មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បារម្ភ​ពី​ការបំផ្លាញ​បដា​ដោះលែង​លោក កឹម សុខា

ដោយ អាស៊ីសេរី
2017.09.29
កឹម សុខា ២០១៦ ៦២២ លោក កឹម សុខា (កណ្ដាល) ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្វាគមន៍​អ្នក​គាំទ្រ​ក្នុង​ខួប​លើក​ទី​២៥ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នា​ទីស្នាក់ការ​គណបក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៦។
RFA

មន្ត្រី​គណបក្សប្រឆាំង ខេត្ត​កំពង់ចាម ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ជន​អនាមិក​ដែល​ប៉ុនប៉ង​បំផ្លាញ​បដា​សុំ​ឱ្យ​ដោះលែង លោក កឹម សុខា នៅមុខ​ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​នៅ​ខេត្ត​កំពង់ចាម។ ការ​ស្នើ​នេះ ក្រោយពេល​មាន​ក្រុម​ជន​អនាមិក ពីរ​នាក់ ចូល​ទៅ​ធ្វើ​សកម្មភាព​បំផ្លាញ​បដា​នោះ កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៩ កញ្ញា ម៉ោង​ប្រមាណ​២ ទាប​ភ្លឺ ប៉ុន្តែ​មិនបាន​សម្រេច។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម ចាត់​ទុក​ការបំផ្លាញ​ស្លាក ថា​ជា​រឿង​នយោបាយ។ ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ លោក សាន សឿង មានប្រសាសន៍ថា កាលពី​ម៉ោង​ប្រមាណ​២ ទាប​ភ្លឺ ថ្ងៃទី២៩ កញ្ញា មាន​មនុស្ស​ចំនួន​ពីរ​នាក់​ដោយ​ពាក់​មួក​សុវត្ថិភាព​ជិត ហើយ​ម្នាក់ ដើរចូល​ទៅ​មុខ ស្នាក់​ការ​គណបក្ស​របស់​ខ្លួន​ទាញ​កន្ត្រាក់​បដា​ដែល​ចង​ដាក់​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​ដោយសារ​ខ្សែ​ចង​បដា​នោះ​មាំ ទើប​ពួកគេ​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច​និង​នាំគ្នា​ចេញទៅ។ ក្រោយមក​ពួកគេ​ទាំងនោះ​ចូល​មក​ធ្វើ​សកម្មភាព​ម្តង​ទៀត ប៉ុន្តែ​មិនបាន​សម្រេច​ដដែល។ មន្ត្រី​គណបក្សប្រឆាំង​រូប​នេះ ហៅ​សកម្មភាព​ប៉ុនប៉ង​បំផ្លាញ​បដា​នោះ​ថា ជា​ការ​បំពារបំពាន​សិទ្ធិ​មក​លើ​គណបក្សប្រឆាំង ដែល​មាន​ច្បាប់​ទទួលស្គាល់​ត្រឹមត្រូវ៖ «វា​ជា​រូបភាព​គំរាមកំហែង​មកដល់​ទីស្នាក់ការ គណបក្ស​នយោបាយ ហើយ​ជាពិសេស​ទៅទៀត​នោះ គំរាមកំហែង​ស្មារតី សមាជិក​សមាជិកា អ្នកគាំទ្រ​គណបក្ស»

បដា​ដែល​មាន​រូបភាព​លោក កឹម សុខា និង​អ្នកគាំទ្រ គណបក្ស​ខ្លួន​ត្រូវ​បាន មន្ត្រី​គណបក្សប្រឆាំង​ខេត្ត​កំពង់ចាម ចង​នៅមុខ​ស្នាក់​គណបក្ស​ខេត្ត​កាលពី​ថ្ងៃ​ទី២៥ កញ្ញា ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ ពីព្រោះ​ពួកគេ​យល់ថា​ការ​ចាប់​ខ្លួន និង​ឃុំខ្លួន​ប្រធាន​គណបក្ស​របស់​ខ្លួន​គឺជា​រឿង​ខុសច្បាប់។

លោក សាន សឿង បន្ថែម​ថា សកម្មភាព​ប៉ុនប៉ង​បំផ្លាញ​បដា​នោះ គឺជា​រឿង​នយោបាយ។ ទន្ទឹម​គ្នា​នេះ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ស្វែងរក​ជនល្មើស មក​ផ្ដន្ទាទោស​តាមច្បាប់​ទៀត​ផង៖ «យើង​ក៏​មាន​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានការណ៍​ដែល​កើតមាន ប៉ុន្តែ​យើង​នៅតែ​រក្សា​ស្លាក​សញ្ញា យើង​នៅតែ​រក្សា​បដា​របស់​យើង ព្រោះ​យើង​យល់ថា ការ​លើក​ឡើង ការ​ទាមទារ​គឺជា​សិទ្ធិ​ទូទៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ»

នៅ​ខេត្ត​កំពង់ចាម បដា​ស្នើ​ឱ្យ​ដោះលែង​លោក កឹម សុខា គឺ​មាន​តែ​នៅ​ស្នាក់​ការ​ខេត្ត​តែមួយ​ប៉ុណ្ណោះ ចំណែក​នៅ​តាម​បណ្ដា​ស្រុក​មិន​ទាន់​មាន​ដាក់​នៅឡើយ​ទេ។ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ទាំង​កណ្ដាល​អធ្រាត្រ កាលពី​យប់​ថ្ងៃទី៣ កញ្ញា ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ ហើយ​លោក​ត្រូវ​បាន​បញ្ជូន​មក​ឃុំខ្លួន នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​ភ្លាមៗ​ដែរ។

កាលពីពេល​ថ្មីៗ​នេះ បដា​រូប​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នោះ នៅ​តាម​តំបន់​ខ្លះ រង​ការ​គំរាមកំហែង និង​បញ្ជា​ឲ្យ​រុះរើ​ចោល​វិញ។ បដា​នៅ​ឯ​ខេត្ត​កំពត​ឯណោះ ត្រូវ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​បួន​នាក់ មក​លួច​ដោះ​ចេញទៅ​ទាំង​យប់។

មន្ត្រី​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ធ្លាប់​លើក​ឡើង​ថា ការ​ដាក់​បដា​ឱ្យ​ដោះលែង​លោក កឹម សុខា គឺជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ទៀត​ផង។ ក៏ប៉ុន្តែ ការ​លើក​ឡើង​បែបនេះ ក៏​ត្រូវ​បាន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ច្រានចោល និង​អះអាង​ថា កា​រលើ​បដា​ដើម្បី​តស៊ូ​មតិ​ដោយ​អហិង្សា ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា គឺជា​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ។

មន្ត្រី​អង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី យល់ថា ការ​លើក​បដា​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​ចំពោះ​ចំណាត់​ការ​របស់​សមត្ថ​កិច្ច និង​ស្នើ​ឱ្យ​តុលាការ​ដោះលែង លោក កឹម សុខា គឺ​ពុំ​មែន​ជា​សញ្ញា​នៃ​បដិវត្តន៍​ទេ ប៉ុន្តែ​វា​ជា​ការ​សម្ដែង​មតិ​ដែល​ស្របតាម​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ៖ «អាហ្នឹង​វា​មិន​មែន​ជា​បដិវត្តន៍​ពណ៌​អី​ទេ វា​ជា​យុទ្ធនាការ​សិទ្ធិ​សម្ដែង​មតិ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ»

លោក​បន្ថែម​ថា ករណី​បែប​នេះ​ប្រសិនបើ​កើតឡើង​ទៅលើ​ស្លាក​សញ្ញា ឬ​បដា​របស់​គណបក្ស​កាន់​អំណាច អាជ្ញាធរ​ប្រាកដជា​មិន​ឱ្យ​ជនល្មើស ឬ​ជនសង្ស័យ​រួចខ្លួន​ទេ ប៉ុន្តែ​សម្រាប់​គណបក្សប្រឆាំង​វិញ​គឺ​ពិបាក​នឹង​ទទួល​បាន​យុត្តិធម៌​ណាស់។ យ៉ាង​នេះ​ក្ដី លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត និង​ចាត់វិធានការ​លើ​ករណី​នេះ បើ​ពុំ​ដូច្នេះ បង្ហាញ​ពី​ភាព​ទន់ខ្សោយ​របស់​មន្ត្រី​មាន​សមត្ថកិច្ច​តែ​ម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។