ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ​អនុម័ត​ឯកច្ឆន្ទ ​​​វិសោធនកម្ម​មាត្រា ៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​គណបក្ស​នយោបាយ

ដោយ ហេង រស្មី
2018-12-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុមប្រឹក្សា​ធម្មនុញ្ញ។ រូប​ថត​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
ក្រុមប្រឹក្សា​ធម្មនុញ្ញ។ រូប​ថត​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ​គ្មាន​ការ​កែប្រែ នូវ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធន​កម្ម​មាត្រា​៤៥ថ្មី (ស្ទួន) ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ។ អ្នកវិភាគ​ថា ការ​អនុម័ត​នេះ​គ្មាន​អ្វី​ចម្លែក​ទេ ព្រោះ​ស្ថាប័ន​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព​មួយ​នេះ ដឹកនាំ​ដោយ​លោក អ៊ឹម ឈុនលឹម ដែល​ជា​សមាជិក​​គណៈ​អចិន្ត្រៃយ៍​​គណបក្ស​ប្រជាជន​កម្ពុជា។​​

ច្បាប់​ស្ដីពី​វិសោធន​កម្ម​​មាត្រា​៤៥​ថ្មី​(ស្ទួន) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ដើម្បី​ក្លាយ​ជា​ច្បាប់ ​។

កិច្ច​ប្រជុំ​ ដឹកនាំ​ដោយ​​ប្រធាន​ស្ថាប័ន​ គឺ​លោក អ៊ឹម ឈុនលឹម ដែល​ជា​សមាជិក​​គណៈ​អចិន្ត្រៃយ៍​​គណបក្ស​ប្រជាជន​កម្ពុជា។

អគ្គលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​​រដ្ឋ​សភា​ឯក​បក្ស លោក ​ឡេង ប៉េងឡុង ធ្លាប់​អះអាង​ថា សេចក្ដី​​ស្នើ​​វិសោធនកម្ម​ ច្បាប់​ស្ដីពី​​គណបក្ស​នយោបាយ​នេះ ប្រហែល​អាច​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ ​ចុង​ខែ​ធ្នូ​នេះ គឺ​នៅ​មុន​ឆ្នាំ​២០១៩។

សេចក្ដី​ស្នើ​វិសោធនកម្ម​ច្បាប់​មាត្រា​៤៥ថ្មី (ស្ទួន) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ ត្រូវ​បាន​សមាជិក​រដ្ឋសភា​ឯក​បក្ស​នៃ​របប​ក្រុង​ភ្នំពេញ ចំនួន​៨៥​នាក់ ផ្ដួច​ផ្ដើម​គំនិត​ កែប្រែ​ឡើង​វិញ ក្រោយ​ពេល​របប​ក្រុង​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៣ ធ្នូ អះអាង​ប្រាប់ សហគមន៍​អន្តរ​ជាតិ ថា របប​មួយ​នេះ កំពុង​បើក​ចំហ​ឡើង​វិញ នូវ​សេរីភាព​​ការ​ធ្វើ​នយោបាយ​នៅ​កម្ពុជា។

ថ្វីបើ​ការ​ធ្វើ​​សភា​ឯក​បក្ស​ទាំងពីរ​ថ្នាក់ បាន​ធ្វើ​​វិសោធនកម្ម​​មាត្រា​៤៥ថ្មី(ស្ទួន) នៃ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ដើម្បី​បើកផ្លូវ​ឲ្យ​​មន្ត្រី​គណបក្ស​ប្រឆាំង ​ដែល​ជាប់​ឈ្មោះ ​នៅ​ក្នុង​បញ្ជី​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​​ចំនួន​១១៨​នាក់​ មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ក៏​ប៉ុន្តែ​ វិសោធនកម្ម​ច្បាប់​របស់​សភា​ឯក​បក្ស តម្រូវ​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង ធ្វើ​លិខិត​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​ជាមុន ​ទើប លោក ហ៊ុន សែន ​ពិចារណា ថ្វាយ​បន្ត​ទៅ​ព្រះ​មហាក្សត្រ ឬយ៉ាង​អត់?។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទាត់​ចោល​ច្បាប់​នេះ​ទៅ​ហើយ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ បណ្ឌិត ហ៊ាង ឬទ្ធី មើល​ឃើញ​ថា រចនា​សម្ព័ន្ធ​នៃ​ការ​តាក់​តែង ឬ​ វិសោធន​កម្ម​​ច្បាប់ ពី​ថ្នាក់​ក្រោម គឺ​រដ្ឋ​សភា ​រហូត​ដល់​​ស្ថាប័ន​ត្រួត​​ពិនិត្យ​ធម្មនុញ្ញ​ភាព ​សុទ្ធ​តែ​ជា​មន្ត្រី​របស់​គណបក្ស​កាន់​អំណាច ដូច្នេះ​ទោះ​ច្បាប់​នោះ ​មាន​បញ្ហា​​បែប​ណា ក៏​អាច​ដំណើរ​ការ​ដោយ​រលូន​ដែរ៖ «ប្រជារាស្ត្រ​មិន​សូវ​សប្បាយ​ចិត្ត​ពីព្រោះ​ថា​អ្វី​ដែល​ធ្វើ​ដោយ​ឯក​បក្ស​អ៊ីចឹង​វា​មិន​សប្បាយចិត្ត។ នេះ​ជា​ការ​រិះគន់​ជា​ទូទៅ​ ក៏​ប៉ុន្តែ​ប្រទេស​មួយ​ដាច់ខាត​ត្រូវ​តែ​មាន​ច្បាប់​ ប៉ុន្តែ​ច្បាប់​នោះ​អាក្រក់ ឬ​ល្អ​ ច្បាប់​នោះ​សម្រាប់​តម្កល់​ផល​ប្រយោជន៍​ជា​ធំ​បក្ស​ពួក​និយម ឬ​ញាតិ​មិត្ត​និយម​ គ្រួសារ​និយម​ នោះ​គឺ​ជា​រឿង​មួយ​ដែល​ប្រទេស​នីមួយៗ​ត្រូវ​តែ​ធ្វើ​បែប​ហ្នឹង​ឯង»

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ​មន្ត្រី​បក្ស​ប្រឆាំង​មិន​ចាប់​អារម្មណ៍​​ និង​មិន​ធ្វើ​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​​លោក ហ៊ុន សែន ទេ។ លោក​ព្រមាន​ថា ​មន្ត្រី​បក្ស​ប្រឆាំង​ណា ដែល​ស្នើសុំ​ធ្វើ​នយោបាយ​មុន​​របប​លោក ហ៊ុន សែន ដោះ​លែង​ ប្រធាន​គណបក្ស​ប្រឆាំង គឺ​លោក កឹម សុខា បាន​ន័យ​ថា ​ក្បត់​បក្ស។ លោក​ សម រង្ស៊ី អះអាង​ថា កាតព្វកិច្ច​​របប​​លោក ហ៊ុន សែន គឺ​ត្រូវ​​ប្រគល់​សេរីភាព​​ជូន​លោក កឹម សុខា សង​​មុខ​តំណែង​ តួនាទី ឲ្យ​ក្រុម​ប្រឹក្សា​គណបក្ស​​ប្រឆាំង​​វិញ និង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ មិន​មែន​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​លោក​ ហ៊ុន សែន ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល