អំពើពុករលួយ​នៅ​ច្រក​អន្តរជាតិ​ដូង​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង

0:00 / 0:00

មន្ត្រី​គណបក្សប្រឆាំង​ថា អំពើពុករលួយ​នៅ​ច្រក​អន្តរជាតិ​ដូង ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ថ្នាក់​ខេត្ត ដែល​ជា​អ្នក​បើក​ផ្លូវ​ឱ្យ​ប៉ូលិស​អន្តោប្រវេសន៍​យក​លុយ​ពី​ពលករ​ដែល​ឆ្លងដែន​ទៅ​ប្រទេស​ថៃ។ សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់លើ​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅ​តាម​ច្រកព្រំដែន។

មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ដូង និង​អភិបាល​ខេត្ត​បាត់ដំបង ទំនងជា​មិន​សប្បាយ​ចិត្តនឹង​ការ​អន្តរាគមន៍​ពី​សមាជិកគ្រួសារ​ត្រកូល​ហ៊ុន ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ផលប្រយោជន៍​ពី​ការ​យក​លុយ​ពី​ពលករ​ដែល​ឆ្លងដែន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទើប​ពួកគេ​និយាយ​វាយប្រហារ​គ្នា​នៅក្នុង​បណ្ដាញ​សង្គម​ដូច្នេះ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ជា ជីវ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ មេសា ថា ទំនាស់​នៃ​បក្ខពួក​បុគ្គល​អ្នក​មាន​អំណាច​ទាំង​២​ក្រុម​នេះ កើត​ចេញ​ពី​ការ​មិន​ពេញចិត្ត​របស់​មន្ត្រី​ច្រកព្រំដែន​ទៅលើ​គ្រួសារ​ត្រកូល ហ៊ុន ដែល​ជ្រៀតជ្រែក​ការងារ​របស់​មន្ត្រី​ថ្នាក់​ខេត្ត ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ផលប្រយោជន៍​។ លោក​សង្កេត​ឃើញ​ថា តាមរយៈ​ទំនាស់​បុគ្គល​ទាំង​២​ក្រុម​នេះ​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ហាក់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​ច្រកព្រំដែន ទើប​ធ្វើ​មិនដឹង​មិន​ឮ ហើយ​បណ្ដោយ​ឱ្យ​មន្ត្រី​នៅ​ទីនោះ​យក​លុយ​ពី​ពលករ​ខ្មែរ បើ​ទោះបី​ជា​មាន​ការ​តវ៉ា និង​ការរិះគន់​របស់​ប្រជាពលរដ្ឋ នៅ​លើ​បណ្ដាញ​សង្គម​ជា​ហូរហែ​មក​ហើយ​ក្ដី។

លោក ជា ជីវ៖ «ក្នុងនាម​គាត់​(​អ្នកស្រី ហ៊ុន ស៊ីណាត)ជា​ប្អូនស្រី​សម្ដេច​នាយក គាត់​ទៅ​មាន​សិទ្ធិ​អ្វី ក្នុង​ការ​បង្គាប់បញ្ជា​អភិបាលខេត្ត​។ ហើយ​ម្យ៉ាងវិញទៀត​រឿង​អភិបាលខេត្ត​គាត់​កាន់​ការងារ​របស់​ខ្លួន​នៃ​ទឹកដី​ខេត្ត​បាត់ដំបង ធ្លាប់​បាន​ធ្វើការ​ដឹកនាំ ប៉ុន្តែ​វា​ប្រាកដ​ជា​មាន​ការ​ទទួល​អត្ថប្រយោជន៍ ពី​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ដែរ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវជា​ប្អូនបង្កើត​របស់​លោក ហ៊ុន សែន បាន​ចែករំលែក​សារ​នៅ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃទី​១៨ មេសា ដែល​ប្រជាពលរដ្ឋ​បាន​បង្ហោះ​រិះគន់​មន្ត្រី​ច្រក​ទ្វារ​អន្តរជាតិ​ដូង បាន​យក​លុយ​ពី​ពលករ​ខ្មែរ ហើយ​អ្នកស្រី ហ៊ុន ស៊ីណាត បាន​សរសេរ​សារ​ស្នើ​ឱ្យ​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ ចុះទៅ​ពិនិត្យ​ច្រក​អន្តរជាតិ​ដូង​។ ក្នុង​នោះ អ្នកស្រី ហ៊ុន ស៊ីណាត បាន​និយាយ​ចំៗ​ថា មន្ត្រី​ច្រកព្រំដែន បាន​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ចេះ​ឆ្អែតឆ្អន់ និង​ធ្វើស្រែ​លើ​ខ្នង​រាស្ត្រ។

ក្រោយ​ពី​ទទួល​ការ​ប្រដៅ​ណែនាំ​ពី​ជំទាវ​ត្រកូល ហ៊ុន បាន​មួយថ្ងៃ អភិបាលខេត្ត​រូប​នេះ​បាន​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង និង​បាន​ប្រាប់​ឱ្យ​មន្ត្រី​និង​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​ឈប់​យក​លុយ​ពី​ប្រជាពលរដ្ឋ។ ចំណែកឯ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ដូង លើកឡើង​ថា ការ​ចោទ​ប្រកាន់​ប៉ូលិស​អន្តោប្រវេសន៍​ថា បាន​យក​លុយ​ពី​ពលករ គឺជា​ការ​យល់​ច្រឡំ។

ប៉ុន្តែ​កាលពី​ថ្ងៃទី​២២ មេសា អ្នកស្រី ហ៊ុន ស៊ីណាត ហាក់​ខ្វាយខ្វល់​នឹង​ប្រជាប្រិយភាព​របស់​លោក ហ៊ុន សែន ដែល​ជា​បងប្រុស​បង្កើត បាន​បង្ហោះ​វីដេអូ​បែកធ្លាយ​សារ​សម្លេង​ឆ្លើយឆ្លង​គ្នា របស់​អភិបាលខេត្ត​បាត់ដំបង លោក សុខ លូ និង​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង លោក ព្រួញ រិទ្ធថា ថា​បាន​ប្រមាថ​មក​លើ​លោកស្រី​។ ក្នុង​សារ​សម្លេង​នោះ លោក សុខ លូ និង​លោក ព្រួញ រិទ្ធថា បាន​ហៅ​អ្នកស្រី ហ៊ុន ស៊ី​ណាត ថា “​ស្រី​នា​សម័យ​តេជោ​” និង​ពាក្យ​មិន​សមរម្យ​មួយចំនួន​ទៀត និង​បាន​ប្រមាថ​ទៅលើ​លោក ផែង វណ្ណៈ ដែល​ជា​មនុស្ស​ជំនិត​នឹង​អ្នកស្រី ហ៊ុន ស៊ីណាត និង​ជា​អ្នក​រិះគន់​មន្ត្រី​អន្តោប្រវេសន៍​នៅ​ច្រក​អន្តរជាតិ​ដូង​ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង អ្នកស្រី ហ៊ុន ស៊ីណាត និង​អភិបាល​ខេត្ត​បាត់ដំបង លោក សុខ លូ ដើម្បី​សុំ​ការ​អធិប្បាយ​បន្ថែម​បាន​ទេ នៅ​ថ្ងៃទី​២៣ មេសា​។ ចំណែក​មេ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ដូង លោក ផាត់ វីរៈ ក៏​អាស៊ីសេរី​មិន​អាច​ទាក់ទង​បាន​ដែរ។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIREA) លោក ឌិន ពុទ្ធី យល់ឃើញ​ថា អន្តរាគមន៍​ករណី​អំពើពុករលួយ​នៅ​ច្រកព្រំដែន​អន្តរជាតិ​ដូង​នេះ​ហាក់​យឺត​ពេល ព្រោះ​ពលករ​ភាគច្រើន​បាន​ឆ្លងដែន​ទៅកាន់​ទឹកដី​ថៃ​រួច​ទៅ​ហើយ។ លោក​បន្ត​ថា បញ្ហា​អំពើពុករលួយ​នៅ​តាម​ច្រកព្រំដែន​នេះ គឺ​កើតមាន​គ្រប់​ច្រក និង​ច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ​ការ​អន្តរាគមន៍​តែមួយ​ឆាវ​មុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​ខាងមុខ​នេះ មិនអាច​លុបបំបាត់​អំពើពុករលួយ​នេះ​តាម​ច្រកព្រំដែន​បាន​នោះ​ទេ។ លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់លើ​ស្រាវជ្រាវ​រឿង​នេះ ដើម្បី​លុបបំបាត់​អំពើពុករលួយ​នៅ​​តាម​ច្រកព្រំដែន​ទាំងអស់។

លោក ឌិន ពុទ្ធី៖ «យើង​និយាយ​ទៅ​ច្រក​នីមួយៗ​ហ្នឹង ជាពិសេស​ច្រក​បាន​ឡែម​ហ្នឹង យើង​ឃើញ​ថា ល្បី​រឿង​ពុករលួយ​យក​លុយ​ខ្លាំង​ជាងគេ​។ ហើយ​មេ​ច្រក​អន្តោប្រវេសន៍​នៅ​ច្រក​ហ្នឹង គួរតែ​គិតគូរ​ឡើងវិញ​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​។ មួយទៀត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរតែ​ចាត់​វិធានការ ព្រោះ​ទាំងអស់​ហ្នឹង សុទ្ធតែ​ខុសច្បាប់​ទាំងអស់​ហ្នឹង»។

ច្រក​ទ្វារ​អន្តរជាតិ​ដូង ស្ថិត​ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង ត្រូវ​បាន​ក្រុម​ពលករ​លើកឡើង​ថា ជា​ច្រក​ទ្វារ​ដែល​មាន​អំពើពុករលួយ​ច្រើន​ជាងគេ​ដែល​មាន​ការ​សហការ​គ្នា​រវាង​ប៉ូលិស​អន្តោប្រវេសន៍ ជាមួយ​មេខ្យល់​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ និង​ផ្ដល់​សិទ្ធិ​ឱ្យ​មាន​ក្រុម​អ្នក​ដឹក​អីវ៉ាន់​ឆ្លងដែន និង​អ្នក​រត់​តាក់ស៊ី​ដែល​ទារ​ថ្លៃ​ពី​អ្នកដំណើរ​កប់​ពពក។ ទោះបីជា​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ​យ៉ាងណាក្ដី ក៏​កន្លង​មក​មិន​ដែល​មាន​ការ​អន្តរាគមន៍​ពី​មន្ត្រី​ថ្នាក់​ខេត្ត និង​មន្ត្រី​ថ្នាក់​ជាតិ​នោះ​ទេ ហើយ​មន្ត្រី​ថ្នាក់​ខេត្ត​បាន​និយាយ​ការពារ​ឱ្យ​មន្ត្រី​ច្រកព្រំដែន​ទៅវិញ។

ទោះជា​យ៉ាងណា អ្នក​តាមដាន​សង្គម​កំពុង​តាមដាន​មើល​ថា ការ​លូកដៃ​ចូល​អន្តរាគមន៍​អំពើពុករលួយ​នៅ​តាម​ច្រកព្រំដែន​ពី​សំណាក់ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវជា​ប្អូនស្រី​បង្កើត​លោក ហ៊ុន សែន នេះ នឹង​ទទួល​ជោគជ័យ​យូរអង្វែង​ដែរ​ឬទេ​? ហើយ​លោក ហ៊ុន សែន នឹង​អន្តរាគមន៍​បែប​ណា​រវាង​បងប្អូន និង​មន្ត្រី​ក្នុង​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។