CPP​ សម្រុក​ធ្វើ​យុទ្ធនាការ​រក​សំឡេង​គាំទ្រ ​ខណៈ​ CNRP ​ជំរុញ​​ពលរដ្ឋ​មិន​ឲ្យ​​ចូលរួម​បោះឆ្នោត

0:00 / 0:00

ថ្នាក់ដឹកនាំ​គ្រាក់ៗ ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​ទាំង​​លោក ហ៊ុន សែន ផង សម្រុក​​ធ្វើ​យុទ្ធនាការ​រក​សំឡេង​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​កាន់តែ​ខ្លាំង ខណៈ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​នៅតែ​បន្ត​ជំរុញ​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​​ទី២៩ កក្កដា​ខាងមុខ។ អ្នកវិភាគ​នយោបាយ លើកឡើង​ថា​ការ​ធ្វើ​យុទ្ធនាការ​ផ្ទុយគ្នា​នេះ ដោយសារតែ គណបក្ស​ជាប់ឆ្នោត​ទាំង​២ ចង់បាន​ជ័យជំនះ​លើ​ការ​គាំទ្រ​ពី​ពលរដ្ឋ ដើម្បី​ឲ្យ​អន្តរជាតិ​ទទួលស្គាល់​រៀងៗ ​ខ្លួន។

លោក ហ៊ុន សែន បន្ត​យក​សមិទ្ធផល​ក្រោម​ការដឹកនាំ​របស់​ខ្លួន​ជាង​៣០​ឆ្នាំទៅ​អួតអាង​ដើម្បី​រក​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ចំណត​កំពង់ផែ នៅ​កំពង់ផែ​ស្វយ័ត​នៅ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ មិថុនា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជា​មានការ​រីក​ចំរើន​ដូច​សព្វថ្ងៃ​នេះ ដោយសារ​ការ​ដឹក​របស់​គណបក្ស​ប្រជាជន​​កម្ពុជា​តែ​មួយ​គត់។ បុរស​ខ្លាំង​រូប​នេះ អះអាង​ទៀត​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​ចង់​ឲ្យ​កម្ពុជា​មាន​សន្តិភាព និង​មានការ​រីក​ចំរើន​ទៅ​មុខ​ទៀត ដូច្នេះ​ពលរដ្ឋ​ត្រូវតែ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា។ «»

ចំណែក​នៅ​តាម​បណ្ដា​ខេត្ត​មួយទៀត​ដូចជា​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រៃវែង ភ្នំពេញ កំពត និង​ខេត្ត​បាត់ដំបង​ជាដើម គឺ​មន្ត្រី​គ្រាក់ៗ​របស់​គណបក្ស​កាន់អំណាច បាន​សម្រុក​ចុះ​ជួប​ប្រជាពលរដ្ឋ​ទាំង​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ជំរុញ​ឲ្យ​ពលរដ្ឋ​បោះឆ្នោត​ជូន​គណបក្ស​ខ្លួន។

មន្ត្រី​ទាំងនោះ នៅ​ស្ទើរ​គ្រប់​ទីកន្លែង​បាន​នាំ​យក​អំណោយ​ដូចជា​សារ៉ុង​១ កន្សែង​១ អង្ករ​ប្រមាណ​១០​គីឡូក្រាម និង​ថវិកា​មួយ​ចំនួនទៀត​ចែក​ជូន​ពលរដ្ឋ​ទៀត​ផង។ ចំណែក​ឯ​កន្លែង​ខ្លះ​ទៀត​អ្នក​ឃោសនា​បាន​ពាក់អាវ​គណបក្ស​ប្រជាជន​កម្ពុជា ចែក​អំណោយ​ដល់​សិស្ស​នៅ​ក្នុង​សាលារៀន​ក៏​មាន​ទៀត​ផង។

អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បាន​សរសេរ​សារ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់លោក កាលពី​យប់​ថ្ងៃ​ទី​២៤ មិថុនា ដោយ​រិះគន់​ថា តើ​បម្រាម​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ​មិន​ឲ្យ​បក្ស​នយោបាយ​ធ្វើ​សកម្មភាព​នយោបាយ​នៅ​តាម​គ្រឹះស្ថាន​អប់រំ​នោះ បត់​ទុក​នៅ​កន្លែង​ណា។

លោក អេង ឆៃអ៊ាង ទទូច​ឲ្យ​ប្រជាពលរដ្ឋកុំ​ទៅ​បោះឆ្នោត ដោយ​ថា ​នៅ​ថ្ងៃ​ទី​២៩ ​កក្កដា​ខាងមុខ នៅ​ដេក​ផ្ទះ​ម្រាមដៃ​ស្អាត។

ចំណែក​អ្នកគាំទ្រ​គណបក្សប្រឆាំង​មួយ​ចំនួន​បាន​សរសេរ​សារ​រិះគន់​នៅ​ក្នុង​ហ្វេសប៊ុក​រឿង​យុទ្ធនាការ​របស់​គណបក្ស​កាន់អំណាច​នេះ​ខុសៗ​ គ្នា។

ហ្វេសប៊ុក​ឈ្មោះ មាប់ ភាធ រិះគន់ថា ការ​អូសទាញ​មនុស្ស​ធំ មិន​បាន​ក៏​ប្រើ​កូនក្មេង​មិនទាន់​គ្រប់​អាយុ ឲ្យ​ជួយ​ប្រាប់​ឪពុក​ម្តាយ​ទៅ​បោះឆ្នោត​ឲ្យ។ បក្ស​អញ​ចង់​ធ្វើ​អី​ក៏បាន មិន​ខុស តែ​បក្ស​ដទៃ​ខុសច្បាប់ រំលោភ​បម្រាម​ស្រុក​រំដួល។ ហ្វេសប៊ុក​ឈ្មោះ កុលបុត្រ​ខ្មែរ ចោទ​បក្ស​១៩ ​ទៀតថា ​គ្រាន់តែ​ជា​បក្ស​ស៊ីឈ្នួល និង​ចូល​មក​បំភាន់​មតិ​ជាតិ អន្តរជាតិ​ប៉ុណ្ណោះ និង​ហ្វេសប៊ុក​ឈ្មោះ យ៉ាន យុទ្ធ ថា នេះ​ហើយ​ប្រទេស​ដែល​សំបូរ​ដោយ​បណ្ឌិត ម៉ែ​បណ្ឌិត ឪ​បណ្ឌិត ចេះ​ច្រើនៗ ​បោកប្រាស់​ប្រជាពលរដ្ឋ ដល់​ពេល​ជិត​បោះឆ្នោត​មកដល់​គេ​យក​អំណោយ​មក​ចែក​ឲ្យ​ហូប​បាន​មួយថ្ងៃ​សម្រាប់​រយៈពេល​ប្រាំ​ឆ្នាំ។ នេះ​ហើយ​នយោបាយ​ចែក​អំណោយ​របស់​លោក​បណ្ឌិត CPP ចំណែក​អ្នកដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​គេ​ធ្វើ​នយោបាយ​ចែក​ចំណេះ ជំនាញ មុខរបរ ការងារ ដល់​ពលរដ្ឋ​គេជាដើម។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហេង វិទូ លើកឡើង​ថា ករណី លោក ហ៊ុន សែន និង​មន្ត្រី​គ្រាក់ៗ ​គណបក្ស​កាន់អំណាច​សម្រុក​ធ្វើ​យុទ្ធនាការ​នេះ គឺ​គ្រាន់តែ​ជា​ការ​សម្ដែង​ល្ខោន ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ និង​អន្តរជាតិ មើល​ឃើញ​ថា គណបក្ស​កាន់អំណាច ​ព្រួយបារម្ភ​ខ្លាច​ចាញ់​ឆ្នោត​ប៉ុណ្ណោះ​ដោយសារ​គណបក្ស​មួយ​នេះ​បាន​ដឹង​រួចទៅ​ហើយ​ថា គណបក្ស​ខ្លួន​នឹង​ឈ្នះ​ឆ្នោត​ខាងមុខ ព្រោះ​គណបក្សប្រឆាំង​ដែល​ជា​គូ​ប្រកួត​សំខាន់​នោះ​ ត្រូវ​​បាន​រដ្ឋអំណាច​របប​លោក ហ៊ុន សែន ​រម្លាយ​បាត់​ទៅ​​ហើយ។ «»

ចំណែក​សារ​នយោបាយ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​វិញ លោក ហង្ស វិទូ លើកឡើង​ថា សារ​នេះ ដោយសារ​គណបក្សប្រឆាំង​នេះ​ចង់​ឲ្យ​អ្នក​ទៅ​បោះឆ្នោត​មាន​ចំនួន​តិចតួច ហើយ​នៅ​ពេល​នោះ នឹង​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ទទួល​បាន​ភាព​អា​មាស​មុខ​ពី​សហគមន៍​អន្តរជាតិ។ «»

របប​លោក ហ៊ុន សែន នឹង​រៀបចំ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដាខាង​មុខ។ ប៉ុន្តែ​ការបោះឆ្នោត​ដែល ដៃគូ​កូត​ប្រជែង​ធំ​តែមួយគត់​របស់​ខ្លួន គឺ​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ​ចោល​នោះ ត្រូវ​សហគមន៍​អន្តរជាតិ​ព្រមាន​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នោះ។ នៅ​ពេល​នេះ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ស្រុក​បា​ននាំគ្នា​តវ៉ា​តាម​ប្រទេស​របស់​ពួកគេ​រស់នៅ​រៀងៗ ​ខ្លួន ប្រឆាំង​នឹង​ការបោះឆ្នោត​ដែល​ពួកគេ​ចាត់ការ​បោះឆ្នោត​ក្លែងក្លាយ និង​ទាមទារ​ឲ្យ​ជប៉ុន​ឈប់​គាំទ្រ​ការបោះឆ្នោត​នោះ៕