គ.ជ.បថា ការបោះឆ្នោតក្រុមប្រឹក្សាមានស្ថានភាពល្អ តែលោក សម រង្ស៊ី ថា ក្លែងក្លាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វាយតម្លៃថា ស្ថានភាពថ្ងៃបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ដំណើរការទៅរលូន ដោយមិនមានបញ្ហាអ្វីទាំងអស់។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ហៅការបោះឆ្នោតនេះ ថាក្លែងក្លាយ និងធ្វើក្រោមការបង្គាប់បញ្ជាពីរបប លោក ហ៊ុន សែន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប ប្រកាសថា ដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅការិយាល័យទាំង ២០៣ទីតាំង បានប្រព្រឹត្តទៅដោយរលូន គ្មានការរាំងស្ទះ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានសណ្ដាប់ធ្នាប់ល្អជាដើម។
អ្នកនាំពាក្យគ.ជ.ប លោក ហង្ស ពុទ្ធា ប្រាប់អាស៊ីសេរីថា គិតត្រឹមម៉ោង៤ល្ងាច គ.ជ.ប ទើបទទួលបានលទ្ធផលបឋម ៨ខេត្ត ហើយមិនទាន់អាចប្រាប់ព័ត៌មានលំអិតបានទេ។ ចំណែកអង្គបោះឆ្នោត ៧នាក់អវត្តមាន ដោយសារ ម្នាក់ស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរទៅបោះឆ្នោត ម្នាក់ប្រកាសពហិការ និង ៥នាក់ មិនទៅបោះឆ្នោត ដោយមិនដឹងមូលហេតុ៖ «ម្នាក់គាត់ទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ ម្នាក់ទៀត គាត់ប្រកាសមិនអញ្ជើញមកបោះឆ្នោត ហើយ៥នាក់ទៀត គឺគាត់អត់ឃើញអញ្ជើញមក។ អាហ្នឹងជាសិទ្ធិរបស់គាត់ទេ។ សំណួរ៖ តើមានក្រុមប្រឹក្សាគណបក្សប្រឆាំង ដែលចុះចូលគណបក្សកាន់អំណាចមិនទៅបោះឆ្នោតទេ? ឆ្លើយ៖ ក្នុងនាម គ.ជ.ប ក្នុងនាមការងារបច្ចេកទេសយើងមិននិយាយអំពីអ្នកណា មកពីណាទេ»។
ការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣នេះ គ.ជ.ប បានហាមឃាត់សិទ្ធិគណបក្សប្រឆាំង មិនឱ្យចូលរួមប្រកួត ដូចការ បោះឆ្នោត២ដង កន្លងមកកាលពីឆ្នាំ២០១៨ដែរ។ គណបក្សចំនួន៧ចូលរួមប្រកួត ខណៈបក្សខ្លះគ្មានអង្គបោះឆ្នោតទេ។
គណបក្ស ដែលមានអង្គបោះឆ្នោតតិច ដូចជា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនចូលរួមការបោះឆ្នោតក្រុមប្រឹក្សានេះទេ។ ចំណែក គណបក្សដែលទទួលបានកៅអីក្រុមប្រឹក្សាឃុំសង្កាត់តិចតួច ដែលរបបក្រុងភ្នំពេញរឹបអូសពីគណបក្សសង្គ្រោះជាតិយកទៅចែកឱ្យ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិនោះ គឺ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និង គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ក៏មិនចូលរួមការបោះឆ្នោតនេះទេ។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ ប្រាប់ថា ក្រៅពីមិនចូលរួម អង្គបោះឆ្នោតទាំង៥នាក់របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏មិនទៅចូលរួមការបោះឆ្នោតនេះដែរ៖ «ពិនិត្យមើលពីលទ្ធភាពនៃការទទួលបានអាសនៈហ្នឹង គឺយើងមិនអាចទទួលបាន។ អ៊ីចឹង យើងមិនចូលរួមការបោះឆ្នោត