សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​បំភ័យ​សកម្មជន​បក្ស​ប្រឆាំង​បន្ទាប់ពី​ពួកគេ​ហូប​នំ​បញ្ចុក​ជុំ​គ្នា

ដោយ ថន ថារ៉ូ
2019-05-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សកម្ម​ជន​គណបក្ស សង្គ្រោះ​ជាតិ នាំ​គ្នា​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយម៉ែង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០១៩។
សកម្ម​ជន​គណបក្ស សង្គ្រោះ​ជាតិ នាំ​គ្នា​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយម៉ែង ស្រុក​មង្គលបូរី ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ឆ្នាំ២០១៩។
រូប៖ ពលរដ្ឋ

អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​នៅ​ស្រុក​មង្គលបូរី​ជាច្រើន​នាក់ បាន​ទៅ​បំភិតបំភ័យ​ដល់​ផ្ទះ​សកម្មជន​គណបក្សប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ ខណៈ​ដែល​ពួកគាត់​កំពុង​ហូប​នំ​បញ្ចុក​ជុំ​គ្នា​នៅ​ក្នុង​ពិធី​ឡើងផ្ទះ​ថ្មី កាលពី​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​បញ្ហា​នេះ​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​រំខាន​ដោយ​ខុសច្បាប់​ដល់​ការរស់នៅ​របស់​ពលរដ្ឋ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ នៅ​ក្រុង​ប៉ោយប៉ែត លោក ឆាំ សុផាន់ ហៅ បារាំង ប្រាប់​អាស៊ីសេរី​ថា មន្ត្រី​ប៉ូលិស​នៃ​អធិការ​នគរបាល​ស្រុក​មង្គលបូរី ចំនួន ​៣​នាក់ មាន​ស្លៀកពាក់​ស៊ីវិល​ផង និង​ឯកសណ្ឋាន​ផង បាន​ជិះ​ម៉ូត​ក្រឡឹង​នៅមុខ​ផ្ទះ​ឪពុក​របស់​ខ្លួន បន្ទាប់ពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ ៥០​នាក់​ បាន​ជួបជុំគ្នា​ហូប​នំ​បញ្ចុក នៅ​ភូមិ​ផ្លូវ​សៀម ឃុំ​គយម៉ែង ស្រុក​មង្គលបូរី។ លោក​បន្ត​ថា ក្រោយពេល​ហូប​នំ​បញ្ចុក​ហើយ មន្ត្រី​ប៉ូលិស​ចំនួន ២​នាក់​ ក៏បាន​ទៅ​ថតរូប​ផ្ទះ​ឪពុក​របស់​ខ្លួន​ទៀត​ផង​។ លោក​ថា មេឃុំ​គយម៉ែង និង​ជំទប់​ទី​១ ​ឃុំ​គយម៉ែង ក៏​បាន​ទូរស័ព្ទ​ទៅ​សួរនាំ​ឪពុក​របស់​លោក​ជុំវិញ​បញ្ហា​នេះ​ដែរ៖ «ហើយ​អាជ្ញាធរ​ទូរស័ព្ទ​ខ្វាត់ខ្វែង​សួររក​ខ្ញុំ​នៅ​ណា ហើយ​ចេញទៅ​ប៉ោយប៉ែត​វិញ​ពេលណា នេះ​គេ​កំពុង​ទូរស័ព្ទ​ខ្វាត់ខ្វែង​សួររក​ខ្ញុំ មក​ថត​ឡាន​ខ្ញុំ ហើយ​ចាំ​មើល​ដល់ពេល​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ មិន​យ៉ាងម៉េច​ទេ​។ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​អី​យើ​ង​មិនបាន​ទៅ​លួច​ទៅ​ប្លន់​គេ ទៅ​កាប់​ព្រៃឈើ​ទៅ​ឈូស​ផ្ទះ​ពលរដ្ឋ​យក​ដី​ឯណា យើង​គ្រាន់តែ​ជួប​គ្នា​ហូប​នំ​បញ្ចុក​ ហើយ​បើ​គេ​ថា ខ្ញុំ​ខុសច្បាប់​ គេ​ចាប់​ខ្ញុំ​យក​ទៅ​ ក៏​យក​ទៅ​ខ្ញុំ​មិន​ខ្លាច​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​មង្គលបូរី លោក ស៊ិន ណារ៉ាក់ ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា លោក​ពុំ​បាន​ដឹង​បញ្ហា​ប៉ូលិស​ និ​ង​អាជ្ញាធរ​ទៅ​ថតរូប​ និង​ទូរស័ព្ទ​សួរនាំ​អំពី​ការ​ហូប​នំ​បញ្ចុក​នៅផ្ទះ​សកម្មជន​បក្ស​ប្រឆាំង​នោះ​ទេ៖ «ខ្ញុំ​អត់​ដឹង​ផង ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​ជាប់​ប្រជុំ​បាទ

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​ហូប​នំ​បញ្ចុក​ជុំ​គ្នា​មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ ផ្ទុយទៅវិញ​សមត្ថកិច្ច​ដែល​ទៅ​ថតរូប និង​តាម​ឃ្លាំមើល​ពលរដ្ឋ​ហូប​នំ​បញ្ចុក​ទៅវិញ​ទេ​ដែល​ខុសច្បាប់ ព្រោះ​រដ្ឋធម្មនុញ្ញ បាន​កំណត់​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​ជួបជុំគ្នា​សម្ដែង​មតិ និង​ចូលរួម​កិច្ចការ​នយោបាយ​បាន​ដោយ​សេរី​។​ លោក​បន្ត​ថា​សកម្មភាព​បែបនេះ គឺជា​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត៖ «ច្បាប់​គេ​អនុញ្ញាត​តែម្ដង​ព្រោះ​ការ​ជួបជុំ​ការ​និយាយ​ពិភាក្សា​គ្នា​ គឺ​ធ្វើ​ឱ្យ​មាន​ការ​រីកចម្រើន​ទាំង​សេដ្ឋកិច្ច​គ្រួសារ​ ទាំង​ប្រទេសជាតិ​។ អីចឹង​ទាំងអស់​ហ្នឹង ​គឺ​មនុស្ស​ត្រូវការ​បញ្ចេញមតិ ទាក់ទង​រឿង​រកស៊ី​ពិភាក្សា​គ្នា​រកស៊ី​ទាក់ទង​រឿង​នយោបាយ​និយាយ​អំពី​នយោបាយ​និយាយ​អំពី​ភាព​ដឹកនាំ​និយាយ​អំពី​ការ​ជ្រើសរើស​អ្នកដឹកនាំ​ធ្វើ​ម៉េច​ឱ្យ​ប្រទេស​កាន់តែ​ប្រសើរ​ឡើង»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ត​ថា ការ​តាមដាន​ឃ្លាំមើល គឺជា​បរិបទ​របស់​ប្រទេស​កុម្មុយនិស្ត ដែល​មាន​ការ​សម្លាប់​គ្នា ដូចជា​ក្នុង​សម័យ ប៉ុល ពត ដោយសារ​ការ​មិន​មាន​ការ​ទុកចិត្ត​គ្នា និង​ជា​របប​នយោបាយ​ផ្ដាច់ការ។ លោក​ថា អាជ្ញាធរ​និង​ប៉ូលិស​មិន​គួរ​បារម្ភ​ច្រើនពេក​ទេ ព្រោះ​ពលរដ្ឋ​ទាំងនោះ​ជា​ខ្មែរ​ដូចគ្នា ម្យ៉ាងទៀត​ប្រទេស​ប្រជាធិបតេយ្យ​កាត់សេចក្ដី​ដោយ​ការបោះឆ្នោត​ត្រឹមត្រូវ​និង​យុត្តិធម៌។

នៅ​ក្នុង​ខែ​ឧសភា​នេះ សមត្ថកិច្ច​បាន​តាម​អុកឡុក​ដល់​សកម្មជន​គណបក្ស​ សង្គ្រោះ​ជាតិ ​នៅ​ចំនួន ៣​កន្លែង​ហើយ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ រួម​ទាំង​លើក​នេះ​។ ពីរ​កន្លែង​ទៀត​គឺ​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​មាន​សកម្មជន​បក្ស​ប្រឆាំង​ប្រមាណ ១០០នាក់ ចូលរួម​ហូប​នំ​បញ្ចុក​ ក៏​ត្រូវ​បាន​ប៉ូលិស​ក្រុង​នេះ​ទៅ​សាកសួរ​ដល់​ផ្ទះ​ដែរ និង​នៅ​ស្រុក​ស្វាយចេក​មាន​ប៉ូលិស​ជាច្រើន បាន​ទៅ​រំខាន​ដល់​ផ្ទះ​របស់​ពួកគាត់​ធ្វើ​ឱ្យ​អ្នកចូលរួម​មួយ​ចំនួន​ហូប​នំ​បញ្ចុក​មិនទាន់​ឆ្អែត​ផង ​ក៏​នាំគ្នា​គេចខ្លួន​​ទៅ​ផ្ទះ​​វិញ។

លោក ឆាំ សុផាន់ លើកឡើង​ថា ចាប់​តាំង​ពី​ខែ​ឧសភា​មក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​តាម​មូលដ្ឋាន​ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​នេះ​តាមដាន​យ៉ាង​តឹងតែង ហើយ​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់ ព្រោះ​ពិបាក​ក្នុង​ការ​ជួបជុំគ្នា​ធ្វើ​ពិធី​ផ្សេងៗ និង​ការ​ដើរហើរ​ជាដើម​។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​សមត្ថកិច្ច​តាមដាន និង​មានការ​អុកឡុក​យ៉ាង​នេះ​ក្ដី​ក៏​ពួកគាត់​មិន​ខ្លាច​ដែរ ហើយ​ពួកគាត់​នឹង​ធ្វើ​ពិធី​ហូប​នំ​បញ្ចុក​ជុំ​គ្នា​ជា​បន្តបន្ទាប់​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល