ពលរដ្ឋខ្មែរ​នៅ​ជប៉ុន ស្នើសុំ​រដ្ឋាភិបាល​ជប៉ុន ឲ្យ​ជួយ​កម្ពុជា​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ

ដោយ សុ ជីវី
2018-08-03
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ហៃ វណ្ណា សកម្មជន និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់​ញត្តិ​នៅ​ក្រសួង​ការបរទេស ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ ២០១៨។
លោក ហៃ វណ្ណា សកម្មជន និង​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ដាក់​ញត្តិ​នៅ​ក្រសួង​ការបរទេស ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ ២០១៨។
រូបថត​ពី​ហ្វេសប៊ុក​លោក ហៃ វណ្ណា

ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​ជប៉ុន កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី និង​ជួយ​កម្ពុជា​ឲ្យ​វិល​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​វិញ បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា ការ​បោះ​ឆ្នោត​កន្លង​ទៅ​ជា​ការ​បោះ​ឆ្នោត​ក្លែងក្លាយ និង​បាន​សម្លាប់​របប​លទ្ធិ​ប្រជាធិបតេយ្យ។ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច ចាត់​ទុក​ការ​ស្នើសុំ​របស់​ពលរដ្ឋ​ខ្មែរ​នេះ ជា​រឿង​ឆោត​ល្ងង់។ អ្នក​វិភាគ​យល់​ថា ការ​ស្នើសុំ​នេះ​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ពិចារណា ព្រោះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ធំ​នៅ​អាស៊ី។

ក្រោយ​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ដែល​ផ្តល់​ឱកាស​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី និង​ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន បាន​ចេញ​មុខ ប្រកាស​ប្រឆាំង​ដាច់​ខាត និង​ស្នើសុំ​ឲ្យ​ម្ចាស់​ប្រទេស​ដែល​ពួក​គេ​កំពុង​រស់នៅ កុំ​ទទួល​ស្គាល់​រដ្ឋាភិបាល​នៃ​របប​លោក ហ៊ុន សែន និង​ជួយ​កម្ពុជា ឲ្យ​វិល​ទៅ​រក​ប្រទេស​មាន​នីតិរដ្ឋ គោរព​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ពេញ​លេញ។

សកម្មជនគណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាង​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន លោក ហៃ វណ្ណា ថ្លែង​ប្រាប់​អាស៊ី​សេរី​ថា កាល​ពី​ថ្ងៃ​ទី២ ខែ​សីហា លោក និង​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​នៃ​គណបក្ស​ប្រឆាំង​លោក ញ៉យ ចំរើន បាន​យក​ញត្តិ​ស្នាម​មេដៃ និង​ឈ្មោះ​ពលរដ្ឋ​ខ្មែរ​ជាង ៥​រយ​នាក់ ដាក់​ជូន​រដ្ឋមន្ត្រី ក្រសួង​ការ​បរទេស​ជប៉ុន លោក ថារ៉ូ គួណូ (Taro Kono)។ ក្នុង​ខ្លឹម​សារ​ញត្តិ​នោះ ពលរដ្ឋ​ខ្មែរ​ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត​ក្លែងក្លាយ​ និង​មិន​​ទទួល​ស្គាល់​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ​នេះ​ទេ។ ប្រជា​ពលរដ្ឋ​ខ្មែរ បន្ត​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ប្រទេស​ជប៉ុន ​ជួយ​ខ្មែរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​រក​គន្លង​ប្រជាធិបតេយ្យ​វិញ។ លោក ហៃ វណ្ណា ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ជប៉ុន ក៏​បាន​ឆ្លើយ​តប​ចំពោះ​ការ​ស្នើសុំ​នេះ​ដែរ ដោយ​សន្យា​ថា នឹង​ជួប​ជជែក​ជាមួយ​រដ្ឋមន្ត្រី ក្រសួង​ការ​បរទេស​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ ដើម្បី​និយាយ​អំពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «»

ក្នុង​ញត្តិ​នោះ ពលរដ្ឋ​ខ្មែរ ក៏​សម្តែង​ការ​សាទរ និង​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​សម្រេច​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​អង្កេត​ការណ៍​បោះ​ឆ្នោត​ក្លែង​ក្លាយ​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ថា ការ​ស្នើសុំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​នេះ គឺ​ជា​រឿង​ឆ្គួត​លីលា ដែល​លោក​ជឿ​ថា រដ្ឋាភិបាល​ជប៉ុន មិន​ធ្វើ​តាម​ឡើយ។ លោក​អះអាង​ថា ជប៉ុន មាន​ជំហរ​រឹងមាំ មិន​ចេះ​មាត់​ក ឬ​ធ្វើ​ឲ្យ​ច្របូកច្របល់​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ឡើយ៖ «»

កាល​ពី​ថ្ងៃ​ទី២៨ និង​ថ្ងៃ​ទី២៩ ខែ​កក្កដា ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​នៅ​ប្រទេស​ជប៉ុន បាន​ចេញ​តវ៉ា​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដោយ​ពួក​គេ​បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​បោះ​ឆ្នោត​គាំទ្រ​របប​លោក ហ៊ុន សែន ដែល​តែងតែ​រំលោភ​សិទ្ធិមនុស្ស បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ និង​មិន​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា រីក​ចម្រើន​ត្រឹមត្រូវ។

សមាជិកក្រុម​អ្នក​វិភាគ​វ័យ​ក្មេង លោក បុង ដែត មាន​មតិ​ថា ប្រទេស​ជប៉ុន​អាច​នឹង​ពិចារណា​ចំពោះ​ការ​ស្នើសុំ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ព្រោះ​ប្រទេស​ជប៉ុន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ និង​ជា​គំរូ​មួយ​នៅ​តំបន់​អាស៊ី។ ទោះ​យ៉ាង​ណា​ក្តី ជប៉ុន​ក៏​នឹង​មិន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជា​សាធារណៈ​ប្រឆាំង ឬ​គាំទ្រ​ការ​បោះ​ឆ្នោត​នោះ​ដែរ ដើម្បី​បង្ហាញ​ថា ជប៉ុន​ប្រកាន់​ជំហរ​កណ្តាល។ ប៉ុន្តែ​រដ្ឋាភិបាល​ជប៉ុន ប្រាកដ​ជា​និយាយ​ដោយ​ផ្ទាល់​ជា​មួយ​គណបក្ស​កាន់​អំណាច​ឲ្យ​កែប្រែ​កម្ពុជា​ទៅ​រក​ប្រទេស​ប្រជាធិបតេយ្យ​វិញ៖ «»

នៅ​ក្រោយ​ការបោះឆ្នោតដែល​រៀបចំ​ផ្ដាច់មុខ​ដោយ​របប​ក្រុង​ភ្នំពេញ គេ​ឃើញ​មាន​តែ​ប្រទេស​កម្មុយនីស្ត​មួយ​ចំនួន មាន​ដូច​ជា ប្រទេស​ចិន ឡាវ និង​វៀតណាម​ជាដើម បាន​ប្រកាស​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា មាន​ភាព​សេរី និង​ត្រឹមត្រូវ​អាច​ទទួល​យក​បាន និង​ចួលរួម​សាទរ​គណបក្ស​កាន់​អំណាច ដែល​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី ក្រោយ​កម្ចាត់​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ពី​ឆាក​នយោបាយ។

ដោយឡែក ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន ដូចជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប កាណាដា ញូវហ៊្សីឡែន បារាំង អាល្លឺមង់ និង​អង់គ្លេស​ជាដើម បាន​វាយ​តម្លៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ថា គ្មាន​ភាព​សេរី និង​យុត្តិធម៌ និង​បង្ហាញ​ពី​បរាជ័យ​យ៉ាង​ធំ​បំផុត​នៃ​ប្រព័ន្ធ​ប្រជាធិបតេយ្យ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។ ការ​អះអាង​បែប​នេះ ព្រោះ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ យល់​ថា បរិយាកាស​នយោបាយ​ទាំង​មុន និង​អំឡុង​ពេល​បោះ​ឆ្នោត មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ដោយសារ​តែ​ការ​ផាត់​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ដាក់​ពន្ធនាគារ​ហាមឃាត់​សិទ្ធិ​នយោបាយ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ចំនួន ១១៨​រូប និង​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​រឹតត្បិត​សិទ្ធិ​សេរីភាព​បក្ស​ប្រឆាំង អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជា​ដើម។ រីឯ​ប្រទេស​ជប៉ុន ដែល​ជា​ម្ចាស់​ជំនួយ​បោះ​ឆ្នោត​ដល់​កម្ពុជា ក៏​មិន​បាន បង្ហាញ​ជំហរ​ណា​មួយ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឡើយ បន្ទាប់​ពី​ប្រកាស​មិន​បញ្ជូន​អ្នក សង្កេតការណ៍​របស់​ខ្លួន​នោះ។

ប្រជាពលរដ្ឋ​ខ្មែរ នៅ​ប្រទេស​ជប៉ុន ក៏​មាន​គម្រោង​ធ្វើ​បាតុកម្ម​សម្តែង​មតិ នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ដែរ ដើម្បី​ប្រឆាំង​រដ្ឋាភិបាល ដែល​បង្កើត​ថ្មី​ឡើង​ដោយ​របប​លោក ហ៊ុន សែន និង​ទាមទារ​ឲ្យ​ប្រទេស​ជប៉ុន ជួយ​អនុវត្ត​នូវ​សំណើសុំ​របស់​ពួក​គេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល