គណបក្ស​ប្រឆាំង​ផ្ញើ​លក្ខន្តិកៈ​ផ្ទៃក្នុង​បក្ស​ទៅ​ក្រសួង​មហាផ្ទៃ

ដោយ ម៉ម មុនីរតន៍
2017-03-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ផ្ដល់​បទសម្ភាសន៍​ក្រោយ​កិច្ច​ប្រជុំ​នា​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Sorn Chanratha

គណបក្ស​ប្រឆាំង​បាន​ផ្ញើ​លិខិត​ជា​ផ្លូវការ​អំពី​លក្ខន្តិកៈ​ផ្ទៃក្នុង​ឲ្យ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិនិត្យ ស្រប​ពេល​មាន​ភាព​ចម្រូងចម្រាស​រឿង​ការ​ដឹកនាំ​ក្បាល​ម៉ាស៊ីន ក្រោយ​សមាជ​វិសាមញ្ញ​កាល​ពី​ដើម​ខែ​មីនា កន្លង​ទៅ​នេះ។

លិខិត​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​ថា គណបក្ស​ប្រឆាំង​ថ្លែង​អំណរគុណ​ចំពោះ​លោក ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បើក​ផ្លូវ​ឲ្យ​តំណាង​គណបក្ស​ប្រឆាំង និង​ក្រសួង​មហាផ្ទៃ បាន​ជួប​ពិគ្រោះ​យោបល់​កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​មីនា។

លិខិត​បញ្ជាក់​ថា ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ស្ថានភាព​ជាក់ស្ដែង គណបក្ស​ប្រឆាំង​បាន​ផ្ញើ​លក្ខន្តិកៈ​របស់​គណបក្ស​ខ្លួន ដែល​បាន​ធ្វើ​វិសោធនកម្ម​តាម​រយៈ​សមាជ​វិសាមញ្ញ ត្រង់​ប្រការ​៤៥ និង​ប្រការ​៤៧ កាល​ពី​ថ្ងៃ​ទី​២ ខែ​មីនា នោះ​ទៅ​ក្រសួង​មហាផ្ទៃ។ ចំពោះ​ករណី​ដែល​មិន​ទាន់​ស្រប​គ្នា គណបក្ស​ប្រឆាំង​នឹង​រៀបចំ​កែសម្រួល ក្រោយ​ពេល​លក្ខន្តិកៈ​គណបក្ស ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ រួច។

ទាក់ទិន​រឿង​នេះ លោក អេង ឆៃអ៊ាង អនុ​ប្រធាន​គណបក្ស​ប្រឆាំង បញ្ជាក់​ថា លិខិត​ចុះ​ថ្ងៃ​ទី​៣០ ខែ​មីនា នោះ​គឺ​ជា​លិខិត​ផ្លូវការ​របស់​គណបក្ស​ដែល​បាន​ដាក់​ជូន​ក្រសួង​មហាផ្ទៃ ពិត​ប្រាកដ​មែន​ហើយ៖ «យើង​ត្រូវ​បញ្ជូន​លក្ខន្តិកៈ​ហ្នឹង​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ឲ្យ​លោក​តម្កល់​នៅ​ក្រសួង។ អ៊ីចឹង​ក្រសួង​មហាផ្ទៃ ពិនិត្យ​ទៅ បើ​សិន​លក្ខន្តិកៈ​យើង​ហ្នឹង​សមស្រប​តាម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ ស្រប​ស្អីៗ​អស់​ហើយ ស្រប​ទៅ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​រួច​អស់​ហើយ អា​ហ្នឹង​តាម​ធម្មតា​គឺ​គេ​ត្រូវ​ចុះ​បញ្ជី​តម្កល់​ទុក​ឲ្យ​យើង ហើយ​គេ​បោះត្រា​រួច​ហើយ​គេ​ផ្ញើ​ត្រឡប់​មក​ឲ្យ​យើង​មួយ​ច្បាប់​វិញ»

រហូត​មក​ដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ នៅ​ពុំ​ទាន់​បាន​បញ្ជាក់​ជំហរ​បែប​ណា​នៅ​ឡើយ​ទេ ចំពោះ​ការ​បន្ទន់​ឥរិយាបថ​មួយ​ជំហាន​ទៀត របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល