បក្ស​នយោបាយ​មួយ​ចំនួន​កំពុង​បញ្ចប់​ការ​រើស​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​ឃុំ-សង្កាត់

ដោយ សាន សែល
2017-01-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ខេត្ត​ព្រះសីហនុ លោក ទុន សុខ ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​បរិវេណ​សាលា​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
ពលរដ្ឋ​ខេត្ត​ព្រះសីហនុ លោក ទុន សុខ ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​ក្នុង​បរិវេណ​សាលា​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

គណបក្ស​នយោបាយ​មួយ​ចំនួន កំពុង​បញ្ចប់​ការ​បោះឆ្នោត​ផ្ទៃក្នុង​បក្ស​នៃ​ការ​ជ្រើសរើស​បេក្ខជន​សម្រាប់​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ខែ​មិថុនា ខាង​មុខ។ ស្រប​គ្នា​នេះ តំណាង​គណបក្ស​នយោបាយ ឲ្យ​ដឹង​ថា ពួក​គេ​កំពុង​រៀបចំ​បញ្ជី​បេក្ខជន​ដាក់​ជូន គ..ប ដើម្បី​ត្រួត​ពិនិត្យ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ចប់​ការ​ធ្វើ​សន្និបាត​គណៈកម្មាធិការ​បក្ស​មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស ដើម្បី​ជ្រើសរើស​បេក្ខជន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ឲ្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ដែល​នៅ​សល់​ពេល​ប្រមាណ ៥​ខែ​ទៀត។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឲ្យ​ដឹង​ថា នៅ​ដើម​ខែ​កុម្ភៈ នេះ គណបក្ស​លោក​នឹង​ចាប់​ផ្ដើម​រៀបចំ​បញ្ជី​ឈ្មោះ​លំដាប់​លេខ​រៀង​បេក្ខជន ទៅ​តាម​លទ្ធផល​បោះឆ្នោត​នៅ​សន្និបាត​មូលដ្ឋាន ក្រោយ​ពី​ការ​ត្រួត​ពិនិត្យ​របស់​ការិយាល័យ​បក្ស​ថ្នាក់​ស្រុក-ខេត្ត។

លោក សុខ ឥសាន បន្ថែម​ថា បន្ទាប់​ពី​នេះ​ទៀត បក្ស​កាន់​អំណាច​នឹង​ត្រូវ​រៀបចំ​ឯកសារ​របស់​បេក្ខជន​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ដាក់​ពាក្យ​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..)៖ «បេក្ខជន​ណា​ដែល​មាន​សំឡេង​ច្រើន​ជាង​គេ យើង​ដាក់​រៀង​ទី​មួយ បន្ទាប់​មក​លេខ​រៀង​បន្តបន្ទាប់។ ឧបមា​ថា បើ​ឃុំ​មួយ​គេ​ត្រូវការ ៧​នាក់ យើង​រើស​១៤។ មាន​ពេញ​សិទ្ធិ​៧ ត្រៀម​បម្រុង​៧»

ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ វិញ ក៏​កំពុង​បញ្ចប់​រៀបចំ​ការ​ជ្រើសរើស​បេក្ខជន​ក្នុង​ចំណោម​ឃុំ-សង្កាត់ ១.៦៤៦​ឃុំ-សង្កាត់​ទូទាំង​ប្រទេស។ មក​ដល់​ពេល​នេះ មាន ៤៨​ឃុំ-សង្កាត់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ជ្រើសរើស​ហើយ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ ប្រាប់​ថា ដំណើរ​ការ​នេះ​គ្រោង​នឹង​បញ្ចប់​យូរ​បំផុត​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ៖ «មាន​បេក្ខជន​ចូលរួម​ច្រើន មាន​លក្ខណៈ​សម្បត្តិ​ប្រហាក់​ប្រហែល​គ្នា។ យើង​កំពុង​រក​មធ្យោបាយ​រើស​បេក្ខជន​ណា​ស្រប​តាម​ស្ថានភាព​ឃុំ-សង្កាត់​នីមួយៗ»

រីឯ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កំពុង​រៀបចំ​ឯកសារ​ផ្ទៀងផ្ទាត់​សមាជិក ដើម្បី​ចុះ​បញ្ជី​បេក្ខភាព​សម្រាប់​ត្រៀម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។

អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម អ៊ីន ថ្លែង​ថា ដំណើរ​ការ​រៀបចំ​នេះ នឹង​បញ្ចប់​នៅ​មុន​ខែ​មីនា៖ «មក​ដល់​ពេល​នេះ យើង​បាន​រៀប​សមាជ​លើក​ទី​មួយ​សម្រាប់​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ឃុំ-សង្កាត់​បាន ២៤​ឃុំ។ ហើយ​សមាជ​លើក​ទី​ពីរ បោះឆ្នោត​ជ្រើសរើស​លេខ​រៀង​បេក្ខជន​បាន ៦​ឃុំ​ហើយ»

លោក សាម អ៊ីន ពន្យល់​ថា នីតិវិធី​នៃ​ការ​ជ្រើសរើស​បេក្ខជន​ដោយ​ប្រជាជន​មូលដ្ឋាន​នេះ តំណាង​ឲ្យ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស ដែល​គេ​អនុវត្ត​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

អ្នក​នាំ​ពាក្យ គ..ប លោក ហង្ស ពុទ្ធា ថ្លែង​ថា មក​ដល់​ថ្ងៃ​ទី​៣០ មករា នេះ មិន​ទាន់​មាន​ចំនួន​ជាក់លាក់​នៃ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ប្រកួត​ប្រជែង​នៅ​ខែ​មិថុនា នៅ​ឡើយ។

ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នឹង​ត្រូវ​រៀបចំ​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ ឃុំ-សង្កាត់​មួយ​អាច​មាន​ក្រុមប្រឹក្សា​ដែល​ដឹកនាំ​ដោយ​មេ​ឃុំ-សង្កាត់​មួយ​រូប និង​សមាជិក​ចន្លោះ​ពី ៥ និង ១១​រូប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល