“ការ​ផ្អាក​សង់​សាលា​ឃុំ​នៅ​តំបន់​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ជា​ការ​រើសអើង​នយោបាយ”

ដោយ សូត សុខប្រាថ្នា
2017-07-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាលា​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​មាន​សភាព​ទ្រុឌទ្រោម។ រូបថត​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
សាលា​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​មាន​សភាព​ទ្រុឌទ្រោម។ រូបថត​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ធំ លើក​ឡើង​ថា ការ​កសាង​អគារ​សាលា​ឃុំ​នៅ​តំបន់​ខ្លះ អាជ្ញាធរ​ហាក់​រើសអើង​ផ្នែក​នយោបាយ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​សម្រេច​ផ្អាក​សកម្មភាព​សាងសង់​អគារ​សាលា​សង្កាត់​ស្រយ៉ូវ ដោយសារ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត។ អភិបាល​ខេត្ត​បញ្ជាក់​ថា ការ​ផ្អាក​នោះ គឺ​មិន​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ ប៉ុន្តែ​ដោយសារ​ថវិកា​កសាង​មាន​កំណត់។

មន្ត្រី​គណបក្ស​ប្រឆាំង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ពន្លឿន​ការ​កសាង​អគារ​សាលា​ឃុំ និង​កសាង​ដោយ​មិន​ត្រូវ​រើសអើង​ផ្នែក​នយោបាយ ប៉ុន្តែ​ជា​ការ​អភិវឌ្ឍ​មួយ​ពិតប្រាកដ ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​មូលដ្ឋាន។ បន្ថែម​ពី​នេះ កង្វះ​អគារ​សាលា​ឃុំ និង​សម្ភារៈ​ប្រើប្រាស់ គឺ​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការងារ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ធំ លោក ស៊ុន ចន្ធី មាន​ប្រសាសន៍​ថា ការ​កសាង​សាលា​ឃុំ​ខ្លះ គឺ​ជា​ហេតុផល​នយោបាយ។ ការ​លើក​ឡើង​បែប​នេះ ពីព្រោះ​លោក​កត់​សម្គាល់​ថា នៅ​សង្កាត់​ស្រយ៉ូវ ក្រុង​ស្ទឹងសែន អាជ្ញាធរ​ខេត្ត ព្រម​ទាំង​អភិបាល​ខេត្ត​ផង បាន​ចូលរួម​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​សង្កាត់​មួយ​នេះ​នៅ​មុន​ពេល​បោះឆ្នោត និង​ចំ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ប៉ុន្តែ​នៅ​ពេល​លទ្ធផល​ឆ្នោត​បង្ហាញ​ថា សង្កាត់​មួយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ សកម្មភាព​សាងសង់​សាលា​សង្កាត់​ថ្មី​ត្រូវ​បាន​គេ​បញ្ឈប់​តែ​ម្តង៖ «ព័ត៌មាន​ថា​គេ​មិន​សាងសង់ ដោយសារ​គេ​ចាញ់​ឆ្នោត។ អ៊ីចឹង​មាន​ន័យ​ថា គណបក្ស​ប្រជាជន យក​ថវិកា​ជាតិ​ទៅ​សាងសង់ មិន​មែន​ទៅ​សាងសង់​អគារ​បម្រើ​សេវា​សាធារណៈ​របស់​រដ្ឋ​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ទេ ធ្វើ​ក្នុង​នាម​បក្ស​ទាំងអស់»

លោក​មើល​ឃើញ​ថា ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល​បែប​នេះ គឺ​ជា​រូបភាព​អាក្រក់​មួយ ព្រោះ​ធ្វើ​អ្វីៗ​ដើម្បី​តែ​ផល​ប្រយោជន៍​របស់​គណបក្ស​ខ្លួន មិន​បាន​បម្រើ​ផល​ប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ។ លោក​គាំទ្រ​រាល់​ការ​អភិវឌ្ឍ​របស់​រាជ​រដ្ឋាភិបាល ឲ្យ​តែ​ការ​អភិវឌ្ឍ​ទាំងនោះ​ធ្វើ​ឡើង​ដោយ​ពិតប្រាកដ និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ជៀសវាង​ការ​អភិវឌ្ឍ​ក្លែងក្លាយ។

មេ​ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក នី សុវណ្ណ អះអាង​ថា កាល​ពី​ថ្ងៃ​ទី​១ មិថុនា អាជ្ញាធរ និង​មន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចុះ​មក​បើក​ការដ្ឋាន​សាងសង់​អគារ​សាលា​ឃុំ​របស់​ពួក​គាត់ ប៉ុន្តែ​ក្រោយ​ពេល​លទ្ធផល​ឆ្នោត គណបក្ស​ប្រឆាំង​ឈ្នះ​ដឹកនាំ​ឃុំ​មួយ​នេះ ការដ្ឋាន​សាងសង់​នោះ​ត្រូវ​បាន​គេ​រើ​ប្រមូល​យក​ទៅ​កសាង​នៅ​ឃុំ​ផ្សេង​វិញ។ លោក​មិន​យល់​សោះ​អំពី​រឿង​នេះ ប៉ុន្តែ​លោក​ថា ប្រហែល​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ការ​បោះឆ្នោត។

ឆ្លើយតប​បញ្ហា​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អភិបាល​ខេត្ត​កំពង់ធំ ផង លោក សុខ លូ មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា ថា​ការ​កសាង​សាលា​ឃុំ គឺ​មិន​ជាប់​ពាក់ព័ន្ធ​រឿង​នយោបាយ​ទេ ប៉ុន្តែ​អាជ្ញាធរ​កសាង​ទៅ​តាម​ចំនួន​ថវិកា​របស់​ក្រសួង​ផ្តល់​ឲ្យ​តែ​ប៉ុណ្ណោះ៖ «ការ​បើ​ការដ្ឋាន ឬ​មិន​បើក​ទាំង​ប៉ុន្មាន គឺ​អាស្រ័យ​ទៅ​លើ​ថវិកា​ក្រសួង​ទម្លាក់​មក គឺ​បាន​តែ ៩។ អ៊ីចឹង​ទេ គឺ​មិន​មែន​ជា​រឿង​នយោបាយ​ទេ យើង​នឹង​សង់​ជា​បន្តបន្ទាប់»

អភិបាល​ខេត្ត​ដដែល​បញ្ជាក់​ថា សកម្មភាព​ផ្អាក​ការដ្ឋាន​សាងសង់​សាលា​ឃុំ-សង្កាត់​មួយ​ចំនួន គឺ​ជា​ការ​ផ្អាក​បណ្ដោះអាសន្ន​ប៉ុណ្ណោះ ពេល​ណា​កញ្ចប់​ថវិកា​ក្រសួង​ធ្លាក់​មក​ទៀត ទើប​បន្ត​ដំណើរ​ការ​សាងសង់។

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ មើល​ឃើញ​ថា មិន​មែន​មាន​តែ​ករណី​កសាង​សាលា​ឃុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ករណី​កសាង​ផ្លូវ​នៅ​តំបន់​មួយ​ចំនួន គឺ​អាជ្ញាធរ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​មុន​ពេល​បោះឆ្នោត ប៉ុន្តែ​ត្រូវ​បាន​គេ​ទុក​ចោល​វិញ​ក្រោយ​ពេល​លទ្ធផល​ការ​បោះឆ្នោត​ប្រែប្រួល។ រូបភាព​ទាំងនេះ លោក​យល់​ថា​ជា​នយោបាយ​ប្រជាភិថុតិ​តែ​ប៉ុណ្ណោះ៖ «ខ្ញុំ​យល់​ថា​ជា​អ្វី​មួយ​ដែល​មាន​ផែនការ​ជាក់លាក់។ ខ្ញុំ​ឧទាហរណ៍​ដូច​ករណី​សាលា​ឃុំ​ដែល​គេ​ត្រូវ​រៀបចំ​គ្រោង​នឹង​កសាង​ហើយ ទំនង​ជា​មិន​មែន​ជា​ចំណុច​ដែល​ត្រូវ​កែប្រែ​ទេ»

លោក​បន្ថែម​ទៀត​ថា រាល់​គម្រោង​សាងសង់​ណា​មួយ ប្រសិន​បើ​មាន​ការ​ចាប់​ផ្ដើម នឹង​បន្ត​រហូត​ដល់​ដំណាក់កាល​បញ្ចប់ ពីព្រោះ​កញ្ចប់​ថវិកា​គេ​បាន​រៀបចំ​រួច​ជា​ស្រេច​ទៅ​ហើយ មិន​អាច​មក​ដក​ហូត​កណ្ដាល​ទី​បាន​ទេ ម្យ៉ាង​ថវិកា​ទាំងនោះ​ជា​ថវិកា​របស់​ជាតិ មិន​មែន​ជា​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។

លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ទាំងឡាយ មិន​ត្រូវ​ប្រើ​រូបភាព​បោក​បញ្ឆោត​ទាំងនេះ​ទេ ព្រោះ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ ម្យ៉ាង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​រាជ​រដ្ឋាភិបាល​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

មន្ត្រីគណះបក្សប្រជាជនកម្ពុជាសុទ្ធតែជាមហាបណ្ឌិតគ្រប់ទីកន្លែង សំបូរដោយចំណេះដឹង អញ្ចឹងហើយបានជាលទ្ធផលបោះឆ្នោតរាល់អាណត្តិម្តងៗ តែងតែបាត់សំលេងគាំទ្រ។ នេះគឺជាមហាលទ្ធផលដ៏អស្ចារ្យក្រោមការដឹកនាំរបស់សម្តេចតេជោ។

Jul 30, 2017 07:44 AM

គេហទំព័រ​ទាំងមូល