បក្ស​នយោបាយ​ចូលរួម​បោះ​ឆ្នោត​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​មិន​ហែ​ក្បួន​ក្នុង​ថ្ងៃ​ឃោសនា​ដំបូង

ដោយ ថន ថារ៉ូ
2019-05-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

គណបក្ស​នយោបាយ​ទាំង​៧ ដែល​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ នៅ​អាណត្តិ​ទី​៣ មិន​ហែ​ក្បួន​រក​សំឡេងឆ្នោត ក្នុង​ថ្ងៃ​យុទ្ធនា​ការឃោសនា​ដំបូង​ទេ។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត សង្កេត​ឃើញ​ថា ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត គណបក្ស​នយោបាយ​ទាំង​៧ បាន​ចាក់​មេក្រូ តាម​ស្នាក់​ការ​បក្ស​រៀងៗ ​ខ្លួន​ធ្វើការ​ឃោសនា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅ​កាត់ គ..ប លោក ហង្ស ពុទ្ធា ប្រាប់​ថា ថ្ងៃ​ដំបូង​នៃ​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ មាន​លក្ខណៈ​ល្អ​ប្រសើរ មិន​មាន​បណ្ដឹង ឬ​ភាព​អ​សណ្ដាប់ធ្នាប់​ទេ។ លោក​វាយ​តម្លៃ​ថា នេះ​ជា​ភាព​ចាស់ទុំ​របស់​គណបក្ស​នយោបាយ​ទាំង​៧ ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត មានការ​យោគយល់​គ្នា៖ «ទិដ្ឋភាព​ថ្ងៃ​ដំបូង​នេះ គឺ​ល្អ​ប្រសើរ មិន​មាន​អ្វី​ជា​ការ​រាំងស្ទះ​ទេ ហើយ​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការយោគយល់​គ្នា​។ គណបក្ស​ទាំងអស់ មាន​ភាព​ចាស់ទុំ»

យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣​នេះ មាន​រយៈពេល​៨​ថ្ងៃ ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២៤ ឧសភា​។ ថ្ងៃ​ទី​២៥ ឧសភា ជា​ថ្ងៃ​ស ឬ​ថ្ងៃ​ហាម​ធ្វើ​សកម្មភាព​នយោបាយ។ ឯ​ថ្ងៃទី​២៦ ជា​ថ្ងៃ​បោះឆ្នោត​។ អង្គ​បោះឆ្នោត​សម្រាប់​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ មាន​ចំនួន​ជាង​ ១​ម៉ឺន (១១.៥៧២)នាក់ គឺ​ជា​​សមាជិក​​ក្រុម​ប្រឹក្សា​​ទាំង​ ១.៦៤៦​ឃុំ​សង្កាត់ ទូទាំង​ប្រទេស ដែល​ភាគច្រើន​លើសលប់ ជា​មន្ត្រី​របស់​គណបក្ស​កាន់អំណាច។

ការបោះឆ្នោត​ក្រុមប្រឹក្សា អាណត្តិ​ទី​៣ ខាងមុខនេះ របប​ក្រុងភ្នំពេញ នៅ​បន្ត​ហាម​សិទ្ធិ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម ដូច​ការបោះឆ្នោត​សាកល​ខែ​កក្កដា ឆ្នាំ​២០១៨ ​ដែរ។ គណបក្ស​ចំនួន​៧ ដែល របប​ក្រុងភ្នំពេញ និង គ​.​ជ​.​ប អនុញ្ញាត​ឱ្យ​ចូលរួម បោះ​ឆ្នោត​​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ខាងមុខនេះ គឺ​គណបក្ស​ ប្រជាជន​កម្ពុជា គណបក្ស​ ហ៊្វុនស៊ិនប៉ិច គណបក្ស​ ខ្មែរ​រួបរួម​ជាតិ គណបក្ស​ សញ្ជាតិ​ខ្មែរ គណបក្ស​ ខ្មែរ​សាធារណរដ្ឋ គណបក្ស​ យុវជន​កម្ពុជា និង​គណបក្ស​ ឆន្ទៈ​ខ្មែរ។

លោក ហង្ស ពុទ្ធា ប្រាប់​ថា គណបក្ស​ទាំង​៧ ​នេះ មាន​សិទ្ធិ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ ២​ដង ក្នុង​រយៈពេល​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត​។ ចំណែក គ​.​ជ​.​ប បាន​រៀបចំ​តុ​មូល ស្ដីពី​គោលនយោបាយ របស់​គណបក្ស​នីមួយៗ រួចរាល់​ហើយ និង​បាន​ជួយ​ចាក់​ស្ពត (Spot)​ ឃោសនា របស់​គណបក្ស​នីមួយៗ នៅ​លើ​ទូរទស្សន៍​ជាតិ​កម្ពុជា (..)។ ដោយឡែក​សម្រាប់​គណបក្ស​នយោបាយ​ណា ដែល​មាន​ធនធាន អាច​ជួល​ប្រព័ន្ធ​ឃោសនា​ឯកជន​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​ខ្លួន អាច​ធ្វើ​បាន​​ស្រេច​ចិត្ត។

នាយក​ប្រតិបត្តិ​អង្គការ ​និចហ្វិច (NICFEC) លោក សម គន្ធាមី សង្កេតមើល​ក្រៅផ្លូវការ​ថា បាន​ឃើញ​គណបក្ស​ខ្លះ ចាក់​មេក្រូ​តាម​ស្នាក់​ការ​បក្ស​មែន ប៉ុន្តែ​លោក​ថា ការឃោសនា​បែបនេះ នឹង​មិន​ទទួល​បាន​ចំណាប់អារម្មណ៍ ពី​អង្គ​បោះឆ្នោត និង​ពលរដ្ឋ​​ឡើយ​។ សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​រូប​នេះ យល់ថា បើ​ទោះ ពលរដ្ឋ​ទូទៅ មិនមែន​ជា អង្គ​បោះឆ្នោត ប៉ុន្តែ​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួត​ការបោះឆ្នោត និង​គ​.​ជ​.​ប ក៏​គួរ​ឆ្លៀត​ទាញ​ចំណាប់អារម្មណ៍​របស់​ពលរដ្ឋ​ដែរ​។ លោក​ថា ពលរដ្ឋ​ខ្លះ​នៅតែ​មិន​ដឹង​ថា អ្វី​ជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ៖ «ការឃោសនា ដែល​ខ្ញុំ​សង្កេតមើល ដែល​ទាក់ទាញ​ប្រជាពលរដ្ឋ គឺ​កា​រហែ​តាម​ដង​ផ្លូវ​ណា​បាទ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​គាត់​ចាប់អារម្មណ៍»

បើ​ទោះ​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល ឃ្លាំមើល​ការបោះឆ្នោត អះអាង​ថា គណបក្ស​កាន់អំណាច​របស់ លោក ហ៊ុន សែន នឹង​ឈ្នះ​តំណែង​ក្រុមប្រឹក្សា​ទាំងអស់​នៅ​ទូទាំង​ប្រទេស ព្រោះ​អង្គ​បោះឆ្នោត ដ៏​ច្រើន​លើសលប់ ឬ​ស្ទើរ​ទាំងស្រុង ជា​មន្ត្រី​របស់​គណបក្ស​កាន់អំណាច ក្រោយពេល​លោក ហ៊ុន សែន និង​បក្ខពួក ប្រើ​ល្បិច​រំលាយ​គណបក្ស​ប្រឆាំង ដើម្បី​ដណ្ដើមយក​តំណែង​ក្រុមប្រឹក្សា ពី​មន្ត្រី​មូលដ្ឋាន គណបក្ស​សង្គ្រោះ​ជាតិ​។ ជាង​នេះ​ទៅទៀត សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​របស់​គណបក្ស​ សង្គ្រោះ​ជាតិ អះអាង​ថា ប្រសិទ្ធភាព​ការងារ​របស់​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង​ស្រុក​ខណ្ឌ អាណត្តិ​ទី​៣ ដែល​មានតែ​សមាសភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​គណៈ​អភិបាល​ដែល​ជា​សមាសភាព​របស់​គណ​បក្សា​កាន់អំណាច​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល