អ្នកគាំទ្របក្សប្រឆាំងរិះគន់ថា ក្រសួងការងារ ដែលឲ្យកម្មករឈប់ ៣ថ្ងៃទៅបោះឆ្នោតខាងមុខ ជារឿងចម្លែក
2018.06.16
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅខេត្តមួយចំនួនរិះគន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជូនដំណឹងទៅម្ចាស់រោងចក្រសហគ្រាសទាំងអស់ អនុញ្ញាតឲ្យកម្មករឈប់សម្រាកចំនួន៣ថ្ងៃ ដើម្បីទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដាខាងមុខថា ជារឿងចម្លែកមួយដោយសារតែភ័យខ្លាចមិនមានអ្នកទៅបោះឆ្នោត ដែលមិនអាចឲ្យលោក ហ៊ុន សែន អាចបន្តអំណាចទៅមុខទៀតបាន។
អ្នកគាំទ្រ គណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបងម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី១៦ មិថុនាថា ក្រសួងការងារប្រហែលរងសម្ពាធពីលោក ហ៊ុន សែន ហើយបានជាខំប្រឹងអស់ពីលទ្ធភាព ដើម្បីជំរុញកម្មករបានទៅបោះឆ្នោតនៅពេលខាងមុខ ដែលខុសពីការបោះឆ្នោតឃុំសង្កាត់កន្លងទៅក្រសួងមួយនេះនៅស្ងាត់ឈឹង ហើយបែរជាអះអាងថា នោះជាសិទ្ធិរបស់ថៅកែរោងចក្រ។ អ្នកគាំទ្របក្សប្រឆាំងរូបនេះ អះអាងទៀតថា យុទ្ធនាការរបស់ក្រសួងនេះ ដោយសារតែភ័យស្លន់ស្លោខ្លាចប្រជាពលរដ្ឋទៅបោះឆ្នោតមិនបាន ៥០ភាគរយ ហើយធ្វើឲ្យមន្ត្រីគណបក្សប្រជាជនកម្ពុជាមិនអាចបន្តក្រាញអំណាចទៅមុខទៀតបាន៖ «»
ចំណែកអ្នកគាំទ្រគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យម្នាក់ទៀតថ្លែងថា បើទោះបីជាក្រសួងការងារខំប្រឹងយ៉ាងនេះក្ដី ក៏មិនអាចទទួលបានលទ្ធផលដែរ ព្រោះកម្មករភាគច្រើនបានស្គាល់ក្រយៅលោក ហ៊ុន សែន ច្បាស់ហើយ ដែលកន្លងមក ថៅកែរោងចក្រតែងតែធ្វើទុក្ខបុកម្នេញ គាបសង្កាត់សិទ្ធិការងារមកលើពួកគេ ដែលបណ្ដាលឲ្យក្រុមកម្មករងើបតវ៉ាជាបន្តបន្ទាប់នោះ៖ «»
រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក អ៊ិត សំហេង កាលពីថ្ងៃទី១៣ មិថុនាបានចេញលិខិតជូនដំណឹងដល់ម្ចាស់រោងចក្រ សហគ្រាសទាំងអស់ ត្រូវអនុញ្ញាតដល់ក្រុមកម្មករឲ្យបានឈប់សម្រាកចំនួន៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដាខាងមុខ ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការងារទៀងទាត់ជូនកម្មករដដែល ដើម្បីសម្រួលដល់ពួកគេបានទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខ។ ក្រសួងលើកហេតុផលថា ដោយសារមានលិខិតស្នើពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការ ខុមហ្រែល (Comfrel) លោក កន សាវាង្ស កត់សម្គាល់ថា ការខ្វល់ខ្វាយរបស់ក្រសួងការងារនេះ គឺជាការអនុវត្តន៍ស្តង់ដារ២ ដែលខុសពីការបោះឆ្នោតកាលពីឆ្នាំ២០១៧ កន្លងទៅ ដែលកាលនោះ ទាំងសង្គមស៊ីវិល និងគណបក្សប្រឆាំង មានការព្រួយបារម្ភខ្លាចថៅកែរោងចក្រមិនអនុញ្ញាតកម្មករបានទៅបោះឆ្នោត ហើយសង្គមស៊ីវិលក៏បានទទូចឲ្យក្រសួងជួយជំរុញដល់ម្ចាស់រោងចក្រសហគ្រាស ដើម្បីឲ្យកម្មករបានឈប់សម្រាកមួយថ្ងៃទៅចូលរួមបោះឆ្នោតដែរ ប៉ុន្តែក្រសួងមិនបានអើពើនោះទេ៖ «»
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ដែលប្រព្រឹត្តិទៅនៅខែកក្កដាខាងមុខ មានគណបក្សចូលរួមប្រកួតប្រជែងចំនួន ២០ ប៉ុន្តែជ័យជម្នះ ត្រូវបានអ្នកជំនាញព្យាករមុនរួចទៅហើយថា នឹងបានទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចជាង ៣០ឆ្នាំទៅហើយនោះ។ មូលហេតុសំខាន់ គឺដោយសារអវត្តមានបក្សសង្គ្រោះជាតិក្នុងការបោះឆ្នោត ខណៈបក្សដែលចូលរួមប្រកួតប្រជែងទាំង ១៩ នោះ ភាគច្រើនមិនសូវមានការគាំទ្រពីពលរដ្ឋប៉ុន្មាននោះទេ ដោយសារជាបក្សទើបបង្កើតថ្មី ឬជាបក្ស ដែលពលរដ្ឋលែងគាំទ្ររួចទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។