រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​ឯកសារ​យុទ្ធសាស្ត្រ​ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ

ដោយ​ ចេង ម៉េងជូ និង សុជីវី
2015.08.28
ទីស្ដីការ​គណៈរដ្ឋមន្ត្រី ៦១០ ១៤-វិច្ឆិកា-២០១២៖ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
Photo: RFA

សេចក្ដី​ព្រាង​ឯកសារ​យុទ្ធសាស្ត្រ​រយៈពេល ៣​ឆ្នាំ (២០១៥-​២០១៨) ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ ត្រូវ​បាន​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា នេះ ដោយ​មិន​មាន​ការ​កែប្រែ​អ្វី​ឡើយ។

​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បង្ហាញ​ក្រោយ​កិច្ចប្រជុំ​ថា ស្ថានភាព​បំណុល​សាធារណៈ របស់​កម្ពុជា​បច្ចុប្បន្ន​មាន​ចិរភាព និង​ហានិភ័យ​កម្រិត​ទាប បើ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​វិភាគ​ចិរភាព​បំណុល។

​រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ខណៈ​បំណុល​សាធារណៈ​អន្តរជាតិ​កំណត់​ថា ប្រទេស​មួយ​មិន​អាច​ជំពាក់​បំណុល​គេ​លើស​ពី ៤០% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​បំណុល​សាធារណៈ​របស់​កម្ពុជា ស្ថិត​នៅ​ក្នុង​រង្វង់​ប្រមាណ ៣៣​ភាគរយ (៣៣,១ %) នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)។ នេះ​មាន​ន័យ​ថា បច្ចុប្បន្ន​ពលរដ្ឋ​កម្ពុជា ម្នាក់ៗ ជំពាក់​បំណុល​គេ ៣៣៨​ដុល្លារ។ លោក​ថា នេះ​ជា​បរិមាណ​បំណុល​ដែល​កម្ពុជា មាន​លទ្ធភាព​សង​គេ​វិញ ហើយ​មាន​ន័យ​ថា រដ្ឋាភិបាល​កម្ពុជា អាច​បន្ត​ខ្ចីបុល​ពី​បរទេស​បាន​ទៀត។

លោក ផៃ ស៊ីផាន បញ្ជាក់​ថា ទឹក​ប្រាក់​ដែល​កម្ពុជា បាន​ខ្ចី​ពី​បរទេស ត្រូវ​បាន​វិនិយោគ​ទៅ​លើ​វិស័យ​អាទិភាព​ដែល​រួម​ចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ៖ «យើង​អត់​មាន​ខ្ចី​មក​បើក​ប្រាក់​បៀវត្សរ៍​ដូច​ប្រទេស​ក្រិក ឬ​ក៏​ប្រទេស​ដទៃ​ទៀត​ទេ គឺ​យើង​ខ្ចី​គេ​ល្មម​ទៅ​តាម​លទ្ធភាព​ដែល​យើង​អាច​សង​គេ​បាន។ គឺ​ស្ថិត​តែ​ទៅ​លើ​​ការ​សាងសង់​ថ្នល់​ ស្ពាន​ ដើម្បី​បង្កើន​ឲ្យ​មាន​ចលនា​សេដ្ឋកិច្ច​ទី​មួយ ទី​ពីរ គឺ​បង្កើន​ការ​តភ្ជាប់​រវាង​កម្ពុជា ជាមួយ​ប្រទេស​ជិតខាង​ ក៏​ដូច​ជា ការ​តភ្ជាប់​ពី​ជនបទ​ចូល​មក​ក្នុង​ទីក្រុង​ ទីផ្សារ​របស់​ទីក្រុង​ហ្នឹង​ឯង​ ដូច្នេះ​ពាក់​ព័ន្ធ​ទៅ​នឹង​កំណើន​សេដ្ឋកិច្ច​ទាំង​អស់»

តួលេខ​ស្ដីពី​ការ​ទូទាត់​បំណុល​សាធារណៈ​របស់​កម្ពុជា ដែល​លោក ផៃ ស៊ីផាន បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៤ រដ្ឋាភិបាល​បាន​ទូទាត់​សេវា​បំណុល​ជូន​ដៃគូ​អភិវឌ្ឍន៍​ទាំង​ដើម​ទាំង​ការ មាន​ចំនួន​សរុប​ប្រមាណ ៤០៨​លាន​ដុល្លារ​អាមេរិក ក្នុង​អត្រា​កំណើន​ជា​មធ្យម​ប្រមាណ ២២% ក្នុង​មួយ​ឆ្នាំ។

ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ដែល​ថា ស្ថានភាព​បំណុល​សាធារណៈ​កម្ពុជា មាន​ចិរភាព និង​ហានិភ័យ​កម្រិត​ទាប​នោះ គឺ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​វាយ​តម្លៃ និង​ការ​ទទួល​ស្គាល់​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី។

​ទាក់ទង​ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​នេះ អ្នក​ជំនាញ​សេដ្ឋកិច្ច​ពិភពលោក លោក​បណ្ឌិត តេង ដឺលុច យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ដែរ​ថា ស្ថានភាព​បំណុល​ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់គ្រង​បាន តែ​លោក​កត់សម្គាល់​ក្នុង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ទាំង​នោះ រដ្ឋាភិបាល​ត្រូវ​ចាត់ចែង​ឲ្យ​មាន​តម្លាភាព៖ «លទ្ធភាព​របស់​កម្ពុជា យើង​អាច​ខ្ចី​លើស​ពី​ហ្នឹង​បន្ថែម​ទៀត ប៉ុន្តែ​សួរ​ថា ខ្ចី​យក​មក​ធ្វើ​អី?  ហើយ​ការ​ប្រើ​ប្រាស់​នូវ​បំណុល​ទាំង​អស់​ហ្នឹង ត្រូវ​ចំ​គោល​ដៅ​ ធានា​នូវ​ប្រសិទ្ធភាព និង​ប្រសិទ្ធផល ដែល​ជំរុញ​នូវ​កំណើន​សេដ្ឋកិច្ច​ជាតិ​កម្ពុជា ក្នុង​រយៈ​ពេល​វែង​ដែរ ឬ​ទេ។ ការ​វាយ​តម្លៃ​អំពី​តម្លាភាព​ ឬ​មិន​តម្លាភាព វា​ត្រូវ​ការ​ទាមទារ​​នូវ​នីតិវិធី​ច្រើន​យ៉ាង​ដូច​ជា​ការ​ដេញ​ថ្លៃ ដើម្បី​ធ្វើ​ឲ្យ​ការ​អនុវត្ត​គម្រោង​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ទាមទារ​នូវ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គម្រោង​សាធារណៈ​ទាំង​ឡាយ​នោះ​ ដោយ​មាន​ការ​ប្រកួត​ប្រជែង​មួយ​ មាន​ការ​ដេញ​ថ្លៃ ប្រកាស​ជា​សាធារណៈ​ឲ្យ​សាធារណជន​ដឹង​ពី​តម្លៃ​នៃ​គម្រោង»

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ដែរ​ថា ខណៈ​កម្ពុជា កំពុង​ប្រែក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប  បរិមាណ​នៃ​ជំនួយ​ឥត​សំណង និង​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​សម្រាប់​កម្ពុជា កាន់តែ​តិច ដែល​ស្ថានភាព​នេះ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពង្រីក​ប្រភព​ហិរញ្ញប្បទាន​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន។

យុទ្ធសាស្ត្រ​ស្ដីពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ឆ្នាំ​២០១១-​២០១៨ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ដាក់​ឲ្យ​អនុវត្ត កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១២។ គិត​ត្រឹម​ឆ្នាំ​២០១៤ រាជរដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​បរទេស​ជាង ៥.៤០០​លាន​ដុល្លារ ដែល​ស្នើ​នឹង ៣២% នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ។

រដ្ឋាភិបាល​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​គោលនយោបាយ​ដីធ្លី

នៅ​ថ្ងៃ​ដដែល​នេះ​ដែរ រដ្ឋាភិបាល​ក៏​បាន​សម្រេច​អនុម័ត​សេចក្ដី​ព្រាង​គោលនយោបាយ​ដីធ្លី ឬ​ហៅ​ថា សៀវភៅ ស ដីធ្លី ស្របតាម​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ដីធ្លី។

ក្នុង​សេចក្ដី​ប្រកាស​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា អោយ​ដឹង​ថា គោលនយោបាយ​នេះ​រៀបចំ​ឡើង​ដើម្បី​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​សភាពការណ៍​កាន់កាប់ និង​ការ​ប្រែប្រួល​ទីផ្សារ​ដីធ្លី​ក្នុង​ប្រទេស រួម​នឹង​និន្នាការ​អភិវឌ្ឍន៍​នៃ​សេដ្ឋកិច្ច​សកលលោក។

មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ជា​សាមី​ក្រសួង​តាក់តែង​គោលនយោបាយ​ដីធ្លី លោក ជៀម សុផលមករា មាន​ប្រសាសន៍​ថា គោលនយោបាយ​នេះ​រួម​បញ្ចូល​បទដ្ឋាន​គតិយុត្តិ​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង និង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ដីធ្លី​ ហើយ​វា​ក៏​បង្ហាញ​ពី​គម្រោង​ផែនការ​មេ​ក្នុង​ការ​អភិវឌ្ឍ​ក្រុង និង​គម្រោង​បង្កើត​សំណង់​ដែល​មាន​តម្លៃ​សមរម្យ​សម្រាប់​ពលរដ្ឋ​មាន​ប្រាក់​ចំណូល​ទាប​ផង​ដែរ។

លោក ជៀម សុផលមករា៖ «នៅ​ក្នុង​ហ្នឹង​គេ​រៀបរាប់​ពី​បទដ្ឋាន​ផ្សេងៗ ហើយ​នឹង​មាន​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អន្តរវិស័យ ក៏​នឹង​បញ្ចូល​ក្នុង​សៀវភៅ​ ស ដីធ្លី ហ្នឹង​ដែរ។ វា​ក៏​នឹង​និយាយ​ពី​បញ្ហា​ផ្សេងៗ ដែល​រដ្ឋាភិបាល​គិត​ថា នឹង​ធ្វើ​យ៉ាង​ណា​កំណត់​គោលដៅ​អភិវឌ្ឍន៍»

សេចក្ដី​ប្រកាស​របស់​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បញ្ជាក់​ទៀត​ថា សៀវភៅ ស ដីធ្លី ជា​ផែនទី​បង្ហាញ​ផ្លូវ​នៃ​ការ​កែទម្រង់​ដីធ្លី​មាន​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​ធានា​សន្តិសុខ​ស្បៀង។ ក្នុង​នោះ​រួម​មាន​ការ​ផ្ដល់​បណ្ណកម្មសិទ្ធិ​ដីធ្លី ការ​រៀបចំ​ដែនដី និង​ផែនការ​ប្រើប្រាស់​ដី ការ​កសាង​ប្រព័ន្ធ​ស្រោចស្រព ការ​ផ្ដល់​ចំណេះដឹង និង​បច្ចេកទេស ​អំពី​ការ​ដាំដុះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។