បក្ស​ប្រឆាំង​នឹង​ប្រជុំ​​ពិភាក្សា​ពី​ផែនការ​ដក​រូប​លោក សម រង្ស៊ី និង​​លោក​កឹម សុខា នៅ​ថ្ងៃ​២៥ កក្កដា

ដោយ ប្រាជ្ញ ចេវ
2017.07.22
កឹម សុខា ប៉ុល ហំម មូរ សុខហួរ អេង ឆៃអ៊ាង ៨៥៥ ពី​ឆ្វេង៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អនុប្រធាន​បក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និង​លោក អេង ឆៃអ៊ាង ក្នុង​សមាជ​វិសាមញ្ញ​គណបក្ស​ជ្រើសរើស​ថ្នាក់​ដឹក​នាំ​ថ្មី នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

គណបក្ស​ឆាំង​នឹង​ប្រជុំ​ផ្ទៃក្នុង​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​ប្រាប់​អំពី​ការ​ឈប់​ប្រើប្រាស់​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា ត​ទៅ​ទៀត ដោយ​ប្រើប្រាស់​ត្រឹម​រូប​សញ្ញា​ព្រះអាទិត្យ​រះ។

គណបក្ស​នយោបាយ​ដែល​រងគ្រោះ​ព្រោះ​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ខាង​មុខ​យ៉ាង​ខ្លី នឹង​ប្ដូរ​ទាំង​រូប​សញ្ញា និង​ឈ្មោះ​គណបក្ស​របស់​ខ្លួន។ ទាំង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស សម រង្ស៊ី ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​លោក សម រង្ស៊ី បាន​កំណត់​យក​ថ្ងៃ​ប្រជុំ​ដូច​គ្នា គឺ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ ដើម្បី​ជៀសវាង​ការ​រំលាយ​គណបក្ស​ចោល នៅ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ចូល​ជា​ធរមាន។

គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ឈប់​ប្រើ​រូប​លោក សម រង្ស៊ី និង​លោក កឹម សុខា កាន់​ដៃ​គ្នា​នោះ​ត​ទៅ​ទៀត ដោយ​ដាក់​ត្រឹម​រូប​ព្រះអាទិត្យ​រះ ដែល​ជា​ស្លាក​សញ្ញា​ផ្លូវការ​របស់​គណបក្ស​នេះ។ ចំណែក​គណបក្ស សម រង្ស៊ី ដែល​សព្វថ្ងៃ​កំពុង​មាន​អាសនៈ​នៅ​ក្នុង​ព្រឹទ្ធសភា ក៏​នឹង​ប្ដូរ​ឈ្មោះ​គណបក្ស​ចេញ​ដែរ។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ថា កិច្ច​ប្រជុំ​នោះ​គណបក្ស​នឹង​ណែនាំ​ទៅ​ថ្នាក់ដឹកនាំ​ទាំង​២៥​ខេត្ត រាជធានី ពី​ការ​ឈប់​ប្រើ​រូប​ទាំង​នោះ​នៅ​លើ​បដា​ផ្សព្វផ្សាយ​របស់​គណបក្ស។ ទាក់ទង​ការ​ចំណាយ​លើ​ការ​ផ្លាស់ប្ដូរ​នេះ លោក អេង ឆៃអ៊ាង ថា​គណបក្ស​មិន​បាន​គិត​ពី​ការ​ចំណាយ​ទេ ព្រោះ​នេះ​​​ជា​ការ​ចូល​រួម​ពី​ពលរដ្ឋ និង​អ្នក​គាំទ្រ​គណបក្ស«យើង​ហៅ​ប្រជុំ​ថ្នាក់​ដឹកនាំ​ខេត្ត​ទូទាំង​ប្រទេស ដើម្បី​ការងារ​ទាក់ទង​ការ​កែ​សម្រួល​ស្លាក​ហ្នឹង»

​លោក អេង ឆៃអ៊ាង ឲ្យ​ដឹង​ទៀត​ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ប្រើ​តែ​ស្លាក​សញ្ញា​របស់​គណបក្ស គឺ​រូប​ព្រះអាទិត្យ​រះ តាំង​ពី​សប្ដាហ៍​ទី​២ នៃ​​ខែ​កក្កដា នេះ។

​ចំណែក​តំណាងរាស្ត្រ និង​ជា​សមាជិក​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោ គីមសួរ ភីរិទ្ធ ឲ្យ​ដឹង​ថា ការ​ផ្លាស់ប្ដូរ​រូប​ដោយ​ដាក់​ស្លាក​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ ទូទាំង​ប្រទេស មក​ដល់​ពេល​នេះ​ទើប​បាន​ប្រមាណ ១០​ភាគរយ​ប៉ុណ្ណោះ។ លោក​ថា  ក្រោយ​លទ្ធផល​កិច្ចប្រជុំ​ថ្ងៃ​ទី​២៥ ខាង​មុខ គណបក្ស​នឹង​មាន​ជួន​ដំណឹង​ជា​ផ្លូវការ ណែ​នាំ​ទៅ​សាខា​បក្ស​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មិន​ឲ្យ​ធ្វើ​អ្វី​ដែល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ហាម​ឃាត់។

ស្រដៀង​គ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស សម រង្ស៊ី ប្រាប់​ថា គណបក្ស​របស់​លោក​នឹង​ប្រជុំ​សមាជិក​អចិន្ត្រៃយ៍​ថ្ងៃ​ទី​២៥ ខែ​កក្កដា ខាង​មុខ​ដែរ ដើម្បី​កំណត់​ថ្ងៃ​ធ្វើ​សមាជ​បក្ស​ប្ដូរ​ឈ្មោះ​គណបក្ស​នៅ​ពេល​ខាង​មុខ​ទៀត។ លោក​ប្រាប់​ថា ចំពោះ​លោក​ផ្ទាល់​ដែល​ជា​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី លោក​ចង់​ប្ដូរ​ឈ្មោះ​គណបក្ស សម រង្ស៊ី ទៅ​ជា​គណបក្ស ពន្លឺ​ប្រជាធិបតេយ្យ«ខ្ញុំ​ស្រឡាញ់​ឈ្មោះ​នេះ ព្រោះ​រក្សា​សញ្ញា​ភ្លើង​ទាន​នៅ​ដដែល ហើយ​យើង​ដឹង​ថា​ប្រវត្តិ​គណបក្ស សម រង្ស៊ី ជា​គណបក្ស​ប្តូរផ្តាច់​ឲ្យ​ប្រជាធិបតេយ្យ»

​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ជាប់​ទោស​មាន​ឈ្មោះ​ជា​ទណ្ឌិត ព្រោះ​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ជា​ច្រើន​ករណី បើ​ទោះ​លោក សម រង្ស៊ី ផ្ទាល់​ថា លោក​មិន​មែន​ជា​ទណ្ឌិត ព្រោះ​លោក​ត្រូវ​បាន​កាត់​ទោស​ដោយ​តុលាការ​អាយ៉ង​ក្ដី។

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​យ៉ាង​ប្រញាប់​មិន​ខ្វល់​នឹង​ការ​រិះគន់។ ខ្លឹមសារ​មាត្រា​ខ្លះ​ដែល​ទើប​កែប្រែ​ថ្មី​នេះ ហាម​គ្រប់​គណបក្ស​នយោបាយ​មិន​ត្រូវ​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់​ទោស​ពី​បទ​ឧក្រិដ្ឋ ឬ​ពី​បទ​មជ្ឈិម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ​សម្រាប់​គណបក្ស​របស់​ខ្លួន។ ​ចំពោះ​ទោសទណ្ឌ​ដល់​គណបក្ស​នយោបាយ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​នេះ​វិញ គឺ​តុលាការ​អាច​សម្រេច​ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ​មិន​លើស​ពី ៥​ឆ្នាំ ឬ​អាច​រំលាយ​គណបក្ស​នោះ​ចោល​តែម្ដង។

ក្រោយ​ពេល​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​ឆ្លង​ផុត​រដ្ឋ​សភា និង​ព្រឹទ្ធសភា នៅ​ពេល​នេះ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​បាន​ដល់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ហើយ។

​ប្រធាន​ស្ដីទី​គណបក្ស សម រង្ស៊ី ទាវ វណ្ណុល យល់​ថា ច្បាប់​នេះ​នឹង​ចូល​ដល់​ស្ថាប័ន​ព្រះរាជវាំង​ក្នុង​អំឡុង​មួយ​អាទិត្យ​ទៀត។  ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក៏​យល់​ដូច​គ្នា​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ដែល​គណបក្ស​ប្រឆាំង​មាន​ផែន​ការ​ច្បាស់លាស់​ក្នុង​ការ​ផ្លាស់ប្ដូរ​រូបភាព សញ្ញា និង​ឈ្មោះ ដែល​ជាប់​ទាក់ទង​នឹង​លោក សម រង្ស៊ី ព្រោះ​គណបក្ស​នេះ​ដឹង​ថា ខ្លួន​មិន​អាច​រារាំង​ច្បាប់​គណបក្ស​នយោបាយ​ថ្មី​បាន«គាត់​ជំទាស់ គឺ​ជំទាស់​ហើយ ប៉ុន្តែ​គាត់​ត្រៀម​ខ្លួន​អនុវត្ត​បាន​សេចក្តី​ថា គាត់​លេង​ផ្លូវ​ពីរ​ផ្លូវ​ខាង​ណា​ក៏​ត្រូវ»

ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​បាន​ថ្វាយ​លិខិត​ទៅ​ព្រះមហាក្សត្រ​ស្នើ​ទៅ​ព្រះអង្គ​កុំ​ឲ្យ​ឡាយព្រះហស្តលេខា​លើ​​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ ប៉ុន្តែ​មិន​ទាន់​ការ​ឆ្លើយ​តប​ណា​មួយ​ពី​ស្ថាប័ន​ព្រះរាជវាំង​​នៅ​ឡើយ។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ច្បាប់​នេះ​នឹង​មាន​សុពលភាព អនុវត្ត​ភ្លាមៗ​ក្រោយ​ពេល​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើប្រាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។