ហើយអង្គបោះឆ្នោតយើង ក៏មិនអញ្ជើញចូលរួមការបោះឆ្នោតដែរ»។ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់ទុកការបោះឆ្នោតថ្ងៃទី២៦ ឧសភា ជាការបោះឆ្នោតក្លែងក្លាយ លើកទី៣ បន្ទាប់ពីរបប លោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧មក។ លោក សម រង្ស៊ី រំលឹកថា ការបោះឆ្នោតក្លែងក្លាយ លើកទី១ គឺបោះឆ្នោតអសកលជ្រើសតាំងសមាជិកព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយលើកទី២ គឺការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ និងព្រឹត្តិការណ៍បោះឆ្នោតក្លែងក្លាយលើកទី៣ គឺការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុងស្រុកខណ្ឌ អាណត្តិទី៣ ថ្ងៃទី២៦ ឧសភា។ លោក សម រង្ស៊ី បន្តថា ការបោះឆ្នោតក្លែងក្លាយទាំង ៣លើក បានធ្វើឱ្យគណបក្សកាន់អំណាច ទទួលបានកៅអី ១០០ភាគរយ នៅគ្រប់ស្ថាប័នរដ្ឋ ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន។ លោក សម រង្ស៊ី ថា ការបោះឆ្នោតក្លែងក្លាយទាំងនេះ នាំមកនូវប្រព័ន្ធដឹកនាំបែបឯកបក្ស។
ឯប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាអតីតសមាជិកបណ្ដុះអង្គការសង្គមស៊ីវិលនៃបន្ទប់ស្ថានការណ៍ឃ្លាំមើលការបោះឆ្នោត លោក យង់ គិមអេង យល់ឃើញថា កម្រិតប្រកួតប្រជែងខុសគ្នាឆ្ងាយពេក ទើបនាំឱ្យពលរដ្ឋគ្មានការចាប់អារម្មណ៍លើព្រឹត្តិការណ៍បោះឆ្នោតនេះ។ លោកថា តាមរយៈលទ្ធផលឆ្នោតលើកនេះ នឹងនាំឱ្យប្រព័ន្ធនយោបាយនៅកម្ពុជា ពីថ្នាក់មូលដ្ឋាន ដល់នីតិប្បញ្ញត្តិគ្មានតុល្យភាពនយោបាយ ហើយមានតែគណបក្សកាន់អំណាចតែមួយគត់សម្រេចរាល់កិច្ចការគ្រប់ជាន់ថ្នាក់។
តំណាងសង្គមស៊ីវិលរូបនេះ យល់ថា បើទោះនីតិវិធីគ្រប់ការបោះឆ្នោតចេះតែដំណើរការទៅតាមគម្រោង ប៉ុន្តែរដ្ឋាភិបាលនឹងប្រឈមបញ្ហាចំពោះមុខជាច្រើន ជាមួយសហគមន៍អន្តរជាតិ និងអ្នកវិនិយោគទុនអន្តរជាតិ ដោយសារតែការបោះឆ្នោត ក្នុងស្ថានភាពចម្រូងចម្រាសបែបនេះ៖ «អ៊ីចឹង ប៉ុន្តែរឿងដែលសំខាន់បំផុតទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថា បញ្ហាប្រឈមចំពោះមុខដែលគេចោទសួរអំពីបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា គឺនៅតែជាបញ្ហា ជាឧបសគ្គ សម្រាប់អ្នកវិនិយោគ ឧបសគ្គចំពោះទំនាក់ទំនងអន្តរជាតិផ្សេងៗ ដែរ»។
ការបោះឆ្នោតក្រុមប្រឹក្សានេះ រងការរិះគន់ និងថ្កោលទោសពីបក្សប្រឆាំង ដោយសារគណបក្សប្រជាជនកម្ពុជា ប្រើល្បិច ហាមឃាត់ និងដណ្ដើមយកអាសនៈរបស់ក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សប្រឆាំង អស់ជាង៥ពាន់ (៥.០០៧) អាសនៈ ដែលស្មើជិតពាក់កណ្ដាលនៃអង្គបោះឆ្នោតទាំងមូល។
លទ្ធផលបណ្ដោះអាសន្ន ការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣នេះ គ.ជ.ប នឹងប្រកាសនៅថ្ងៃទី៣១ ឧសភា ចំណែកលទ្ធផលផ្លូវការ នឹងត្រូវប្រកាសនៅថ្ងៃទី៨ មិថុនា ខាងមុខ៕