លោក ហ៊ុន សែន ថា ការ​ទិញ​ឡាន​យោធា​ជិត ៣​រយ​គ្រឿង ចំណាយ​ថវិកា​ប្រមាណ​២០​លាន​ដុល្លារ

ដោយ សុជីវី
2020-06-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
​រថយន្ត​យោធា​ធុន​ធំ​ចំនួន ២៩០​គ្រឿង ទើប​ទិញ​ពី​ប្រ ទេស​ចិន​ ក្នុង​ពិធីប្រគល់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
​រថយន្ត​យោធា​ធុន​ធំ​ចំនួន ២៩០​គ្រឿង ទើប​ទិញ​ពី​ប្រ ទេស​ចិន​ ក្នុង​ពិធីប្រគល់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មិថុនា ឆ្នាំ​២០២០។
រូប​ពីហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ការ​ទិញ​រថយន្ត​យោធា​ធុន​ធំ​ចំនួន ២៩០​គ្រឿង ពី​ប្រ ទេស​ចិន​នោះ គឺ​ចំណាយ​ថវិកា​អស់​ប្រមាណ​២០​លាន​ដុល្លារ ហើយ​លោក​អះអាង​ថា ជា​ថវិកា សប្បុរសជន និង​ត្រៀម​ទិញ​រថយន្ត​បន្ថែម​ទៀត​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន នៅតែ​មិន បញ្ជាក់​អំពី​អត្តសញ្ញាណ​សប្បុរស​ទាំង​នោះ​ទេ ដែល​ផ្ទុយ​ពី​កន្លងទៅ​ទាំង​លោក ហ៊ុន សែន និង សប្បុរសជន​របស់​លោក​តែងតែ​ចេញមុខ​ប្រកាស​ជា​សាធារណៈ ដើម្បី​យកមុខយកមាត់​នៅ​ពេល ពួកគេ​បរិច្ចាគ​ធនធាន​តាម​ការ​អំពាវនាវ​ម្តងៗ។

លោក ហ៊ុន សែន បាន​បញ្ជាក់ និង​បកស្រាយ​បន្ថែម​ពីលើ​កូនប្រុស​ច្បង​របស់​លោក​ថា ការទិញ រថយន្ត​យោធា​ធុន​ធំ​ចំនួន​២៩០​គ្រឿង​នេះ គឺជា​នយោបាយ​ការពារ​ជាតិ និង​ប្រជាជន ហើយ​លោក​ថែមទាំង​ចាត់​ទុក​អ្នក​ដែល​រិះគន់​ការទិញ​ទាំងនេះ​ជា​ក្រុម​មនុស្ស​តិរច្ឆាន​ទៀង​ផង៖ «ប្រសិនបើ​គេ​មិនមែន​ជា​តិរច្ឆាន​ទេ គេ​គួរតែ​សប្បាយចិត្ត​ថា រថយន្ត​ដែល​បាន​បំពាក់​ឱ្យ​កម្លាំង​ប្រដាប់​អាវុធ​នេះ វា​ជា​មធ្យោបាយ​ជាតិ មិន​គ្រាន់តែ​ការ​ការពារ​ជាតិ​ទេ តែ​ការ​ដឹកជញ្ជូន​នេះ ដឹកជញ្ជូន​មនុស្ស ឬក៏​ត្រូវ​ដឹកជញ្ជូន​ទៅ​សង្គ្រោះ​នៅ​កន្លែង​ណាមួយ ដឹក​កងទ័ព​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​កន្លែង​ណាមួយ គឺ​សុទ្ធតែ​ត្រូវការ​រថយន្ត​ទាំងអស់»

ចំណែក​អ្នកនយោបាយ និង​សង្គម លោក គឹម សុខ ឆ្លើយតប​ថា អ្នក​ដែល​មាន​គំនិត​អាក្រក់​បំផុត ចំពោះ​ជាតិ​និង​ប្រជាជន​នោះ គឺ​ក្រុម​លោក ហ៊ុន សែន ទៅវិញ ព្រោះ​ក្នុង​អំឡុង​ពេល​ដែល​ពលរដ្ឋ កំពុង​អត់ឃ្លាន និង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បែប​នេះ​ហើយ ក្រុម​លោក ហ៊ុន សែន នៅតែ​មិន​បញ្ឈប់ ឬ​មិន​ពន្យារ​ពេល​កុម្ម៉ង់​ទិញ​រថយន្ត​ទាំងនោះ មក​បញ្ឈរ​ចោល៖ «ហេតុអ្វី​បានជា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ប្រឹងប្រែង​បកស្រាយ​នៅ​ពេល​នេះ។ បើជា​រឿង​ជួយ​ពលរដ្ឋ​មែន បើជា​រឿង​គិត​គួរ​ដល់​សុខទុក្ខ ប្រជាពលរដ្ឋ​មែន ទិញ​ឡាន​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​មែន គឺ​គម្រោង​បែបនេះ​គួរតែ​បង្ហាញ​តាំងពី​ចាប់ផ្ដើម​រៃអង្គាស​លុយ​មក​ម្លេះ ហើយ​ប្រាប់​ពលរដ្ឋ​ដើម្បី​យកមុខយកមាត់​បាត់​ទៅ​ហើយ។ ហេតុអ្វី​ទើប មក​បកស្រាយ​នៅ​ពេល​លាក់​មិន​ជិត ព្រោះ​ពលរដ្ឋ​ដឹង​ថា នេះ​គឺជា​ផែនការ​ត្រៀម​យក​ឡាន​ទាំង នោះ​ដឹក​កម្លាំង​ទៅ​បង្ក្រាប​ពលរដ្ឋ​។ ការ​បកស្រាយ​នេះ​ព្រោះ​បារម្ភ​ថា ពលរដ្ឋ​កាន់តែ​ក្តៅ​ក្រហាយ ហើយ​អាច​ងើបឡើង​ឆាប់»

កាលពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍ រិះគន់​របប​ក្រុងភ្នំពេញ​ដែល​ទិញ​រថយន្ត​យោធា​ពី​ចិន និង​អំពាវនាវ​ឱ្យ​បញ្ចេញ​កញ្ចប់​ថវិកាជាតិ និង​ប្រើប្រាស់​ថវិកា​ជំនួយ​បរទេស និង​សប្បុរសជន មក​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​វិញ។គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុកថា ការទិញ​រថយន្ត​យោធា​ដ៏​ច្រើន​បែបនេះ បង្ហាញ​ថា របប​ក្រុង​ភ្នំពេញ មិន​យកចិត្តទុកដាក់​ខ្វល់ខ្វាយ​ពី​ទុក្ខវេទនា​របស់​ពលរដ្ឋ​រាប់​លាន​នាក់ ដែល​កំពុង​ប្រឈម​នឹង​វិបត្តិ​ជាច្រើន ជាពិសេស​វិបត្តិ​បំណុល បង្កឡើង​ដោយ​ជំងឺ​កូវីដ-១៩ ហើយ​កម្ពុជា​ក៏​កំពុង​រង​ទណ្ឌកម្ម​ពី​សហភាព​អឺរ៉ុប​។​គណបក្សប្រឆាំង​មួយ​នេះ បន្ត​ថា របប​នេះ​ទិញ​រថយន្ត​ទាំងនោះ មិនមែន​សម្រាប់​ពង្រឹង​វិស័យ​យោធា ការពារ​ពលរដ្ឋ និង​ទឹកដី​កម្ពុជា​នោះ​ទេ ក៏ប៉ុន្តែ គឺ​ដើម្បី​តែ​ទុក​បង្ក្រាប​ពលរដ្ឋ ដែល​ហ៊ាន​ងើប​តវ៉ា ក្នុងពេលដែល​ពួកគេ​កាន់តែ​ច្រើន​ឡើង មិន​ពេញចិត្ត​ចំពោះ​ភាព​អសកម្ម និង​អសមត្ថភាព​របស់​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល