ខុមហ្វ្រែល៖ ពលរដ្ឋភាគច្រើនមិនពេញចិត្តការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល
2015.02.23
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ចេញសេចក្ដីប្រកាសព័ត៌មានមួយនៅថ្ងៃទី២៣ កុម្ភៈ ស្ដីពីការឃ្លាំមើលនិងការផ្ដល់ពិន្ទុលើលទ្ធផលនៃការបំពេញ និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងឆ្នាំដំបូងនៃនីតិកាលទី៥។
របាយការណ៍ដែលមានកម្រាស់ជាង ១០០ទំព័រ រកឃើញថា គោលនយោបាយរដ្ឋាភិបាលនីតិកាលទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលចំណាយថវិកាជាតិប្រមាណ ៣.៤០០ដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ មានពលរដ្ឋភាគច្រើនមិនពេញចិត្តនូវលទ្ធផលនៃការអនុវត្តនោះ។ រីឯមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលគិតថា របាយការណ៍អង្គការខុមហ្វ្រែល មិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើឡើងក្នុងចេតនាគាំទ្រគណបក្សប្រឆាំង។
អង្គការខុមហ្វ្រែល រកឃើញថា រាជរដ្ឋាភិបាលកម្ពុជា នៅមិនទាន់បំពេញចិត្តពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបាន ១០០ភាគរយនៅឡើយទេ ក្នុងការអនុវត្តគោលនយោបាយរបស់ខ្លួន។
មួយឆ្នាំមកហើយដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំបំពេញនិងអនុវត្តគោលនយោបាយរបស់ខ្លួនក្នុងនីតិកាលទី៥។ ប៉ុន្តែពលរដ្ឋបានផ្ដល់ពិន្ទុមិនពេញចិត្តក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលដែលមិនមានសូចនាករ ឬកំណត់ច្បាស់លាស់។
រដ្ឋាភិបាលនីតិកាលទី៥ បានដាក់ចេញនិងប្រកាសគោលនយោបាយ៤វិស័យធំៗ គឺទី១ ការការពារសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ។ ទី២ ពង្រឹងរដ្ឋបាលសាធារណៈ វិមជ្ឈការនិងវិសហមជ្ឈការ ការពង្រឹងផ្នែកច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការប្រឆាំងអំពើពុករលួយ។ ទី៣ ការអភិវឌ្ឍសេដ្ឋកិច្ច និងទី៤ ការអភិវឌ្ឍវិស័យអប់រំ សុខាភិបាល ការងារ វប្បធម៌ និងសង្គមកិច្ច។ ក្នុងការសិក្សាវិស័យទាំង៤នោះ អង្គការខុមហ្វ្រែល បែកចែកជា ២ គឺទី១ គោលនយោបាយមានសូចនាករច្បាស់លាស់មានចំនួន ១៦ចំណុច និងទី២ គោលនយោបាយគ្មានសូចនាករច្បាស់លាស់មានចំនួន ៣៣ចំណុច។
គោលនយោបាយគ្មានសូចនាករច្បាស់លាស់ទាំង ៣៣ចំណុចនោះ ត្រូវពលរដ្ឋមកពីរាជធានីភ្នំពេញ និងខេត្តសៀមរាប ចំនួន ២៥០នាក់ដាក់ពិន្ទុ។ លទ្ធផលបញ្ជាក់ថា ពលរដ្ឋរហូតជិត ៥៦ភាគរយ (៥៥,៦) មិនពេញចិត្តនឹងការអនុវត្តគោលនយោបាយក្នុងរយៈពេល ១ឆ្នាំកន្លងមក។ រីឯពលរដ្ឋជាង ៤៤ភាគរយ (៤៤,៤) ពេញចិត្តខ្លះៗចំពោះការអនុវត្តគោលនយោបាយទាំងនោះ។
សមាជិកគណៈកម្មាធិការនាយកនៃអង្គការខុមហ្វ្រែល លោក យង់ គិមអេង និងជាប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព ថ្លែងនៅក្នុងសន្និសីទកាសែតនៅថ្ងៃទី២៣ កុម្ភៈ ថា ការទទួលព័ត៌មានរបស់ពលរដ្ឋពីគោលនយោបាយរបស់រដ្ឋាភិបាលនៅមានកម្រិត ពិសេសការមិនកំណត់សូចនាករច្បាស់លាស់នៃគោលនយោបាយទាំងនោះ អាចជាមូលហេតុមួយធ្វើឲ្យរដ្ឋាភិបាលមិនសូវយកចិត្តទុកដាក់បំពេញ និងអនុវត្តឲ្យបានពេញលេញ ដែលធ្វើឲ្យពលរដ្ឋជួបការលំបាកពាក់ព័ន្ធនឹងការទទួលសេវាសាធារណៈ ការចុះបញ្ជីដីធ្លីជាដើម៖ «តើពលរដ្ឋប៉ុន្មាននាក់ដែលមិនដឹងថា ពេលទៅរកសេវាសាធារណៈត្រូវចំណាយលុយ? អ៊ីចឹងគាត់អាចវាយតម្លៃបាន អ៊ីចឹងហើយបានអាចធ្វើឲ្យពិន្ទុក្នុងការបំពេញការងាររបស់រដ្ឋាភិបាលមិនបានពិន្ទុលើមធ្យមភាគ ឬដល់មធ្យមភាគ»។
ទោះបីបែបនេះក្តី ក្នុងរយៈពេលមួយឆ្នាំដំបូងនៃរដ្ឋសភានីតិកាលទី៥ រាជរដ្ឋាភិបាលបានសម្រេចពេញលេញនូវការបំពេញ និងអនុវត្តគោលនយោបាយចំនួន ៦ចំណុចក្នុងចំណោម ១៦ចំណុចនៃគោលនយោបាយដែលមានសូចនាករច្បាស់លាស់ រួមមានកំណើនសេដ្ឋកិច្ច ៧ភាគរយក្នុងមួយឆ្នាំ ការកាត់បន្ថយភាពក្រីក្រក្នុងអត្រា ១ភាគរយក្នុងមួយឆ្នាំ ការបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ច ការកែលម្អផ្លូវលំជនបទជាជំហានៗពីផ្លូវក្រាសក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ការរៀបចំគោលនយោបាយដឹកជញ្ជូនទីក្រុងនិងគោលដៅនៃចំនួនទេសចរណ៍ពីក្រៅប្រទេស។
រីឯគោលនយោបាយ ៧ទៀត រួមមានការរក្សាផ្ទៃនេសាទទឹកសាប ការចុះបញ្ជីដីធ្លី ការកសាងគោលនយោបាយជាតិស្ដីពីសិទ្ធិលំនៅឋាន ការទទួលសេវាទឹកស្អាត ការពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិឲ្យដល់ភូមិ បន្តកសាងអនុវិទ្យាល័យឲ្យបានគ្រប់ឃុំ និងការរៀបចំគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ត្រូវបានរដ្ឋាភិបាលអនុវត្តសម្រេចបានខ្លះៗ។ ដោយឡែកគោលនយោបាយចំនួន ៣ទៀត ដែលរដ្ឋាភិបាលអនុវត្តតែមិនអាចសម្រេចតាមការសន្យាបាន រួមមាន គោលនយោបាយនាំចេញអង្ករឲ្យបាន ១លានតោននៅឆ្នាំ២០១៥ ការរក្សាផ្ទៃដីដែលគ្របដណ្ដប់ដោយព្រៃឈើ និងការដាក់ឲ្យដំណើរការរបបប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិតក្នុងវិស័យឯកជន។
យ៉ាងណារបាយការណ៍របស់អង្គការខុមហ្វ្រែលនោះ ត្រូវអនុប្រធាន និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា គិតថា ជារបាយការណ៍មួយដែលធ្វើឡើងដោយមិនបានវិភាគឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើឡើងក្នុងចេតនាគាំទ្រគណបក្សប្រឆាំង៖ «កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល គឺជាជំហានឆ្ពោះទៅមុខក្នុងការកែទម្រង់ ដូច្នេះយើងធ្វើជាជំហានៗ មិនអាចក្នុងរយៈពេលដ៏ខ្លីយើងធ្វើបានតាមសំណូមពរទាំងស្រុងរបស់ប្រជាពលរដ្ឋ ឬក៏សម្រេចគោលនយោបាយរបស់ខ្លួនបានទាំងស្រុងនោះទេ»។
ពាក់ព័ន្ធនឹងសុក្រឹតភាពក្នុងរបាយការណ៍ដែលរកឃើញដោយអង្គការខុមហ្វ្រែលនេះ លោក យង់ គិមអេង សមាជិកគណៈកម្មាធិការនាយកអង្គការខុមហ្វ្រែល បញ្ជាក់ថា ធ្វើឡើងត្រឹមត្រូវហើយ គ្មានភាពលំអៀង។ យ៉ាងណារបាយការណ៍នោះគឺជាគំរូ ឬការសិក្សាមួយដែលអាចផ្សារភ្ជាប់ការយល់ដឹងរបស់ពលរដ្ឋជាមួយគោលនយោបាយថ្នាក់ជាតិ និងលើកទឹកចិត្តឲ្យពលរដ្ឋរៀនតាមដានពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីឲ្យក្លាយជាម្ចាស់ឆ្នោតពិតប្រាកដដែលមានឥទ្ធិពលក្នុងការដាក់សម្ពាធទៅលើអ្នកនយោបាយ ដើម្បីឲ្យអ្នកនយោបាយធ្វើការទៅតាមឆន្ទៈរបស់ពលរដ្ឋ៕