយ​បាន​ឡើយ។ បុគ្គល​ដែល​បាន​តុលាការ សម្រេច​ហាមឃាត់​សកម្មភាព​នយោបាយ​នេះ នឹង​អាច​ទទួល​បាន​វិញ​នូវ​សិទ្ធិ​នយោបាយ​ពេញលេញ​ដោយ​ពេញ​ច្បាប់ បន្ទាប់​ពី​ផុត​រយៈពេល​នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាលដីកា​របស់​តុលាការ​កំពូល ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ ត្រូវ​បាន​ផ្ដល់​នីតិសម្បទា​ឡើងវិញ​ដោយ​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី តាម​សេចក្ដី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល