បក្សនយោបាយចូលរួមបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣មិនហែក្បួនក្នុងថ្ងៃឃោសនាដំបូង

គណបក្សនយោបាយទាំង៧ ដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ នៅអាណត្តិទី៣ មិនហែក្បួនរកសំឡេងឆ្នោត ក្នុងថ្ងៃយុទ្ធនាការឃោសនាដំបូងទេ។ មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត សង្កេតឃើញថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយទាំង៧ បានចាក់មេក្រូ តាមស្នាក់ការបក្សរៀងៗ ខ្លួនធ្វើការឃោសនា។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬហៅកាត់ គ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់ថា ថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ មានលក្ខណៈល្អប្រសើរ មិនមានបណ្ដឹង ឬភាពអសណ្ដាប់ធ្នាប់ទេ។ លោកវាយតម្លៃថា នេះជាភាពចាស់ទុំរបស់គណបក្សនយោបាយទាំង៧ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត មានការយោគយល់គ្នា៖ «ទិដ្ឋភាពថ្ងៃដំបូងនេះ គឺល្អប្រសើរ មិនមានអ្វីជាការរាំងស្ទះទេ ហើយនេះជាការបង្ហាញឱ្យឃើញពីការយោគយល់គ្នា។ គណបក្សទាំងអស់ មានភាពចាស់ទុំ»។
យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣នេះ មានរយៈពេល៨ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ឧសភា។ ថ្ងៃទី២៥ ឧសភា ជាថ្ងៃស ឬថ្ងៃហាមធ្វើសកម្មភាពនយោបាយ។ ឯថ្ងៃទី២៦ ជាថ្ងៃបោះឆ្នោត។ អង្គបោះឆ្នោតសម្រាប់ក្រុមប្រឹក្សាអាណត្តិទី៣ មានចំនួនជាង ១ម៉ឺន (១១.៥៧២)នាក់ គឺជាសមាជិកក្រុមប្រឹក្សាទាំង ១.៦៤៦ឃុំសង្កាត់ ទូទាំងប្រទេស ដែលភាគច្រើនលើសលប់ ជាមន្ត្រីរបស់គណបក្សកាន់អំណាច។
ការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ ខាងមុខនេះ របបក្រុងភ្នំពេញ នៅបន្តហាមសិទ្ធិគណបក្សប្រឆាំងមិនឱ្យចូលរួម ដូចការបោះឆ្នោតសាកលខែកក្កដា ឆ្នាំ២០១៨ ដែរ។ គណបក្សចំនួន៧ ដែល របបក្រុងភ្នំពេញ និង គ.ជ.ប អនុញ្ញាតឱ្យចូលរួម បោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី៣ ខាងមុខនេះ គឺគណបក្ស ប្រជាជនកម្ពុជា គណបក្ស ហ៊្វុនស៊ិនប៉ិច គណបក្ស ខ្មែររួបរួមជាតិ គណបក្ស សញ្ជាតិខ្មែរ គណបក្ស ខ្មែរសាធារណរដ្ឋ គណបក្ស យុវជនកម្ពុជា និងគណបក្ស ឆន្ទៈខ្មែរ។
លោក ហង្ស ពុទ្ធា ប្រាប់ថា គណបក្សទាំង៧ នេះ មានសិទ្ធិហែក្បួនទ្រង់ទ្រាយធំ ២ដង ក្នុងរយៈពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ ចំណែក គ.ជ.ប បានរៀបចំតុមូល ស្ដីពីគោលនយោបាយ របស់គណបក្សនីមួយៗ រួចរាល់ហើយ និងបានជួយចាក់ស្ពត (Spot) ឃោសនា របស់គណបក្សនីមួយៗ នៅលើទូរទស្សន៍ជាតិកម្ពុជា (ទ.ទ.ក)។ ដោយឡែកសម្រាប់គណបក្សនយោបាយណា ដែលមានធនធាន អាចជួលប្រព័ន្ធឃោសនាឯកជនផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន អាចធ្វើបានស្រេចចិត្ត។
នាយកប្រតិបត្តិអង្គការ និចហ្វិច (NICFEC) លោក សម គន្ធាមី សង្កេតមើលក្រៅផ្លូវការថា បានឃើញគណបក្សខ្លះ ចាក់មេក្រូតាមស្នាក់ការបក្សមែន ប៉ុន្តែលោកថា ការឃោសនាបែបនេះ នឹងមិនទទួលបានចំណាប់អារម្មណ៍ ពីអង្គបោះឆ្នោត និងពលរដ្ឋឡើយ។ សង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោតរូបនេះ យល់ថា បើទោះ ពលរដ្ឋទូទៅ មិនមែនជា អង្គបោះឆ្នោត ប៉ុន្តែគណបក្សនយោបាយ ដែលចូលរួមប្រកួតការបោះឆ្នោត និងគ.ជ.ប ក៏គួរឆ្លៀតទាញចំណាប់អារម្មណ៍របស់ពលរដ្ឋដែរ។ លោកថា ពលរដ្ឋខ្លះនៅតែមិនដឹងថា អ្វីជាការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ៖ «ការឃោសនា ដែលខ្ញុំសង្កេតមើល ដែលទាក់ទាញប្រជាពលរដ្ឋ គឺការហែតាមដងផ្លូវណាបាទ ដែលធ្វើឱ្យពលរដ្ឋគាត់ចាប់អារម្មណ៍»។
បើទោះបែបណា ក្រុមអង្គការសង្គមស៊ីវិល ឃ្លាំមើលការបោះឆ្នោត អះអាងថា គណបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន នឹងឈ្នះតំណែងក្រុមប្រឹក្សាទាំងអស់នៅទូទាំងប្រទេស ព្រោះអង្គបោះឆ្នោត ដ៏ច្រើនលើសលប់ ឬស្ទើរទាំងស្រុង ជាមន្ត្រីរបស់គណបក្សកាន់អំណាច ក្រោយពេលលោក ហ៊ុន សែន និងបក្ខពួក ប្រើល្បិចរំលាយគណបក្សប្រឆាំង ដើម្បីដណ្ដើមយកតំណែងក្រុមប្រឹក្សា ពីមន្ត្រីមូលដ្ឋាន គណបក្សសង្គ្រោះជាតិ។ ជាងនេះទៅទៀត សមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្ស សង្គ្រោះជាតិ អះអាងថា ប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដែលមានតែសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា នឹងស្ថិតក្រោមឥទ្ធិពលរបស់គណៈអភិបាលដែលជាសមាសភាពរបស់គណបក្សាកាន់អំណាចដដែល៕