ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នឹង​ប្រកាស​សាលក្រម​​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី២ ឧសភា ក្នុង​សំណុំរឿង​ញុះញង់​កង​ទ័ព និង​ប្រមាថ​ព្រះ​មហាក្សត្រ

ដោយ មាន ឫទ្ធិ
2019.04.22
សម រង្ស៊ី ៦២២ លោក សម រង្ស៊ី ប្រធាន​ចលនា​​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​សម្ភាសន៍​តាម​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨។
RFA

មេធាវី​ការពារ​ក្ដី​ឲ្យ​​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក​មេធាវី​ សំ សុគង់ ប្រាប់​អាស៊ី​សេរី តាម​ទូរស័ព្ទ នៅ​ក្រោយ​សវនាការ​ក្នុង​សំណុំ​រឿង លោក សម រង្ស៊ី ថា ចៅក្រម​​សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​ពាក់ព័ន្ធ​រឿង​នេះ​ នៅ​ថ្ងៃ​ទី២ ឧសភា ខាងមុខ។

របប​ក្រុង​ភ្នំពេញ​ប្ដឹង​លោក សម​ រង្ស៊ី ជា​ច្រើន​ករណី ហើយ​សវនាការ​នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ចោទ​រឿង​លោក សម រង្ស៊ី ញុះញង់​កង​ទ័ព និង​បទ​ចោទ​ ប្រមាថ​ព្រះ​មហាក្សត្រ។

ប៉ុន្តែ លោក​មេធាវី សំ សុគង់ ចូល​ការពារ​ក្ដី តែ​មួយ​សំណុំ​រឿង​ទេ គឺ​បទ​ញុះញង់​កងទ័ព។ ចំណែក​បទ​ប្រមាថ​ព្រះ​មហាក្សត្រ លោក សម រង្ស៊ី គ្មាន​មេធាវី​ការពារ​ក្ដី​ឡើយ។

លោក សំ សុគង់ ប្រាប់​ថា ក្នុង​សវនាការ​នៅ​រសៀល​ថ្ងៃ​ទី២២ មេសា ចៅក្រម​បាន​យក​ខ្សែ​វីដេអូ របស់​លោក សម រង្ស៊ី ផ្សាយ​តាម​បណ្ដាញ​ហ្វេសប៊ុក (facebook) ប្រហែល​ជិត ២នាទី ដែល​បាន​អំពាវនាវ កាល​ពី​កំឡុង​ខែ​ធ្នូ ឆ្នាំ២០១៧ ឲ្យ​កង​ទ័ព​មិន​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ មក​ធ្វើ​ជា​ទឡ្ហីករណ៍ និង​ចោទ​ប្រកាន់​ តាម​មាត្រា៤៧១ និង​៤៧២ នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់​ទង​នឹង​អំពើ​ញុះញង់​កង​ទ័ព។

លោក​មេធាវី​ថា ក្រៅ​ពី​នេះ ក៏​មាន​ការ​លើក​ឡើង អំពី​​ការ​អំពាវនាវ​​ទៅ​កង​ទ័ព​ជា​បន្ត​បន្ទាប់​​​ទៀត របស់​លោក សម រង្ស៊ី កុំ​ឲ្យ​កង​ទ័ព​កុំ​ស្ដាប់​បញ្ជា​ជន​ផ្ដាច់​ការ​ដែរ ប៉ុន្តែ​ដោយសារ​ករណី​នេះ គ្មាន​ព្យសនកម្ម ឬ​ការ​​ខូច​ខាត​ដល់​សង្គម ដូច្នេះ​ ចៅក្រម​មិន​ដាក់​បញ្ចូល​ក្នុង​អង្គ​ជំនុំ​ជម្រះ​ទេ។

ទោះ​បែប​ណា​ក្ដី លោក​មេធាវី សំ សុគង់ មាន​សង្ឃឹម​​តិច​ណាស់​ថា ចៅក្រម​ទម្លាក់​ចោល​បទ​ចោទ​ញុះញង់​កង​ទ័ព​ប្រឆាំង​លោក សម រង្ស៊ី ព្រោះ​នេះ​ជា​ករណី​នយោបាយ៖ «អង្គ​ហេតុ​ពិត​ប្រាកដ​នៅ​ក្នុង​រឿង​នេះ វា​មិន​អាច​ជា​អង្គ​ហេតុ​នៃ​ការ​ញុះញង់ មិន​ឲ្យ​យោធា​ស្ដាប់​បង្គាប់​ទេ។ អាច​ថា ជា​ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ។ អា​នេះ ជា​ទិដ្ឋភាព​ជាក់​ស្ដែង។ ប៉ុន្តែ​ដោយសារ​រឿង​នេះ ជា​រឿង​នយោបាយ អ៊ីចឹង​ថា តុលាការ​ពិចារណា លើ​អង្គ​ហេតុ​ពិត​ប្រាកដ​នោះ ខ្ញុំ​គិត​ថា ប្រហែល​ជា​មិន​អាច​ពិចារណា​លើ​អង្គហេតុ​ពិត​ប្រាកដ​ទេ គឺ​ប្រហែល​ជា​មាន​ការ​កាត់​ទោស​កូន​ក្ដី ទៅ​តាម​ការ​ចោទ​ប្រកាន់»

គិត​ត្រឹម​ពេល​នេះ លោក សម រង្ស៊ី កំពុង​ជាប់​បណ្ដឹង​យ៉ាង​ហោច​ណាស់ ៩ នៅ​តុលាការ​កម្ពុជា ដែល​ប្ដឹង​ដោយ​ក្រុម​មេដឹកនាំ​​​របប​ក្រុង​ភ្នំពេញ ដូច​ជា លោក ហ៊ុន សែន លោក ហេង សំរិន លោក ហោ ណាំហុង លោក សោម សឿន មេ​យោធា លោក វង្ស ពិសេន និង​​សមាជិក​មូលដ្ឋាន​​បក្ស​កាន់​អំណាច អ្នក​នាង ធី សុវណ្ណថា។

លោក សម រង្ស៊ី អះអាង​ថា មិន​ខ្វល់​នឹង​បទ​ចោទ​ទាំង​នោះ​ទេ ដោយ​បទ​ចោទ​ទាំង​អស់ ប្រឆាំង​រូប​លោក និង​​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​សុទ្ធ​តែ​របប​ឯក​បក្ស ​ប្រឌិត​ឡើង ដើម្បី​ផាត់​លោក​ទាំង​ពីរ កុំ​ឲ្យ​មាន​ឱកាស​ដើម្បី​អំណាច​ពី​លោក ហ៊ុន សែន តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ។

ទោះ​ជា​ជាប់​បណ្ដឹង​ច្រើន​យ៉ាង​នេះ​ក្ដី លោក សម រង្ស៊ី ប្រកាស​ថា នឹង​បង្កើន​វោហារ​សាស្ត្រ​អំពាវនាវ​​កងទ័ព​ប្រឆាំង​លោក ហ៊ុន សែន បន្ថែម​ទៀត ខណៈ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​កងទ័ព​ឈប់​ឆ្លង​ឆ្លើយ​ជាមួយ​លោក សម រង្ស៊ី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។