អ្នក​គាំទ្រ​បក្ស​ប្រឆាំង​រាប់​ពាន់​នាក់​ត្រៀម​ទៅ​ទទួល​លោក សម រង្ស៊ី ត្រឡប់​​មក​កម្ពុជា ដោយ​មិន​ខ្លាច​អាជ្ញាធរ​ចាប់ខ្លួន

ដោយ សុ ជីវី
2019.01.22
សម រង្ស៊ី ត្រឡប់​មក​កម្ពុជា ២០១៤ ៨៥៥ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA
RFA

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​មួយ​ចំនួន បាន​ត្រៀម​សកម្មជន​និង​អ្នក​គាំទ្រ​គណបក្ស​ខ្លួន​​រាប់ពាន់​នាក់​ ដើម្បី​ទៅ​ទទួល​ស្វាគមន៍​ប្រធាន​ស្ដីទី​គណបក្ស​ សង្គ្រោះ​ជាតិ​ គឺ​​លោក សម រង្ស៊ី​ វិល​ត្រឡប់​ចូល​ស្រុក​វិញ​នៅ​ពេល​ខាង​មុខ​។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​​របប​ក្រុងភ្នំពេញ មិន​ជឿ​ថា​លោក​ សម រង្ស៊ី​ ហ៊ាន​វិល​មក​កម្ពុជា​ដូច​ការ​អះអាង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង​នោះ​ឡើយ។

​​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​តាម​ខេត្ត​អះអាង​ថា​ ពួកគាត់​បាន​ប្ដេជ្ញា​រួម​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ​ទៅ​អម​ដំណើរ​លោក​ សម រង្ស៊ី​ វិល​ចូល​ស្រុក​វិញ​ឲ្យ​ទាល់​តែ​បាន​ ហើយ​​​មិន​ខ្លាច​អាជ្ញាធរ​គំរាមកំហែង​ចាប់​ដាក់​គុក​នោះ​ឡើយ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​លោក​ ថាន សុរិទ្ធិ មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​មករា​ថា ពួកគាត់​នៅ​តាម​មូលដ្ឋាន​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ នៅ​ពេល​ទទួល​ដំណឹង​ជាក់លាក់​ពី​ថ្នាក់​ដឹក​នាំ​គណបក្ស​ខ្លួន​នៅ​ឯនាយ​សមុទ្រ ហើយ​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​គណបក្ស​ជិត​១ពាន់​ហើយ​ដែល​បាន​ត្រៀម​​ចាំ​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​។ លោក​អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​ថ្មីៗ របប​លោក​ហ៊ុន សែន​ បាន​ចាប់​សកម្មជន​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់​ក៏​ដោយ​ ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ព្រោះ​ពួកគាត់​យល់​ថា​ មាន​តែ​ការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ទេ​ដែល​អាច​យក​ឈ្នះ​របប​ដឹក​នាំ​សព្វ​បាន៖ «មូលហេតុ​សំខាន់​គាត់​យល់​ថា​ស្ថានភាព​នៅ​កម្ពុជា​ វា​អាច​ជួប​រឿង​មិន​ល្អ​ទាក់​ទង​នឹង​សេដ្ឋកិច្ច​ និង​​ប្រជាធិបតេយ្យ​ ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​របស់​ពួកគាត់​ច្រើន​ណាស់​ ជាពិសេស​ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់​ដែល​របប​លោក​ហ៊ុន ភ្លន់​តំណែង​មេឃុំ​ចៅសង្កាត់​ពី​ពួកគាត់​​​ដែល​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ»

ចំណែក​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បាត់ដំបង​ឯណោះ​វិញ​ គឺ​លោក ឌឹម សារឿន​ ថ្លែង​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​២២​មករា​ មាន​សកម្មជន ដែល​ស្រឡាញ់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​តិច​ជាង​១ពាន់​ទេ​ដែល​បាន​​ប្ដេជ្ញា​ទៅ​ចូល​រួម​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នោះ៖ «យើង​ប្ដេជ្ញា​ចិត្ត​ថា​ទោះ​ជា​មាន​ការរារាំង​យ៉ាង​ណា​ក៏​នៅ​តែ​ឲ្យ​គោលដៅ​កន្លែង​ទទួល​លោក សម រង្ស៊ី​ ហើយ​គេ​ធ្វើ​បាប​យើង​យូរ​ហើយ​បើ​យើង​មិន​ទៅ​ទទួល​គាត់​មក​វិញ​ទេ គេ​រឹត​តែ​ធ្វើ​បាប​យើង​ច្រើន​ជាង​នេះ​ទៀត​​ ដូច្នេះ​ហើយ​កម្លាំង​យើង​ច្រើន​ត្រូវ​តែ​ទទួល​គាត់​។ព្រោះ​ប្រជាធិបតេយ្យ​មិនមែន​បាន​ដោយ​ងាយ​ស្រួល​ទេ​ទាល់​តែ​យើង​តស៊ូ​ទាំង​អស់​គ្នា។ទោះ​បី​ជា​ខ្ញុំ​ស្លាប់​​តែ​កូន​ខ្ញុំ​រស់​ តែ​បើ​មិន​យើង​ប្ដូរ​ខ្លះ​ទេ​ អាច​ក្មេងៗ​ជំនាន់​ក្រោយ​គេ​ស្ដី​បន្ទោស​យើង​ថា​មិន​ចេះ​គិត​គួរ​រឿង​ប្រទេស​ជាតិ»

លោក​បន្ត​ថា ស្ថានការណ៍​សព្វ​ថ្ងៃ​មាន​តែ​លោក សម រង្ស៊ី​ និង​លោក ​កឹម សុខា ទេ​ដែល​អាច​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឲ្យ​រស់​ឡើង​វិញ​បាន​ ដូច្នេះ​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ពួកគាត់​ក្នុង​ការ​ចូល​រួម​គាំទ្រ​នយោបាយ ដើម្បី​ឲ្យ​កម្ពុជា​មាន​មុខ​មាត់​ប្រសើរ​ឡើង​វិញ​​នៅ​លើ​ឆាក​អន្តរជាតិ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ សុខហួ មានប្រសាសន៍​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី​២១​មករា​ថា លោក សម រង្ស៊ី នឹង​វិល​ចូល​ស្រុក​វិញ នៅ​​អំឡុង​ពេល​៣ខែ​ខាង​មុខ​ ដើម្បី​ទៅ​ចូល​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ការ​សម្រេច​វិល​ចូល​ស្រុក​នេះ​ធ្វើ​ឡើង​ដោយ​ការ​ប្រជុំ​ថ្នាក់​ដឹក​គណបក្ស​ប្រឆាំង​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២០ មករា។

ទាក់​ទង​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា លោក​ សម រង្ស៊ី​ ជា​មាន់​សម្ល​ដែល​ជល​បាន​តែ​នៅ​ក្រៅ​សង្វៀន​​ ដូច្នេះ​លោក​មិន​ហ៊ាន​វិល​ចូល​មក​កម្ពុជា​វិញ​ឡើយ​ ព្រោះ​មាន​ឧទាហរណ៍​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​​ ដែល​ប្រធាន​ស្ដីទី​គណបក្ស​រូប​នេះ​ថា​វិល​ចូល​ស្រុក​ ប៉ុន្តែ​មិន​បាន​ត្រឡប់​​មក​វិញ​ដូច​ការ​អះអាង​នោះ​ទេ៖ «ឥឡូវ​នេះ​ដោយសារ​ភាព​មិន​ខ្លា​ហាន​នេះ​ហើយ​យើង​ឃើញ​ការ​បញ្ចេញ​សារ​របស់​គាត់​ឬ​ក្រុម​របស់​គាត់​នឹង​ត្រូវ​តែ​មាន​អ្នក​នាំ​គាត់​មក​ ប៉ុន្តែ​យើង​ដឹង​​កម្ពុជា​មាន​អធិបតេយ្យ​ភាព​ ហើយ​អ្នក​នាំ​មក​យើង​ចាត់​ទុក​គាត់​ជា​ភ្ញៀវ​របស់​កម្ពុជា​ទេ​ ហើយ​ខ្លួន​គាត់​នៅ​តែ​ប្រឈម​ជា​មួយ​តុលាការ​នោះ​ឯង​ ប៉ុន្តែ​និយាយ​ឲ្យ​ចំ​ទៅ​រដ្ឋាភិបាល​ស្វាគមន៍​ឲ្យ​គាត់​មក​កម្ពុជា​វិញ»

អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​រូប​នេះ ក៏​បាន​ព្រមាន​ដល់​​អ្នក​ដែល​ត្រៀម​ទៅ​ទទួល​លោក សម រង្ស៊ី ត្រូវ​សុំ​ច្បាប់​ពី​អាជ្ញាធរ​ដែន​ដី​ឲ្យ​បាន​ត្រឹម​ត្រូវ បើ​មិន​ដូច្នោះ​ទេ​ ពួកគាត់​ក៏​ប្រឈម​នឹង​ការ​មាន​ទោស​ដែរ។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែន​ករុណា លើក​ឡើង​ថា ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​មិន​បាន​ដាក់​ទោស​ទៅ​លើ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​ស្វាគមន៍​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​នោះ​ទេ ព្រោះ​ជា​សិទ្ធិ​សេរីភាព​ក្នុង​ការ​គាំទ្រ​គណបក្ស​នយោបាយ​។លោក​បន្ថែម​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​គាំទ្រ​គណបក្ស​នយោបាយ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ព្រោះ​កន្លង​មក​ គណបក្ស​កាន់​អំណាច​តែង​ធ្វើ​ការ​បិទ​ផ្លូវ​ជា​ច្រើន​ថ្ងៃ ដើម្បី​​ការ​ជួប​ប្រ​ជុំ​គ្នា​ឬ​ការ​រៀបចំ​ពិធី​សម្ពោធ​អ្វី​មួយ៖ «ដូច្នេះ​ហើយ​អ្នក​នយោបាយ​កាលណា​គាត់​មាន​អ្នក​គាំទ្រ​ ហើយ​អ្នក​គាំទ្រ​បង្ហាញ​ពី​ការ​គាំទ្រ​ណា​មួយ​ដោយ​សន្តិវិធី​​ ដោយ​អហិង្សា​យើង​គិត​ថា​វា​ជា​សេរីភាព​ក្នុង​ការ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ផង​ដែរ​។ហើយ​ក្នុង​នោះ​ក៏​យើង​មាន​កតិកា​សញ្ញា​ស្ដី​ពី​សិទ្ធិ​ធ្វើ​នយោបាយ​ដែល​ជា​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ​នោះ​ក៏​កម្ពុជា​យើង​ហត្ថលេខី​ទទួល​ស្គាល់​យក​មក​អនុវត្ត​នៅ​កម្ពុជា​ផង​ដែរ»

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ ក៏​សម្ដែង​ការ​ព្រួយបារម្ភ​ពី​ការ​វិល​ស្រុក​វិញ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​ដែរ ព្រោះ​លោក​ សម រង្ស៊ី មាន​អ្នក​គាំទ្រ​ដល់​ទៅ​រាប់​លាន​នាក់​ឯ​ណោះ ដែល​ងាយ​​នឹង​មាន​ការ​ប៉ះពាល់​ទង្គិច​គ្នា​ដោយ​ហិង្សា​កើត​ឡើង​បាន​ ប្រសិន​បើ​អាជ្ញាធរ​ធ្វើ​ការ​បង្ក្រាប​​ទៅ​លើ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ដូច​ដែល​លោក​ហ៊ុន សែន​ ធ្លាប់​បាន​គំរាម​កម្ទេច​គណបក្ស​​រួច​មក​ហើយ​​នោះ។ លោក សឹង សែន​ករុណា អំពាវនាវ​ឲ្យ​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ​ទាំង​សង្ខាង​បញ្ចៀស​​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា ដោយ​មាន​​ការ​ជជែក​គ្នា​រក​ដំណោះ​ស្រាយ​​ជា​មុន​ប្រសើរ​ជាង​​ការ​ប្រឈម​មុខ​ដាក់​គ្នា​ នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។