ក្រុមប្រឹក្សា​ធម្មនុញ្ញ​ថា រដ្ឋាភិបាល​អនុវត្ត​រដ្ឋធម្មនុញ្ញ​បាន​ល្អ​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ

ដោយ អាស៊ីសេរី
2017.09.28
ក្រុមប្រឹក្សា​ធម្មនុញ្ញ ២០១៧ ៨៥៥ ក្រុមប្រឹក្សា​ធម្មនុញ្ញ។ រូប​ថត​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Rann Samnang
RFA/Rann Samnang

ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ប្រកាស​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​គោរព​រដ្ឋធម្មនុញ្ញ​បាន​ល្អ ក្នុង​រយៈ​២៤​ឆ្នាំ ដើម្បី​ធានា​ឲ្យ​ប្រទេស មាន​សុខ​សន្តិភាព និង​ប្រព័ន្ធ​យុត្តិធម៌​ត្រឹមត្រូវ។ ក៏ប៉ុន្តែ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​អ្នកវិភាគ​វិញ​មើល​ឃើញ​ផ្ទុយ​ពី​នេះ ពោល​គឺ​រដ្ឋាភិបាល​មិនបាន​អនុវត្ត​ស្របតាម​រដ្ឋធម្មនុញ្ញ​នោះ​ទេ ដោយ​ពួកគេ​អះអាង​ថា រដ្ឋាភិបាល បាន​បំផ្លាញ​រដ្ឋធម្មនុញ្ញ​ទៅវិញ​ទេ​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន។

អ្នកវិភាគ​នយោបាយ និង​គណបក្សប្រឆាំង ចាត់​ទុក​ការដឹកនាំ​របស់​រដ្ឋាភិបាល​ដើរ​បញ្ច្រាស​ពី​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ ដែល​ស្ថាប័ន​នីតិប្រតិបត្តិ គ្រប់​ដណ្ដប់​លើ​ស្ថាប័ន​នីតិ បញ្ញត្តិ និង​តុលាការ។

ការ​លើក​ឡើង​បែបនេះ នៅ​ស្រប​ពេល​ក្រុម​ប្រឹក្សាធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​កំពូល​មួយ​មាន​ភារកិច្ច ធានា​ការពារ​រដ្ឋធម្មនុញ្ញ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២៧​កញ្ញា​ថា រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​គោរព​តាម មាគ៌ា​រដ្ឋធម្មនុញ្ញ​ជានិច្ច។ ថ្ងៃទី២៤ កញ្ញា ឆ្នាំ​១៩៩៣ ជា​ថ្ងៃ​ដែល​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ។ គិត​មកទល់​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១៧ ជា​ថ្ងៃ​គម្រប់​ខួប​នៃ​ការ​បង្កើត​រដ្ឋធម្មនុញ្ញ ២៤​ឆ្នាំ​ហើយ។

ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា រដ្ឋាភិបាល ដឹកនាំ​ប្រទេស ដើរ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ដោយ​លោក​បាន​លើក​យក​ករណី​ថ្មីៗ​នេះ ដែល​បាន​កើតឡើង ពោល​គឺ​ពលរដ្ឋ​បាន​បង់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ខ្លួន សិទ្ធិ​ក្នុង​ការ​ធ្វើបាតុកម្ម សិទ្ធិ​ក្នុង ការ​ទទួល​ព័ត៌មាន និង​ផ្សព្វផ្សាយ អយុត្តិធម៌​សង្គម​ជាដើម​៖ «សិទ្ធ​សេរីភាព​របស់​ពលរដ្ឋ​សិទ្ធិ​ក្នុង​ការ​មាន​លំនៅឋាន សិទ្ធិ​នេះ​មិន​ត្រូវ​បានការ​ពារ​ទេ ពួកគេ​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ជាដើម»

កម្ពុជា បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​កតិកាសញ្ញា​អន្តរជាតិ ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ កាលពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​១៩៩២។ មាត្រា​៣១​នៃ​រដ្ឋធម្មនុញ្ញ ធានា​អនុសញ្ញា​នេះ​ថា ជា​ផ្នែក​មួយ​នៃ​ច្បាប់​កម្ពុជា ហើយ​មាត្រា​ដទៃ​ទៀត​គូស​បញ្ជាក់​ឡើងវិញ ស្ដីពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ធានា​ថា ប្រជាពលរដ្ឋ​កម្ពុជា ទាំងអស់​អាច​អាស្រ័យ​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគេ តាម​វិសាលភាព​ពេញលេញ​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន។

មាត្រា​៣៧ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា សិទ្ធិ​ធ្វើ​កូដកម្ម និង​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី ត្រូវ​យក​មក​អនុវត្ត​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់។

ប្រធាន​ក្រម​ប្រឹក្សា​ធម្មនុញ្ញ លោក អ៊ឹម ឈុនលឹម បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​ស្ដីពី សមិទ្ធផល​២៤​ឆ្នាំ នៃ​ការអនុវត្ត​រដ្ឋ​ធ​មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា ដើម្បី​រំលឹក​ខួប​ឆ្នាំ​ទី​២៤ នៃ​ទិវា​ប្រកាស​ឲ្យ​ប្រើ​រដ្ឋធម្មនុញ្ញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ថា ចាប់ពី​ឆ្នាំ​១៩៩៣​មក គឺ​រដ្ឋាភិបាល រដ្ឋសភា និង​ព្រឹទ្ធសភា បាន​កសាង​មូលដ្ឋាន​គតិយុត្តិ បាន​៤៧០ ក្នុង​នោះ​ច្បាប់​ចំនួន​២៨១ និង​ផ្ដល់​សច្ចាប័ន​លើ​លិខិត​តូបករណ៍ និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា​ចំនួន​១៨៩​ទៀត។

លោក បន្ថែម​ទៀត​ថា កម្ពុជា​មាន​ប្រព័ន្ធ​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌ រឹងមាំ​មាន​ស្ថិរភាព អាច​ជឿ​ទុក​ចិត្ត​បាន តាម​មាគ៌ា​នៃ​នីតិរដ្ឋ និង​មាន​បរិមាណ និង​គុណភាព​សឹង​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ។ លើស​ពី​នេះ​ទៀត កម្ពុជា​មាន​សុខ​សន្តិភាព​យ៉ាង​ពិត​ប្រាកដ ដែល​រដ្ឋាភិបាល​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចិរភាព ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​សម្រេច​យុទ្ធសាស្ត្រ​កាត់បន្ថយ​ភាព​ក្រីក្រ ដែល​ជា​ភារកិច្ច​ចម្បង​មួយ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គម។

ទោះជា​មានការ​អះអាង​បែបនេះ​ក្ដី អ្នកវិភាគ​ឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ លើក​ឡើង​ថា រដ្ឋាភិបាល​ប្រើប្រាស់​កងកម្លាំង​របស់​ខ្លួន ហួសហេតុ ដូចជា ការ​ចាប់ចង​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា​ទាំង​មាន​អភ័យឯកសិទ្ធិ ការ​វាយ​ដំ​តំណាងរាស្ត្រ​ទាំង​កំរោល ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ ការ​បិទ​សិទ្ធិ​ពលរដ្ឋ​ធ្វើ​ឲ្យ​ពលរដ្ឋ​ភ័យខ្លាច ការ​បាញ់​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​ច្បាប់ តុលាការ​មិន​ឯករាជ្យ ពលរដ្ឋ​ជាច្រើន​រង​នូវ​ភាព​អយុត្តិធម៌​សង្គម ដែល​សិទ្ធិ​ទាំងនេះ ត្រូវ​បាន​ធានា​ក្នុង​រដ្ឋធម្មនុញ្ញ៖ «ដូចជា​តំណាងរាស្ត្រ​បាន​សរសេរ​លិខិត​កោះហៅ​រដ្ឋមន្ត្រី និង​នាយករដ្ឋមន្ត្រី​មក​សួរ​នាំទៅ​រដ្ឋសភា​ជាដើម តែ​មិន​ត្រូវ​បាន​មក​ឆ្លើយ​ទេ នេះ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ»

ក្រៅ​ពី​នេះ​ទៀត សហគមន៍​ជាតិ និង​អន្តរជាតិ បាន​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការប្រើប្រាស់​តុលាការ ជា​ឧបករណ៍​នយោបាយ​របស់​ខ្លួន ដោយ​ទាំង​កងកម្លាំងប្រដាប់អាវុធ និង​តុលាការ ដើម្បី​ចាត់ការ អ្នក​រិះគន់​របស់​ខ្លួន ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់។

ជំពូក​ទី​១១ ក្នុងចំណោម​ជំពូក​ទាំង​១៦ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​និយាយ​ពី​អំណាច​របស់​តុលាការ។ មាត្រា ១២៨ និង​មាត្រា ១២៩ ថ្មី កំណត់​ថា អំណាច​តុលាការ​ជា​អំណាច​ឯករាជ្យ។ អំណាច​តុលាការ​ធានា​រក្សា​អនាគត និង​ការពារ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។ ចៅក្រម​ត្រូវ​បំពេញ​ភារកិច្ច​នេះ ដោយ​គោរព​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់ និង​ឲ្យ​អស់ពីដួងចិត្ត ព្រមទាំង​សម្បជញ្ញៈ​របស់​ខ្លួន។

ក៏ប៉ុន្តែ​សម្រាប់​ការអនុវត្ត​ជាក់ស្ដែង​វិញ សម្រាប់​ក្រុម​ឃ្លាំមើល​ពី​បញ្ហា​សង្គម និង​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​រយៈពេល ២៤​ឆ្នាំ​មកនេះ មានការ​ឆ្លើយតប​តិចតួច​នៅឡើយ​ដល់​ជនរងគ្រោះ​។ ការ​ជំនុំ​ជម្រះ​កម្រ​ទទួល​បាន​យុត្តិធម៌​ណាស់ ប្រសិនបើ​គេ​ពុំបាន​បើកផ្លូវ​ជាមុន​ក្នុង​ការចរចា ឬ​ហៅ​តាម​មួយ​បែប​ទៀត​ថា រត់​ការ​ក្នុង​សំណុំរឿង​ទោះជា​ប្រភេទ​សំណុំរឿង​ព្រហ្មទណ្ឌ ឬ​ជា​សំណុំរឿង​រដ្ឋប្បវេណី។

ចាប់​តាំង​ឆ្នាំ​១៩៩៣ មកដល់​បច្ចុប្បន្ន​នេះ សភា​បាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំនួន ៦​លើក និង​ដាក់​បន្ថែម​មួយ​លើក។ លើក​ទី​១ ឆ្នាំ​១៩៩៤ ត្រង់​ចំណុច​ការផ្ទេរសិទ្ធិ​របស់​ព្រះមហាក្សត្រ​ពេល​ទ្រង់​អវត្តមាន​។ លើក​ទី​២ នៅ​ឆ្នាំ​១៩៩៩ ស្ដីពី​ការ​បង្កើត​ស្ថាប័ន​ព្រឹទ្ធសភា​។ មួយ​លើក​ទៀត គឺ​ក្នុង​ឆ្នាំ​២០០១ គឺ​ព្រះមហាក្សត្រ​ទ្រង់​បង្កើត និង​ប្រទាន​គ្រឿង​ឥស្សរិយយស​ជាតិ។ ចំណែក​ពីរ​លើក​ទៀត​ក្នុង​ឆ្នាំ​២០០៥ និង​២០០៦ គឺ​បាន​កែប្រែ​ត្រង់​ចំណុច​កូរ៉ុម​ប្រជុំ និង​សំឡេង​អនុម័ត​របស់​រដ្ឋសភា ព្រឹទ្ធសភា។

រីឯ​ការ​កែប្រែ​ក្នុង​ឆ្នាំ​២០០៨ គឺ​ការផ្លាស់ប្ដូរ​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល។ ដោយឡែក​ក្នុង​ឆ្នាំ​២០០៤ គឺ​នៅ​ជិត​មួយ​ឆ្នាំក្រោយ​ការ​ជាប់​គាំង​នយោបាយ ការបោះឆ្នោត តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​ធម្មនុញ្ញ​បន្ថែម​ខ្លី​មួយ​មាន ៧​មាត្រា​។ ធម្មនុញ្ញ​បន្ថែម​នោះ​គឺ​មាន​គោលដៅ​ធានា​អោយ​ស្ថាប័ន​ជាតិ មានដំណើរ​ការ​ជា​ប្រក្រតី ពោល​គឺ ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​សភា និង​រដ្ឋាភិបាល​ជា​កញ្ចប់ ដែល​មាន​លោក ញឹក ប៊ុនឆៃ ជា​ប្រមុខ​រដ្ឋ។

លោក សុន ឆ័យ បញ្ជាក់​ថា ការ​វិសោធនកម្ម​ធម្មនុញ្ញ​បន្ថែម​នេះ​ហើយ ជា​ការ​ធ្វើ​វិសោធនកម្ម​ដ៏​អាក្រក់​ជាទីបំផុត។

ចំពោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ ទោះជា​ស្ថាប័ន​ជាតិ​កំពូល​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ មាន​សមត្ថ​កិច្ចធានា ការពារ​រដ្ឋធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ដែល​សភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់ ព្រមទាំង​មាន​សិទ្ធិ​ពិនិត្យ​និង​សម្រេច​អំពី​ករណី​វិវាទកម្ម ទាក់ទង​និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ក្ដី ប៉ុន្តែ​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ នៅតែ​មិន​ឯករាជ្យ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ បញ្ជាក់​ថា មូលហេតុ​ដែល​សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មិន​ឯករាជ្យ នោះ ដោយសារតែ​សមាជិក​ទាំងនោះ មួយ​ចំនួន​ជា​សមាជិក​គណបក្ស​កាន់​អំណាច។

ការសិក្សា​ពី​ឯកសារ​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នីមួយៗ រដ្ឋធម្មនុញ្ញ​ធ្វើឡើង​តម្រូវ​តាម​សេចក្ដី​ត្រូវ​ការ​ចាំបាច់​សម្រាប់​ប្រជាជាតិ​នីមួយៗ ហើយ​មិន​អាច​ផ្ដាច់​ចេញ​ដាច់​ស្រឡះ​ពី​វប្បធម៌​ប្រពៃណី​និង​ទំនៀមទម្លាប់​នៃ​ប្រជាជាតិ​ឡើយ។ ឧទាហរណ៍​ដូចជា​រដ្ឋធម្មនុញ្ញ​ខ្មែរ​សព្វថ្ងៃ ហាម​មិន​ឲ្យ​មានទោស​ប្រហារជីវិត​ពលរដ្ឋ​ខ្មែរ​ជាដើម។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ខ្លះ ផ្ដើម​ឡើង​នៅ​ក្នុង​ជំពូក​ទី​១ និយាយ​អំពី​សិទ្ធិមនុស្ស​ជា​ពលរដ្ឋ និង​មិនមែន​ប្រជាពលរដ្ឋ ហើយ​និង​ច្បាប់ មាន​ដូចជា​រដ្ឋធម្មនុញ្ញ ចក្រភព​អង់គ្លេស​ជាដើម។

រដ្ឋធម្មនុញ្ញ​ប្រទេស​ខ្លះ ផ្ដើម​ឡើង​ក្នុង​ជំពូក​ទី​១ និយាយ​អំពី​អំណាច​នីតិប្បញ្ញត្តិ គឺ​សភាជាតិ មាន​ដូចជា រដ្ឋធម្មនុញ្ញ សហរដ្ឋអាមេរិក​ជាដើម។ រដ្ឋធម្មនុញ្ញ​ប្រទេស​ខ្លះ​ទៀត ផ្ដើម​ឡើង​ក្នុង​ជំពូក​ទី​១ និយាយ​អំពី​អធិបតេយ្យ មាន​ដូចជា រដ្ឋធម្មនុញ្ញ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម និង​ព្រះរាជាណាចក្រ​កម្ពុជា​ជាដើម។ មាន​ប្រទេស​ខ្លះ​ទៀត ដូចជា​ប្រទេស ថៃ ជាដើម រដ្ឋធម្មនុញ្ញ​របស់​ថៃ​ផ្ដើម​ក្នុង​ជំពូក​ទី​១ និយាយ​អំពី​អង្គ​ព្រះមហាក្សត្រ។

អ្នកច្បាប់​អះអាង​ថា បញ្ហា​សំខាន់​ដែល​រដ្ឋាភិបាល​បិទ​សិទ្ធិ​មិន​ឲ្យ​មានការ​ជួបជុំគ្នា ការ​ចាប់ចង​សកម្មជន​ដីធ្លី សកម្មជន​បក្ស​ប្រឆាំង ការ​ចាប់ចង​សមាជិកសភា ព្រឹទ្ធសភា និង​ការ​ចាប់ចង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា ក្រោម​ហេតុផល​អនុវត្ត​ច្បាប់​នោះ ដោយសារតែ​រដ្ឋាភិបាល​ភ័យខ្លាច​ប្រជាពលរដ្ឋ ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តួនាទី ពីព្រោះ​រដ្ឋាភិបាល​បាន​ឃើញ​បទពិសោធន៍​នៅ​ប្រទេស​ប៉ែក​មជ្ឈិមបូព៌ា នៅ​ខណៈ​មេដឹកនាំ​ប្រទេស​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម​ជាច្រើន​កើតឡើង ហើយ​រដ្ឋាភិបាល តែង​ចោទប្រកាន់​ចំពោះ ក្រុម​ជួបជុំគ្នា​ទាំងនោះ ថា ជា​ក្រុម​ចង់​ធ្វើ​បដិវត្ត​ពណ៌ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។