អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ជំនាញ​​ស្នើ​ធ្វើ​​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា

ដោយ យ៉ង ចាន់តារា
2014.08.04
Share on WhatsApp
Share on WhatsApp
សន្និសីទ ៦១០ អង្គការ​សង្គម​ស៊ីវិល​ធ្វើ​សន្និសីទ​ស្ដីពី​ការ​ស្នើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​៤ សីហា ២០១៤។
RFA/Rann Samnang

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​អនុវត្ត​ចំណុច​សំខាន់ៗ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​ថ្ងៃ​ទី​២២ កក្កដា ២០១៤ នៅ​ឡើយ​ទេ គឺ​បាន​ត្រឹមតែ​លើក​ឡើង​ថា នឹង​បន្ត​ពិភាក្សា​គ្នា​ត​ទៅ​ទៀត។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ឯករាជ្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ដើម្បី​ផ្ដល់​ជា​អនុសាសន៍​ដល់​គណបក្ស​ទាំង​ពីរ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ទាក់ទង​នឹង​ការ​បោះឆ្នោត និង​អ្នក​ជំនាញ​ឯករាជ្យ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ទាមទារ​ឲ្យ​ស្ថាប័ន​រដ្ឋ​សភា​ធ្វើការ​ឲ្យ​បាន​ច្រើន​ជាង​មុន និង​បើក​ទូលាយ​ផ្ដល់​ឯកសារ​នានា​ដល់​សាធារណជន​ឲ្យ​បាន​ច្រើន។

សេចក្ដី​សង្ខេប​នៃ​អនុសាសន៍​ចំនួន ១១ ចំណុច​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នេះ មាន​ដូច​ជា រដ្ឋ​សភា​ត្រូវ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​ថ្មី ដោយ​មតិ​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋ​សភា​ទាំង​មូល, គណៈកម្មាធិការ​អចិន្ត្រៃយ៍ ឬ​គណៈកម្មការ​ជំនាញ​នីមួយៗ​នៃ​រដ្ឋសភា​ត្រូវ​កំណត់​ពេល ១​ថ្ងៃ ក្នុង​១​សប្ដាហ៍ ដើម្បី​ធ្វើ​សវនាការ​ជជែក​ដេញដោល​ជា​សាធារណៈ​ចំពោះ​ជន​ពាក់ព័ន្ធ​មក​បំភ្លឺ​លើ​សេចក្ដី​ព្រាង សេចក្ដី​ស្នើ​ច្បាប់ និង​ការ​អនុវត្ត​ច្បាប់​ជា​ធរមាន។

​បន្ថែម​ពី​លើ​នេះ រាល់​កំណត់ហេតុ និង​ឯកសារ​ដទៃ​ទៀត​របស់​រដ្ឋសភា ត្រូវ​រក្សាទុក​នៅ​ក្នុង​អគ្គលេខាធិការដ្ឋាន និង​ជា​សាធារណៈ លើកលែងតែ​ជា​កំណត់ហេតុ និង​ឯកសារ​ទាំង​ឡាយ​ណា​ដែល​សម្រេច​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ថា អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ។ ក្រៅ​ពី​នេះ ចម្លើយ​ផ្ទាល់​មាត់ ឬ​លាយលក្ខណ៍អក្សរ​របស់​នាយករដ្ឋមន្ត្រី ឬ​រដ្ឋមន្ត្រី ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល ១៥​ថ្ងៃ បន្ទាប់ពី​ទទួល​បាន​សំណួរ ហើយ​ការ​ជជែក​ដេញដោល​រវាង​អ្នកតំណាងរាស្ត្រ និង​រាជ​រដ្ឋាភិបាល​ត្រូវ​កំណត់​ពេល​ស្មើ​គ្នា។ ចំណែក​ឯ​ញត្តិ​បន្ទោស​រាជរដ្ឋាភិបាល​អាច​ត្រូវ​លើក​មក​ពិភាក្សា​បាន លុះត្រា​តែ​មាន​តំណាងរាស្ត្រ​យ៉ាង​តិច ៣០​នាក់។ លើស​ពី​នេះ​ទៅ​ទៀត គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​តិច​ជាង​១០ មាន​សិទ្ធិ​បង្កើត​ក្រុម​របស់​ខ្លួន ១​ក្រុម ហើយ​គណបក្ស​ដែល​មិន​ចូល​រួម​នៅ​ក្នុង​រដ្ឋាភិបាល និង​មាន​អាសនៈ​ច្រើន​ជាង​នៅ​ក្នុង​សភា ត្រូវ​បាន​ទទួល​ស្គាល់ ហើយ​មាន​សិទ្ធិ​បង្កើត​អ្នក​នាំ​ពាក្យ​ក្នុង​ការ​ត្រួតពិនិត្យ​ការងារ​របស់​រាជរដ្ឋាភិបាល។

អនុសាសន៍​សំខាន់​មួយ​ទៀត គឺ​សមាជិក​រដ្ឋសភា ត្រូវ​បាត់បង់​សមាជិកភាព​របស់​ខ្លួន ដោយសារ​សាមី​ខ្លួន​សុំ​លា​ឈប់​ជា​លាយលក្ខណ៍អក្សរ ដោយ​បញ្ជាក់​ពី​មូលហេតុ​ជាក់លាក់ និង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីស្នាក់ការ​អង្គការ​ខុមហ្វ្រែល នា​រសៀល​ថ្ងៃ​ទី​៤ ខែ​សីហា លោក នី ចរិយា មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ឯករាជ្យ ចង់​ឱ្យ​រដ្ឋសភា​កម្ពុជា មាន​ដំណើរ​ការ​ត្រឹមត្រូវ ដោយ​ឯករាជ្យ និង​ឈរ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​អ្វី​ដែល​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ឯករាជ្យ​អាច​ធ្វើ​បាន គឺ​ការ​ស្នើ​ឱ្យ​មាន​ការ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​រដ្ឋ​សភា។

លោក នី ចរិយា៖ «យើងមិនមែនជា​អ្នក​ទៅ​យកអំណាចពីប្រជាជន​ទេ។ យើងគ្រាន់តែស្នើទៅ ប្រសិនបើ​ក្រុមណា​មួយ​យល់​ថា កិច្ចការបម្រើប្រជាពលរដ្ឋបានច្រើន និង​អាចយកទៅ​ដាក់ក្នុងផែនការ​​យុទ្ធសាស្រ្តរបស់ខ្លួនឬ​ក៏​អាចស្នើ​ទៅក្រុមម្ខាងទៀត ដើម្បីធ្វើវិសោធនកម្មទៅ​តាមអ្វីដែលយើងចង់​បាននេះ។ អ៊ីចឹងខ្ញុំយល់ថា នេះ​គ្រាន់​តែ​លទ្ធភាព​មួយសម្រាប់ឱ្យយើងផ្តល់ជាគំនិតយោបល់ទៅទេ។ ទៅ​ដល់​អ្នកនយោបាយ​ត្រង់ថា អ្នកនយោបាយចេះយកគំនិតយោបល់នេះទៅប្រើប្រាស់សម្រាប់ទាញយកផលប្រយោជន៍​ខាង​​នយោបាយពីប្រជាជនយ៉ាងម៉េច អាហ្នឹងវាអាស្រ័យ​​ទៅលើក្រុមអ្នកនយោបាយ»

​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​សេចក្ដី​ស្នើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ឯករាជ្យ  ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ត្រង់​ប្រការ​៧ ដែល​ចែង​ពី​ការ​ឯកភាព​គ្នា​ក្នុង​ការ​សិក្សា ដើម្បី​ឈាន​ទៅ​ធ្វើ​វិសោធនកម្ម​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​អនុវត្ត​កិច្ច​ព្រមព្រៀង។ សេចក្ដី​ថ្លែងការណ៍​រួមនេះក៏​ត្រូវ​បានធ្វើ​ឡើងនៅ​ចំពោះ​ភាព​មិនទាន់​អនុវត្ត​បាននៃ​កិច្ច​ព្រមព្រៀងនយោបាយ​ថ្ងៃ​ទី​២២ កក្កដា ឆ្នាំ​២០១៤ រវាងគណបក្សនយោបាយ​ជាប់​ឆ្នោតទាំង​ពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​អាមេរិក​កាំង​ម្នាក់​​យក​ស្បែក​ជើង​គប់​លោក ​ហ៊ុន សែន​ ក្នុង​ពេល​ជួប​អ្នក​គាំទ្រ​នៅ​សហរដ្ឋអាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល