គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ
2014.05.30

គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់ឆ្នាំ២០១៤-២០១៨។
សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣០ ខែឧសភា បានបង្ហាញថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ ត្រូវការប្រភពហិរញ្ញប្បទានធនធានក្នុងស្រុក និងក្រៅប្រទេស ព្រមទាំងវិនិយោគមូលធនរបស់វិស័យសាធារណៈ និងឯកជនសរុបស្មើនឹង ២៦,៥៨ពាន់លានដុល្លារសហរដ្ឋអាមេរិក ឬប្រហែល ៥,៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។ ចំនួននេះ គឺជាតម្លៃប៉ាន់ស្មានសរុបនៃការចំណាយវិនិយោគ ដែលត្រូវការចាំបាច់ដើម្បីធ្វើឲ្យសម្រេចបាននូវចំណុចជាគោលដៅទាំងឡាយរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ។
ក្រៅពីនេះ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក៏បានឆ្លងសេចក្តីព្រាងច្បាប់ស្ដីពីការរ៉ាប់រង និងសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីប្រព័ន្ធវាយតម្លៃអចលនទ្រព្យ និងបញ្ហាផ្សេងៗ៕