អ្នកច្បាប់និងសង្គមស៊ីវិល៖ ដំណើរការរបស់សភាបច្ចុប្បន្នមិនស្របច្បាប់
2014.03.31
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) បានចេញរបាយការណ៍ឃ្លាំមើលសកម្មភាពក្នុងឆមាសដំបូងរបស់សភាឯកបក្សនីតិកាលទី៥នេះ គឺមានបញ្ហាមិនប្រក្រតីជាច្រើន រាប់ទាំងការប្រជុំសភាដំបូងកាលពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ ក្នុងនោះមានទាំងការបញ្ចេញមតិក្នុងសភា និងការបង្កើតច្បាប់ជាដើម។
ក្រុមអ្នកច្បាប់និងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានចាត់ទុកការអនុម័តច្បាប់របស់រដ្ឋសភាឯកបក្សបច្ចុប្បន្ន ថាជាច្បាប់មិនមានធម្មនុញ្ញភាព ដោយសារថា រដ្ឋសភាបច្ចុប្បន្នមិនមែនជាសភាស្របច្បាប់។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រដ្ឋសភាបច្ចុប្បន្នពុំមានលក្ខណៈស្របច្បាប់ទេ។ លោកបន្ថែមថា ទាំងសភា ទាំងរដ្ឋាភិបាល ស្ថាប័នទាំងពីរនេះមិនស្របច្បាប់ដូចគ្នា ដូច្នេះការអនុម័តច្បាប់របស់សភាឯកបក្សកន្លងមក គឺអធម្មនុញ្ញភាព៖ «រដ្ឋាភិបាលអត់មានលក្ខណៈច្បាប់ទេ ព្រោះសភាក៏អត់មានលក្ខណៈច្បាប់ផង ហើយតុលាការក៏ដូចគ្នា តុលាការអត់មានច្បាប់ស្ដីពីលក្ខន្តិកៈព្រះរាជអាជ្ញានិងចៅក្រមផង»។
ក្រុមអ្នកច្បាប់បានថ្លែងដូច្នេះនៅក្នុងកិច្ចពិភាក្សា និងការផ្ដល់អនុសាសន៍ស្ដីពីកំណែទម្រង់រដ្ឋសភា ដែលរៀបចំឡើងដោយអង្គការខុមហ្វ្រែល។ នៅក្នុងកិច្ចពិភាក្សានេះ ខុមហ្វ្រែល ក៏បានអញ្ជើញតំណាងរាស្ត្រមកពីគណបក្សជាប់ឆ្នោតទាំងពីរ គឺតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មិនបានមកចូលរួមនោះទេ។
នៅក្នុងកិច្ចពិភាក្សានេះ អង្គការខុមហ្វ្រែល បានចេញរបាយការណ៍ស្ដីពីការឃ្លាំមើលសភា និងតំណាងរាស្ត្របេក្ខជនជាប់ឆ្នោតនៅក្នុងរយៈពេល ៦ខែកន្លងមក នៅក្នុងអំឡុងពេលជាប់គាំងនយោបាយនេះ។ បញ្ហាមិនប្រក្រតីទាំងនោះ រួមមាន ការបង្កើតរដ្ឋសភា ដោយយោងលើរដ្ឋធម្មនុញ្ញមាត្រា ៧៦ ការបង្កើតរដ្ឋសភាដំបូងត្រូវមានតំណាងរាស្ត្រយ៉ាងតិច ១២០រូបជាដើម។
នៅក្នុងរបាយការណ៍ឃ្លាំមើលសភារយៈពេល ៦ខែនេះ បានលើកពីចំណុចជាច្រើនទៀត ដូចជាក្នុងឆមាសដំបូងនៃរដ្ឋសភានីតិកាលទី៥ ចាប់ពីខែកញ្ញា ឆ្នាំ២០១៣ ដល់ខែកុម្ភៈ ឆ្នាំ២០១៤ រដ្ឋសភាបានបើកកិច្ចប្រជុំដំបូងមួយលើក និងកិច្ចប្រជុំពេញអង្គចំនួន ៤លើក ដោយបានយករបៀបវារៈចំនួន ១៣ ក្នុងនោះមានរៀបវារៈចំនួន ១០ តម្រូវឲ្យមានការពិភាក្សានិងអនុម័ត ហើយរបៀបវារៈ ៣ផ្សេងទៀត តម្រូវឲ្យមានការបោះឆ្នោត។ ការអនុម័តសេចក្ដីព្រាងច្បាប់ភាគច្រើនសំឡេង ៦៦ លើ ៦៦សំឡេង ដូចជាសេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងមុខងារសាធារណៈ និងច្បាប់ផ្សេងៗទៀតជាដើម។
នៅក្នុងការពិភាក្សានិងអនុម័តច្បាប់នេះ តំណាងរាស្ត្រដែលមកពីគណបក្សប្រជាជនកម្ពុជា តែមួយនោះ ស្ទើរតែមិនបានជជែកវែកញែកឲ្យបានផុលផុសនោះឡើយ។ ខុមហ្រ្វែល វាយតម្លៃថា ដំណើរការរដ្ឋសភានីតិកាលទី៥នេះ ដែលជាសភាឯកបក្សមិនអាចបំពេញតួនាទីរបស់ខ្លួនបានល្អទេ។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានគណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ចោទប្រកាន់ថា ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ជាក្រុមគាំទ្រគណបក្សប្រឆាំង ហើយថា របាយការណ៍នេះមានលក្ខណៈនយោបាយ៖ «រហូតមកដល់ឥឡូវនេះ សភាយើងធ្វើកិច្ចការច្បាស់លាស់ណាស់ ស្អែកហ្នឹង យើងនឹងប្រកាសថា តើសភារបស់យើងធ្វើអ្វីខ្លះកន្លងមកហ្នឹង ហើយសភារបស់យើងបានធ្វើកិច្ចការជាមួយប្រទេសមួយចំនួនទៀត»។
បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលភ្នំពេញ លោក សុន ឆ័យ បានលើកពីអនុសាសន៍ចំនួន ១២ របស់លោកនៅក្នុងកិច្ចពិភាក្សានោះ រួមមាន ការកំណត់ប្រធាននិងអនុប្រធានសភា ការបង្កើតក្រុមតំណាងរាស្ត្រគណបក្សនៅក្នុងរដ្ឋសភា និងមានបន្ទប់ និងថវិកាប្រើប្រាស់យោងតាមចំនួនដែលក្រុមមាន បង្កការងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើបណ្ដឹងមករដ្ឋសភា និងដោះស្រាយបណ្ដឹងឲ្យមានប្រសិទ្ធភាព និងផ្ដល់លទ្ធភាពឲ្យតំណាងរាស្ត្រម្នាក់ៗមានការិយាល័យផ្ទាល់នៅក្នុងមណ្ឌលរបស់ខ្លួន មានបុគ្គលបម្រើការងារផង និងករណីជាច្រើនទៀត។
ដោយឡែកខុមហ្វ្រែល ក៏បានរកឃើញពីការធ្វើសកម្មភាពចុះមូលដ្ឋានរវាងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ មានសកម្មភាពប្រហាក់ប្រហែលគ្នា ដូចជាការជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ សម្ពោធសមិទ្ធផលនានា ការចុះពង្រឹងផ្ទៃក្នុង និងបណ្ដាញគណបក្ស ការចុះអមដំណើរជាក្រុម ឬអមថ្នាក់ដឹកនាំ ការចូលរួមក្នុងវេទិកាសាធារណៈជាដើម។ ដោយឡែកការអន្តរាគមន៍ និងការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋគណបក្សសង្គ្រោះជាតិ មាន ៥% រីឯគណបក្សប្រជាជនកម្ពុជា ០%។
ខុមហ្រែ្វលនិងមន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគឯករាជ្យ បានផ្ដល់អនុសាសន៍ជាច្រើនសម្រាប់រដ្ឋសភា និងការកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដូចជាជម្រើសទី១ គណបក្សសង្គ្រោះជាតិ ត្រូវធ្វើជាប្រធានសភា និងធ្វើជាប្រធានគណៈកម្មការជំនាញ ៤ រីឯអនុប្រធានសភាទាំងពីរ ត្រូវធ្វើដោយគណបក្សប្រជាជនកម្ពុជា និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន ៥។
ជម្រើសទី២ គណបក្សប្រជាជនកម្ពុជា ត្រូវធ្វើជាប្រធានសភា និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន ៤ រីឯអនុប្រធានរដ្ឋសភាទាំងពីរត្រូវធ្វើដោយគណបក្សសង្គ្រោះជាតិ និងធ្វើជាប្រធានគណៈកម្មការជំនាញចំនួន ៥វិញ។ ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីនិងសមាជិករដ្ឋាភិបាលត្រូវមកឆ្លើយសំណួរជាមួយតំណាងរាស្ត្រស្របតាមបទបញ្ញត្តិដែលមានចែងក្នុងមាត្រា ៩៦ មន្ទីររដ្ឋសភាត្រូវបើកឲ្យប្រជាពលរដ្ឋចូលរួមស្តាប់ការប្រជុំរបស់តំណាងរាស្ត្រ ការអនុម័តច្បាប់ និងអនុសាសន៍ជាច្រើនទៀត៕