បក្ស​ប្រឆាំង​ស្នើ​អ្នកគាំទ្រ​ខ្លួន​នៅ​ក្រៅ​ប្រទេស​បន្ត​តស៊ូ​​សង្គ្រោះ​ប្រទេស​ឲ្យ​ផុត​ពី​របប​ផ្ដាច់ការ

ដោយ មាន ឫទ្ធិ
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

គណបក្ស​សង្គ្រោះជាតិ ថា ការ​យកចិត្តទុក​ដាក់​ខ្លាំង​របស់​សហគមន៍​អន្តរជាតិ ចំពោះ​វិបត្តិ​នយោបាយ​ដ៏​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារតែ​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​នៅ​ឯ​នាយ​សមុទ្រ ខណៈ​ដែល​ពលរដ្ឋ និង​សកម្មជន​បក្ស​ប្រឆាំង នៅ​ក្នុង​ប្រទេស ត្រូវ​បាន​របប​លោក ហ៊ុន សែន បំបិទ​សិទ្ធិ សេរីភាព ក្នុង​ការ​តស៊ូ​មតិ និង​ទទួលរង​នូវ​ការ​គំរាមកំហែង​តាម​គ្រប់​រូបភាព ពី​សំណាក់​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់។

គណបក្ស​នេះ ស្នើ​ឲ្យ​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ទាំងអស់ បន្ត​ធ្វើ​យុទ្ធនា​ការ​តស៊ូ ដើម្បី​បុព្វហេតុ​សង្គ្រោះ​ជាតិ ឲ្យ​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​នៃ​របប​ផ្ដាច់ការ​របស់​លោក ហ៊ុន សែន។

ក្នុង​សារលិខិត​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​សង្គ្រោះជាតិ ផ្ញើ​ជូន​ក្រុម​ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ឯ​នាយ​សមុទ្រ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ គណបក្ស​សង្គ្រោះជាតិ បាន​សម្ដែង​ការ​កោត​សរសើរ ដល់​ក្រុម​ដឹកនាំ សមាជិក​-​សមាជិកា និង​អ្នកគាំទ្រ​របស់​ខ្លួន​នៅ​ឯ​នាយ​សមុទ្រ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ យ៉ាង​ស្វិតស្វាញ លះបង់​ទាំង​កម្លាំងកាយ​ចិត្ត ពេលវេលា និង​ថវិកា​នា​ពេល​កន្លងមក។ គណបក្ស​នេះ​ថា ការ​តស៊ូ​មតិ​តាម​រូបភាព​ផ្សេងៗ​ដោយ​អហិង្សា​នេះ គឺ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណ​បក្ស​សង្គ្រោះជាតិ និង​ធ្វើការ​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​អ្នកទោស​មនសិការ​ទាំងអស់ ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ ដោយ​គោរព​គោលការណ៍​ប្រជាធិបតេយ្យ សេរី ពហុបក្ស និង​មាន​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល