ក្រុម​យុវជន​ខ្មែរ​និយម​ប្រជាធិបតេយ្យ​នៅ​ភ្នំពេញ​ប្រកាស​អញ្ជើញ​ពលរដ្ឋ​ចូលរួម​ហូប​នំ​បញ្ចុក

ដោយ មួង ណារ៉េត
2019-06-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នំ​បញ្ចុក​ខ្មែរ។
នំ​បញ្ចុក​ខ្មែរ។
Screenshot

ក្រុម​យុវជន​ខ្មែរ​និយម​ប្រជាធិបតេយ្យ នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ​ឯណោះ លោក សួង នាគព័ន្ធ បាន​ប្រកូក​ប្រកាស អញ្ជើញ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​និយម​ប្រជាធិបតេយ្យ ឱ្យ​មក​ចូលរួម​ពិសា​នំ​បញ្ចុក​នៅ​គេហដ្ឋាន​របស់​លោក ដែល​លោក​ហៅថា នំ​បញ្ចុក​ខ្មែរ​អ្នកស្នេហាជាតិ​នៅ​ថ្ងៃទី៩ ខែ មិថុនា​នេះ ចាប់ពី​ម៉ោង ២​រសៀល។ «»

លោក​បញ្ជាក់​ថា ការ​ជួបជុំ​ហូប​នំ​បញ្ចុក​នេះ គឺជា​ការ​បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប មិន​ត្រូវ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព សូម្បីតែ​ហូប​អាហារ​ជុំ​គ្នា​នោះ​ឡើយ​។ ម្យ៉ាងទៀត ការ​ជួប​ជុំគ្នា​នេះ​ក៏​ជា​ឱកាស ដើម្បី​បាន​ជជែក​គ្នា ពី​រឿង​នយោបាយ​ផង​ដែរ ដោយ​លោក​ពន្យល់​ថា នយោបាយ មិនមែន​ជា​រឿង​អ្វី​ដែល គេ​បកស្រាយ​បន្លាច​ពលរដ្ឋ ឱ្យ​ខ្លាច​លែង​ហ៊ាន​ចូលរួម​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​នោះ​ឡើយ។ «»

លោក ហ៊ុន សែន ឯណោះ ក៏​ប្រកូក​ប្រកាស​តាម​ហ្វេសប៊ុក​លោក​បន្ថែម​ទៀត កាលពី​ថ្ងៃ​ទី៨ ខែ មិថុនា ឱ្យ​សមាជិក សមាជិកា​មកពី​គ្រប់​គណបក្ស​នយោបាយ និង​យុវជន កម្មករ កម្មការិនី ចូលរួម​ហូប​នំ​បញ្ចុក​ខ្មែរ ឱ្យ​បាន​ច្រើន​កុះករ​នៅ​ទូទាំង​ប្រទេស ដែល​លោក​អះអាង​ថា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព ក្តី​ស្រឡាញ់ និង​ឯកភាព​ជាតិ។

លោក ហ៊ុន សែន អះអាង​ទៀត​ថា ការ​ហូប​នំ​បញ្ចុក​ទ្រង់ទ្រាយ​ធំ​នេះ គឺ​ដូច​ចូលរួម​លើក​តម្កើង​នូវ​គុណភាព​ម្ហូបអាហារ និង​នំចំណី​ខ្មែរ ដែល​ជា​អត្តសញ្ញាណ​របស់​ប្រទេសជាតិ​ដែរ។

តែ​ទោះជា​យ៉ាងណា មុន​នេះ លោក​បាន​បញ្ជាក់​តាម​ការ​ថ្លែង​សារ តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក​រួចហើយ ថា ការ​ហូប​នំ​បញ្ចុក​ជាន់​ថ្ងៃ​គ្នា ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ដើម្បី​កម្ទេច​សកម្មភាព​នយោបាយ​បក្ស​ប្រឆាំង ឱ្យ​រលាយ​សាបសូន្យ​តែប៉ុណ្ណោះ មិនមែន​ដើម្បី​សាមគ្គីភាព ឬ ឯកភាព​ជាតិ​អ្វី​នោះ​ឡើយ។ លោក​ថែមទាំង​បញ្ជាក់​កុំ​ឱ្យ​ពលរដ្ឋ​ទាំងអស់​យល់​ច្រឡំ​ថែម​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល