មន្ត្រី​បក្ស​ប្រឆាំង​ខេត្ត​ស្វាយរៀង​ថា​អាជ្ញាធរ​នៅ​បន្ត​តាមដាន និង​ចែចូវ​ឲ្យ​ចុះចូល​បក្ស​កាន់​អំណាច

ដោយ វ៉ែន សុមេធ
2017-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
មេឃុំ​មក​ពី​គណបក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០១៧។
Photo provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង ឲ្យ​ដឹង​នៅ​ថា អាជ្ញាធរ​រដ្ឋាភិបាល​នៅតែ​បន្ត​តាមដាន​មន្ត្រី​បក្ស​សង្គ្រោះជាតិ និង​ព្យាយាម​ចែចូវ​ពួកគេ​ឲ្យ​ចុះចូល ជាមួយ​បក្ស​កាន់អំណាច​ច្រើន​សា ដោយ​សន្យា​រក្សា​តំណែង និង​ប្រាក់ខែ។ ពួកគេ​អះអាង​ថា មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន បង្ខំចិត្ត​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ដោយ​បារម្ភ​ពី​សុវត្ថិភាព​ក្រុម​គ្រួសារ បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ផ្នែក​នយោបាយ​ដោយ​អាជ្ញាធរ​បក្ស​កាន់អំណាច។

មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ខែត្រ​ស្វាយរៀង​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​បក្ស​សង្គ្រោះជាតិ​ត្រូវ​រំលាយ​ក្ដី តែ​អាជ្ញាធរ​មកពី​បក្ស​កាន់អំណាច និង​អធិការ​ស្រុក​មួយ​ចំនួន​នៅ​ខែត្រ​ស្វាយរៀង បាន​យក​តួនាទី បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មក​បញ្ចុះបញ្ចូល​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះជាតិ​ឲ្យ​ចូលរួម​ជាមួយ​បក្ស​កាន់​អំណាច។

ជំទប់​ទី២ ឃុំ​រមាំងកោ ស្រុក​ស្វាយទាប ខែត្រ​ស្វាយ​រឿង លោក វិចិត្រ ងួន ឲ្យ​ដឹង​ថា មេឃុំ​មក​ពី​បក្ស​កាន់​អំណាច និង​អធិការ​ស្រុក​ស្វាយជ្រុំ បាន​ព្យាយាម​បញ្ចុះបញ្ចូល​លោក​ច្រើន​សា ក៏ប៉ុន្តែ​លោក​បដិសេធ។ លើស​ពី​នេះ សមត្ថកិច្ច​មកពី​បក្ស​កាន់អំណាច​នៅ​តែ​បន្ត តាមដាន​ពី​សកម្មភាព​លោក បើ​ទោះ​បី​ជា​លោក​ត្រូវ​គេ​ផ្ដាច់​ពី​តួនាទី និង​កាត់​ប្រាក់ខែ​ក្ដី។ លោក​ថា អាជ្ញាធរ​ព្យាយាម​បញ្ចុះបញ្ចូល​សកម្មជន​បក្ស​សង្គ្រោះជាតិ​លេខ​រៀង​បន្ទាប់ ដែល​គ្មាន​តួនាទី​ក្រុម​ប្រឹក្សាឃុំ ឲ្យ​ជំនួស​តំណែង​របស់​លោក។ លោក​បាន​បង្ខំចិត្ត​ចំណាកស្រុក​ទៅ​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​រយៈ ពេល​ព្រោះ​ភ័យ​ព្រួយ​រឿង​សុវត្ថិភាព​ក្រុម​គ្រួសារ និង​ធុញ​ទ្រាំ​ចំពោះ​អាជ្ញាធរ​រដ្ឋាភិបាល​ចែចូវ «ខ្ញុំ​មិន​ចង់​រញ៉េរញ៉ៃ គាត់​សួរ​ម្ដង​ទៅ​ពីរ​ដង គាត់​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ស្រុក និង​ខែត្រ​មក​ចែចូវ តែ​ខ្ញុំ​ថា មិន​អាច​ចូល​បាន​ទេ។ ពេល​ខ្ញុំ​ឡើង​មក​ផុត គាត់​ទាក់ទាញ​ក្រុមប្រឹក្សា​ដែល​អត់​ជាប់ឆ្នោត​មក​ពី​បក្ស​សង្គ្រោះជាតិ​លេខ​រៀងទី៦ ចូល​ជំនួស​តំណែង​ខ្ញុំ»

ប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា នៅ​គ្រា​ដែល​តុលាការ​ប្រកាស​រំលាយ​បក្ស​សង្គ្រោះ​ជាតិ សមត្ថកិច្ច​ខែត្រ​ស្វាយរៀង បាន​រុះរើ​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ​ភ្លាមៗ រីឯ​ស្លាក​បក្ស​សង្គ្រោះ​ជាតិ​រាប់​រយ​ផ្ទាំង​ទូទាំង​ខែត្រ​នេះ ត្រូវ​សមត្ថកិច្ច​រុះរើ និង​កម្ទេច​ចោល។ លោក​ថា សមត្ថកិច្ច​រដ្ឋាភិបាល​នៅតែ​បន្ត​សកម្មភាព​តាមដាន មន្ត្រី​បក្ស​សង្គ្រោះជាតិ​គ្រប់​ឃុំ-សង្កាត់​ទាំងអស់ និង​រារាំង​មិន​ឲ្យ​ពួកគេ​ជួប​ប្រជុំ​ចាប់ពី ៣​នាក់​ឡើង​ទៅ «មន្ត្រី​របស់​បក្ស​ប្រជាជន​នៅ​តែ​តាម​ប្រមាញ់ ដល់​មន្ត្រី​បក្សសង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​រហូត​មិន​ទាន់​ចប់​ទេ។ អាជ្ញាធរ​ថែម​ទាំង​គំរាមកំហែង ដល់​សមាជិក​របស់​បក្ស​សង្គ្រោះជាតិ រហូត​ដល់​ប្រតិបត្តិ​ស្រុក និង​ខែត្រ»

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​លោក​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​នឹង​ត្រូវ​រលាយ​ដូច​បក្ស​ប្រឆាំង​ដែរ ដោយ​អំណាច​សន្លឹកឆ្នោត​ពលរដ្ឋ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​បក្ស​ប្រឆាំង​បាន តែ​ពលរដ្ឋ​ក៏​អាច​រំលាយ​បក្ស​កាន់អំណាច​បាន​ដែរ៖ «បើ​យើង​មិន​ធ្វើ​កិច្ច​ការងារ​នេះ​ពី​ចម្ងាយ​ដើម្បី​កែ​លម្អ​គ្រប់​សភាពការណ៍​ទាំងអស់ ដែល​ជា​ចំណុច​ខ្វះខាត គឺ​យើង​នឹង​ទទួល​ផល​អាក្រក់ ហើយ​នៅ​ពេល​នេះ​យើង​នឹង​ចាញ់​ឌុប​តែម្ដង។ សូម្បី​តែ​បក្ស​ប្រឆាំង​មួយ​យើង​រំលាយ​គេ​ហើយ ហើយ​គេ​បង្កើត​បក្ស​ថ្មី​យើង​យកឈ្នះ​គេ​មិនបាន​ផង ឬ​ក៏​ឈ្នះ​តិចតួច យើង​មាន​ឱកាស​រំលាយ​គេ តែ​កុំ​ភ្លេច​ថា ប្រជាជន​ក៏​អាច​រំលាយ​យើង​បាន​ដែរ តាមរយៈ​ការបោះឆ្នោត​មួយ»

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ពន្យល់​ថា អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច មាន​តួនាទី​បម្រើ​ពលរដ្ឋ មិនមែន​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណាមួយ​នោះ​ទេ។ លោក​ថា បើ​អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​យក​ភារកិច្ច​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណាមួយ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាមច្បាប់​នោះ​ទេ។ លោក​បញ្ជាក់​ថា ការ​ចូលរួម​ជីវភាព​នយោបាយ​គឺជា​សិទ្ធ​របស់​មនុស្ស​ម្នាក់ៗ មិន​អាច​បង្ខិតបង្ខំ​នោះ​ទេ ហើយ​ការ​អូសទាញ​ម្ដង​ហើយ​ម្ដងទៀត ឲ្យ​ចុះចូល​បក្ស​នយោបាយ​ណាមួយ​នោះ គឺជា​ការ​គំរាមកំហែង ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់ «អាជ្ញាធរ​ក៏​ដោយ អ្នកណា​ក៏​ដោយ​ត្រូវ​តែ​គោរព​សិទ្ធិ​បុគ្គលការ​ចូលរួម​សកម្មភាព​នយោបាយ និង​មិន​ចូលរួម​គឺ​ជា​សកម្មភាព មិន​មាន​បុគ្គល​ណាមួយ​ត្រូវ​បាន​បង្ខំ​ទេ អាហ្នឹង​យើង​និយាយ​ផ្លូវ​ច្បាប់»។

នៅ​ខែត្រ​ស្វាយរៀង មាន​មន្ត្រី​បក្ស​សង្គ្រោះជាតិ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ចំនួន ២៧​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី២៨ វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល