សង្គម​ស៊ីវិល​បារម្ភ​រឿង​ខ្វែងគំនិត​និង​ជម្លោះ​រឿង​លទ្ធផល​ឆ្នោត​ព្រោះ​បក្ស​ខ្វះ​គ្មាន​ភ្នាក់ងារ​ចូលរួម

តាំង សារ៉ាដា
2018.07.18
រាប់ សន្លឹក​ឆ្នោត​ ២០១៤ ៦២២ ក្រុម​ការងារ​រៀបចំ​ការ​បោះឆ្នោត​​​រាប់​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​សាលា​យុគន្ធរ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៤។
RFA

សង្គម​ស៊ីវិល និង​អ្នកវិភាគ​បារម្ភ​អំពី​ការ​ខ្វែងគំនិត​យោបល់ និង​កើតមាន​ជម្លោះ​អំពី​ភាព​មិន​ប្រក្រតី​ចំពោះ​ដំណើរការ​បោះឆ្នោត ជាពិសេស​លទ្ធផល​ឆ្នោត ដោយសារតែ​គណបក្ស​នយោបាយ ភាគច្រើន ខ្វះ​ភ្នាក់ងារ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស តាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខ។ ការ​បង្ហាញ​ក្តី​បារម្ភ​នេះ បន្ទាប់ពី​គ..ប ប្រកាស​ទទួលស្គាល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ជិត ៨​ម៉ឺន​នាក់​ចូលរួម​សង្កេតការណ៍ ប៉ុន្តែ​មាន​គណបក្ស​ចំនួន ៦​អត់​មាន ភ្នាក់ងារ​សង្កេតការណ៍​បោះឆ្នោត​ឡើយ ចំណែក​គណបក្ស​ខ្លះ​ទៀត មាន​ចំនួន​តិច​តូច។ ចំពោះ​គណបក្ស​ដែល​មាន​ភ្នាក់ងារ​សង្កេតការណ៍​ច្រើន​ជាងគេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា។

ថ្វី​ដ្បិត​ភ្នាក់ងារ​របស់​បណ្ដាល​គណបក្ស​នយោបាយ​សម្រាប់​សង្កេតការណ៍​បោះឆ្នោត នា​ពេល​ខាងមុខ មាន​តួនាទី សំខាន់​បំផុត​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ឱ្យ​ការបោះឆ្នោត​មាន តម្លាភាព សេរី និង​យុត្តិធម៌​ក្ដី ប៉ុន្តែ​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះឆ្នោត​អាណត្តិ​នេះ​ភាគច្រើន ខ្វះ​ភ្នាក់ងារ​សង្កេតការណ៍​ជាច្រើន រហូត​ដល់​គណបក្ស​ខ្លះ គ្មាន​ភ្នាក់ងារ​សង្កេតការណ៍​តែម្ដង។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​គ..ប ដែល​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃទី​១៧ ខែ​កក្កដា ឲ្យ​ដឹង​ថា គ​.​ជ​.ប បាន​ទទួល​ស្គាល់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ចំនួន​ជិត ៨​ម៉ឺន​នាក់ (៧៩.៧៨១) ក្នុង​នោះ ភ្នាក់ងារ​ពេញ​សិទ្ធិ​មាន​ចំនួន​ជាង ៥​ម៉ឺន​នាក់ (៥១.៥០៦) និង​ភ្នាក់ងារ​បម្រុង ចំនួន​ជិត ៣​ម៉ឺន​នាក់ (២៨.២៧៥)។ ក្នុងចំណោម​គណបក្ស​ទាំង​២០ គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជាមួយ​ទេ ដែល​ដាក់​ភ្នាក់ងារ សង្កេតការណ៍​ទាំង​ពេញ​សិទ្ធិ និង​បម្រុង​ច្រើន​ជាងគេ សរុប​ចំនួន ជាង ៤​ម៉ឺន​នាក់ (៤៥.៩៤៨)។ បន្ទាម់​មក​គណបក្ស​ហ៊្វុនស៊ិនប៉ិច ចំនួន​ជាង ១​ម៉ឺន ៦​ពាន់ (១៦.៦៨ ៤)នាក់ ។ គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ​មាន​ចំនួន​ជាង ១​ម៉ឺន​នាក់ (១១.៦៣១)។ គណបក្ស​ខ្មែរ​រួបរួម​ជាតិ​មាន ជាង ៤ពាន់​នាក់។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​មាន​ចំនួន​ជិត ៤​រយ​នាក់។

គណបក្ស​សំបុក​ឃ្មុំ​សង្គម ប្រជាធិបតេយ្យ​មាន​ចំនួន​ជាង ៣​រយ​នាក់។ គណបក្ស​ក្រៅ​ពី​នេះ មាន​ភ្នាក់ងារ​ចាប់ពី​ជាង ១​រយ​នាក់ ចុះ​រហូត ដល់​៥​នាក់។ ចំណែក​គណបក្ស​ចំនួន​៦​ទៀត​រួមមាន​គណបក្ស​ពន្លឺ​ថ្មី គណបក្ស​ខ្មែរ​ក្រោក គណបក្ស​ខ្មែរ​សាធារណរដ្ឋ គណបក្ស​ខ្មែរ​ឈប់​ក្រ គណបក្ស​ធម្មាប្រជាធិបតេយ្យ និង​គណបក្ស​ឆន្ទៈ​ខ្មែរ មិន​មាន​ភ្នាក់ងារ ចូលរួម​សង្កេតការណ៍​នោះ​ទេ។

 

 

អ្នកនាំពាក្យ​គ..ប លោក ហង្ស ពុទ្ធា ឲ្យ​ដឹងថា ការ​ដាក់​ភ្នាក់ងារ គណបក្ស​នយោបាយ​គឺ​អាស្រ័យ​ទៅ លើ​សិទ្ធិ​របស់​គណបក្ស​នីមួយៗ ដែល​មាន​ធនធាន និង​លទ្ធភាព។ លោក​អះអាង​ថា ទោះបីជា​គណ​បក្ស​មួយ​ចំនួន មិន​បាន​ដាក់​ភ្នាក់ងារ និង​គណបក្ស​ខ្លះ​ទៀត បាន​ភ្នាក់ងារ​តិច​តូច មិន​គ្រប់​ការិយាល័យ​ក៏ដោយ ក៏​មិន​ប៉ះពាល់ ដល់​ភាព​ត្រឹមត្រូវ​នៃ​ការបោះឆ្នោត​ដែរ។ ម្យ៉ាងទៀត លោក យល់​ថា ប្រសិនបើ​គណបក្ស​ទាំងអស់ សុទ្ធតែ​ដាក់​ភ្នាក់ងារ​សង្កេតការណ៍ ដូចគ្នា​នោះ អាច​បណ្ដាល​ឲ្យ​មានការ​បារម្ភ​អំពី​ភាព​ចង្អៀត​ណែន នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​ដែរ។ «»

..ប ឲ្យ​ដឹង​ដែរ​ថា តាម​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត​នីតិកាល​ទី​៦ គឺ​គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​មណ្ឌល​បោះឆ្នោត រាជ​ធានី​-​ខេត្ត​ណាមួយ មាន​សិទ្ធិ​ចាត់តាំង​ភ្នាក់ងារ​ពេញ​សិទ្ធិ របស់​ខ្លួន ១​រូប និង​ភ្នាក់ងារ​បម្រុង​១​រូប ដើម្បី​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​បោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត​នីមួយៗ​ក្នុង​ឃុំ-សង្កាត់។

ភ្នាក់ងារ​គណបក្ស​នយោបាយ មាន​សិទ្ធិ​ចុះហត្ថលេខា លើ​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការបោះឆ្នោត (ទ​.១១០១) និង​ទម្រង់​បែបបទ​កំណត់ហេតុ​នៃ​ការ​រាប់​ឆ្នោត (ទ​.១១០២) ដើម្បី​ដឹង​ថា គណបក្ស របស់​ខ្លួន​ទទួល​បាន​សន្លឹកឆ្នោត​តាម​ការ​រាប់​សន្លឹក ឆ្នោត​ពិត​ប្រាកដ​មែន។

ក្រុម​អង្គការ​សង្គម​ស៊ីវិល តែងតែ​លើកឡើង​ថា អ្នកសង្កេតការណ៍ និង​ភ្នាក់ងារ​គណបក្ស​នយោបាយ សុទ្ធ​តែ​មាន​តួនាទី​សំខាន់​ចូលរួម សង្កេតមើល​ដំណើរការ​បោះឆ្នោត និង​ការ​រាប់​សន្លឹកឆ្នោត ដើម្បី​ជា​សាក្សី​ថា ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ និង​ដើម្បី​កុំ​ឱ្យ​មានការ​ខ្វែងយោបល់​គ្នា និង​មាន​ជម្លោះ​ជុំវិញ​រឿង​ភាព​មិនប្រក្រតី​ទាំងឡាយ​ដែល​កើតមាន ពិសេស​រឿង​លទ្ធផល​បោះឆ្នោត។

ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​អតីត​សមាជិក​គ..ប លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ចំពោះ​ព្រឹត្តិការណ៍​បោះឆ្នោត​នេះ​ទេ ព្រោះ​គ្មាន​ការ​ប្រកួតប្រជែង​ដែល​មាន កម្លាំង​ស្មើគ្នា និង​គេ​បាន​ដឹង​លទ្ធផល​ជាមុន​ថា គណបក្ស​កាន់អំណាច នឹង​ឈ្នះ​ឆ្នោត ព្រោះ​គណបក្ស​ចំនួន​១៩​ទៀត មិន​មាន​កម្លាំង និង​ធនធាន​គ្រប់គ្រាន់។

រីឯ​សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក បុង ដែត មានប្រសាសន៍​ថា ព្រឹត្តិការណ៍​បោះឆ្នោត​នៅ ពេល​មុខ​នេះ អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត មិនសូវ​ចាប់អារម្មណ៍​ខ្លាំង​នោះ​ទេ ហើយ​ការបោះឆ្នោត នេះ នឹង​រង​ការ រិះគន់​ខ្លាំង និង​ពិបាកធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរជាតិ​ទទួលស្គាល់។ ពិបាក​ទទួល ស្គាល់​ព្រោះ​គេ​មើលឃើញ​ថា គណបក្ស​នយោបាយ​ភាគច្រើន មិនបាន​ដាក់​ភ្នាក់ងារ​សង្កេតការណ៍ គ្រប់​ចំនួន ខណៈ គណបក្ស​ប្រជាជន​កម្ពុជា ពង្រាយ​ភ្នាក់ងារ​សង្កេតការណ៍ ស្ទើរ​គ្រប​ដណ្ដប់​ទូទាំង ប្រទេស បូករួម​ជាមួយ​ក្រុម​អង្គការ​សមាគម ដែល​ចូលរួម​សង្កេតការណ៍ ប៉ុន្តែ​រង​ការ​ចោទ​ថា មាន និន្នាការ​ទៅ​រក​គណបក្ស​កាន់អំណាច​អាច​ចូលរួម​សង្កេតការណ៍​ថែម​ទៀត​ផង។ «»

អ្នកនាំពាក្យ​គ​.​ជ​.​ប ឲ្យ​ដឹង​ថា ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នេះ គ​.​ជ​.​ប បាន បង្កើន​ការិយាល័យ​បោះ​ឆ្នោត​នៅ តាម​ឃុំ​-​សង្កាត់​នៅ​ទូទាំង​ប្រទេស​រហូតដល់ ២២.៩៦៧​ការិយាល័យ ខណៈ​ចំនួន​អ្នកបោះឆ្នោត​មាន​ឈ្មោះ​ក្នុង​បញ្ជី​ជាង ៨​លាន ៣​សែន នាក់ (.៣៨០.២១៧) នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។