មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ខេត្ត​ខ្លះ​នឹង​ជំរុញ​មន្ត្រី​របស់​ខ្លួន​ឲ្យ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ

ដោយ វ៉ែន សុមេធ
2017-12-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ។ រូបថត​ថ្ងៃ​ទី​២៧ មេសា ឆ្នាំ​២០១៦
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​​អោយ​ដឹង​ថា មន្ត្រី​ក្រុមប្រឹក្សា​ខេត្ត រហូត​ដល់​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ មួយ​ចំនួន បាន​នាំ​គ្នា​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​រួច​រាល់​ហើយ ប៉ុន្តែ​មាន​មួយ​ចំនួន​មិន​ទាន់​បាន​ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ឡើយ ដោយសារ​ការ​បញ្ជូន​ឯកសារ​ទៅ​ថ្នាក់​ក្រោម​មាន​ភាព​យឺតយ៉ាវ។ ការ​លើក​ឡើង​នេះ ក្រោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ តម្រូវ​ឱ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​បញ្ឈប់​ពី​មុខ​តំណែង​ទាំង​អស់​ត្រូវ​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ និង​ដោះស្រាយ​បំណុល​រយៈពេល​មួយ​ខែ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​ប្រឈម​នឹង​ជាប់​គុក​រយៈពេល​មួយ​ខែ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​លើក​ឡើង​ថា ពួកគេ​នឹង​ជំរុញ​មន្ត្រី​របស់​ខ្លួន​ទាំង​អស់​ឱ្យ​ចូលរួម​ប្រកាស​ទ្រព្យ​សម្បត្តិ​ឱ្យ​ទាន់​ពេលវេលា ជៀសវាង​មាន​បញ្ហា​ប្រឈម​ណា​មួយ​កើត​ឡើង។

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី លោក សោ ចាន់ដេត មាន​ប្រសាសន៍​ថា មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ស្រុក និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ មាន​ចំនួន​ប្រហែល ៧០​ភាគរយ​ហើយ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ទាំង​អស់​ជិត ៣០០​នាក់​ដែល​បាន​ចូលរួម​ប្រកាស​ទ្រព្យ​សម្បត្តិ​រួចរាល់។

លោ​កថា​នឹង​ណែនាំ​មន្ត្រី​របស់​ខ្លួន​ដែល​មិន​ទាន់​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ឱ្យ​ពួកគេ​រួសរាន់​ទៅ​ប្រកាស​ឱ្យ​អស់​នៅ​ក្នុង​សប្ដាហ៍​ក្រោយ ជៀសវាង​ធ្វើ​ឱ្យ​មន្ត្រី​រាជរដ្ឋាភិបាល​មាន​លេស​ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មិន​បាន​ប្រកាស​ទ្រព្យសម្បត្តិ៖ «សូម​អំពាវនាវ​ដល់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​យើង​ត្រូវ​តែ​ទៅ​បំពេញ ជៀសវាង​គេ​យក​លេស​ដើម្បី​ធ្វើ​បាប​យើង។ ទោះបីជា​យើង​យល់​ច្បាស់​ថា ទង្វើ​និង​សកម្មភាព​ដែល​គេ​ធ្វើ​មក​លើ​យើង​អយុត្តិធម៌ និង​បំពាន​ក៏​ពិត​មែន»

កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចេញ​លិខិត​ជូន​ដំណឹង​មួយ​តម្រូវ​ឲ្យ​​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អស់​ដែល​ត្រូវ​បញ្ឈប់​ពី​មុខ​តំណែង​ដោយ​អំណាច​សាលដីកា​របស់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្នុង​រយៈពេល ៣០​ថ្ងៃ​ជា​កំហិត ក្រោយ​ការ​ចាក​ចេញ​ពី​មុខ​តំណែង។ ជាង​នេះ​ទៀត កាល​ពី​ថ្ងៃ​ទី​១២ ធ្នូ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ប្រសិនបើ​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​បញ្ចប់​ពី​មុខ​តំណែង​ទាំង​នោះ​មិន​បាន​ចូលខ្លួន​ប្រកាស​ទ្រព្យសម្បត្តិ​តាម​កាលកំណត់​ទេ ពួកគេ​នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ខែ​ទៀត​ផង។

ចំណែក​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក សាន សឿង លើក​ឡើង​ថា មន្ត្រី​របស់​ខ្លួន​មាន​ចំនួន​តិចតួច​ដែល​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ពីព្រោះ​ពួកគេ​ភាគ​ច្រើន​មិន​ទាន់​ទទួល​បាន​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ​តាម​បែបបទ​រដ្ឋបាល​នៅ​ឡើយ​ទេ៖ «បាន​តិចតួច​ហ្នឹង ដូច​ខ្ញុំ​បញ្ជាក់​មិញ​ហ្នឹង គឺ​ថា​សំខាន់ គាត់​មិន​បាន​ទទួល​ទម្រង់​ហ្នឹង ហើយ​មិន​បាន​ទទួល​ការ​ណែនាំ​អី​ជា​ផ្លូវ​ការ គឺ​គ្រាន់តែ​បាន​ឭ​តៗ​គ្នា»

​លោក សាន សឿង អះអាង​ថា មន្ត្រី​របស់​ខ្លួន​មួយ​ចំនួន​មាន​បំណង​ចង់​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ ប៉ុន្តែ​ខ្លះ​ទៀត​ហាក់​មិន​ចង់​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​ទេ ដោយ​ពួកគេ​យល់​ថា ពួកគាត់​ទើប​នឹង​ចូល​កាន់​តំណែង ហើយក៏​មិន​មាន​ទ្រព្យសម្បត្តិ​អ្វី​ច្រើន​នោះ​ដែរ។ យ៉ាង​នេះ​ក្តី​លោក​ថា ពួកគេ​នឹង​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ការ​កំណត់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រសិន​បើ​ទទួល​បាន​ទម្រង់​បែបបទ ពីព្រោះ​ខ្លាច​ប្រឈម​ផ្លូវច្បាប់​ផ្សេងៗ​ជាដើម។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​មិន​ព្រម​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ​តាម​បញ្ជា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ពីព្រោះ​ពួកគេ​មិន​ទាន់​បញ្ចប់​កាតព្វកិច្ច​នៅ​ឡើយ​ទេ។ លោក​ ​បាន​ពន្យល់​ទៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ពេល​ចូល​កាន់​តំណែង​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ ហើយ​ពេល​បញ្ចប់​តំណែង​ក៏​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​វិញ​ដែរ។

​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង លោក ជា ជាវ អះអាង​ថា មក​ទល់​ពេល​នេះ មន្ត្រី​របស់​ខ្លួន​ចាប់​ពី​​ថ្នាក់​មូលដ្ឋាន​រហូត​ដល់​ថ្នាក់​ក្រុមប្រឹក្សា​ខេត្ត គឺ​មាន​ប្រមាណ ១០​ភាគរយ​ដែល​មិន​ទាន់​បាន​ទៅ​ប្រកាស​ទ្រព្យសម្បត្តិ។ បញ្ហា​នេះ លោក​បញ្ជាក់​ថា ដោយសារ​បែបបទ​រដ្ឋបាល​បញ្ជូន​ឯកសារ ឬ​លិខិត​ប្រកាស​ទ្រព្យសម្បត្តិ​មក​ថ្នាក់​ក្រោម​មាន​ភាព​យឺតយ៉ាវ។ ជាមួយ​គ្នា​នេះ លោក​ស្នើ​ឱ្យ​មន្ត្រី​ធំៗ ថ្នាក់ដឹកនាំ​កំពូល​ត្រូវ​ចូលរួម​ការ​ប្រកាស​ទ្រព្យសម្បត្តិ​នេះ​ឱ្យ​បាន​ទាំង​អស់​គ្នា និង​ត្រូវ​ធ្វើ​ឡើង​ដោយ​បើក​ចំហ​ទៀត​ផង៖ «ប្រកាស​ហ្នឹង​ដូចជា ខ្ញុំ​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ព្រឹទ្ធ​សភា សមាជិក​រដ្ឋ​សភា ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​តែ​កំពូលៗ​ទៅ។ សុំ​ឱ្យ​ប្រកាស​ដោយ​ចំហ»

​សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ស្រុក ក្រុង និង​ខេត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​បាត់ដំបង សរុប​មាន​ជាង ៤០០​នាក់។

​សង្គម​ស៊ីវិល​ធ្លាប់​រិះគន់​អំពី​ទម្រង់​ប្រកាស​ទ្រព្យ​ស​សម្បត្តិ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ថា ធ្វើ​ឡើង​ដោយ​អាថ៌​កំបាំង មិន​បាន​បើក​ចំហ​ឱ្យ​សាធារណជន​បាន​ដឹង និង​ធ្វើ​ឡើង​មិន​បាន​ស្មើភាព​គ្នា​ឡើយ​ ​ដោយ​ខ្សែស្រឡាយ​មេដឹកនាំ​ធំៗ មាន​ទ្រព្យ​សម្បត្តិ​ហូរហៀរ និង​មាន​អ្នក​ខ្លះ​ផ្ញើ​លុយ​នៅ​ធនាគារ​ក្រៅ​ប្រទេស​យ៉ាង​ច្រើន ក្រោយ​ពេល​ពួកគេ​ចូល​កាន់​តំណែង ប៉ុន្តែ​ទ្រព្យសម្បត្តិ​ទាំង​នោះ​គ្មាន​នរណា​ដឹង​ថា បាន​ដោយ​របៀប​ណា និង​មាន​ចំនួន​ប៉ុន្មាន​ពិត​ប្រាកដ​ទេ។

​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា មន្ត្រី​មុខ​ងារ​សាធារណៈ​ដោយ​អាណត្តិ ការ​ប្រកាស​ទ្រព្យសម្បត្តិ​នៅ​ពេល​ចូល​កាន់​តំណែង និង​បញ្ចប់​ពី​មុខ​តំណែង​របស់​ខ្លួន​គឺ​ជា​រឿង​ត្រឹមត្រូវ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​អនុវត្ត​នីតិវិធី​នេះ ធ្វើ​ឡើង​មាន​លក្ខណៈ​ស្តង់ដារ​ពីរ ដូច​ការ​លើក​ឡើង​របស់​សាធារណជន​មួយ​ចំនួន​ប្រាកដ​មែន៖ «អ៊ីចឹង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​បញ្ហា​ដែល​គេ​បាន​លើក​ឡើង ហើយ​ដើម្បី​ធ្វើការ​រិះគន់ ស្ថាបនា​នេះ ឱ្យ​ការ​អនុវត្ត​ច្បាប់​នៅ​ប្រទេស​យើង​មាន​ស្តង់ដារ​តែមួយ»

​មន្ត្រី​សង្គម​ស៊ីវិល​ដដែល​បញ្ជាក់​ថា ដោយសារ​គោលការណ៍​ច្បាប់​ចែង​ថា ការ​ប្រកាស​ទ្រព្យសម្បត្តិ​ត្រូវ​ធ្វើ​ឡើង​ជា​សម្ងាត់ ដូច្នេះ​មិន​អាច​ប្រកាស​ជា​ចំហ​បាន​ទេ ដូច្នេះ​ការ​ប្រឆាំង​អំពើ​ពុករលួយ​ក៏​មិន​សូវ​មាន​ប្រសិទ្ធភាព​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល