មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ខែត្រ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​គំរាម​ចាប់​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​គុក

ដោយ ស្ងួន អមរា
2017.12.08
ផែនទី​ខេត្ត​ស្វាយរៀង ៨៥៥ ផែនទី​ខេត្ត​ស្វាយរៀង។
Photo: RFA

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង មួយ​ចំនួន​ធំ បង្ខំចិត្ត​ភៀស​ខ្លួន​ទៅ​រស់​នៅ​ភ្នំពេញ និង​ក្រៅ​ប្រទេស​មួយ​រយៈ បន្ទាប់​ពី​អាជ្ញាធរ​ខែត្រ​ស្វាយរៀង គំរាម​ចាប់​ដាក់​គុក និង​ដុត​កម្ទេច​ឯកសារ​នៅ​ទីស្នាក់ការ​គណបក្ស​នេះ។ ពួកគេ​អះអាង​ថា អាជ្ញាធរ​ខែត្រ​ស្វាយរៀង ប្រើ​អំណាច​លើស​ពី​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ ក្នុង​ការ​អនុវត្ត​ច្បាប់​រុះរើ​ស្លាក​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ និង​រុះរើ​ទីស្នាក់ការ​គណបក្ស ក្រោយ​ពី​តុលាការ​កំពូល​ប្រកាស​រំលាយ​បក្ស​ជំទាស់។

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង ដែល​ជាប់ឆ្នោត​ជា​មេឃុំ​/​ចៅសង្កាត់ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ នៅ​តែ​ភ័យ​ព្រួយ​រឿង​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ ខណៈ​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​ធ្វើ​ទុក្ខបុកម្នេញ​គ្រប់​ទម្រង់ តាម​រយៈ​គំរាម​ចាប់​ដាក់គុក ការ​ប្រើ​ល្បិច​ចោទប្រកាន់ បំផ្លើស​ការពិត ក្នុង​បំណង​អូសទាញ​ទឹក​ចិត្ត​ឲ្យ​រួមរស់​ជាមួយ​បក្ស​កាន់​អំណាច។

សមាជិក​ក្រុមការងារ​បក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង លោក គង់ មាស់ ចោទ​ប្រកាន់​ថា អាជ្ញាធរ​ខែត្រ​ស្វាយរៀង បាន​ធ្វើ​ទុក្ខបុកម្នេញ​ដល់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ហួស​ពី​ការ​ស្មាន។ លោក​ថា សមត្ថកិច្ច និង​អាជ្ញាធរ​រដ្ឋាភិបាល នៅ​តែ​បន្ត​តាមដាន​សកម្មភាព​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ដដែល បើ​ទោះ​ជា​បក្ស​ជំទាស់​ត្រូវ​បាន​រំលាយ​ហើយ​ក្តី។ លោក​រំឭក​ថា កាលពី​ចុង​ខែ​វិច្ឆិកា នគរបាល​ខែត្រ​ស្វាយរៀង មួយ​ក្រុម បាន​គំរាម​លោក បង្ខំ​ឲ្យ​លោក​រុះរើ​សម្ភារៈ និង​ឯកសារ​ចេញ​ពី​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ គេ​នឹង​ចាប់​ដាក់​គុក។ លើស​ពី​នេះ សកម្មជន និង​អាជ្ញាធរ​មក​ពី​បក្ស​សង្គ្រោះ​ជាតិ ទូទាំង​ខែត្រ​ស្វាយរៀង ក៏​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល និង​នគរបាល បន្ត​អូសទាញ​ផ្នែក​នយោបាយ ឲ្យ​ពួកគេ​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច ដោយ​សន្យា​ផ្តល់​ប្រយោជន៍ និង​ប្រាក់ខែ​ជាដើម។

លោក​ចាត់​ទុក​ករណី​នេះ ថា​ជា​ការ​គំរាម​ស្មារតី​សកម្មជន​បក្ស​ជំទាស់ និង​ជា​សញ្ញា​បង្ហាញ​ពី​ការ​សុំ​ចុះចាញ់​មិន​ហ៊ាន​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ ខាង​មុខ៖ «ខល​ទៅ​ប្រាប់​ម្ចាស់ផ្ទះ គំរាម​ខ្ញុំ​ថា បើ​មិន​ចេញ​ទេ គេ​នឹង​វាយ​ខ្នោះ​ខ្ញុំ ពី​ល្ងាច​ម៉ោង ៦។ ខ្ញុំ​ឆ្លើយ​តប​ថា នឹង​ចាំ​ពួកគាត់​មក​វាយ​ខ្នោះ​ខ្ញុំ។ គេ​គំរាម​ប្រើ​អំណាច​បង្ខំ​គាត់​ឲ្យ​ចូល​ជាមួយ​បក្ស​ប្រជាជន»។

​ប្រធាន​ប្រតិបត្តិ​បក្ស​សង្គ្រោះ​ជាតិ ខែត្រ​ស្វាយរៀង លោក ម៉ៅ វិបុល ឲ្យ​ដឹង​ថា ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ​របស់​បក្ស​កាន់​អំណាច បង្ក​ឲ្យ​ពលរដ្ឋ​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ហើយ​ពួកគេ​បាន​ត្រឹម​ទុក​ក្នុង​ចិត្ត និង​ប្ដេជ្ញា​ចិត្ត​ថា ពហិការ​មិន​បោះឆ្នោត​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា ដាច់​ខាត។ លោក​ថា ភាព​អយុត្តិធម៌​កំពុង​គ្រប់​ដណ្ដប់​ដល់​ស្មារតី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ និង​បក្ស​សង្គ្រោះ​ជាតិ ដែល​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​អារម្មណ៍​ពលរដ្ឋ​រាប់​លាន​នាក់។ លោក​ថា សកម្មជន​បក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ធំ​ប្ដេជ្ញា​បន្ត​ក្រាញននៀល​ស៊ូស្លាប់​ជាមួយ​បក្ស​ប្រឆាំង​នេះ៖ «សូម្បីតែ​ប្រជាពលរដ្ឋ​ក៏​មាន​ការ​ព្រួយ​បារម្ភ​រឿង​សុវត្ថិភាព។ សកម្មជន​របស់​ខ្ញុំ​គាត់​ធ្វើ​អី​មិន​បាន​ដោយសារ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​របស់​គាត់»

​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ស្នងការ​ខែត្រ​ស្វាយរៀង លោក កឹង ឃន ដើម្បី​សុំ​ការ​បំភ្លឺ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​របស់​ខ្លួន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ ខណៈ​ដែល​លោក​បារម្ភ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​នឹង​ត្រូវ​រលាយ​ដូច​បក្ស​ប្រឆាំង​ដែរ ដោយ​អំណាច​សន្លឹកឆ្នោត​ពលរដ្ឋ។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​ឱកាស​រំលាយ​បក្ស​ប្រឆាំង​បាន តែ​ពលរដ្ឋ​ក៏​អាច​រំលាយ​បក្ស​កាន់​អំណាច​បាន​ដែរ៖ «យើង​មាន​ឱកាស​រំលាយ​គេ ក៏ប៉ុន្តែ​មិន​ត្រូវ​ភ្លេច​ថា ប្រជាជន​ក៏​អាច​រំលាយ​យើង​វិញ​បាន​ដែរ​តាម​រយៈ​ការ​បោះ​ឆ្នោត​មួយ»

​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ពន្យល់​ថា ប្រសិនបើ​អាជ្ញាធរ​រដ្ឋាភិបាល​យក​តួនាទី​អូសទាញ បញ្ចុះបញ្ចូល និង​គំរាមកំហែង​ផ្នែក​នយោបាយ​ដល់​បុគ្គល​ណា​មួយ​នោះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​​នោះ​ទេ។  លោក​ថា រដ្ឋធម្មនុញ្ញ​បាន​ការពារ​ពលរដ្ឋ​គ្រប់រូប​ក្នុង​ការ​ធ្វើ​នយោបាយ ក៏ប៉ុន្តែ​ប្រសិនបើ​មាន​ការ​គំរាមកំហែង​ដោយ​ទម្រង់​ណា​មួយ​នោះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស៖ «អាជ្ញាធរ​មិន​អាច​ទៅ​បញ្ចុះបញ្ចូល​គំរាមកំហែង និង​ដុត​ឯកសារ​វា​មិន​ត្រឹមត្រូវ​ទេ»

​លោក កន សាវាង្ស បន្ថែម​ថា អាជ្ញាធរ​ឃុំ និង​សមត្ថកិច្ច​មាន​តួនាទី​បម្រើ​ពលរដ្ឋ មិន​មែន​បម្រើ​ឲ្យ​បក្ស​នយោបាយ​ណា​មួយ​នោះ​ទេ។  នៅ​ខែត្រ​ស្វាយរៀង មាន​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​ចំនួន ២៧​នាក់​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។